ចូរថ្វាយកិច្ចការដែលអ្នកធ្វើទៅព្រះអម្ចាស់

ដេរេក ព្រីនស៍
Published: 1970
Last Updated: September 2026
Read Time: 2
ផែនការរបស់យើងនឹងមានសុវត្ថិភាព នៅពេលយើងប្រគល់វាទៅព្រះអម្ចាស់។ ដូចជាការដាក់បន្ទុកដ៏ធ្ងន់ចុះពីស្មារបស់យើង ការប្រគល់ផែនការដាក់ក្នុងព្រះហស្តរបស់ទ្រង់ មានន័យថា យើងទុកការទទួលខុសត្រូវនៅក្នុងព្រះហស្តរបស់ទ្រង់ ខណៈពេលដែលយើងបន្តទុកចិត្តលើទ្រង់។
នេះគឺជាពាក្យរបស់លោក ដេរេក ព្រីនស៍ ដែលបានដកស្រង់ពីព្រះបន្ទូលនៃព្រះសម្រាប់លោកអ្នក។
ចូរថ្វាយកិច្ចការដែលអ្នកធ្វើទៅព្រះអម្ចាស់ នោះគម្រោងការរបស់អ្នកមុខជាបានសម្រេច។ [សុភាសិត ១៦:៣]
តើអ្នកចង់ដឹងថាគម្រោងការរបស់អ្នកមុខជាបានសម្រេច ដែលអ្វីៗនឹងបានសម្រេចទៅតាមរបៀបដែលអ្នកបានគ្រោងទុក និងទៅតាមរបៀបដែលអ្នកបានរៀបចំទុកជាមុន? មានវិធីមួយដែលអ្នកអាចដឹងបាន។ គឺដោយការថ្វាយកិច្ចការរបស់អ្នក-អ្វីគ្រប់យ៉ាងដែលអ្នកធ្វើ អ្វីគ្រប់យ៉ាងដែលអ្នកត្រូវទទួលខុសត្រូវ-ទៅព្រះអម្ចាស់។ សូមងាកមករកព្រះដោយអធិស្ឋាន។ «ខ្ញុំមានកិច្ចការនេះ និងមានការទទួលខុសត្រូវនេះ ដែលត្រូវការការយកចិត្តទុកដាក់របស់ខ្ញុំ។ ខ្ញុំមិនប្រាកដថា ខ្ញុំដឹងពីរបៀបដោះស្រាយវាយ៉ាងណាទេ ហើយក៏មិនដឹងច្បាស់ថា លទ្ធផលនឹងទៅជាយ៉ាងណាដែរ។ ប៉ុន្តែព្រះអម្ចាស់អើយ ខ្ញុំសូមប្រគល់វាទៅទ្រង់។ ខ្ញុំដាក់វានៅក្នុងព្រះហស្តរបស់ទ្រង់ ហើយសូមឱ្យទ្រង់ជាអ្នកគ្រប់គ្រងវា។ ខ្ញុំមិនពឹងផ្អែកលើខ្លួនឯង ឬពឹងតែលើការយល់ឃើញរបស់ខ្ញុំឡើយ។ ខ្ញុំនឹងខិតខំធ្វើអ្វីដែលល្អបំផុតដែលខ្ញុំអាចធ្វើបាន ប៉ុន្តែខ្ញុំដឹងថា សមត្ថភាពរបស់ខ្ញុំមិនគ្រប់គ្រាន់ទេ។ ដូច្នេះ ខ្ញុំសូមថ្វាយកិច្ចការ ការទទួលខុសត្រូវ និងគ្រប់សកម្មភាពរបស់ខ្ញុំទៅក្នុងព្រះហស្តរបស់ទ្រង់។»
នៅក្នុងភាសាហេព្រើរដើមនៃបទគម្ពីរនេះ ពាក្យថា «ប្រគល់» មានន័យថា «រមៀល»។ ការងារ និងការទទួលខុសត្រូវរបស់អ្នក ប្រៀបដូចជាបន្ទុកដ៏ធ្ងន់មួយដែលអ្នកកំពុងស្ពាយនៅលើខ្នង ហើយមិនដឹងថាត្រូវធ្វើដូចម្តេចដើម្បីដាក់វាចុះ។វិធីដ៏ល្អបំផុតក្នុងការដាក់បន្ទុកដ៏ធ្ងន់ចេញពីខ្នង គឺរមៀលវាចុះ ហើយទម្លាក់វាចេញ។ នេះហើយជាអត្ថន័យនៃពាក្យនេះ។ ចូររមៀលបន្ទុកនៃការទទួលខុសត្រូវនោះចេញពីខ្នងរបស់អ្នក ហើយដាក់វានៅទៀបព្រះបាទារបស់ព្រះអម្ចាស់។ ចូរទូលសូមឱ្យព្រះអង្គទទួលបន្ទុក និងគ្រប់គ្រងលើវា។ព្រះអង្គមានបន្ទូលថា ព្រះអង្គនឹងទទួលបន្ទុកនោះ។ ប្រសិនបើអ្នកប្រគល់ការងាររបស់អ្នកដល់ព្រះអម្ចាស់ នោះព្រះអង្គនឹងធ្វើឱ្យផែនការរបស់អ្នកបានសម្រេច និងមានភាពរឹងមាំ។
អ្នកមិនចាំបាច់ត្រូវព្រួយបារម្ភ និងគិតច្រើនជានិច្ចថា អ្វីៗនឹងបានល្អឬយ៉ាងណានោះទេ។ ចូរថ្វាយកិច្ចការរបស់អ្នកទៅព្រះអម្ចាស់ ហើយទុកចិត្តលើទ្រង់។

ទាញយកដោយឥតគិតថ្លៃ
ព្រះបន្ទូលប្រចាំថ្ងៃនេះអាចទាញយក បោះពុម្ព និងចែករំលែកសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឬក្នុងព្រះវិហារ។
កូដ: WD-WFTW-008-KHM









