វិសេសណាស់ដែលបានជួបលោកអ្នកជាថ្មី ដើម្បីចែកចាយជាមួយលោកអ្នកអំពីគន្លឹះសំខាន់សម្រាប់ការរស់នៅប្រកបដោយជោគជ័យ ដែលព្រះបានដាក់នៅក្នុងដៃរបស់ខ្ញុំ តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន និងការបម្រើព័ន្ធកិច្ចគ្រិស្តបរិស័ទ រយៈពេលជាច្រើនឆ្នាំ។

វគ្គមុន ខ្ញុំបានចែកចាយអំពីការជ្រើសរើសដ៏សំខាន់បំផុតមួយដែលយើងប្រឈមនៅក្នុងជីវិត គឺ “ការជ្រើសរើសដៃគូអាពាហ៍ពិពាហ៍” គឺដៃគូដែលត្រូវរៀបការ ជាប្តីប្រពន្ធ។

ថ្ងៃនេះ ខ្ញុំនឹងនិយាយអំពីការពិបាក ដែលអាចកើតឡើងនៅក្នុងគ្រួសារ។ គួរឲ្យសោកស្ដាយ នេះជាបញ្ហាមួយដែលកើតឡើងជាញឹកញាប់បំផុតសព្វថ្ងៃ គឺបញ្ហាកូន។ តើព្រះបន្ទូលរបស់ព្រះផ្ដល់ឲ្យយើងមានដំបូន្មាន និងការលើកទឹកចិត្ត នៅក្នុងស្ថានភាពបែបនោះឬទេ? ប្រាកដហើយ នៅក្នុងព្រះគម្ពីរ មានគ្រប់ដំណោះស្រាយនៃជីវិត។

សម្រាប់បទគម្ពីរដំបូងរបស់យើង យើងនឹងមើលទៅហោរាចុងក្រោយនៃសញ្ញាចាស់។ គម្ពីរម៉ាឡាគី ៤:៥-៦។ នេះជាទិដ្ឋភាពមួយដែលនឹងបានសម្រេច នៅជិតគ្រាចុងក្រោយនៃមនុស្សជំនាន់នេះ។ បទគម្ពីរនេះអនុវត្តជាពិសេសសម្រាប់គ្រាចុងក្រោយ ជាគ្រាដែលខ្ញុំជឿថាជាវេលាដែលយើងកំពុងរស់នៅសព្វថ្ងៃ។ ព្រះអម្ចាស់មានព្រះបន្ទូលថាៈ

៥ មើល មុនដែលថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់ នោះអញនឹងចាត់ អេលីយ៉ា ឲ្យមកឯឯងរាល់គ្នា [ជាពេលមួយមុនអ្វីៗឡើងដល់កម្រិតកំពូលនៃសម័យនេះ]។ ៦ លោកនឹងបង្វែរចិត្តពួកឪពុកមកឯកូន និងចិត្តកូនមកឯឪពុកវិញ ក្រែងអញមកវាយផែនដី ដោយសេចក្ដីបណ្ដាសា។

ពិតជាត្រូវណាស់ដែលព្រះបន្ទូលរបស់ព្រះដៅចំចំណុច តាមរយៈខ្លឹមសារនៃសេចក្តីទំនាយអំពីបញ្ហាសង្គមដ៏ធំបំផុតមួយនៅជំនាន់យើងនេះ គឺបញ្ហាគ្រួសាររកាំរកូស ជាការមិនចុះសម្រុងគ្នារវាងឪពុកម្ដាយ និងកូន។ អ្វីដែលសេចក្តីទំនាយនេះបានផ្តោត គឺបញ្ហានេះ ជាទំនាក់ទំនងមិនត្រឹមត្រូវនៅក្នុងគ្រួសារ រវាងឪពុក និងកូន។ ហើយការចង្អុលបង្ហាញនោះគឺថា ប្រសិនបើទំនាក់ទំនងទាំងនេះមិនបានកែតម្រូវ ហើយស្ថានភាពមិនផ្លាស់ប្រែ ជាលទ្ធផលនោះគឺថា ផែនដីទាំងមូលនឹងរងបណ្ដាសា។

ខ្ញុំបានជឿយ៉ាងមុតមាំថា បទគម្ពីរនេះពណ៌នាអំពីស្ថានភាពនៅក្នុងស្រុកទេសរបស់យើងសព្វថ្ងៃ។ នេះជាបញ្ហាដ៏ធំបំផុតមួយរបស់យើង គឺធំជាងបញ្ហាណាៗទាំងអស់ ជាងបញ្ហាយោធា បញ្ហានយោបាយ និងបញ្ហាសេដ្ឋកិច្ចទៅទៀត។ បញ្ហាធំបំផុត គឺជាបញ្ហាគ្រួសារ និងសង្គម គឺគ្រួសាររកាំរកូស ហើយឪពុក និងកូនមានទំនាក់ទំនងមិនត្រូវគ្នា។ ដរាបណាយើងមិនទទួលយកដំណោះស្រាយរបស់ព្រះ ហើយមិនបែរទៅរកព្រះ មិនបំពេញលក្ខខណ្ឌរបស់ព្រះអង្គទេ នោះនឹងនាំឲ្យបណ្ដាសាធ្លាក់មកលើទឹកដីរបស់យើង។

នៅក្នុងបទគម្ពីរដែលខ្ញុំបានដកស្រង់នេះ ព្រះទ្រង់បានដាក់ការទទួលខុសត្រូវចម្បងមួយមកលើឪពុក ដើម្បីប្រោសស្ថានភាពនោះឲ្យបានសះជា។ ព្រះអង្គមានព្រះបន្ទូលថា ព្រះអង្គនឹងបង្វែរចិត្តឪពុកមកឯកូន ហើយចិត្តកូនមកឯឪពុក។ ដូច្នេះ ព្រះទ្រង់មានបន្ទូលថា ចិត្តឪពុកត្រូវតែងាកបែរមុន បន្ទាប់មក ព្រះមានព្រះបន្ទូលថា កូននឹងងាកមករកឪពុកវិញ។ ដូច្នេះ ការទទួលខុសត្រូវចម្បង គឺជាឪពុក។ នេះជារឿងសមហេតុផល ហើយស្របតាមគោលការណ៍នៃព្រះបន្ទូលរបស់ព្រះ ព្រោះក្នុងព្រះបន្ទូលរបស់ព្រះ ការទទួលខុសចម្បងដើម្បីឲ្យមានសណ្ដាប់ធ្នាប់ត្រឹមត្រូវនៅក្នុងគ្រួសារ នោះច្បាស់ហើយ គឺស្ថិតនៅលើឪពុក។

នោះមិនមែនមានន័យថា ម្ដាយគ្មានការទទួលខុសត្រូវនោះទេ។ មែនហើយ ម្ដាយមានការទទួលខុសត្រូវដ៏ធំមួយក្នុងការឈរជាមួយប្ដីរបស់ខ្លួន ហើយធ្វើជាប្រពន្ធ និងជាម្ដាយដ៏ល្អដែលគ្រួសារត្រូវការ។ ប៉ុន្តែ ការចាប់ផ្ដើម និងការទទួលខុសចម្បង ដើម្បីឲ្យមានសណ្ដាប់ធ្នាប់នៅក្នុងផ្ទះ និងនៅក្នុងគ្រួសារ គឺព្រះបានទុកដាក់ទៅលើឪពុក។ សេចក្តីនេះបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងគម្ពីរអេភេសូរ ៦:៤

ឪពុករាល់គ្នាអើយ កុំធ្វើឲ្យកូនរបស់ខ្លួនមួម៉ៅឡើយ តែត្រូវអប់រំវាទៅតាមដំបូន្មាន និងសេចក្តីដាស់តឿនរបស់ ព្រះអម្ចាស់វិញ។

ឪពុកមានការទទួលខុសត្រូវចម្បងពីរ គឺឲ្យដំបូន្មាន និងដាស់តឿន។ ឪពុកត្រូវតែធ្វើយ៉ាងណារក្សាឲ្យមានសណ្ដាប់ធ្នាប់នៅក្នុងផ្ទះ តាមរយៈការឲ្យដំបូន្មាន (គឺតាមរយៈការអប់រំត្រឹមត្រូវ) ហើយក្នុងពេលជាមួយគ្នានោះ គាត់ក៏មានការទទួលខុសត្រូវដាស់តឿនកូនៗទៅតាមផ្លូវរបស់ព្រះអម្ចាស់ ជាការដាស់តឿនទៅតាមគោលការណ៍បទគម្ពីរ និងជីវិតរស់នៅត្រឹមត្រូវនៅក្នុងជំនឿជាគ្រិស្ទបរិស័ទ។

ឥឡូវនេះ ខ្ញុំត្រូវតែនិយាយសំអាងលើការសង្កេតឃើញរបស់ខ្ញុំ គឺឪពុកភាគច្រើនសព្វថ្ងៃនេះ មិនបានធ្វើការនេះទេ។ ពួកគេមិនបានផ្ដល់ដំបូន្មាន និងការដាស់តឿនដែលគ្រួសារត្រូវការ។ ខ្ញុំបានចែកចាយជាមួយមនុស្សច្រើនរាប់មិនអស់ អំពីករណីជាច្រើនដែលជាបញ្ហាចាក់ឫសនៅក្នុងជីវិតរបស់មនុស្ស ត្រង់ចំណុចដែលខ្ញុំកំពុងចែកចាយអំពីកំហុសរបស់ឪពុកម្ដាយនៅក្នុងគ្រួសារ។ ខ្ញុំសូមនិយាយថា ហេតុផលដែលឪពុកភាគច្រើនមានកំហុស និងកំពុងតែបរាជ័យក្នុងភាពជាឪពុកសព្វថ្ងៃ គឺដោយសារកំហុសមិនបានដាក់អាទិភាពត្រឹមត្រូវ។ ពួកគេមិនបានឲ្យតម្លៃរឿងផ្ទះសម្បែង និងកូនៗរបស់ខ្លួនឲ្យខ្ពស់តាមដែលគួរគប្បី ពោលគឺឪពុកបានដាក់ការដទៃផ្សេងៗមុន ដូចជារឿងជោគជ័យនៅក្នុងមុខជំនួញ រឿងសប្បាយ រឿងលេងកម្សាន្ត ការរកលុយ ការដេញតាមរឿងផ្សេងៗជាច្រើន។ អ្វីៗផ្សេងទៀតជាច្រើន បានចូលមកជំនួសអាទិភាពនៃសម្បត្តិដ៏មានតម្លៃបំផុត អស្ចារ្យបំផុតដែលព្រះបានប្រទានឲ្យ គឺកូនៗរបស់គេ។ ហើយជាលទ្ធផល ឪពុកទាំងនោះមិនបានបំពេញតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនក្នុងភាពជាឪពុកចំពោះកូនៗ។ នោះហើយជាមូលហេតុចម្បង។

កត្តាចម្បងមួយទៀតនៅក្នុងបញ្ហានេះ គឺការមិនចុះសម្រុងគ្នារវាងឪពុកម្ដាយ រវាងប្ដី និងប្រពន្ធ។ គម្ពីរយ៉ាកុប ៣:១៦ ប្រាប់យើងអំពីសេចក្តីនេះថាៈ

១៦ ដ្បិតកន្លែងណាដែលមានសេចក្តីច្រណែន និងសេចក្តីគំនុំ នោះក៏មានវឹកវរ និងសេចក្តីអាក្រក់គ្រប់យ៉ាង ដែរ។

ដូច្នេះ កន្លែងណាដែលមានសេចក្តីច្រណែន ឬការប្រកួតប្រជែងរវាងប្តី និងប្រពន្ធ ដែលម្នាក់ៗមានកំហុសដោយសារតែមហិច្ឆិតាអាត្មានិយម នោះនឹងមានភាពវឹកវរ និងសេចក្តីអាក្រក់គ្រប់យ៉ាង។ តាមការសង្កេតរបស់ខ្ញុំ ខ្ញុំជឿថា កូនៗដែលធំឡើងនៅក្នុងបរិយាកាសបែបនោះ ត្រូវបានចងភ្ជាប់ទៅនឹងបញ្ហាដ៏ធ្ងន់ធ្ងរ ទាំងបញ្ហាផ្លូវកាយ និងផ្លូវអារម្មណ៍។ ក្នុងករណីភាគច្រើន បញ្ហាបែបនេះវិលត្រឡប់ទៅរកកុមារភាព និងផ្ទះសម្បែង។

កត្តាមួយទៀតនៅក្នុងបញ្ហានេះ គឺទំនាក់ទំនងមិនត្រឹមត្រូវ រវាងប្តី និងប្រពន្ធ រារាំងសេចក្តីអធិស្ឋានរបស់ពួកគេ។ នៅក្នុង ១ពេត្រុស ៣:៧ លោកពេត្រុសថ្លែងថាៈ

រីឯប្ដីក៏ដូច្នោះដែរ ត្រូវរស់នៅជាមួយប្រពន្ធរបស់ខ្លួន ដោយយល់ថា ស្ត្រីជាភាជនៈដែលខ្សោយជាង ហើយត្រូវគោរពនាង ទុកដូចជាអ្នកគ្រងព្រះគុណនៃជីវិត ទុកជាមត៌ករួមគ្នា ដើម្បីកុំឲ្យមានអ្វីរាំងរាសេចក្តីអធិស្ឋានរបស់អ្នកឡើយ។

អ្វីដែលជាប់ទាក់ទងនោះគឺថា ទំនាក់ទំនងមិនត្រឹមត្រូវរវាងប្តី និងប្រពន្ធ រារាំងសេចក្តីអធិស្ឋានរបស់ពួកគេ ជួសមុខឲ្យកូនៗរបស់ខ្លួន និងក្នុងគ្រប់ផ្នែកទាំងអស់។ ម្យ៉ាងវិញទៀត ព្រះយេស៊ូបានមានបន្ទូលប្រាប់យើងថា ប្រសិនបើមនុស្សពីរនាក់អាចព្រមព្រៀងគ្នាបាន អាចចុះសម្រុងគ្នាបាន នោះអ្វីៗដែលគេអធិស្ឋាន ព្រះនឹងប្រទានឲ្យ។ មនុស្សពីរនាក់ដែលគួរតែអាចព្រមព្រៀងគ្នាបាន និងចុះសម្រុងគ្នាបាន តើមានអ្វីដែលអាចប្រសើរជាងប្តីប្រពន្ធនោះ? នៅពេលគេធ្វើដូច្នោះបាន បរិយាកាសចុះសម្រុងគ្នានោះនឹងផ្សាយនៅក្នុងផ្ទះរបស់ពួកគេ ហើយសេចក្តីអធិស្ឋានរបស់ពួកគេជំនួសឲ្យកូនៗ នឹងទទួលបានចម្លើយពីព្រះ។

ឥឡូវនេះ យើងបានរៀបរាប់បង្ហាញ ហើយយើងបានឃើញកត្តាចម្បងខ្លះៗដែលធ្វើឲ្យទំនាក់ទំនងគ្រួសារបែកបាក់ មិនចុះសម្រុងគ្នាដោយសារខ្វះដំបូន្មាន និងគ្រប់ទាំងសេចក្តីអាក្រក់ដែលកើតចេញពីចំណុចនោះ។ តើមានឱសថអ្វីដើម្បីព្យាបាលជំងឺនោះ? ខ្ញុំចង់ជម្រាបជូនលោកអ្នកអំពីជំហានបី ដែលឪពុកម្ដាយត្រូវទទួលយកៈ

ទីមួយ ឪពុកម្ដាយគ្រប់រូបត្រូវប្រែចិត្តនៅចំពោះព្រះ អំពីកំហុសរបស់ខ្លួនក្នុងចំណុចណាមួយ នៅក្នុងទំនាក់ទំនងជាមួយដៃគូ និងជាមួយកូនៗ។ ការប្រែចិត្ត បើកផ្លូវឲ្យមានការស្ដារឡើងវិញនូវព្រះពររបស់ព្រះ។

ទីពីរ ប្រសិនបើមានការមិនចុះសម្រុងរវាងឪពុកម្ដាយ ពួកគេត្រូវតែមានការផ្សះផ្សាឲ្យបានជានានឹងគ្នា។ ដូចដែលខ្ញុំបាននិយាយរួចមកហើយ ការនោះនឹងបើកផ្លូវឲ្យសេចក្តីអធិស្ឋានរបស់ពួកគេបានទទួលចម្លើយ។ ប៉ុន្តែ ខណៈពេលដែលមានទំនាក់ទំនងមិនត្រឹមត្រូវ នោះនឹងរារាំងសេចក្តីអធិស្ឋានរបស់ពួកគេ។

ទីបី ប្រសិនបើឪពុកម្ដាយមានកំហុសធ្ងន់ធ្ងរចំពោះកូនៗរបស់ខ្លួន ដោយមិនបានបំពេញតួនាទីជាឪពុកម្ដាយ ការមួយទៀតដែលពួកគេត្រូវធ្វើ គឺត្រូវបន្ទាបខ្លួនទៅជួបកូនៗរបស់ខ្លួន ទទួលស្គាល់កំហុសរបស់ខ្លួន ហើយសុំការអត់ទោស។ ខ្ញុំសូមនិយាយថា នេះជាការមួយដែលខ្ញុំជាឪពុកម្នាក់ ក៏បានធ្វើដែរ កាលពីមុននៅក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំបានទៅជួបកូនៗរបស់ខ្ញុំជាច្រើនដង ហើយនិយាយថា៖ “ប៉ាសុំទោស ប៉ាខុសហើយ សូមកូនអត់ទោសឲ្យប៉ា”។ ជានិច្ចកាល ការនោះបានបើកផ្លូវសម្រាប់ការស្តារទំនាក់ទំនងឡើងវិញ និងសម្រាប់ព្រះពរមកពីព្រះ។ នេះជាការពិបាកសម្រាប់វប្បធម៌របស់យើង តែគ្មានជម្រើសណាផ្សេងប្រសើជាងនោះឡើយ។

កាលបើយើងធ្វើដូច្នេះ ក្នុងនាមជាឪពុកជាម្ដាយ នោះយើងសក្តិសមនឹងព្រះពរនៃការសង្គ្រោះរបស់ព្រះ ហើយព្រះពរទាំងនេះ រាប់ទាំងកូនៗរបស់យើងទៀតផង។ មានបទគម្ពីរជាច្រើនចែងអំពីការនេះ។ ខ្ញុំសូមដកស្រង់បទគម្ពីរពីរ ចេញពីគម្ពីរទំនុកតម្កើង។ ទីមួយ ទំនុកតម្កើង ១០៣:១៧-១៨:

តែព្រះហឫទ័យសប្បុរសរបស់ព្រះយេហូវ៉ា ស្ថិតស្ថេរនៅតាំងពីអស់កល្ប រហូតដល់អស់កល្ប ចំពោះអស់អ្នកដែលកោតខ្លាចព្រះអង្គ ហើយសេចក្ដីសុចរិតរបស់ព្រះអង្គ ក៏នៅរហូតដល់កូនចៅរបស់គេ គឺដល់អស់អ្នកដែលកាន់តាមសេចក្ដីសញ្ញារបស់ព្រះអង្គ ហើយនឹកចាំពីបទបញ្ជារបស់ព្រះអង្គ ដើម្បីប្រតិបត្តិតាម។

លោកអ្នកឃើញទេ មានសេចក្តីសន្យាមួយចំពោះអស់អ្នកដែលកាន់តាមសេចក្ដីសញ្ញារបស់ព្រះអង្គ ហើយនឹកចាំនឹងប្រព្រឹត្តតាមព្រះឱវាទរបស់ព្រះអង្គ។ ផ្នែកមួយនៃសេចក្តីសន្យានោះគឺថា សេចក្តីសុចរិតរបស់ព្រះ គឺនៅជាប់ជាមួយកូនចៅរបស់គេតរៀងទៅ។ មិនមែនត្រឹមតែមួយជំនាន់ក្រោយប៉ុណ្ណោះទេ គឺគ្រប់ជំនាន់ក្រោយៗតពីកូនចៅរបស់យើងទៅ ក៏នឹងមានចំណែកនៅក្នុងព្រះពរនៃសេចក្តីសុចរិតរបស់ព្រះដែរ។

ដូច្នេះ កាលបើយើងកាន់តាមសេចក្ដីសញ្ញារបស់ព្រះ ហើយស្ដាប់បង្គាប់តាមព្រះឱវាទរបស់ព្រះអង្គហើយ នោះយើងមានសិទ្ធិនឹងសង្ឃឹមបានថា ព្រះទ្រង់នឹងសម្រេចសេចក្តីសន្យានេះ ហើយសេចក្តីសុចរិតរបស់ព្រះអង្គ នឹងធ្លាក់ទៅលើកូន និងចៅរបស់យើងតរៀងទៅ។

ហើយមួយទៀត នៅក្នុងទំនុកតម្កើង ១១២:១-២:

១ ..មានពរហើយ អ្នកណាដែលកោតខ្លាចព្រះយេហូវ៉ា ហើយសប្បាយរីករាយជាខ្លាំងនឹងបទបញ្ជារបស់ព្រះអង្គ ២ ពូជពង្សរបស់អ្នកនោះ នឹងខ្លាំងពូកែនៅក្នុងស្រុក ជំនាន់មនុស្សទៀងត្រង់នឹងបានពរ

មានសេចក្តីសន្យាយ៉ាងច្បាស់មួយទៀតគឺ ប្រសិនបើយើងគាប់ព្រះហឫទ័យព្រះ នៅក្នុងផ្លូវរបស់យើង នោះពូជពង្សរបស់យើងនឹងមានពរ។

បន្ទាប់មកទៀត មានសេចក្ដីសន្យាអំពីការស្ដារកូនៗរបស់យើងឡើងវិញ។ អេសាយ ៤៩:២៤-២៥ ចែងអំពីសេចក្តីនេះថាៈ

តើអាចនឹងរឹបយករំពាពីអ្នកខ្លាំងពូកែ ឬរំដោះពួកឈ្លើយពីជនកំណាចបានឬ? តែព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ទោះទាំងពួកឈ្លើយរបស់មនុស្សខ្លាំងពូកែ ក៏នឹងត្រូវឆក់យកទៅ ហើយអ្វីៗដែលពួកខ្លាំងបានរឹបអូសទៅ យើងនឹងតតាំងចំពោះអ្នកដែលតតាំងនឹងអ្នក ហើយយើងនឹងជួយសង្គ្រោះកូនចៅអ្នកដែរ។

ដូច្នេះ អំណាចនៃសេចក្ដីអាក្រក់ សាតាំង និងពលបរិវាររបស់វាទាំងប៉ុន្មាន ដែលបានទន្ទ្រានចូលមកក្នុងផ្ទះរបស់យើង ហើយចាប់យកកូនៗរបស់យើងយកទៅជាឈ្លើយ អាចដោយសារគ្រឿងញៀន ដោយការត្រេកត្រអាលនឹងរឿងអសីលធម៌ខាងផ្លូវភេទ ឬអំពើខុសឆ្គង ឬអ្វីៗដែលចេញមកពីវិញ្ញាណអាក្រក់ ឬដោយសេចក្ដីបោកបញ្ឆោតជាដើម។ នេះប្រៀបដូចជាកងទ័ពវិញ្ញាណអាក្រក់បានវាយលុកយើង ប៉ុន្តែព្រះទ្រង់សន្យាថា៖ “យើងនឹងតតាំងចំពោះអ្នកដែលតតាំងនឹងអ្នក ហើយយើងនឹងជួយសង្គ្រោះកូនចៅរបស់អ្នក គឺពួកគេនឹងបានរំដោះឲ្យរួចពីពួកអ្នកដែលឆក់ពួកគេជាឈ្លើយ”។

ហើយបន្ទាប់មក ជាចុងក្រោយ យេរេមា ៣១:១៥-១៧ គឺជាសេចក្តីសន្យាដ៏ល្អមួយ សម្រាប់ម្ដាយទាំងឡាយៈ

ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ មានឮសូរសំឡេងនៅរ៉ាម៉ា ជាសូរទំនួញ និងសូរយំយ៉ាងជូរចត់ គឺនាងរ៉ាជែលយំនឹងកូននាង ហើយមិនព្រមកម្សាន្តចិត្តពីដំណើរកូនសោះ ដ្បិតវាវិនាសបាត់ហើយ។ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរទប់សំឡេងអ្នកមិនឲ្យយំ និងភ្នែកអ្នកមិនឲ្យហូរសស្រាក់ឡើយ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ កិច្ចការរបស់អ្នកនឹងបានរង្វាន់ជាពិត ហើយវារាល់គ្នានឹងវិលមកពីស្រុករបស់ខ្មាំងសត្រូវវិញ។ ព្រះយេហូវ៉ាក៏មានព្រះបន្ទូលថា៖ មានសេចក្ដីសង្ឃឹមសម្រាប់ចុងបំផុតរបស់អ្នក កូនចៅអ្នកនឹងវិលមកព្រំដែនរបស់គេវិញ។

នោះជាសេចក្តីសន្យាមួយសម្រាប់អ្នកម្ដាយដែលជឿ។ ប្រសិនបើលោកអ្នកតោងសេចក្តីសន្យានោះឲ្យជាប់ នោះព្រះនឹងឆ្លើយតប។ ខ្ញុំបានឃើញការឆ្លើយតបរបស់ព្រះច្រើនដងហើយ។

ពេលវេលារបស់យើងសម្រាប់ថ្ងៃនេះចូលមកដល់ទីបញ្ចប់ហើយ។ ខ្ញុំនឹងវិលជួបលោកអ្នកជាថ្មីនៅវគ្គក្រោយ ម៉ោងពេលវេលា និងម៉ោងដដែល។

វគ្គក្រោយ ខ្ញុំនឹងបន្តគោលសំខាន់ដដែលនេះ គឺ “ការរស់នៅលើទឹកដីនៃសេចក្តីសន្យារបស់ព្រះ”។ សេចក្តីសន្យាដែលខ្ញុំនឹងចែកចាយនៅវគ្គក្រោយ ទាក់ទងទៅនឹងការផ្គត់ផ្គង់របស់ព្រះអំពីការចម្រុងចម្រើន និងការប្រោសឲ្យជា។ សូមព្រះប្រទានពរ។