នេះគឺជាពាក្យរបស់លោក ដេរេក ព្រីនស៍ ដែលបានដកស្រង់ពីព្រះបន្ទូលនៃព្រះសម្រាប់លោកអ្នក។

អ្នកណាដែលស្មោះត្រង់ក្នុងការតូចបំផុត នោះក៏ឈ្មោះថាស្មោះត្រង់ក្នុងការធំដែរ ហើយអ្នកណាដែលទុច្ចរិតក្នុងការតូចបំផុត នោះក៏ឈ្មោះថាទុច្ចរិតក្នុងការដ៏ធំដែរ។ [លូកា ១៦:១០]

ចូរកត់សម្គាល់ថា រឿងតូចតាចមកមុនរឿងធំៗ។ ប្រសិនបើអ្នកចង់ឱ្យព្រះ ឬមនុស្ស ប្រគល់ការទទួលខុសត្រូវដល់អ្នកក្នុងជីវិតនេះ ចូរបណ្តុះភាពស្មោះត្រង់ក្នុងរឿងតូចតាចជាមុនសិន។ ចូរបណ្តុះទម្លាប់គោរពពេលវេលា ឆ្លើយតបសំបុត្រ ឬសារដែលអ្នកទទួលបាន និងរក្សាពាក្យសន្យារបស់អ្នក ទោះបីរឿងទាំងនោះមើលទៅហាក់ដូចជាតូចតាច ឬមិនសូវសំខាន់ក៏ដោយ។ ព្រោះមានព្រះមួយអង្គដែលកំពុងទតមើលអ្នក។ ព្រះអង្គកំពុងពិនិត្យមើលចរិតលក្ខណៈរបស់អ្នក និងកំណត់ថា តើអ្នកអាចទុកចិត្តបានដែរឬទេ ដើម្បីប្រគល់កិច្ចការធំៗ និងការទទួលខុសត្រូវកាន់តែធំដល់អ្នក។

មនុស្សខ្លះពូកែនិយាយ និងមានគុណវុឌ្ឍិជាច្រើន ប៉ុន្តែមិនដែលបង្កើតលទ្ធផលជាក់ស្តែងឡើយ។ ដូច្នេះ ប្រសិនបើអ្នកត្រូវជ្រើសរើសនរណាម្នាក់ឱ្យធ្វើការឱ្យអ្នក ឬធ្វើការជាមួយអ្នក កុំវាយតម្លៃពួកគេត្រឹមតែតាមពាក្យសម្ដីដ៏ល្អ ឬគុណវុឌ្ឍិរបស់ពួកគេប៉ុណ្ណោះ។ចូរសង្កេតមើលពួកគេក្នុងរឿងតូចតាច។ មើលថាតើពួកគេដោះស្រាយការទទួលខុសត្រូវតូចៗយ៉ាងដូចម្តេច។ សង្កេតមើលអាកប្បកិរិយារបស់ពួកគេ នៅពេលគ្មាននរណាមើលឃើញ និងនៅពេលដែលកិច្ចការនោះហាក់ដូចជាមិនសូវសំខាន់។ ព្រោះការពិតគឺថា បើពួកគេស្មោះត្រង់ក្នុងរឿងតូចតាច ពួកគេក៏នឹងស្មោះត្រង់ក្នុងរឿងធំដែរ។ ប៉ុន្តែបើពួកគេមិនស្មោះត្រង់ក្នុងរឿងតូចតាចទេ កុំប្រគល់ការទទួលខុសត្រូវធំៗឱ្យពួកគេ។គោលការណ៍នេះអនុវត្តចំពោះមនុស្សដែលអ្នកចង់ធ្វើការជាមួយ ហើយក៏អនុវត្តចំពោះខ្លួនអ្នកផងដែរ។ នេះក៏ជារបៀបដែលព្រះពិនិត្យមើល និងវាយតម្លៃចរិតលក្ខណៈរបស់អ្នក។ ព្រះអង្គទតមើលភាពស្មោះត្រង់របស់អ្នកក្នុងរឿងតូចតាច ដើម្បីកំណត់ថា តើអ្នកអាចទទួលការទុកចិត្ត និងការទទួលខុសត្រូវធំជាងនេះបានដែរឬទេ។

ចូលចិត្ត
ចែករំលែក