ការប្រោសឲ្យជាតាមរយៈព្រះពន្ទូលព្រះ

ដេរេក ព្រីនស៍
Published: 1979
Last Updated: October 2026
Read Time: 10
ការផ្គត់ផ្គង់របស់ព្រះជាម្ចាស់សម្រាប់ការប្រោសឱ្យជា និងសុខភាព មានឫសគល់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ មិនមែនពឹងផ្អែកតែលើវិធីព្យាបាលរបស់មនុស្សប៉ុណ្ណោះទេ។ គម្ពីរសុភាសិត ជំពូក ៤ បង្ហាញថា ព្រះបន្ទូលរបស់ព្រះជាជីវិត និងជាសុខភាព ដោយត្រាស់ហៅយើងឱ្យស្តាប់ដោយយកចិត្តទុកដាក់ មានចិត្តរាបសា និងជឿដោយអស់ពីដួងចិត្ត។
Transcript
វិសេសណាស់ដែលបានជួបគ្នាជាថ្មីតាមពេលវេលាកំណត់ ដើម្បីធ្វើដំណើរទៅមុខមួយជំហានទៀតដើម្បីស្វែងយល់ពីរបៀបទទួលព្រះពរនៅលើទឹកដីនៃសេចក្ដីសន្យារបស់ព្រះ។ បីវគ្គមុន ផ្នែកចំបងនៃមរតករបស់យើង ដែលខ្ញុំបានជម្រាបជូន គឺជាផ្នែកនៃការចម្រុងចម្រើន។ ថ្ងៃនេះ ខ្ញុំនឹងបន្តទៅកាន់ផ្នែកដ៏ធំមួយទៀតនៃមរតករបស់យើង គឺផ្នែកនៃការប្រោសឲ្យជា និងសុខភាព។
នៅថ្ងៃនេះ ខ្ញុំនឹងពន្យល់អំពីគ្រឹះដ៏សំខាន់សម្រាប់ការប្រោសឲ្យជា និងសុខភាព ដែលព្រះបានផ្ដល់សម្រាប់ប្រជារាស្រ្តទាំងអស់របស់ព្រះអង្គ នេះជាព្រះបន្ទូលរបស់ព្រះអង្គផ្ទាល់ នៅក្នុងបទគម្ពីរ។
ក្រោយពីព្រះបានរំដោះអុីស្រាអែលចេញពីអេសុីព្ធ ហើយពួកគេបានក្លាយជាប្រជារាស្រ្តប្រោសលោះរបស់ព្រះអង្គ និងជាប្រជារាស្រ្តនៃកិច្ចសញ្ញារបស់ព្រះអង្គភ្លាម ការបើកសម្តែងដំបូងអំពីអង្គទ្រង់ដល់ពួកគេ គឺថា ព្រះអង្គជាព្រះដែលប្រោសពួកគេឲ្យជា។ សេចក្ដីនេះបានបញ្ជាក់នៅក្នុងគម្ពីរនិក្ខមនំ ១៥:២៦។ ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់អុីស្រាអែលថាៈ
២៦ ….«បើឯងរាល់គ្នាប្រុងនឹងស្តាប់តាមព្រះយេហូវ៉ាជាព្រះនៃឯង ហើយធ្វើការត្រឹមត្រូវនៅព្រះនេត្រនៃទ្រង់ ព្រមទាំងផ្ទៀងត្រចៀកស្តាប់តាមបញ្ញត្តទ្រង់ ហើយកាន់តាមច្បាប់ទ្រង់ទាំងប៉ុន្មាន នោះអញនឹងមិនធ្វើឲ្យឯងរាល់គ្នាកើតមានជំងឺរោគាណាមួយ ដូចជាអញបានធ្វើឲ្យកើតឡើងដល់ពួកសាសន៍អេស៊ីព្ទនោះឡើយ ដ្បិតអញនេះជាយេហូវ៉ា គឺជាព្រះដែលប្រោសឯងរាល់គ្នាឲ្យជា»។
ពាក្យ «ព្រះដែលប្រោសអ្នករាល់គ្នាឲ្យជា» នៅក្នុងភាសាហេព្រើរសម័យទំនើបគឺ «វេជ្ជបណ្ឌិតរបស់អ្នករាល់គ្នា» នេះជាពាក្យន័យចំនៅក្នុង និក្ខមនំ ១៥។ ហើយពាក្យនេះមិនបានផ្លាស់ប្តូរអត្ថន័យរបស់វាឡើយ ក្នុងរយៈកាលជាងបីពាន់ឆ្នាំនៃប្រវត្តិសាស្រ្តនៃភាសារបស់ហេព្រើរ។ ព្រះអម្ចាស់មានព្រះបន្ទូលសង្កត់ធ្ងន់ទៅកាន់អុីស្រាអែលថា «យើងជាវេជ្ជបណ្ឌិតរបស់អ្នករាល់គ្នា»។ ហើយព្រះអង្គបានបញ្ចូលពាក្យនោះជាមួយព្រះនាមរបស់ទ្រង់ផ្ទាល់ គឺយ៉េហូវ៉ារ៉ាហ្វា ព្រះអម្ចាស់ដ៏ជាវេជ្ជបណ្ឌិត ហើយព្រះអង្គបានតាំងសញ្ញាអំពីការនេះ។
ការពីរដែលមិនផ្លាស់ប្តូរគឺ ព្រះនាមរបស់ព្រះអម្ចាស់ និងកិច្ចសញ្ញារបស់ព្រះអម្ចាស់។ ហើយមុខងារនិងតួនាទីរបស់ព្រះអម្ចាស់ ក្នុងនាមជាព្រះដែលប្រោសប្រជារាស្រ្តព្រះអង្គឲ្យបានជា ត្រូវបានរួមបញ្ចូលជាមួយនឹងព្រះនាមរបស់ព្រះអង្គ និងកិច្ចសញ្ញារបស់ព្រះអង្គ។ និយាយបានម្យ៉ាងទៀតថា ការនេះមិនប្រែប្រួលឡើយ។
ច្រើនសតវត្សក្រោយមក នៅពេលព្រះយេស៊ូយាងមករកប្រជាជនអុីស្រាអែល ក្នុងនាមជាព្រះសង្រ្គោះនិងជាព្រះប្រោសលោះរបស់ពួកគេ តាមសេចក្ដីសន្យាក្នុងនាមជាព្រះមេស្សុី ម្ដងទៀតហើយ ព្រះអង្គបានសម្ដែងអង្គទ្រង់ ក្នុងនាមជាព្រះដែលប្រោសប្រជារាស្រ្តព្រះអង្គឲ្យបានជា។ សូមមើលនៅក្នុងគម្ពីរម៉ាថាយ ៨:១៦-១៧៖
១៦ ដល់ពេលព្រលប់ គេនាំមនុស្សជាច្រើន ដែលមានអារក្សចូលមកឯទ្រង់ ហើយទ្រង់ក៏ដេញអារក្សដោយសារព្រះបន្ទូល ឯអស់អ្នកដែលមានជំងឺរោគា ទ្រង់បានប្រោសឲ្យជាគ្រប់គ្នាដែរ ១៧ ដើម្បីឲ្យបានសម្រេចតាមទំនាយដែលហោរាអេសាយបានទាយទុកមកថា «ទ្រង់បានទទួលអស់ទាំងរោគា ហើយផ្ទុកអស់ទាំងជំងឺរបស់យើងរាល់គ្នា នៅលើព្រះអង្គទ្រង់» ។
យើងឃើញថា ព្រះយេស៊ូវ បានប្រោសមនុស្សទាំងអស់ឲ្យបានជា ដើម្បីសម្រេចតាមសេចក្ដីទំនាយរបស់ហោរាអេសាយ។ ម្ដងទៀតហើយ ព្រះអង្គបានសម្ដែងអំពីចរិតដែលមិនប្រែប្រួលរបស់ព្រះ ក្នុងនាមជាព្រះដែលប្រោសប្រជារាស្រ្តរបស់ព្រះអង្គឲ្យបានជា។ សេចក្ដីបញ្ជាក់របស់ព្រះយេស៊ូវផ្ទាល់អំពីការនេះ គឺនៅក្នុងគម្ពីរយ៉ូហាន ១៤:៩-១០ ដែលកន្លែងព្រះអង្គមានព្រះបន្ទូលថា៖
…..អ្នកណាដែលឃើញខ្ញុំ នោះក៏បានឃើញព្រះវរបិតាដែរ។
ហើយបន្ទាប់មក នៅខ ១០
១០ តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតាគង់នៅក្នុងខ្ញុំទេឬអី អស់ទាំងពាក្យដែលខ្ញុំប្រាប់ដល់អ្នករាល់គ្នា នោះខ្ញុំមិនមែនប្រាប់ ដោយអាងខ្លួនខ្ញុំទេ គឺជាព្រះវរបិតាដែលគង់ក្នុងខ្ញុំ ទ្រង់ធ្វើការទាំងនោះវិញ។
ដូច្នេះ ព័ន្ធកិច្ចនៃការប្រោសឲ្យជារបស់ព្រះយេស៊ូវ មិនបានផ្ដើមចេញពីអង្គទ្រង់ទេ គឺជាការសម្ដែងចេញពីចរិតនៃការប្រោសឲ្យជារបស់ព្រះ និងកិច្ចសញ្ញានៃការប្រោសឲ្យជារបស់ព្រះ ចំពោះប្រជារាស្រ្តព្រះអង្គ។ គ្រឹះនៃការផ្គាត់ផ្គង់របស់ព្រះអំពីការប្រោសឲ្យជា និងសុខភាព សម្រាប់ប្រជារាស្រ្តព្រះអង្គ គឺព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងបទគម្ពីរ។ សេចក្ដីនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងទំនុកតម្កើង ១០៧:១៧-២០ ដែលអ្នកសរសេរទំនុកតម្កើងថ្លែងដូច្នេះថាៈ
១៧ ឯពួកមនុស្សមោហោ គេរមែងមានទុក្ខ ដោយព្រោះការរំលងច្បាប់ និងអំពើទុច្ចរិតរបស់គេ ១៨ ព្រលឹងគេតែងតែខ្ពើមអាហារគ្រប់មុខ ហើយគេចូលទៅជិតទ្វារនៃសេចក្ដីស្លាប់
នោះជារបៀបខាងអារម្មណ៍ដោយបង្ហាញថា ពួកគេបានខ្សោះល្វើយដោយឥតជំនួយខាងវេជ្ជសាស្រ្តគ្មានសេចក្តីសង្ឃឹមទៅមុខទៀតសម្រាប់ពួកគេ ពួកគេបានស្ថិតនៅមាត់ទ្វារនៃសេចក្តីស្លាប់ ដោយរង់ចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ។ ប៉ុន្ដែ បន្ទាប់មក យើងអានឃើញថា ពួកគេបានស្រែករកព្រះអម្ចាស់។ តាមគំនិតខ្ញុំ ខ្ញុំយល់ថាជាញឹកញាប់ មនុស្សគេបណ្ដោយខ្លួនរហូតទាល់តែចង់ជ្រុលពេលអធិស្ឋាន។ ប្រជាជនទាំងនេះ គេនៅជាប់នឹងមាត់ទ្វារនៃសេចក្តីស្លាប់ នោះពេលនោះទើបគេនឹកឃើញអធិស្ឋាន។ តើប៉ុន្មានដង ដែលយើងជួបរឿងដូចគ្នានោះនៅក្នុងជីវិតរបស់យើង។ យើងមិនអធិស្ឋានទេ រហូតទាល់តែរកប្រភពជំនួយមិនបានពីកន្លែងណាសោះក្រៅតែពីព្រះ។ បទគម្ពីរនេះបន្តចែងថាៈ
១៩ គ្រានោះ គេអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់គេ ហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្ដីលំបាកនោះ ២០ ទ្រង់ចាត់ព្រះបន្ទូលទៅប្រោសគេឲ្យជា ក៏ដោះឲ្យគេរួចពីសេចក្ដីវិនាស
សូមកត់សម្គាល់ពាក្យជាបន្តបន្ទាប់គ្នាបី អំពីរបៀបដែលព្រះបានចូលមកអន្តរាគមន៍ៈ ព្រះអង្គបានសង្រ្គោះ ពួកគេ ព្រះអង្គបានប្រោសពួកគេ ព្រះអង្គបានរំដោះពួកគេ។ ខ្ញុំជឿថា ពាក្យទាំងនេះ តំណាងឲ្យរបៀបដ៏អស្ចារ្យបី ដែលព្រះចូលមកអន្តរាគមន៍ ដោយសេចក្តីមេត្តាករុណា ដើម្បីជួយយើង នៅក្នុងជីវិតរបស់យើង។ ព្រះអង្គសង្រ្គោះ ព្រះអង្គប្រោសឲ្យជា ព្រះអង្គរំដោះឲ្យរួច។ ពាក្យនីមួយៗ បំពេញឲ្យផ្នែកមួយនៃសេចក្តីត្រូវការយ៉ាងជាក់លាក់។ ព្រះអង្គសង្រ្គោះយើងពីអំពើបាប។ ព្រះអង្គប្រោសយើងចេញពីជំងឺរោគា។ ប៉ុន្ដែ ព្រះអង្គរំដោះយើងពីអំណាចរបស់សាតាំង។
តើព្រះអង្គធ្វើការនេះដូចម្តេច? ជាមូលដ្ឋាន ការផ្គត់ផ្គង់របស់ព្រះអង្គសម្រាប់កិច្ចការទាំងបី ដែលចេញពីព្រះហឫទ័យមេត្តាករុណា ដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់យើង គឺស្ថិតក្នុងព្រះបន្ទូលរបស់ព្រះអង្គ។«ព្រះអង្គបានចាត់ព្រះបន្ទូលរបស់ព្រះអង្គទៅប្រោសគេឲ្យជា»។ គឺតាមរយៈព្រះបន្ទូលព្រះអង្គហើយ ដែលព្រះអង្គបានឆ្លើយតបសេចក្តីអធិស្ឋានរបស់គេ គឺសម្រែករកជំនួយរបស់គេនៅនឹងមាត់ទ្វារនៃសេចក្តីស្លាប់។ តើជារឿងសំខាន់យ៉ាងណាដែលឃើញថា ការឆ្លើយតបរបស់ព្រះចំពោះសេចក្តីត្រូវការរបស់យើង ជាចម្បងគឺស្ថិតនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គ។ ប្រសិនបើយើងមិនអើពើនឹងព្រះបន្ទូលរបស់ព្រះអង្គសោះ នោះយើងពិតជាគ្មានសិទ្ធិនឹងរំពឹងថា ព្រះអង្គឆ្លើយតបសេចក្ដីត្រូវការរបស់យើងឡើយ។ ប៉ុន្តែ ប្រសិនបើយើងងាកមករកព្រះបន្ទូលព្រះអង្គ ហើយស្វែងរកព្រះអង្គតាមរយៈព្រះបន្ទូលព្រះអង្គ នោះយើងនឹងរកឃើញថា នៅក្នុងព្រះបន្ទូលព្រះអង្គ ព្រះអង្គពិតជាឆ្លើយតបនឹងសេចក្តីត្រូវការរបស់យើង ទាំងខាងវិញ្ញាណ ទាំងខាងរូបកាយ។ ដូច្នេះព្រះទ្រង់ចាត់ព្រះបន្ទូលរបស់ព្រះអង្គមកប្រោសយើងរាល់គ្នាឲ្យបានជា។
ឥឡូវនេះ ខ្ញុំនឹងមើលទៅពាក្យពិសេសមួយ ជាអត្ថបទគម្ពីរដ៏ពិសេសមួយ ដែលព្រះទ្រង់ប្រទានមកយើងនូវការប្រោសឲ្យជា និងសុខភាពយ៉ាងពេញលេញ តាមរយៈបទគម្ពីរនោះ។ នេះជាបទគម្ពីរមួយដែលពិតជាពិសេសវិសាលណាស់សម្រាប់ខ្ញុំ ព្រោះក្រោយពីខ្ញុំបានសម្រាកព្យាបាលនៅមន្ទីរពេទ្យសឹងតែពេញមួយឆ្នាំ ជាប្រភេទជំងឺដែលវេជ្ជបណឌិតប្រាប់ថាពិបាកនឹងមើលឲ្យជា នោះជាពេលដែលខ្ញុំបានស្វែងរកព្រះ ហើយតាមរយៈព្រះបន្ទូលនេះ ដែលខ្ញុំរកឃើញនៅក្នុងជំពូកទីបួន នៃគម្ពីរសុភាសិត នោះព្រះបានប្រោសប្រទានឲ្យខ្ញុំនូវសេចក្ដីដែលព្រះអង្គបានសន្យា គឺការប្រោសឲ្យជា និងសុខភាព។ នេះមិនមែនជាការប្រោសឲ្យជាបណ្តោះអាសន្នទេ គឺជាការស្តារសុខភាពជាថ្មីឡើងវិញ ដែលជាការជាសះស្បើយនៅជាប់ជាមួយខ្ញុំ រយៈពេល៣៥ ឬ៣៦ ឆ្នាំមកហើយហើយរហូតមកទល់នឹងសព្វថ្ងៃនេះ។ ដូច្នេះ សូមស្តាប់ដោយយកចិត្តទុកដាក់ នៅពេលដែលខ្ញុំអានព្រះបន្ទូលដ៏ល្អនេះ ចេញពីសុភាសិត ៤:២០-២២។ ខនេះចាប់ផ្តើមដោយពាក្យថា «កូនអើយ»។ នេះជាពាក្យដែលព្រះទ្រង់មានបន្ទូល គឺព្រះអង្គកំពុងមានបន្ទូលទៅកាន់លោកអ្នក និងខ្ញុំ ក្នុងនាមជាកូនរបស់ព្រះអង្គ។ សូមចាំថាព្រះយេស៊ូមានបន្ទូលថា ការប្រោសឲ្យជាគឺជានំបុ័ងរបស់កូនព្រះអង្គ។ នោះជាអ្វីដែលព្រះវរបិតាបានផ្គាត់ផ្គង់ដល់កូនៗរបស់ព្រះអង្គ។ ដូច្នេះ សេចក្តីសន្យានៅទីនេះ គឺសម្រាប់ពួកកូនរបស់ព្រះ។
២០ កូនអើយ ចូរប្រុងស្តាប់អស់ទាំងពាក្យរបស់អញ ហើយផ្ទៀងត្រចៀកស្តាប់សេចក្ដីដែលអញពោលទាំងអម្បាលម៉ាន ២១ កុំឲ្យសេចក្ដីទាំងនោះឃ្លាតបាត់ពីភ្នែកឯងឡើយ ត្រូវឲ្យរក្សាទុកនៅកណ្តាលដួងចិត្តឯងវិញ ២២ ដ្បិតសេចក្ដីទាំងនោះ ជាជីវិតដល់អស់អ្នកណាដែលស្វែងរកបាន ក៏ជាសេចក្ដីសុខស្រួល ដល់ខ្លួនប្រាណទាំងមូលផង។
សូមកត់សម្គាល់ឃ្លាចុងក្រោយ «ជាសេចក្ដីសុខស្រួលដល់ខ្លួនប្រាណទាំងមូល»។ នៅពេលដែលខ្ញុំដេកព្យាបាលនៅលើគ្រែក្នុងមន្ទីពេទ្យនោះ ខ្ញុំខំសង្វាតចាប់យកសេចក្ដីនេះដោយជំនឿ។ «សេចក្ដីសុខស្រួលដល់ខ្លួនប្រាណទាំងមូល» ខ្ញុំនិយាយប្រាប់ខ្លួនឯងថា «បើព្រះប្រទានឲ្យខ្ញុំមានសេចក្ដីសុខស្រួលដល់រូបកាយរបស់ខ្ញុំទាំងមូល នោះគ្មានកន្លែងណាសម្រាប់ជំងឺរោគាឡើយ។ កន្លែងណាដែលមានសេចក្ដីសុខស្រួលដល់ខ្លួនប្រាណគឺកន្លែងណាដែលមានសុខភាពល្អ នោះគ្មានជំងឺរោគាទេ។ ប្រសិនបើខ្ញុំអាចមានសុខភាពល្អពេញក្នុងរូបកាយរបស់ខ្ញុំទាំងមូល នោះមានន័យថា ខ្ញុំមានសេចក្ដីសុខស្រួលយ៉ាងពេញលេញ ហើយគ្មានជំងឺរោគាឡើយ។»
ហើយបន្ទាប់មក ខ្ញុំបានមើលម្តងទៀត ហើយខ្ញុំឃើញព្រះទ្រង់មានបន្ទូលថា «សេចក្ដីទាំងនោះជាជីវិតដល់អស់អ្នកណាដែលស្វែងរកបាន ក៏ជាសេចក្តីសុខស្រួលដល់ខ្លួនប្រាណទាំងមូលផង»។ តើពាក្យ «សេចក្ដីទាំងនោះ» និយាយពីអ្វី? ខ្ញុំបានពិនិត្យមើលឡើងវិញ ហើយខ្ញុំឃើញថា នេះគឺជាព្រះបន្ទូលរបស់ព្រះ ហើយព្រះកំពុងមានបន្ទូលថាៈ «កូនអើយ! ចូរប្រុងស្តាប់អស់ទាំងពាក្យរបស់យើង ហើយផ្ទៀងត្រចៀកស្តាប់សេចក្ដីដែលយើងពោលទាំងអម្បាល ម៉ាន»។ ដូច្នេះ ព្រះបន្ទូលរបស់ព្រះ ដែលព្រះកំពុងតែមានបន្ទូលគឺ បើយើងអាចស្វែងរកបានសេចក្ដីទាំងនោះបាន នោះនឹងបានជាជីវិតដល់យើង និងសុខភាពដល់រូបកាយរបស់យើងទាំងមូល។ នៅពេលនោះឯង ព្រះបន្ទូលរបស់ព្រះ ពិតជាបានត្រឡប់ជាឱសថដល់រូបកាយរបស់ខ្ញុំ។ ខ្ញុំនិយាយប្រាប់ខ្លួនឯងថា «បើខ្ញុំបានសុខស្រួល សេចក្ដីនោះនឹងនៅតែធ្វើឲ្យខ្ញុំនៅតែសុខស្រួលជានិច្ច។ ហើយបើខ្ញុំឈឺ សេចក្ដីនោះនឹងបានជាឱសថព្យាបាលខ្ញុំ»។ ដូច្នេះ ខ្ញុំបានសម្រេចចិត្ត តាមរបៀបមួយយ៉ាងសាមញ្ញ ដោយយកព្រះបន្ទូលរបស់ព្រះ ជាឱសថ ជាថ្នាំព្យាបាលរបស់ខ្ញុំ។ ដូច្នេះខ្ញុំគិតថា នៅពេលមនុស្សឈឺ តើគេត្រូវលេបថ្នាប៉ុន្មានដង ក្នុង១ ថ្ងៃ? ហើយចម្លើយនោះគឺ «ជាទូទៅ លេប៣ ដងក្នុង១ ថ្ងៃ ក្រោយពេលទទួលទានអាហារ»។ ដូច្នេះ ខ្ញុំប្រាប់ខ្លួនខ្ញុំថា «នោះហើយជារបៀបដែលខ្ញុំទទួលព្រះបន្ទូលរបស់ព្រះ គឺបីដងក្នុង១ ថ្ងៃ ក្រោយពេលទទួលទានអាហារ ខ្ញុំនឹងទទួលព្រះបន្ទូលរបស់ព្រះ ជាឱសថព្យាបាលរបស់ខ្ញុំ»។
បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកកាន់ខ្ញុំ មិនមែនដោយសំឡេងឮៗ ប៉ុន្តែព្រះបន្ទូលនេះច្បាស់ណាស់នៅក្នុងគំនិតរបស់ខ្ញុំ គឺព្រះអង្គមានបន្ទូលថាៈ «នៅពេលគ្រូពេទ្យឲ្យដបថ្នាំដល់អ្នកជំងឺ ការណែនាំឲ្យប្រើថ្នាំនោះគឺនៅជាប់នឹងដប ហើយការណែនាំឲ្យលេបថ្នាំរបស់យើងនេះ ក៏នៅជាប់នឹងដបដែរ។ ឯងគួរតែអានសេចក្ដីណែនាំនោះទៅ»។ ដូច្នេះ ខ្ញុំក៏ត្រឡប់ទៅមើលខគម្ពីរនៅក្នុងសុភាសិត ហើយខ្ញុំបានឃើញថា មានការណែនាំយ៉ាងច្បាស់ៗចំនួនបួន សម្រាប់ការទទួលយកព្រះបន្ទូលព្រះ ជាថ្នាំ។
ទី១. យកចិត្តទុកដាក់។ ស្តាប់ដោយចិត្តទុកដាក់ចំពោះសេចក្ដីដែលព្រះទ្រង់មានបន្ទូល។
ទី២. ផ្ទៀងត្រចៀក។ ខ្ញុំបានឃើញសេចក្ដីនោះថា ត្រូវអោនក្បាលរបស់ខ្ញុំចុះ។ ពោលគឺ បន្ទាបខ្លួនទទួលយកការបង្រៀន។ មិនត្រូវឈ្លោះជាមួយព្រះ មិនត្រូវគិតថាខ្លួនឯងចេះដឹងគ្រប់ទាំងអស់ តែត្រូវព្រមបើកឲ្យព្រះទ្រង់បង្រៀនដល់ខ្ញុំ។ លោកអ្នកឃើញទេ មានមនុស្សច្រើនណាស់អានព្រះគម្ពីរ ទាំងមានគំនិតគិតជាស្រេច ពីសេចក្ដីដែលព្រះត្រូវមានបន្ទូល ហើយបើព្រះអង្គមានបន្ទូលពីអ្វីផ្សេង នោះគេមិនបានឮទេ។ គេមិនបានផ្ទៀងត្រចៀកស្ដាប់ឡើយ។
ទីបី. កុំឲ្យសេចក្តីទាំងនោះចេញបាត់ពីភ្នែកឯងឡើយ។ ពោលគឺ លោកអ្នកត្រូវផ្តោតភ្នែកទៅលើសេចក្តីសន្យារបស់ព្រះជាប់ជានិច្ច។ កុំឲ្យសេចក្ដីទាំងនេះឃ្លាតចេញឡើយ។
ហើយចំណុចចុងក្រោយ ត្រូវរក្សាសេចក្ដីទាំងនោះនៅកណ្តាលដួងចិត្តរបស់ឯង។ ចូរទទួលយកសេចក្ដីនោះដាក់នៅកណ្តាលតួជីវិតរបស់លោកអ្នកទាំងស្រុង គឺគំនិតរបស់លោកអ្នក វិញ្ញាណរបស់លោកអ្នក ជាផ្នែកសំខាន់របស់លោកអ្នក ដែលគ្រប់ទាំងអស់នៃជីវិតលោកអ្នកផ្តើមឡើង។ នៅពេលដែលព្រះបន្ទូលរបស់ព្រះចូលទៅដល់ចំណុចនោះ នោះព្រះបន្ទូលនឹងនាំការប្រោសឲ្យជា និងសុខភាពដល់លោកអ្នក។
ហើយខ្ញុំចង់ធ្វើបន្ទាល់ប្រាប់ថា តាមរយៈមធ្យោបាយដ៏សាមញ្ញនៃការយកព្រះបន្ទូលរបស់ព្រះជាថ្នាំរបស់ខ្ញុំ គឺបីដងជាប្រចាំរាល់ថ្ងៃ ក្រោយពេលទទួលទានអាហារ នៅក្នុងស្ថានភាពដ៏យ៉ាប់យុឺននៃជំងឺរបស់ខ្ញុំ ទាំងអ្វីៗដែលឃើញនឹងភ្នែកសុទ្ធតែទាស់នឹងខ្ញុំ នោះខ្ញុំបានទទួលយ៉ាងយ៉ាងពិតប្រាកដនូវអ្វីដែលព្រះបានសន្យានឹងខ្ញុំមែនគឺសុខភាពដល់រូបកាយរបស់ខ្ញុំទាំងមូល។ ដូច្នេះ ខ្ញុំចង់ឲ្យលោកអ្នកជឿប្រាកដថា ប្រសិនបើលោកអ្នកពិតជាត្រូវការប្រោសឲ្យជា ហើយលោកអ្នកទទួលព្រះបន្ទូលរបស់ព្រះជាថ្នាំតាមរបៀបដូចគ្នា នោះក៏នឹងកើតឡើងដូចគ្នាសម្រាប់លោកអ្នក។ យកចិត្តទុកដាក់ ផ្ទៀងត្រចៀក ផ្តោតភ្នែករបស់លោកអ្នក ហើយរក្សាសេចក្ដីនោះនៅកណ្តាលដូងចិត្តរបស់លោកអ្នក។ សេចក្ដីនោះជាជីវិតដល់លោកអ្នក និងជាសុខភាពដល់រូបកាយទាំងមូលរបស់លោកអ្នក។
ឥឡូវនេះ យើងចូលមកដល់ចុងបញ្ចប់ហើយ ខ្ញុំនឹងវិលមកជួបជាមួយលោកអ្នកជាថ្មីនៅវគ្គក្រោយ។ វគ្គក្រោយ ខ្ញុំនឹងនិយាយអំពីផ្នែកមួយទៀតនៃការប្រោសឲ្យជា និងសុខភាព។ ខ្ញុំនឹងពន្យល់អំពីរបៀបមួយទៀតដែលព្រះបានប្រទានការប្រោសឲ្យជាដល់ប្រជារាស្រ្តព្រះអង្គ។ សូមព្រះជាម្ចាស់ប្រទានពរ។
កូដ: RP-R026-104-KHM










