យើងបានជួបគ្នាជាថ្មីម្តងទៀតនៅថ្ងៃនេះ។ សប្ដាហ៍នេះ ខ្ញុំកំពុងនិយាយអំពីគោលសំខាន់នៃទំនាក់ទំនងផ្ទាល់ខ្លួន ហើយជាពិសេស អំពីអត្ថន័យនៃការមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះ។

វគ្គមុន ខ្ញុំបានពន្យល់ថា មានមូលដ្ឋានតែមួយគត់ដែលព្រះនឹងយាងចូលទៅក្នុងទំនាក់ទំនងដ៏ស្ថិតស្ថេរ ជាមួយមនុស្ស នោះគឺកិច្ចសញ្ញាដែលតាំងឡើងដោយយញ្ញបូជា។ និយាយដោយសាមញ្ញ ទំនាក់ទំនង ជាមួយព្រះ ត្រូវតែតាំងឡើងដោយកិច្ចសញ្ញា ហើយកិច្ចសញ្ញាត្រូវតាំងឡើងដោយយញ្ញបូជា។

ថ្ងៃនេះ ខ្ញុំនឹងនិយាយអំពីកិច្ចសញ្ញាដែលព្រះបានតាំងជាមួយលោកអ័ប្រាហាំ នៅក្នុងលោកុប្បត្តិ ១៥។ នេះជារូបភាពដ៏ល្អ ហើយពិស្តារបំផុត អំពីរបៀបដែលព្រះទ្រង់យាងចូលទៅក្នុងកិច្ចសញ្ញាជាមួយ មនុស្ស។ ខ្ញុំនឹងចាប់ផ្តើមដោយអានពីខ៦–១៨ នៅក្នុងលោកុប្បត្តិ ជំពូក១៥៖

៦ គាត់​ក៏​ជឿ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​រាប់​សេចក្ដី​ជំនឿ​នោះ ទុក​ជា​សេចក្ដី​សុចរិត ដល់​គាត់  នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា អញ​ជា​ព្រះ‌យេហូវ៉ា ដែល​នាំ​ឯង​ចេញ​ពី​ស្រុក​អ៊ើរ​របស់​សាសន៍​ខាល់ដេ មក​ដើម្បី​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ឯង​ទុក​ជា​កេរ‌អាករ ៨ រួច​គាត់​ទូល​សួរ​ថា ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់​អើយ តើ​ទូល‌បង្គំ​នឹង​ដឹង​ដោយ‌សារ​អ្វី ថា​ទូល‌បង្គំ​នឹង​បាន​ស្រុក​នេះ​ជា​កេរ‌អាករ​ពិត ៩ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​យក​គោ​ញី​១​អាយុ​៣​ខួប ពពែ​ញី​១​អាយុ​៣​ខួប ចៀម​ឈ្មោល​១ អាយុ​៣​ខួប ហើយ​លលក​១ និង​ព្រាប​ជំទើរ​១​មក​ឲ្យ​អញ ១០ គាត់​ក៏​យក​សត្វ​ទាំង​នោះ​មក​ពុះ​ជា​២​ភាគ រួច​ដាក់​ចំហៀង​ប្រទល់​គ្នា តែ​សត្វ​ស្លាប​គាត់​មិន​ពុះ​ទេ ១១ ឯ​ពួក​សត្វ​ហើរ​ក៏​ចុះ​មក​លើ​ខ្មោច​នៃ​សត្វ​ទាំង​នោះ តែ​អាប់រ៉ាម​ដេញ​វា​ទៅ។ ១២ លុះ​ដល់​វេលា​ថ្ងៃ​ដែល​កំពុង​តែ​លិច អាប់រ៉ាម​ក៏​ដេក​លក់​យន់​ទៅ នោះ​ឃើញ​មាន​ងងឹត​យ៉ាង​ខ្លាំង​គួរ​ស្ញែង‌ខ្លាច​ចុះ​មក​គ្រប​លើ​គាត់ ១៣ រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​អាប់រ៉ាម​ថា ចូរ​ដឹង​ជា​ប្រាកដ​ថា ពូជ​ឯង​នឹង​ត្រូវ​ទៅ​ជា​អ្នក​ដទៃ​នៅ​ស្រុក​១ ដែល​មិន​មែន​ជា​ស្រុក​របស់​ផង​ខ្លួន ហើយ​ត្រូវ​បម្រើ​ពួក​ស្រុក​នោះ ដែល​គេ​នឹង​សង្កត់‌សង្កិន​ឯង​អស់​រវាង​៤០០​ឆ្នាំ ១៤ តែ​អញ​នឹង​ជំនុំ‌ជម្រះ​សាសន៍​ដែល​ឯង​ត្រូវ​បម្រើ​នោះ រួច​ពី​នោះ​មក ពូជ​ឯង​នឹង​ចេញ​មក​ទាំង​មាន​ទ្រព្យ‌សម្បត្តិ​ជា​ច្រើន​វិញ ១៥ ឯ​ឯង​នឹង​ទៅ​ឯ​ពួក​អយ្យកោ​ឯង​ដោយ​សុខ‌សាន្ត ហើយ​គេ​នឹង​កប់​ឯង ក្រោយ​ដែល​ឯង​មាន​អាយុ​វែង​ល្អ​ហើយ ១៦ ដល់​តំណ​ទី​៤ នោះ​គេ​នឹង​វិល​មក​ឯ​ណេះ​វិញ ដ្បិត​សេចក្ដី​ទុច្ចរិត​របស់​ពួក​សាសន៍​អាម៉ូរី​មិន​ទាន់​ពោរ‌ពេញ​នៅ​ឡើយ ១៧ រួច​កាល​ថ្ងៃ​លិច​ទៅ បាន​ងងឹត​ហើយ នោះ​ឃើញ​មាន​គុក​ភ្លើង​ហុយ​ផ្សែង និង​ចន្លុះ​ដែល​ឆេះ​ទៅ​មក​នៅ​កណ្តាល​ដុំ​សាច់​ទាំង​នោះ។១៨ នៅ​ថ្ងៃ​នោះ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​តាំង​សញ្ញា​នឹង​អាប់រ៉ាម​ថា អញ​ឲ្យ​ស្រុក​នេះ​ដល់​ពូជ​ឯង ចាប់​តាំង​ពី​ទន្លេ​ស្រុក​អេស៊ីព្ទ​រហូត​ដល់​ទន្លេ​ធំ គឺ​ជា​ទន្លេ​អ៊ើប្រាត

នេះជាការរៀបរាប់មួយដែលមិនធម្មតា ជាអ្វីដែលបានកំណត់នៅក្នុងព្រះគម្ពីរ អំពីរបៀបដែលព្រះ ទ្រង់យាងចូលទៅក្នុងទំនាក់ទំនងជាមួយមនុស្ស ជាទំនាក់ទំនងដែលតាំងឡើងដោយកិច្ចសញ្ញា។ កិច្ចសញ្ញា តម្រូវឲ្យមានយញ្ញបូជា។

ខ្ញុំសូមចង្អុលបង្ហាញពីរបីចំណុច អំពីអត្ថបទគម្ពីរនេះ។ បទគម្ពីរនេះ បានចាប់ផ្តើមនៅពេលដែល លោកអ័ប្រាហាំទូលថា៖ «តើទូលបង្គំដឹងដូចម្តេចបាន? ព្រះអង្គ តើទូលបង្គំដឹងដូចម្តេចបាន ថាព្រះអង្គ សម្រេចតាមសេចក្តីសន្យារបស់ព្រះអង្គដល់ទូលបង្គំ?» ហើយចម្លើយរបស់ព្រះ គឺព្រះអង្គបានចុះកិច្ចសញ្ញា។ យើងត្រូវយល់ពីសេចក្តីនេះថា ការប្តូរផ្តាច់ចុងក្រោយរបស់ព្រះ ក្នុងការធ្វើអ្វីដែលព្រះអង្គបានសន្យា គឺ នៅក្នុងកិច្ចសញ្ញា។ កាលបើព្រះទ្រង់បានតាំងសញ្ញាហើយ នោះគ្មានអ្វីទៀតពីព្រះអង្គទ្រង់ប្តូរផ្តាច់អង្គ ទ្រង់ ក្នុងការសម្រេចឲ្យបាននោះឡើយ។ កិច្ចសញ្ញា គឺជាការប្តូរផ្តាច់ចុងក្រោយ។

បន្ទាប់មក យើងត្រូវពិចារណាអំពីអ្វីដែលបានធ្វើជាមួយយញ្ញបូជាទាំងនោះ។ លោកអ័ប្រាហាំត្រូវ សម្លាប់សត្វ រួចពុះជាពីរ ហើយគាត់ត្រូវដើរនៅចន្លោះរវាងយញ្ញបូជាពីរចំហៀងនោះ។ ប៉ុន្តែ កាន់តែគួរ ចាប់អារម្មណ៍ ព្រះអង្គទ្រង់ផ្ទាល់ ដែលមានសណ្ឋានជាភ្លើងចន្លុះកំពុងឆេះ បានយាងចុះពីស្ថានសួគ៌ ហើយ ពេលដល់វេនព្រះអង្គ ព្រះអង្គក៏យាងកាត់ចន្លោះយញ្ញបូជាពីរចំហៀងនោះដែរ។ ដូច្នេះ កិច្ចសញ្ញាក៏បាន តាំងឡើង ឬតាមដែលពួកគេនិយាយនៅក្នុងភាសាហេព្រើរថា «កិច្ចសញ្ញាត្រូវបានកាត់ផ្តាច់» នៅពេល ដែលភាគីទាំងពីរបានដើរកាត់ចន្លោះយញ្ញបូជាទាំងពីរចំហៀងនោះ។ តើនោះមានន័យដូចម្តេច? យញ្ញ បូជា តំណាងឲ្យសេចក្តីស្លាប់របស់ភាគីទាំងពីរ។ នៅពេលដែលភាគីនីមួយៗដើរឆ្លងកាត់យញ្ញបូជា អ្នក នោះប្រកាសថា៖ «នេះជាការស្លាប់របស់ខ្ញុំ នៅចំណុចនេះ ខ្ញុំដាក់ជីវិតរបស់ខ្ញុំចុះ ហើយឥឡូវនេះ ដែលខ្ញុំ ស្ថិតក្នុងកិច្ចសញ្ញាហើយ នោះខ្ញុំមិនមែនរស់នៅសម្រាប់ខ្លួនឯងទៀតទេ តែខ្ញុំរស់នៅសម្រាប់អ្នកដែលបានចុះ កិច្ចសញ្ញាជាមួយខ្ញុំ»។

វគ្គមុន យើងបានចង្អុលបង្ហាញចេញពីគម្ពីរសំបុត្រផ្ញើទៅពួកហេព្រើរ ដែលចែងថា កិច្ចសញ្ញានឹង គ្មានសុពលភាពទេ ដរាបណាអ្នកធ្វើសំបុត្រសញ្ញានោះនៅមានជីវិតនៅឡើយ ហើយដើម្បីឲ្យកិច្ចសញ្ញាមាន សុពលភាព ត្រូវតែមានការស្លាប់។ ដូច្នេះ សូមគិតអំពីគុកភ្លើងដែលហុយផ្សែង និងចន្លុះដែលកំពុង ឆេះ។ អ្វីដែលងងឹតគ្របលើលោកអ័ប្រាហាំនៅខណៈនោះ មិនមែនជាភាពងងឹតនៅពេលយប់ទេ តែជា ភាពងងឹតនៃផ្សែងដែលចេញពីគុកភ្លើង។ ប៉ុន្តែ នៅកណ្តាលភាពងងឹតនោះ មានអ្វីម្យ៉ាងដែលនាំពន្លឺ ហើយ នោះគឺជាចន្លុះដែលកំពុងឆេះ។ ចន្លុះកំពុងឆេះ រំលឹកយើងអំពីចង្កៀងប្រាំពីរកំពុងឆេះ នៅចំពោះមុខបល្ល័ង្ក របស់ព្រះ ដែលលោកយ៉ូហានបានឃើញនៅក្នុងវិវរណៈ ៤។ នោះគឺជាព្រះ ក្នុងតួអង្គជាព្រះវិញ្ញាណបរិសុទ្ធ គឺព្រះជាម្ចាស់អង្គទ្រង់ផ្ទាល់ បានយាងចុះមកដើរកាត់ចន្លោះយញ្ញបូជាពីរចំហៀងនោះ។ តើនោះមិនធ្វើឲ្យ លោកអ្នកមានសេចក្តីអស្ចារ្យទេឬ ដែលព្រះយាងចុះមកផែនដីចូលទៅក្នុងទំនាក់ទំនងដ៏ស្ថិតស្ថេរ ជានិរន្តរ និងយ៉ាងពិតប្រាកដ ជាមួយមនុស្សម្នាក់ដោយផ្ទាល់?

តើយញ្ញបូជានោះមានន័យដូចម្តេច? គឺការដើរកាត់ចន្លោះសត្វពុះពីរចំហៀង។ តើព្រះមានបន្ទូល ដូចម្តេចទៅកាន់លោកអ័ប្រាហាំ? តើលោកអ័ប្រាហាំទូលដូចម្តេចខ្លះទៅកាន់ព្រះ? នៅចំណុចនេះ សេចក្តី ពិត គឺម្នាក់ៗបានលះជីវិតរបស់ខ្លួនដើម្បីគ្នាទៅវិញទៅមក។ ម្នាក់ៗនិយាយថា៖ «ចាប់ពីពេលនេះតទៅ ជីវិតរបស់ខ្ញុំលែងសំខាន់សម្រាប់ខ្ញុំទៀតហើយ ជីវិតរបស់អ្នកសំខាន់ជាងជីវិតរបស់ខ្ញុំ។ ខ្ញុំនឹងរស់នៅ សម្រាប់អ្នក។ ខ្ញុំលះកាត់ជីវិតរបស់ខ្ញុំ ដើម្បីធ្វើយ៉ាងនោះ»។

សូមយើងងាកមើលទៅក្រោយបន្តិច ទៅមើលការពណ៌នាអំពីព្រះអម្ចាស់ និងលោកអ័ប្រាហាំ ដែល ចូលទៅក្នុងកិច្ចសញ្ញា។ ខ្ញុំចង់ទាញយកមេរៀនខ្លះចេញពីការនេះ ជាមេរៀនសម្រាប់លោកអ្នក និងខ្ញុំ ទាក់ទងទៅនឹងទំនាក់ទំនងរបស់យើងជាមួយព្រះសព្វថ្ងៃ។ ទីមួយ បទពិសោធន៍ទាំងស្រុងខាងវិញ្ញាណរបស់ យើង រាប់ទាំងគ្រានៃសេចក្តីងងឹត។ ជំនឿគ្រីស្តបរិស័ទមិនមែនត្រឹមតែជាសាសនាមួយ ដែលធ្វើការតែ នៅក្នុងបរិយាកាសល្អ និងនៅពេលដែលអ្វីៗល្អប្រសើរ ហើយអ្វីៗហាក់ដូចជាត្រឹមត្រូវនោះទេ។ ជំនឿ គ្រីស្តបរិស័ទ ជាជំនឿសម្រាប់គ្រប់រដូវកាលទាំងអស់។

លោកអ័ប្រាហាំមិនមែនជាអ្នកជឿដែលងាកទៅធ្វើការអាក្រក់ ក៏មិនមែនជាអ្នកជឿដែលទន់ខ្សោយ ឬគ្មានភាពចាស់ទុំនោះទេ។ លោកជាអ្នកដើរតាមព្រះអម្ចាស់ យ៉ាងមុតមាំ ហើយប្តូរផ្តាច់។ មិនតែប៉ុណ្ណោះ លោកបានឆ្លងកាត់ពេលវេលានៃសេចក្តីងងឹតរបស់លោក។ សឹងតែគ្រប់គ្នានៅក្នុងជីវិតអ្នកជឿដែលប្តូរផ្តាច់ ពេលវេលានៃសេចក្តីងងឹត តែងតែកើតឡើងជានិច្ចនៅក្នុងជីវិតលោកអ្នក។ ប្រសិនបើពេលនេះ លោក អ្នកកំពុងស្ថិតក្នុងពេលវេលាយ៉ាងនោះ ពាក្យដែលខ្ញុំចង់លើកទឹកចិត្តលោកអ្នកគឺ មិនត្រូវសន្មតថា លោក អ្នកបានធ្វើឲ្យព្រះខកព្រះហឫទ័យ ឬលោកអ្នកបានងាកទៅធ្វើការអាក្រក់ ឬថា ព្រះធ្វើឲ្យលោកអ្នកខក ចិត្តនោះឡើយ។ ព្រះទ្រង់អាចទុកចិត្តលោកអ្នកនៅក្នុងស្ថានភាពងងឹតនោះ។ អាចថា បើលោកអ្នកជា អ្នកជឿក្មេងខ្ចី ឬមិនទាន់មានភាពចាស់ទុំនៅឡើយ ព្រះមិនអាចទុកចិត្តលោកអ្នកបានទេ។ ដូច្នេះ សូមចាំ ក្នុងគំនិតថា សេចក្តីងងឹត ជាផ្នែកមួយនៃបទពិសោធន៍ទាំងមូលរបស់គ្រីស្តបរិស័ទ ប៉ុន្តែនៅក្នុងជំនឿគ្រីស្ត បរិស័ទ បទពិសោធន៍នោះនឹងនាំយើងឆ្លងកាត់សេចក្តីងងឹត ចូលទៅក្នុងជ័យជម្នះ។

ទីពីរ គុកភ្លើងនោះ និយាយអំពីការរងទុក្ខ។ គុកភ្លើង និយាយអំពីភ្លើងបន្សុទ្ធរបស់ព្រះ។ ជាច្រើន កន្លែងនៅក្នុងបទគម្ពីរ ពាក្យគុកភ្លើង គឺជាប្រភេទនៃការរងទុក្ខយ៉ាងខ្លាំង។ ឧទាហរណ៍ ព្រះទ្រង់ បានមានបន្ទូលទៅកាន់អ៊ីស្រាអែល នៅក្នុងអេសាយ ៤៨:១០ ថា៖

១០ មើល៍ អញ​បាន​សំរង​ឯង តែ​មិន​មែន​ដូច​ជា​សំរង​ប្រាក់​ទេ គឺ​អញ​បាន​រើស​ឯង​នៅ​ក្នុង​ឡ​នៃ​សេចក្ដី​វេទនា​វិញ។

លោកអ្នកទូលថា៖ «ព្រះអង្គ ហេតុអ្វីបានជាទូលបង្គំត្រូវនៅក្នុងគុកភ្លើងដូច្នេះ?» ព្រះទ្រង់មានបន្ទូល ថា៖ «ព្រោះ មានតែគុកភ្លើងទេ ដែលធ្វើអ្វីៗសម្រាប់អ្នក ដែលគ្មានអ្វីផ្សេងទៀតអាចធ្វើបាន»។

នៅក្នុងគម្ពីរម៉ាឡាគី ព្រះទ្រង់បានសន្យានឹងពូជពង្សលេវី ដែលជាសង្ឃរបស់ព្រះអង្គថា ព្រះអង្គនឹង បន្សុទ្ធគេ ដូចជាបន្សុទ្ធប្រាក់ និងមាស។ នៅពេលដែលព្រះចង់បង្កើតចេញជាសង្ឃ ព្រះអង្គត្រូវដាក់គេឲ្យ ឆ្លងកាត់គុកភ្លើងនៃសេចក្តីវេទនាដើម្បីបន្សុទ្ធ។ ដូចគ្នា លោកអ័ប្រាហាំក៏ដូច្នេះដែរ លោកត្រូវជួបនឹងបទ ពិសោធន៍គុកភ្លើងបន្សុទ្ធនោះ។ ក្នុងន័យម្យ៉ាង គុកភ្លើងនោះ គឺជាការបង្ហាញឲ្យឃើញពីទុក្ខវេទនានៃ ប្រជារាស្ត្រព្រះអង្គ ដែលកើតឡើងនៅស្រុកអេស៊ីព្ទនាពេលខាងមុខ។ ប៉ុន្តែ សម្រាប់ខ្ញុំ វាហាក់ដូចជាថា ព្រះបានអនុញ្ញាតឲ្យលោកអ័ប្រាហាំមើលឃើញទុកដូចជាការភ្លក់ឲ្យដឹងមុន ព្រោះកន្លែងណាដែលកូនត្រូវ ទៅ នោះឪពុកត្រូវតែយល់អំពីអ្វីដែលកូនត្រូវឆ្លងកាត់។ ដូច្នេះ សូមចាំនៅក្នុងគំនិតថា គុកភ្លើងនៃសេចក្តី វេទនាមិនមែនមានន័យថា លោកអ្នកឃ្លាតចេញពីបំណងព្រះហឫទ័យរបស់ព្រះនោះទេ។ មានន័យថា គុក ភ្លើងនោះកំពុងធ្វើអ្វីម្យ៉ាងសម្រាប់លោកអ្នក គឺបន្សុទ្ធលោកអ្នក ហើយសម្រាំងលោកអ្នក តាមរបៀបមួយ ដែលគ្មានអ្វីផ្សេងទៀតនឹងអាចធ្វើបាន។

ខ្ញុំសូមជូននូវពាក្យដ៏ល្អដល់លោកអ្នក ជាពាក្យដែលព្រះទ្រង់បានមានបន្ទូលទៅអ៊ីស្រាអែលម្តងទៀតថា៖ «មើល៍ យើងបានបន្សុទ្ធអ្នក តែមិនដូចបន្សុទ្ធប្រាក់ទេ យើងបានលត់ដំអ្នក នៅក្នុងគុកភ្លើងនៃសេចក្តីវេទនា»។ គម្ពីរសំណៅមួយទៀតចែងថា៖ «អញបានរើសឯង នៅក្នុងសេចក្តីវេទនាវិញ»។ របៀបដែលលោកអ្នកប្រតិកម្ម នៅក្នុងគុកភ្លើងនោះ វានឹងកំណត់ពីរបៀបដែលព្រះនឹងប្រព្រឹត្តជាមួយលោកអ្នក។

ទីបី និងជាមេរៀនចុងក្រោយគឺ៖ នៅកណ្តាលសេចក្តីងងឹតនោះ ចន្លុះដែលកំពុងឆេះ គឺជាព្រះវត្តមាន ដ៏អស្ចារ្យរបស់ព្រះ ដែលភ្លឺមកលើតែវត្ថុនោះប៉ុណ្ណោះ គឺជាគ្រឿងសម្គាល់នៃយញ្ញបូជា ដែលជាគ្រឹះនៃ កិច្ចសញ្ញា។ និយាយបានម្យ៉ាងទៀតថា នៅក្នុងគ្រានៃសេចក្តីងងឹតសូន្យសុងនោះ វាអាចថា ព្រះទ្រង់នឹង មិនបំភ្លឺអ្វីដល់លោកអ្នកសោះ។ ព្រះអង្គមិនឲ្យលោកអ្នកដឹងពីហេតុដែលលោកអ្នកស្ថិតនៅទីនោះ ឬពីអ្វី ដែលនឹងកើតឡើងនៅខាងមុខ តែព្រះអង្គបំភ្លឺការមួយសម្រាប់លោកអ្នកប៉ុណ្ណោះ គឺយញ្ញបូជា ដែលជា គ្រឿងសម្គាល់នៃកិច្ចសញ្ញា ព្រោះព្រះចង់ឲ្យលោកអ្នកចូលមកដល់កន្លែងមួយ នៅក្នុងបទពិសោធន៍របស់ លោកអ្នក ដែលលោកអ្នកដឹងថា នៅពេលព្រះអង្គតាំងសញ្ញាហើយ ព្រះអង្គទ្រង់ប្តូរផ្តាច់ ដែលគ្មានអ្វីទៀត ដែលព្រះអង្គត្រូវធ្វើដើម្បីប្តូរផ្តាច់នឹងកិច្ចសញ្ញាដែលបានតាំងនោះឡើយ។

ខ្ញុំនឹកឃើញពាក្យរបស់លោកប៉ូល នៅក្នុងរ៉ូម ៨:៣២៖

៣២ ឯ​ព្រះ‌អង្គ ដែល​មិន​បាន​សំចៃ​ទុក​នូវ​ព្រះ‌រាជ‌បុត្រា​ទ្រង់​បង្កើត គឺ​បាន​បញ្ជូន​ទ្រង់​ទៅ​ជំនួស​យើង​រាល់​គ្នា នោះ​តើ​មាន​ទំនង​អ្វី ឲ្យ​ទ្រង់​មិន​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង ជា​មួយ​នឹង​ព្រះ‌រាជ‌បុត្រា​ទ្រង់​នោះ​ផង?

នោះជាយញ្ញបូជាចុងក្រោយ ជាការសុគតនៃព្រះរាជបុត្រារបស់ព្រះ គឺព្រះយេស៊ូគ្រីស្ទ នៅលើឈើ ឆ្កាង សម្រាប់អំពើបាបរបស់យើង។ ហើយបើលោកអ្នកមិនអាចមើលឃើញអ្វីផ្សេងទៀតបាន បើមាន សេចក្តីងងឹតនៅជុំវិញលោកអ្នក គឺដរាបណាលោកអ្នកអាចមើលឃើញយញ្ញបូជា ដែលព្រះយេស៊ូវបាន សុគត នោះលោកអ្នកដឹងថា ព្រះទ្រង់កាន់ខាងលោកអ្នកហើយ។ លោកប៉ូលមានប្រសាសន៍នៅក្នុងរ៉ូម ៨:៣១ ថា៖

៣១ បើ​សិន​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន?

នោះជាសំណួរមួយដ៏ល្អ! តើលោកអ្នកដឹងដូចម្តេចបានថា ព្រះកាន់ខាងលោកអ្នក? លោកអ្នកអាច ដឹងការនោះតាមរបៀបនេះ៖ គឺដោយការប្តូរផ្តាច់ដូចគ្នាចំពោះព្រះ ដូចដែលព្រះទ្រង់បានប្តូរផ្តាច់ចំពោះ លោកអ្នក។ ដោយសំអាងលើការប្តូរផ្តាច់នោះ ព្រះទ្រង់នឹងទទួលលោកអ្នក ចូលមកក្នុងទំនាក់ទំនងកិច្ច សញ្ញាជាមួយព្រះអង្គទ្រង់ផ្ទាល់។

យើងចូលដល់ចុងបញ្ចប់ហើយ ហើយខ្ញុំនឹងវិលជួបលោកអ្នកជាថ្មីម្តងទៀតនៅវគ្គក្រោយ។ គោល សំខាន់របស់ខ្ញុំនៅវគ្គក្រោយ គឺ «មិត្តភាពជាមួយព្រះ»។ ខ្ញុំនឹងនិយាយថែមទៀត អំពីទំនាក់ទំនងដែលបាន អភិវឌ្ឍ រវាងព្រះ និងលោកអ័ប្រាហាំ ចេញពីកិច្ចសញ្ញាដែលភាគីទាំងពីរបានតាំងឡើងជាមួយគ្នា។ សូម ព្រះប្រទានពរ។

ចូលចិត្ត
ចែករំលែក