ជម្រាបសួរលោកអ្នកបងប្អូនជាថ្មីម្ដងទៀតនៅថ្ងៃនេះ។ សូមយើងបន្តដំណើររបស់យើងជាមួយគ្នា ឆ្លងកាត់ទឹកដីដ៏សម្បូរស្ដុកស្ដម និងអស្ចារ្យនៃសេចក្តីសន្យារបស់ព្រះ។

វគ្គមុន ខ្ញុំបានជម្រាបជូនលោកអ្នកអំពីសេចក្តីសន្យារបស់ព្រះ ដែលទ្រង់ប្រទានប្រាជ្ញាដល់អស់អ្នកដែលទូលសុំព្រះអង្គដោយជំនឿ។ ខ្ញុំបានពន្យល់ថា ប្រាជ្ញាដែលបានបង្ហាញជូននៅក្នុងព្រះគម្ពីរ មិនមែនជារឿង “កំពូលខាងវិញ្ញាណ/super-spiriual” ឬក៏រឿងពឹងអាងទៅលើចំណេះដឹងខាងទេវសាស្ត្រ ដ៏ជ្រៅ មិនងាយឈោងដល់ ហើយស្មុគស្មាញអ្វីនោះទេ។ ផ្ទុយទៅវិញ ជារឿងប្រាជ្ញាដ៏សាមញ្ញ សម្រាប់ការរស់រាល់ថ្ងៃ ជារឿងរបស់មនុស្សដែលរស់នៅលើផែនដីនេះឯង។

ថ្ងៃនេះ ខ្ញុំនឹងជម្រាបជូនលោកអ្នកអំពីវិធីដ៏ពិសេសមួយ ដែលជាញឹកញាប់ យើងត្រូវការប្រាជ្ញា ហើយជាប្រាជ្ញាដែលព្រះរង់ចាំតែប្រទានឲ្យយើងប៉ុណ្ណោះ។ ប្រធានបទរបស់ខ្ញុំនេះ អាចសង្ខេបជាពាក្យខ្លីថា ការបង្ហាញផ្លូវ (Guidance)។ ឬ ប្រសិនបើលោកអ្នកចូលចិត្តពាក្យវែងនោះគឺៈ របៀបស្វែងរកផ្លូវត្រឹមត្រូវដើម្បីរស់នៅ ក្នុងរាល់ស្ថានភាព និងកាលៈទេសៈនៃជីវិតរបស់យើង។ សេចក្តីសន្យារបស់ព្រះ ក៏គ្របដណ្ដប់លើសេចក្តីត្រូវការនេះដែរ ហើយនេះជាសេចក្ដីសន្យាមួយ នៅក្នុងចំណោមសេចក្ដីសន្យាទាំងមូលរបស់ព្រះ។

ជាដំបូង យើងនឹងងាកទៅមើលសេចក្តីសន្យា ដែលចែងនៅក្នុងទំនុកតម្កើង ៣៧:៤-៥:

៤ ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ នោះព្រះអង្គនឹងប្រទានអ្វីៗដែលចិត្តអ្នកប្រាថ្នាចង់បាន។ ៥ ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ា ចូរទុកចិត្តដល់ព្រះអង្គ នោះព្រះអង្គនឹងប្រោសឲ្យអ្នកបានសម្រេច។ (RKOV)

ឥឡូវនេះ ខ្ញុំជឿថា ខដំបូងដែលខ្ញុំបានអាននេះ ពិពណ៌នាអំពីប្រភេទមនុស្ស ដែលសក្តិសមនឹងទទួលសេចក្តីសន្យានៅក្នុងខបន្ទាប់។ សេចក្តីសន្យានោះគឺ “ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ា ចូរទុកចិត្តដល់ព្រះអង្គ នោះព្រះអង្គនឹងប្រោសឲ្យអ្នកបានសម្រេច”។

ប៉ុន្តែ មុននឹងយើងមើលទៅសេចក្តីសន្យានោះ សូមយើងមើលទៅឯប្រភេទមនុស្ស ដែលសេចក្តីសន្យានោះពោលសំដៅទៅរក។ ព្រះទ្រង់មានព្រះបន្ទូលថា៖ “ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នក នោះព្រះអង្គនឹងប្រទានអ្វីៗដែលចិត្តអ្នកប្រាថ្នាចង់បាន”។

កាលខ្ញុំនៅជាអ្នកជឿក្មេងខ្ចី ខ្ញុំបានយល់អំពីខនេះ តាមរបៀបនេះ គឺថា ប្រសិនបើខ្ញុំសប្បាយនឹងព្រះ ហើយធ្វើអ្វីដែលព្រះអង្គចង់បាន នោះព្រះអង្គនឹងប្រទានឲ្យខ្ញុំនូវអ្វីៗដែលខ្ញុំចង់បាន គឺអ្វីៗដែលខ្ញុំចង់ធ្វើ ឬចង់សប្បាយ។ ប៉ុន្តែ នៅពេលដែលខ្ញុំកាន់តែមានភាពចាស់ទុំច្រើន ខ្ញុំឃើញថា សេចក្តីសន្យានេះ ជ្រាលជ្រៅជាងនេះទៅទៀត។ ប្រសិនបើខ្ញុំធ្វើឲ្យខ្លួនខ្ញុំអរសប្បាយនៅក្នុងព្រះអម្ចាស់ ប្រសិនបើខ្ញុំពិតជាស្វែងរកឲ្យគាប់ព្រះហឫទ័យដល់ព្រះអម្ចាស់ ហើយស្វែងរកសេចក្តីស្កប់ស្កល់របស់ខ្ញុំនៅក្នុងព្រះអង្គ នោះព្រះអង្គនឹងប្រទានឲ្យខ្ញុំបានសម្រេចតាមបំណងចិត្តក្នុងន័យនេះ គឺថា ដោយសារព្រះវិញ្ញាណបរិសុទ្ធ ព្រះអង្គនឹងដាក់នៅក្នុងចិត្តខ្ញុំ នូវបំណងដែលព្រះអង្គចង់សម្រេចឲ្យ ហើយបំណងប្រាថ្នារបស់ខ្ញុំ នឹងត្រឡប់ជារបស់ព្រះ ហើយគាប់ព្រះហឫទ័យដល់ព្រះ ជាជាងរឿងដែលគិតតែពីខ្លួនឯង ហើយសប្បាយរីករាយសម្រាប់តែខ្លួនឯង។

ដូច្នេះ ការយកព្រះអម្ចាស់ជាអំណររបស់លោកអ្នក នឹងនាំយកការផ្លាស់ប្រែចូលមកក្នុងបំណងរបស់លោកអ្នក ចំណង់របស់លោកអ្នក និងមហិច្ឆិតារបស់លោកអ្នក។ ជំនួសឲ្យភាពអាត្មានិយម និងការផ្តោតមកលើតែខ្លួនឯង ដោយសារព្រះវិញ្ញាណបរិសុទ្ធ លោកអ្នកនឹងទទួលបានពីព្រះ នូវបំណង ចំណង់ និងមហិច្ឆិតាដែលបរិសុទ្ធ ហើយផ្តោតទៅលើព្រះជាសំខាន់។ តាមរយៈការឆ្លើយតបនឹងបំណងប្រាថ្នាទាំងនោះ និងការសម្រេចមហិច្ឆិតាទាំងនោះ ព្រះទ្រង់នឹងបានថ្កើងឡើង ហើយពង្រីកព្រះរាជ្យរបស់ព្រះអង្គ។ ដូច្នេះ លោកអ្នកយល់ហើយថា ដើម្បីប្រកាសយកសេចក្តីសន្យាដែលមាននៅខបន្ទាប់ យើងត្រូវត្រឡប់ជាប្រភេទមនុស្សដែលយកព្រះអម្ចាស់ជាអំណររបស់យើង តាមរបៀបមួយដែលព្រះអង្គដាក់នៅក្នុងចិត្តយើង នូវបំណងប្រាថ្នាទាំងប៉ុន្មានដែលព្រះអង្គផ្ទាល់ចង់សម្រេចឲ្យ។ ខ្ញុំសូមប្រាប់ថា បំណងប្រាថ្នាទាំងនោះប្រសើរជាងច្រើនណាស់សម្រាប់យើង មានប្រយោជន៍ច្រើនណាស់ បំណងទាំងនោះនឹងធ្វើឲ្យយើងបានល្អ ជាជាងបំណង និងមហិច្ឆិតាខាងសាច់ឈាមរបស់យើង ដែលអាត្មានិយម ហើយជាញឹកញាប់ ច្រើនតែធ្វើឲ្យខ្លួនឈឺចាប់ទៅទៀត។

ឥឡូវនេះ សូមយើងមើលទៅឯសេចក្តីសន្យានៅខបន្ទាប់ គឺទំនុកតម្កើង ៣៧:៥

៥ ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ាចុះ ចូរទុកចិត្តដល់ព្រះអង្គ នោះព្រះអង្គនឹងប្រោសឲ្យបានសម្រេច។

ឃ្លាទីមួយ គឺជាសកម្មភាព “ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ា”។ ការទុកដាក់ គឺជាសកម្មភាពប្រព្រឹត្តិមួយ ដែលត្រូវធ្វើម្ដងឲ្យស្រេច។

ភាសាហេព្រើរដើម និយាយន័យត្រង់ ហើយល្មមគួរឲ្យចាប់អាម្មណ៍គឺ “ទម្លាក់ផ្លូវរបស់អ្នកទៅលើព្រះអម្ចាស់ទៅ”។ តើលោកអ្នកគិតថា ហេតុអ្វីបានជាអ្នកសរសេរទំនុកតម្កើងថ្លែងថា៖ “ចូរទម្លាក់ផ្លូវរបស់អ្នកទៅលើព្រះអម្ចាស់”? មែន ខ្ញុំនឹងប្រាប់លោកអ្នក ខ្ញុំមានចម្លើយជាពិសេសសម្រាប់សំណួរនេះ។ ចម្លើយនេះផ្អែកលើបទពិសោធន៍។

ខ្ញុំធ្លាប់ជានាយកមហាវិទ្យាល័យមួយនៅអាហ្រុីកខាងជើង សម្រាប់បណ្ដុះបណ្ដាលគ្រូជនជាតិអាហ្វ្រិក។ នាយកមហាវិទ្យាល័យ គឺជាអ្នកបម្រើមនុស្សគ្រប់គ្នា។ នាយកត្រូវធ្វើអ្វីៗគ្រប់យ៉ាង។ បើក្បាលរ៉ូមីធ្លាយទឹក បិទមិនជិត នាយកត្រូវជួសជុល។ បើខ្វះអាហារ នាយកត្រូវទៅទិញអាហារ។ កិច្ចការមួយដែលខ្ញុំត្រូវធ្វើជាញឹកញាប់នោះ គឺចុះទៅកាន់ទីក្រុងក្នុងតំបន់នោះ ដើរទិញអាហារឲ្យនិស្សិតរបស់យើង ហើយអាហារដែលពួកគេចូលចិត្តបំផុតគឺបាយ។ ដូច្នេះ ខ្ញុំត្រូវទិញអង្ករបាវធំៗ ដែលមួយបាវៗមានទម្ងន់៥០គ.ក ហើយខ្ញុំត្រូវដឹកជញ្ជូនអង្ករទាំងនោះ ដាក់ក្នុងឡានឃ្លុបតូចរបស់ខ្ញុំ ហើយដឹកចូលទៅមាត់ទ្វារឃ្លាំង ដែលត្រូវទុកដាក់អង្ករនៅទីនោះ។

ឥឡូវនេះ ការមួយដែលខ្ញុំបានរកឃើញ ជាការគួរឲ្យចាប់អារម្មណ៍ណាស់ចំពោះជនជាតិអាហ្វ្រិកដែលបានចូលមករៀន គឺថា ការធ្វើការដោយដៃ មិនសក្តិសមនឹងកិត្តិយសរបស់អ្នកចេះដឹងទេ ព្រោះជនជាតិអាហ្វ្រិកបានចាប់ផ្ដើមមានឥរិយាបថថា នៅពេលដែលពួកគេចូលសាលា ឬចូលមហាវិទ្យាល័យ នោះរឿងធ្វើការដោយដៃ វាមិនសក្តិសមនឹងកិត្តិយសរបស់ពួកគេ។ ដូច្នេះ ពេលខ្លះ ខ្ញុំត្រូវធ្វើជាគំរូដល់ពួកគេ ដោយជួយពួកគេរើបាវអង្ករលីចុះពីឡាន។ ហើយខ្ញុំរកឃើញថា ប្រសិនបើបាវអង្ករនោះបានបញ្ឈរនៅលើឡាន នេះវាមិនពិបាកសម្រាប់ឲ្យខ្ញុំទាញយកមកដាក់លើ ក ហើយលីចូលក្នុងឃ្លាំងនោះទេ។ ប៉ុន្តែការទម្លាក់អង្ករចុះពីលើខ្នងខ្ញុំ មានការពិបាកបន្តិច ព្រោះបើងាកខ្លួនខុស នោះខ្ញុំត្រូវប្រើពេលច្រើន ហើយវាងាយនឹងធ្វើឲ្យថ្លោះ ឬអាចជាប់ចង្កេះផង។ ចំណុចនេះហើយដែលខ្ញុំបានរៀនអំពីការប្រមៀលបន្ទុករបស់ខ្ញុំទម្លាក់ទៅលើព្រះអម្ចាស់។ ព្រោះខ្ញុំបានរកឃើញថា ជំនួសឲ្យការខំទប់បាវអង្ករ ឲ្យធ្លាក់ចុះយឺតៗ ខ្ញុំត្រូវបែរខ្នងឲ្យចំ ហើយឲ្យបាវអង្ករនោះរមៀលធ្លាក់ពីស្មារបស់ខ្ញុំយ៉ាងលឿន គឺតែមួយភ្លែតប៉ុណ្ណោះ ហើយបាវនោះក៏ឈរត្រង់នៅលើឥដ្ឋក្បែរខ្ញុំ ហើយខ្ញុំក៏ត្រឡប់ជាមានជំនាញក្នុងរឿងនោះ។

ដូច្នេះ ខ្ញុំដឹងពីហេតុដែលអ្នកសរសេរទំនុកតម្កើងនេះ ដែលថ្លែងថា៖ “ចូរទម្លាក់ផ្លូវរបស់អ្នកទៅលើព្រះអម្ចាស់” ឬ «ទុកដាក់ផ្លូវរបស់អ្នកដល់ព្រះអម្ចាស់» ព្រោះការជ្រើសរើសផ្លូវរបស់យើងនៅក្នុងជីវិត ប្រៀបដូចជាបាវអង្ករដែលមានទម្ងន់៥០គ.ក។ ផ្លូវជីវិតនោះវាធ្ងន់ណាស់សម្រាប់យើង ក្នុងការដែលយើងត្រូវលីបន្ទុកនោះដោយខ្លួនឯង ដ្បិតជារឿងសម្រេចចិត្ត និងការទទួលខុសត្រូវក្នុងជីវិត។ ដូច្នេះ អ្នកសរសេរទំនុកតម្កើងថ្លែងថា៖ “កុំខំប្រឹងលីបាវនោះទៀតអី ប្រមៀលវាទម្លាក់ពីលើស្មាទៅ ហើយដាក់វាឲ្យចំ នៅទាបព្រះបាទព្រះអម្ចាស់ទៅ នោះព្រះអង្គនឹងយកព្រះហឫទ័យទុកដាក់”។ ដូច្នេះឃ្លាទីមួយគឺ “ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ាចុះ” ឬ “ចូរប្រមៀលផ្លូវរបស់អ្នកទម្លាក់ទៅលើព្រះអម្ចាស់ចុះ”។

បន្ទាប់មក ឃ្លាទីពីរ គឺជាឥរិយាបថ នោះគឺ «ចូរទុកចិត្ត»។ ទុកដាក់ វាជាសកម្មភាពមួយ ឯការទុកចិត្ត វាជាឥរិយាបថមួយដែលបន្តជាប់រហូត។ នៅពេលដែលយើងទុកដាក់ហើយ យើងមិនមែនចេះតែបន្តទុកដាក់រហូតនោះទេ គឺយើងត្រូវប្រកាន់យកឥរិយាបថថា ផ្លូវនោះយើងបានទុកដាក់រួចហើយ ឯអ្វីដែលយើងត្រូវធ្វើឥឡូវនេះ គឺបន្តទុកចិត្ត។ ម្តងទៀត ទុកដាក់ វាជាសកម្មភាពមួយ ឯការទុកចិត្ត គឺជាឥរិយាបថ។

ឃ្លាទីបីគឺ នោះព្រះអង្គនឹងធ្វើឲ្យបានសម្រេច។ ទោះជាយ៉ាងណាក៏ដោយ តាមពិតទៅ នៅក្នុងភាសាហេព្រើរ ឃ្លានេះន័យត្រង់គឺថា “ព្រះកំពុងធ្វើរឿងនោះហើយ”។ ដូច្នេះ ខ្ញុំយល់ឃ្លានេះ តាមរបៀបនេះ។ ដំបូង យើងទុកដាក់ផ្លូវរបស់យើងដល់ព្រះអម្ចាស់ បន្ទាប់មក រក្សាឥរិយាបថមិនប្រែប្រួល ហើយបន្តទុកចិត្ត។ រឿងនោះគឺនៅក្នុងព្រះហស្តរបស់ព្រះ ហើយដរាបណាយើងបន្តទុកចិត្ត នោះព្រះទ្រង់កំពុងតែធ្វើឲ្យរឿងនោះ។ និយាយបែបម្យ៉ាងទៀតថា ព្រះអង្គនឹងសម្រេចអ្វីៗដែលយើងបានទុកដាក់នឹងព្រះអង្គ។ ការសម្រេចចិត្តអ្វីក៏ដោយ ទិសដៅអ្វីក៏ដោយ ព្រះទ្រង់កំពុងសម្រេចការនោះ។

សម្រាប់ខ្ញុំ រឿងនេះដូចជាការចូលទៅធនាគារ ហើយដាក់លុយតម្កល់នៅក្នុងគណនីសន្សំ។ ការដាក់លុយ គឺជាសកម្មភាពនៃការទុកដាក់។ ក្រោយការនោះមក លោកអ្នកមិនបាច់រត់ទៅធនាគារចុះឡើងរាល់ថ្ងៃ ដើម្បីចង់ដឹងលុយរបស់លោកអ្នកកើនការប្រាក់ដល់ណា ឬយ៉ាងណានោះទេ។ លោកអ្នកគ្រាន់តែដឹងថា ធនាគារកំពុងតែបន្ថែមការប្រាក់ដល់លុយរបស់លោកអ្នក ជារៀងរាល់ថ្ងៃ។ នោះហើយជាឥរិយាបថនៃការបន្តទុកចិត្ត ហើយដរាបណាលោកអ្នកទុកលុយរបស់លោកអ្នកដែលបានដាក់ចូល យ៉ាងមានសុវត្តិភាពនៅក្នុងធនាគារ ហើយរក្សាឥរិយាបថនៃការទុកចិត្ត នោះច្បាស់ហើយ គឺធនាគារកំពុងតែធ្វើការនោះហើយ។ រឿងនេះ ដូចគ្នាជាមួយព្រះជាម្ចាស់។ “ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះអង្គចុះ ចូរទុកចិត្តព្រះអង្គ នោះព្រះអង្គកំពុងតែធ្វើរឿងនោះហើយ”។

ឥឡូវនេះ យើងមើលសេចក្តីសន្យាមួយទៀតអំពីការចង្អុលបង្ហាញពីព្រះអម្ចាស់។ សេចក្តីសន្យានេះចែងនៅក្នុងសុភាសិត ៣:៥-៦:

៥ ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ៦ ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ នោះព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង

ការសំណៅបកប្រែមួយទៀតដាក់ថា “ព្រះអង្គនឹងចង្អុលបង្ហាញផ្លូវច្រករបស់ឯង”។ សូមយើងពិចារណាពីន័យនៅក្នុងសំណៅបកប្រែនេះ។ ព្រះនឹងចង្អុលបង្ហាញផ្លូវច្រករបស់អ្នក។ ព្រះអង្គនឹងធ្វើឲ្យផ្លូវនៅក្នុងជីវិតបានត្រឹមត្រូវសម្រាប់លោកអ្នក។ នោះហើយជាសេចក្តីសន្យា ជាសេចក្តីសន្យាដែលយើងត្រូវការនៅក្នុងស្ថានភាពបច្ចុប្បន្ននេះ។

ឥឡូវនេះ តើមានលក្ខខណ្ឌអ្វីខ្លះ? គឺយ៉ាងនេះ លក្ខខណ្ឌទាំងនោះស្រដៀងគ្នានឹងលក្ខខណ្ឌនៅក្នុងទំនុកតម្កើង ៣៧ ដែរ។ លក្ខខណ្ឌទីមួយគឺ “ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត”។ ចូររក្សាឥរិយាបថទុកចិត្តបែបនោះជាប់ជានិច្ចទៅ នោះលោកអ្នកនឹងរកឃើញថា ការទុកចិត្ត តែងជាប់មកជាមួយនឹងសេចក្តីសុខសាន្តជានិច្ច។ នៅពេលលោកអ្នកកើតទុក្ខ ហើយមានចិត្តខ្វល់ខ្វាយ នោះជាសញ្ញាចង្អុលបង្ហាញច្បាស់ថា លោកអ្នកឈប់ទុកចិត្ត។

លក្ខខណ្ឌទីពីរ គឺជាការហាម។ “កុំពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ”។ កុំបែរទៅទុកចិត្តលើយោបល់របស់ខ្លួន ហើយកុំខំប្រឹងដោះស្រាយដោយខ្លួនឯង។ ឧបសគ្គមួយដ៏ធំបំផុតដែលមិនឲ្យយើងទទួលបានចម្លើយមកពីព្រះតបនឹងសេចក្ដីអធិស្ឋាន គឺថា យើងអធិស្ឋាន ហើយយើងព្យាយាមគន់គូរពីរបៀបដែលព្រះត្រូវឆ្លើយតបសេចក្តីអធិស្ឋានរបស់យើង។ មែន ព្រះទ្រង់មិនកំណត់ថានឹងឆ្លើយតបសេចក្តីអធិស្ឋានរបស់យើង តាមរបៀបដែលយើងគិត ហើយពេលដែលយើងព្យាយាមរៀបផ្លូវឲ្យព្រះឆ្លើយ យើងពិតជាធ្លាក់ទៅក្នុងឥរិយាបថនៃគំនិត និងវិញ្ញាណដែលធ្វើឲ្យយើងពិបាកនឹងទទួលចម្លើយដែលព្រះទ្រង់ដោះស្រាយឲ្យយើង។ ដូច្នេះ សូមកុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ”។

លក្ខខណ្ឌទីបី នៅក្នុងសុភាសិត ៣ នេះគឺ “ត្រូវឲ្យទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវរបស់អ្នក”។ តើនេះមានន័យដូចម្ដេច? សូមឲ្យខ្ញុំពន្យល់ អំពីអ្វីដែលខ្ញុំយល់ ដោយសារការទទួលស្គាល់ព្រះ។ ការទទួលស្គាល់ព្រះ មានន័យថា គ្រប់ពេលវេលា គ្រប់ស្ថានភាព គ្រប់ទីកន្លែង។ នៅពេលលោកអ្នកចង់ទទួលស្គាល់ព្រះ នោះលោកអ្នកត្រូវឈប់សិន ហើយទូលព្រះអង្គថា៖ “ព្រះជាម្ចាស់អើយ ទូលបង្គំសូមអរព្រះគុណព្រះអង្គសម្រាប់សេចក្តីស្មោះត្រង់របស់ព្រះអង្គចំពោះទូលបង្គំ។ ទូលបង្គំសូមអរព្រះគុណសម្រាប់គ្រប់ទាំងការល្អ ដែលព្រះអង្គបានធ្វើនៅក្នុងជីវិតទូលបង្គំ។ ទូលបង្គំសូមអរព្រះគុណព្រះអង្គសម្រាប់វិធីដែលព្រះអង្គបានបង្ហាញអង្គទ្រង់ នៅក្នុងស្ថានភាព និងកាលៈទេសៈជាច្រើនក្នុងជីវិតទូលបង្គំ។ ព្រះអង្គបាននាំទូលបង្គំមកដល់ដំណាក់កាលនេះ ហើយទូលបង្គំនៅតែទុកចិត្តឲ្យព្រះអង្គដឹកនាំទូលបង្គំជារៀងរហូត”។ នេះហើយជាការទទួលស្គាល់ព្រះក្នុងគ្រប់ទាំងផ្លូវរបស់លោកអ្នក។

ខ្ញុំនៅចាំថា ក្នុងឆ្នាំ ១៩៦៤ ខ្ញុំបានលាឈប់ពីព័ន្ធកិច្ចគ្រូគង្វាលដ៏សុវត្ថិភាព ដែលខ្ញុំបានបម្រើនៅក្នុងទីក្រុងមួយនៅតំបន់បាសុីហ្វ៊ីចពាយព្យ (Pacific Northwest) ហើយខ្ញុំក៏ដាក់ខ្លួនបម្រើជាព័ន្ធការីត្រាច់ចរ ដោយគ្មានប្រាក់ផ្គត់ផ្គង់ស្ថិតថេរ គ្មានទីកន្លែងអាស្រ័យពិតប្រាកដ គ្មានដើមទុក ហើយសូម្បីតែរថយន្តផ្ទាល់ខ្លួន ហើយក៏ត្រូវផ្គង់ប្រពន្ធកូនទៀតផង។ ប៉ុន្តែខ្ញុំបានដឹងថា ព្រះបានជំរុញឲ្យខ្ញុំចេញមកកាន់ធ្វើព័ន្ធកិច្ចថ្មីនេះ។ ហើយនៅពេលខ្ញុំក៏កំពុងរង់ចាំព្រះ ហើយស្វែងរកព្រះអង្គ សម្រាប់ឲ្យមានសុវត្ថិភាពនៅក្នុងព័ន្ធកិច្ចថ្មីនេះ ព្រះទ្រង់បានប្រទានបទគម្ពីរនេះដល់ខ្ញុំ ដែលខ្ញុំទើបតែនឹងបានដកស្រង់នេះ គឺ“ត្រូវទទួលស្គាល់ព្រះអង្គក្នុងគ្រប់ទាំងផ្លូវរបស់ឯងចុះ នោះព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង”។ ខ្ញុំចង់ធ្វើបន្ទាល់ប្រាប់ថា ខ្ញុំបានជួបសេចក្តីពិតនោះ នៅគ្រប់ទាំងបណ្ដាឆ្នាំដែលខ្ញុំបានត្រាច់ចរនោះ (មកទល់ពេលនេះ មានរយៈពេលជាង១៥ឆ្នាំហើយ)។ ខ្ញុំអាចបញ្ជាក់ប្រាប់បានអំពីការទុកចិត្តអំពីបទគម្ពីរដ៏ល្អនេះ។

“ត្រូវទទួលស្គាល់ព្រះអង្គក្នុងគ្រប់ទាំងផ្លូវរបស់ឯងចុះ នោះព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង”។

រាល់ពេលដែលលោកអ្នកមកដល់ចំណុចបត់ ឬការជ្រើសរើសផ្លូវនៅក្នុងជីវិតរបស់លោកអ្នក ចូរឈប់សិន ហើយចាប់ផ្ដើមទទួលស្គាល់ព្រះ។ ចូរអរព្រះគុណព្រះអង្គ សម្រាប់គ្រប់ទាំងអស់ដែលព្រះអង្គបានធ្វើសម្រាប់លោកអ្នក សម្រាប់សេចក្តីស្មោះត្រង់របស់ព្រះអង្គ សម្រាប់វិធីដែលព្រះអង្គបានឆ្លើយតបសេចក្តីអធិស្ឋានជាច្រើន និងបានដោះស្រាយបញ្ហាជាច្រើនពីអតីតកាលរហូតមក។ បន្ទាប់មក ដើម្បីទទួលស្គាល់ព្រះអង្គ ត្រូវបន្តទុកចិត្តថា ព្រះអង្គនឹងនៅតែស្មោះត្រង់នៅពេលអនាគត ដូចដែលព្រះអង្គស្មោះត្រង់ពីអតីតកាលដែរ។ ចូរដឹងថា ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់លោកអ្នក។ សូមចាំថា ព្រះអង្គជាព្រះរបស់លោកអ្នកពីថ្ងៃម្សិល ព្រះអង្គក៏នៅតែជាព្រះរបស់លោកអ្នកនៅថ្ងៃនេះ និងថ្ងៃខាងមុខជារៀងរហូតទៅដែរ។

ពេលវេលារបស់យើងសម្រាប់ថ្ងៃនេះចូលដល់ទីបញ្ចប់ហើយ តែខ្ញុំនឹងវិលមកជួបលោកអ្នកជាថ្មីនៅវគ្គក្រោយ តាមវេលា និងម៉ោងដដែល។ វគ្គក្រោយ ខ្ញុំនឹងចែកចាយអំពីបញ្ហាដ៏ជាក់លាក់មួយដែលត្រូវប្រឈម ជាពិសេស អស់អ្នកដែលស្ថិតនៅតាមកន្លែងការងារ។ គោលសំខាន់របស់ខ្ញុំគឺ “របៀបស្វែងរកការទទួលយកបាននៅក្នុងស្ថានភាពការងារ”។ ក្នុងការតភ្ជាប់ជាមួយរឿងនេះ ខ្ញុំនឹងចែកចាយប្រាប់លោកអ្នកអំពីសេចក្តីសន្យាខ្លះ ដែលខ្ញុំបានឆ្លងកាត់នៅក្នុងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ។