ការដើរតាមគំរូព្រះយេស៊ូវ

ដេរេក ព្រីនស៍
Published: 2025
Last Updated: novembro de 2026
Read Time: 6
This teaching is not currently available in Português.
បេសកកម្មរបស់ព្រះក្នុងការនាំដំណឹងល្អទៅកាន់ពិភពលោក តម្រូវឱ្យមានទាំងការទទួលខុសត្រូវរបស់មនុស្ស និងការផ្គត់ផ្គង់ដ៏អស្ចារ្យពីព្រះ។ លោក ដេរេក ព្រីនស៍ បានដកស្រង់ពីហេតុការណ៍ដែលព្រះយេស៊ូវប្រទានអាហារដល់មនុស្សជាច្រើន ដើម្បីបង្ហាញពីសារៈសំខាន់នៃការរៀបចំឱ្យមានសណ្តាប់ធ្នាប់ ការរួមគ្នាបម្រើ និងការទុកចិត្តលើធនធានដ៏បរិបូររបស់ព្រះ។
កាតព្វកិច្ចរបស់ក្រុមជំនុំក្នុងសម័យបច្ចុប្បន្ន គឺការប្រកាសដំណឹងល្អទៅកាន់មនុស្សគ្រប់ជាតិសាសន៍នៅទូទាំងពិភពលោក ដែលមើលទៅហាក់ដូចជាបេសកកម្មមួយដ៏លំបាកមិនអាចសម្រេចបាន។ នៅក្នុងកេរដំណែលនៃការបង្រៀន ដែលដកស្រង់ចេញពីសៀវភៅតូចរបស់លោក ដេរេក ព្រីនស៍ មានចំណងជើងថា ព្រះរាជ្យបញ្ជាចុងក្រោយរបស់ព្រះគ្រីស្ទ លោកបានប្រៀបធៀបបេសកកម្មនេះ ទៅនឹងពេលដែលព្រះយេស៊ូវបានធ្វើការអស្ចារ្យក្នុងការផ្ដល់អាហារដល់មនុស្សជាច្រើន។ ចំណុចសំខាន់ដែលលោកចង់បញ្ជាក់គឺ៖ យើងអាចជោគជ័យបាន លុះត្រាតែយើងធ្វើតាមគំរូរបស់ព្រះយេស៊ូវ។
នោះទ្រង់ក៏ប្រាប់ឲ្យហ្វូងមនុស្សអង្គុយទៅដី រួចទ្រង់យកនំបុ័ង៧ នឹងត្រីទាំងនោះមកអរព្រះគុណ ហើយកាច់ប្រទានដល់ពួកសិស្ស គេក៏ចែកដល់ហ្វូងមនុស្ស គ្រប់គ្នាបានបរិភោគឆ្អែត ហើយគេប្រមូលចំណិតដែលនៅសល់ ដាក់ពេញបាន៧កំប្រោង ឯពួកប្រុសៗដែលបានបរិភោគឆ្អែត នោះមាន៤ពាន់នាក់ឥតរាប់ស្រីៗ ហើយនឹងកូនក្មេងផងទេ។ (ម៉ាថាយ 15:32-39)
តើយើងអាចរៀនអ្វីខ្លះពីព្រឹត្តិការណ៍ ដែលព្រះយេស៊ូវបានផ្ដល់អាហារដល់មនុស្សប្រាំពាន់នាក់ និងបួនពាន់នាក់?
ខ្ញុំចង់យកបញ្ហាប្រឈមនៃការផ្ដល់អាហារដល់មនុស្សមួយហ្វូងធំ ដែលមានប្រហែល មួយម៉ឺននាក់ ឬ ប្រាំបីពាន់នាក់ ដោយមានអាហារតិចតួចប៉ុណ្ណោះ ធ្វើជាគំរូសម្រាប់យើង។ ជាក់ស្ដែង វាជារូបភាពស្របគ្នានឹងបញ្ហាប្រឈមដែលក្រុមជំនុំកំពុងប្រឈម គឺ ការប្រកាសដំណឹងល្អទៅកាន់ពិភពលោកដែលមានប្រជាជនជាងប្រាំពីរពាន់លាននាក់។
កិច្ចការដែលមិនអាចធ្វើទៅបាន?
ច្បាស់ណាស់ យើងត្រូវតែទទួលស្គាល់ថា អ្វីដែលព្រះយេស៊ូវបានបង្គាប់ឲ្យពួកសិស្សធ្វើ គឺមិនអាចទៅរួចទាល់តែសោះ។ ពួកគេគ្មានសមត្ថភាព ឬមធ្យោបាយតាមធម្មជាតិណាមួយ ដើម្បីធ្វើអ្វីដែលទ្រង់បានបង្គាប់ពួកគេនោះឡើយ។ ប៉ុន្តែ ទ្រង់នៅតែតម្រូវឲ្យពួកគេធ្វើវា។
បើនិយាយតាមភាសាគណិតវិទ្យា ប្រសិនបើខ្ញុំប្រៀបធៀប ភាពមិនអាចទៅរួចនៃការផ្ដល់អាហារដល់មនុស្សមួយម៉ឺននាក់ដោយនំបុ័ងប្រាំដុំ និងត្រីពីរក្បាល ជាមួយនឹងភាពមិនអាចទៅរួចនៃការប្រកាសដំណឹងល្អទៅកាន់ពិភពលោកទាំងមូលនៅសព្វថ្ងៃនេះ ខ្ញុំត្រូវតែនិយាយថា ភាពមិនអាចទៅរួចទីមួយ គឺធំជាងភាពមិនអាចទៅរួចទីពីរ។
ផ្ទុយទៅវិញ ដោយពិចារណាពីស្ថានភាពពិភពលោកសព្វថ្ងៃនេះ ជាមួយនឹងមធ្យោបាយទំនាក់ទំនង និងការធ្វើដំណើរទំនើប ព្រមទាំងធនធានដែលមានសម្រាប់ក្រុមជំនុំ ការប្រកាសដំណឹងល្អទៅកាន់ពិភពលោកទាំងមូល មិនមែនជារឿងដែលមិនអាចធ្វើទៅរួចទាំងស្រុងនោះទេ។ ប៉ុន្តែ វាពិតជាកិច្ចការដ៏ធំមហិមាមួយ។
នៅក្នុងសារនេះ ខ្ញុំចង់ធ្វើការប្រៀបធៀបទាំងពីរនេះ ហើយអនុវត្តមេរៀនសាមញ្ញៗមួយចំនួនសម្រាប់ជាប្រយោជន៍ដល់យើង។ មេរៀនទាំងនេះទាក់ទងនឹងភារកិច្ចរបស់យើង ក្នុងការនាំដំណឹងល្អទៅកាន់ពិភពលោកទាំងមូល ទៅកាន់គ្រប់ជាតិសាសន៍ ទៅកាន់មនុស្សគ្រប់រូប និងដល់ចុងបំផុតនៃផែនដី។ ពីក្នុងកំណត់ហេតុនៃការអស្ចារ្យទាំងពីរនេះ ខ្ញុំចង់ដកស្រង់គោលការណ៍សាមញ្ញៗចំនួនប្រាំ។
១. កុំគេចវេសពីការទទួលខុសត្រូវ
ជាដំបូង នៅពេលដែលយើងអានកំណត់ហេតុនៃការផ្ដល់អាហារដល់មនុស្សប្រាំពាន់នាក់ នៅក្នុងដំណឹងល្អរបស់លោកម៉ាថាយ យើងឃើញយ៉ាងច្បាស់ថា ពួកសិស្សមិនចង់ទទួលខុសត្រូវ ក្នុងការផ្ដល់អាហារដល់មនុស្សយ៉ាងច្រើននោះទេ។
ទោះជាយ៉ាងណាក៏ដោយ សូមយើងកត់សម្គាល់ពីរបៀបដែលព្រះយេស៊ូវបានមើលឃើញការទទួលខុសត្រូវនោះ។ នេះគឺជាអ្វីដែលព្រះយេស៊ូវ មានបន្ទូលទៅកាន់ពួកសិស្សរបស់ព្រះអង្គ៖ “ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ”។ ខ្ញុំជឿថា គោលការណ៍ដូចគ្នានេះ គឺពិតប្រាកដសម្រាប់ពួកជំនុំនៅសព្វថ្ងៃនេះផងដែរ។ យើងក៏ប្រហែលជាចង់គេចវេសពីការទទួលខុសត្រូវក្នុងការនាំដំណឹងល្អទៅកាន់ពិភពលោកទាំងមូលដែរ។ ប៉ុន្តែ ព្រះយេស៊ូវមានបន្ទូលដូចគ្នានេះថា៖ “នេះគឺជាការងាររបស់អ្នក។ នេះគឺជាការទទួលខុសត្រូវរបស់អ្នក។ ខ្ញុំបានបង្គាប់ឲ្យអ្នកធ្វើវា។ ហើយខ្ញុំមិនដែលដកបញ្ជានោះវិញឡើយ”។
២. ចូរប្រើទាំងអ្វីដែលជាធម្មជាតិ និងអ្វីដែលអស្ចារ្យលើសពីធម្មជាតិ
ទីពីរ មានធាតុសំខាន់ពីរដែលខ្ញុំចង់បង្ហាញជាឧទាហរណ៍ ពីការផ្ដល់អាហារដល់មនុស្សប្រាំពាន់នាក់ និងបួនពាន់នាក់។ ការអស្ចារ្យទាំងនោះបង្ហាញពីទំនាក់ទំនងដ៏សំខាន់មួយរវាងគោលគំនិតពីរ ដែលគ្រីស្ទបរិស័ទខ្លះតែងតែចាត់ទុកថាស្ទើរតែផ្ទុយគ្នា។ មួយគឺជាសណ្ដាប់ធ្នាប់ ឬវិន័យ។ មួយទៀត គឺជាព្រះចេស្ដាដ៏អស្ចារ្យរបស់ព្រះ។
ក្រុមជំនុំខ្លះមានទំនោរផ្ដោតសំខាន់ទៅលើមួយ ឬមួយទៀត។ មានក្រុមដែលផ្ដោតលើសណ្ដាប់ធ្នាប់ និងវិន័យ។ មនុស្សគ្រប់គ្នាត្រូវតម្រៀបជាជួរ មនុស្សគ្រប់គ្នាមានអ្នកដឹកនាំផ្ទាល់ខ្លួន មនុស្សគ្រប់គ្នាត្រូវទទួលខុសត្រូវ មនុស្សគ្រប់គ្នាធ្វើតាមអ្វីដែលខ្លួនត្រូវធ្វើ ហើយមនុស្សគ្រប់គ្នាស្ថិតនៅកន្លែងត្រឹមត្រូវរបស់ខ្លួន។
នោះមិនមែនជារឿងខុសឆ្គងនោះទេ។ ជាក់ស្ដែង វាត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងការផ្ដល់អាហារដល់មនុស្សប្រាំពាន់នាក់។
ទ្រង់មានបន្ទូលទៅពួកសិស្សថា “ចូរឲ្យគេអង្គុយដោយជួរៗទៅ ក្នុង១ជួរ៥០នាក់”។ (លូកា 9:14ខ)
បើទ្រង់មិនបានធ្វើដូច្នោះទេ មនុស្សខ្លះនឹងមិនបានទទួលអាហារឡើយ។ ដូច្នេះ វាចាំបាច់ណាស់ដែលពួកសិស្សចាប់ផ្ដើមដោយមានសណ្ដាប់ធ្នាប់ ពោលគឺរៀបចំមនុស្សគ្រប់គ្នា ជាក្រុមដែលមានទំហំសមរម្យ ដើម្បីងាយស្រួលក្នុងការបម្រើ។
ទោះជាយ៉ាងណាក៏ដោយ ខ្ញុំចង់បញ្ជាក់ថា ពួកគេអាចរៀបចំមនុស្សគ្រប់គ្នាឲ្យមានរបៀបរៀបរយជាក្រុមៗហាសិបនាក់ ហើយទុកឲ្យពួកគេនៅតែឃ្លានបាន! តើការរៀបចំបែបនោះមានប្រយោជន៍អ្វី? សណ្ដាប់ធ្នាប់តែមួយមុខ មិនគ្រប់គ្រាន់ទេ។ ដើម្បីឲ្យសណ្ដាប់ធ្នាប់នោះមានប្រសិទ្ធភាពត្រូវតែមាន ព្រះគុណ និងព្រះចេស្ដាដ៏អស្ចារ្យរបស់ព្រះ។ អំណាចនៃការអស្ចារ្យនៅក្នុងការបម្រើព្រះអម្ចាស់ មិនមែនជាជម្រើសទេ ប៉ុន្តែជាការចាំបាច់។
នេះគឺជាអ្វីដែលខ្ញុំចង់លើកយកមកធ្វើ ជាគោលការណ៍ទីពីរសម្រាប់យើង។ ដើម្បីឲ្យការអស្ចារ្យអាចកើតឡើងបាន សណ្ដាប់ធ្នាប់ និងវិន័យ ត្រូវតែមានតុល្យភាព និងត្រូវបានបំពេញបន្ថែម ដោយអំណាចនៃការអស្ចារ្យរបស់ព្រះជាម្ចាស់។
៣. ចែករំលែកព្រះពរ
គោលការណ៍ទីបីនៃការអស្ចារ្យក្នុងការផ្ដល់អាហារដល់មនុស្សជាច្រើននោះគឺថា ការកើនឡើងទ្វេដង មិនអាស្រ័យតែលើព្រះយេស៊ូវប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ វាអាស្រ័យលើការដែលពួកសិស្សបានបន្តចែករំលែកអ្វីដែលពួកគេបានទទួលពីព្រះយេស៊ូវ។ បើពួកសិស្សមិនបានបន្តចែកអ្វីដែលពួកគេបានទទួលទេ នោះការអស្ចារ្យនោះនឹងមិនបានសម្រេចឡើយ។
ជាថ្មីម្ដងទៀត ខ្ញុំជឿថា រឿងនេះក៏ពិតដូចគ្នា ចំពោះអ្នក និងខ្ញុំ ទាក់ទងនឹងព្រះគុណរបស់ព្រះ។ វាមិនពឹងផ្អែកតែលើព្រះយេស៊ូវប៉ុណ្ណោះទេ។ វាមានប្រភពចេញពីព្រះយេស៊ូវ ប៉ុន្តែវាត្រូវតែបានបំពេញឲ្យសម្រេចដោយកិច្ចសហការ និងសកម្មភាពរបស់យើង។
៤. ចូលទៅក្នុងភាពបរិបូរណ៍
គោលការណ៍ទីបួនដែលខ្ញុំមើលឃើញនៅក្នុងការអស្ចារ្យនៃការផ្ដល់អាហារដល់មនុស្សជាច្រើននេះ គឺថា ការកើនឡើងទ្វេដង បានបន្តរហូតដល់តម្រូវការទាំងអស់ត្រូវបានបំពេញ ហើយលើសពីគ្រប់គ្រាន់ទៀតផង។
ច្បាស់ណាស់ មនុស្សគ្រប់គ្នាបានបរិភោគឆ្អែត។ ប៉ុន្តែលើសពីនោះទៀត បន្ទាប់ពីមនុស្សគ្រប់គ្នាបានបរិភោគឆ្អែតហើយ នៅសល់អាហារជាច្រើនទៀត។ នៅចុងបញ្ចប់មានច្រើនជាងនៅពេលចាប់ផ្ដើម។ នេះមិនមែនជារឿងចៃដន្យទេ។
នៅក្នុងការអស្ចារ្យទាំងនេះ ខ្ញុំជឿថា ព្រះយេស៊ូវកំពុងបង្ហាញថាធនធានរបស់ព្រះគ្មានដែនកំណត់ឡើយ។ ទ្រង់មិនដែលមានកម្រិតត្រឹមតែបំពេញតម្រូវការប៉ុណ្ណោះទេ ប៉ុន្តែទ្រង់តែងតែមានភាពបរិបូរណ៍។
ព្រះតែងតែមានលើសពីគ្រប់គ្រាន់ជានិច្ច។ តាមការយល់ដឹងរបស់ខ្ញុំអំពីបទគម្ពីរ ទ្រង់តែងតែសព្វព្រះទ័យប្រទានឲ្យយើងនូវអ្វីដែលលើសពីគ្រប់គ្រាន់។
៥. ទទួលបទពិសោធន៍ពីភាពលើសលប់
ចំណុចចុងក្រោយដែលខ្ញុំចង់ដកស្រង់ពីការអស្ចារ្យទាំងនេះគឺថា៖ តម្រូវការកាន់តែធំ ហើយធនធានកាន់តែតិច នោះភាពសម្បូរហូរហៀរដែលអ្នកនឹងទទួលបទពិសោធន៍ក៏កាន់តែច្រើនដែរ។
នេះគឺជាស្ថិតិដែលបង្ហាញពីរឿងនេះ។ នៅក្នុងការអស្ចារ្យដំបូង ចំនួនមនុស្សដែលត្រូវបានទទួលការផ្ដល់អាហារឲ្យមានចំនួនច្រើនជាង ប៉ុន្តែ ធនធានដែលពួកគេមានពេលចាប់ផ្ដើម គឺតិចជាង។
ពួកគេប្រមូលបានកន្ត្រកដប់ពីរពេញដោយបំណែកអាហារដែលនៅសល់។ នៅក្នុងការអស្ចារ្យទីពីរ ពួកគេនៅសល់ប្រាំពីរកន្ត្រក។
ហេតុអ្វីបានជាព្រះយេស៊ូវទទូចឲ្យប្រមូលបំណែកអាហារដែលនៅសល់ទាំងនោះ? ខ្ញុំជឿជាក់ថា ទ្រង់កំពុងសង្កត់ធ្ងន់លើគោលការណ៍ទីប្រាំដែលបានបង្ហាញក្នុងតាមរយៈការអស្ចារ្យទាំងនេះ។ សូមយើងនិយាយម្ដងទៀត៖ តម្រូវការកាន់តែធំ ហើយធនធានកាន់តែតិច នោះភាពសម្បូរហូរហៀរកាន់តែច្រើនដែរ។ ព្រះតែងតែធ្វើឲ្យយើងដឹងថា នៅក្នុងទ្រង់ មិនដែលមានការខ្វះខាតឡើយ។
ការអធិស្ឋានសុំការអស្ចារ្យ
ដោយពិចារណាពីគំរូនៃការអស្ចារ្យដែលព្រះយេស៊ូវបានបង្ហាញដល់យើង និងការរំពឹងទុករបស់ទ្រង់ឲ្យយើងបំពេញការទទួលខុសត្រូវដ៏ធំធេងក្នុងការផ្សាយដំណឹងល្អទៅកាន់ពិភពលោកទាំងមូល ការឆ្លើយតបតែមួយគត់របស់យើង គឺការអធិស្ឋាន។ សូមឲ្យយើងបញ្ចប់ដោយការអធិស្ឋានដ៏សាមញ្ញខាងក្រោមនេះ។
Prayer Response
ឱព្រះអម្ចាស់យេស៊ូវអើយ! ទូលបង្គំស្ដាប់បង្គាប់តាមព្រះរាជ្យបញ្ជារបស់ព្រះអង្គ ក្នុងការផ្សាយដំណឹងល្អទៅកាន់ពិភពលោកទាំងមូល។ ទូលបង្គំដឹងថា កិច្ចការនេះត្រូវការការអស្ចារ្យ ហើយទូលបង្គំឈានចូលដោយសេចក្ដីជំនឿ នៅក្នុងចម្លើយដ៏អស្ចារ្យរបស់ទ្រង់ សម្រាប់បញ្ហាប្រឈមនេះ។អាម៉ែន!

Baixar Grátis
Esta Carta de Ensino está disponível para baixar, imprimir e partilhar para uso pessoal ou da igreja.
Baixar PDFCódigo: TL-L163-100-KHM









