គ្មានអ្វីជំនួសឲ្យសេចក្ដីស្រឡាញ់បានឡើយ

ដេរេក ព្រីនស៍
Published: 1982
Last Updated: octobre 2026
Read Time: 8
This teaching is not currently available in Français.
អំណោយទានខាងវិញ្ញាណ ចំណេះដឹង ការលះបង់ និងសេចក្តីជំនឿ អាចសម្រេចគោលបំណងរបស់ព្រះបាន លុះត្រាតែអ្វីៗទាំងនេះត្រូវបានបង្ហាញចេញតាមរយៈសេចក្តីស្រឡាញ់។ ការបង្រៀនរបស់សាវ័កប៉ុលនៅក្នុង ១ កូរិនថូស ជំពូក ១៣ បង្ហាញថា សេចក្តីស្រឡាញ់គឺជាអ្វីដែលស្ថាបនាឡើង មិនមែនបំផ្លាញនោះទេ។ ហើយព្រះគម្ពីរនៅក្នុង កាឡាទី ក៏បង្ហាញថា សេចក្តីជំនឿគឺជាប្រភពដែលតាមរយៈនោះ សេចក្តីស្រឡាញ់របស់ព្រះត្រូវបានបង្ហាញចេញមក។
Transcript
វិសេសណាស់ដែលបានជួបជាមួយលោកអ្នកជាថ្មីនៅថ្ងៃនេះ ហើយក៏ពេលវេលាដែលយើងបន្តរៀបចំចិត្តរបស់យើងសម្រាប់ឆ្នាំថ្មី តាមរយៈគោលសំខាន់ដ៏ពិសេសរបស់យើង គឺ «សេចក្ដីស្រឡាញ់របស់ព្រះ»។
វគ្គមុន ខ្ញុំជម្រាបជូនថា សេចក្ដីស្រឡាញ់ គឺជាគោលបំណងចុងក្រោយរបស់ក្រឹត្យវិន័យ។ អ្នកខ្លះគិតថា នៅក្រោមក្រឹត្យវិន័យ គឺនៅក្រោមសញ្ញាចាស់ ព្រះចង់បានលទ្ធផលបែបម្យ៉ាង ប៉ុន្តែនៅក្រោមព្រះគុណគឺនៅក្រោមសញ្ញាថ្មី ព្រះចង់បានអ្វីម្យ៉ាងផ្សេង។ គំនិតនោះមិនពិតទេ។ បំណងរបស់ព្រះសម្រាប់មនុស្សជានិច្ចកាល ត្រូវបានសង្ខេបនៅក្នុងបញ្ញត្តិធំដ៏សំខាន់ពីរនេះ គឺត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក និងត្រូវ ស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនឯង។ ការខុសប្លែកគ្នារវាងក្រឹត្យវិន័យ និងដំណឹងល្អ មិនមែនជាចុងបញ្ចប់ទេ ប៉ុន្តែជាមធ្យោបាយ។ លោកប៉ុលពន្យល់ថា ក្រឹត្យវិន័យមិនបានសម្រេចគោលបំណងចុងក្រោយនោះទេ មិនមែនដោយព្រោះក្រឹត្យវិន័យមានកំហុស ប៉ុន្តែដោយព្រោះអំពើបាបនៅក្នុងចិត្តរបស់មនុស្សវិញ។ ដំណឹងល្អ ជាដំណោះស្រាយតែមួយគត់ សម្រាប់ផ្លាស់ប្ដូរចិត្តដែលបាបរបស់មនុស្ស ហើយជួយឲ្យគេអាចសម្រេចបាននូវលក្ខខណ្ឌដែលមិនប្រែប្រួល ហើយដ៏នៅអស់កល្បរបស់ព្រះ នោះគឺសេចក្ដីស្រឡាញ់។
យើងបានមើលទៅឯឃ្លាបីដែលលោកយ៉ាកុបប្រើនៅក្នុងសំបុត្ររបស់លោក អំពីសេចក្ដីស្រឡាញ់។ ក្រឹត្យវិន័យនៃសេចក្ដីស្រឡាញ់ លោកហៅថាជាក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍។ ក្រឹត្យវិន័យនោះរួមបញ្ចូលអ្វីៗផ្សេងទៀតទាំងអស់។ លោកយ៉ាកុមហៅក្រឹត្យវិន័យនោះថា ជាក្រឹត្យវិន័យរបស់ព្រះរាជ្យ។ អ្នកដែលរស់នៅតាមក្រឹត្យវិន័យនោះ គឺរស់នៅដូចជាស្ដេច មិនមែនដូចជាទាសករទេ។ ហើយលោកហៅក្រឹត្យវិន័យនោះទៀតថាជាក្រឹត្យវិន័យដែលផ្ដល់នូវសេរីភាព ព្រោះនៅពេលដែលលោកអ្នកពិតជាមានសេចក្ដីស្រឡាញ់ នោះលោកអ្នកតែងតែមានសេរីភាពនឹងធ្វើអ្វីដែលលោកអ្នកចង់ធ្វើ ព្រោះសេចក្ដីស្រឡាញ់ តែងតែបណ្ដាលឲ្យលោកអ្នកធ្វើការដែលត្រឹមត្រូវ។
នៅថ្ងៃនេះ ខ្ញុំនឹងចែកចាយជូនលោកអ្នក នូវការដែលជាប់ទាក់ទងមួយអំពីសារៈសំខាន់ដ៏អស្ចារ្យ ហើយជាការមួយដែលយើងមិនត្រូវបណ្ដោយឲ្យខ្លួនយើងភ្លេចបាត់ឡើយ។ ការនោះគឺ «គ្មានអ្វីជំនួសឲ្យសេចក្ដីស្រឡាញ់បានឡើយ»។ ខ្ញុំនិយាយម្ដងទៀត «គ្មានអ្វីជំនួសឲ្យសេចក្ដីស្រឡាញ់បានឡើយ»។
ខ្ញុំនឹងនឹងមើលទៅសំបុត្ររបស់លោកប៉ុល ផ្ញើទៅអ្នកក្រុងកូរិនថូស គឺ ១កូរិនថូស ហើយខ្ញុំចាប់ផ្ដើមនៅចុងជំពូក ១២ គឺចាប់ពីខ ៣១ ហើយអានរហូតដល់ ជំពូក ១៣ ខ៣។ ជំពូក ១៣ ជាញឹកញាប់ ត្រូវបានគេហៅថាជាជំពូកសេចក្ដីស្រឡាញ់។ នៅចុង១កូរិនថូស ជំពូក១២ លោកប៉ុលបញ្ជាក់ពីការប្រើអំណោយទានខាងវិញ្ញាណ។ លោកថ្លែងថាៈ
«ចូរសង្វាតឲ្យបានអំណោយទានដែលប្រសើរជាងគេចុះ។ (នោះមិនមែនជាជម្រើសទេ តែជាបទបញ្ជា។ ព្រះគម្ពីរមិនបានទុកសេចក្ដីនោះជាចំហឲ្យយើងជ្រើសរើស ថាតើយើងចង់បានអំណោយទានខាងវិញ្ញាណ ឬក៏មិនចង់នោះទេ។ យើងទទួលបានការណែនាំឲ្យប្រាថ្នាចង់បានអំណោយទានខាងវិញ្ញាណ ក្នុងនាមជាគ្រិស្តបរិស័ទ។ លោកប៉ុលបានបន្តព្រមានថា បើគ្មានអ្វីមួយផ្សេងទៀតទេ នោះអំណោយទានខាងវិញ្ញាណតែឯង មិនអាចសម្រេចគោលបំណងរបស់ព្រះបានឡើយ។ តើអ្វីមួយផ្សេងទៀតនោះជាអ្វី? លោកប៉ុលហៅការនោះថា «ផ្លូវមួយវិសេសជាង» ហើយនោះគឺសេចក្ដីស្រឡាញ់។ឥឡូវនេះ ខ្ញុំនឹងអានជូនទាំងស្រុង។ លោកប៉ុលថ្លែងថា...) ប៉ុន្ដែ ខ្ញុំនឹងបង្ហាញអ្នករាល់គ្នាអំពីផ្លូវមួយវិសេសជាងទៅទៀត។ ទោះបើខ្ញុំចេះនិយាយភាសារបស់មនុស្សលោក និងភាសារបស់ទេវតាក៏ដោយ តែគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំប្រៀបដូចជាលង្ហិនដែលឮខ្ទរ ឬដូចជាឈឹង ដែលឮទ្រហឹងប៉ុណ្ណោះ។ បើខ្ញុំមានអំណោយទានថ្លែងទំនាយ ហើយស្គាល់អស់ទាំងអាថ៌កំបាំង និងចំណេះគ្រប់យ៉ាង ហើយបើខ្ញុំមានគ្រប់ទាំងជំនឿ ល្មមនឹងរើភ្នំចេញបាន តែគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំគ្មានប្រយោជន៍សោះ។ បើខ្ញុំចែកអស់ទាំងទ្រព្យសម្បត្តិរបស់ខ្ញុំ ហើយបើខ្ញុំប្រគល់រូបកាយខ្ញុំទៅឲ្យគេដុត តែគ្មានសេចក្ដីស្រឡាញ់ នោះក៏គ្មានប្រយោជន៍អ្វីដល់ខ្ញុំដែរ»។
មានសេចក្ដីសំខាន់ៗមួយចំនួននៅចំណុចនេះ ដែលយើងត្រូវយកចិត្តទុកដាក់។ លោកប៉ុលបន្តនៅក្នុងបរិបទនៃសេចក្ដីបង្រៀនរបស់លោក អំពីអំណោយទានខាងវិញ្ញាណ ហើយលោកជូនជាឧទាហរណ៍នៅក្នុងបីខដំបូង ក្នុងជំពូក ១៣ ដែលគ្របដណ្ដប់ជាសំខាន់ទៅលើផ្នែកធំៗបី នៃអំណោយទានខាងវិញ្ញាណដែលត្រូវបានគេទទួលស្គាល់ គឺនោះ អំណោយទានជាការនិយាយ អំណោយទានជាការបើកសំដែង និងអំណោយទានជាព្រះចេស្ដា។ អំណោយទានជាការនិយាយ គឺនៅក្នុងខ១ និងខ២ ដែលលោកប៉ុលនិយាយអំពីភាសារបស់មនុស្សនិងរបស់ទេវតា ព្រមទាំងអំណោយទាននៃការថ្លែងទំនាយ។ លោកមានប្រសាសន៍ថាៈ «ទោះបីជាមានអំណោយទាំងនោះក៏ដោយ ប្រសិនបើយកមកប្រើដោយគ្មានសេចក្ដីស្រឡាញ់ទេ លទ្ធផលគឺថា មនុស្សនោះប្រៀបបីដូចជាលង្ហិនដែលឮខ្ទរ ឬដូចជាឈឹង ដែលឮទ្រហឹងប៉ុណ្ណោះ»។ គឺមានសំឡេងទ្រហឹង ប៉ុន្តែគ្មានអ្វីពិតប្រាកដនៅខាងក្នុងសោះ។
បន្ទាប់មក លោកបន្តជាមួយនឹងអំណោយទាននៃការបើកសម្ដែង ដោយនិយាយយ៉ាងនេះថា៖ «ទោះបើខ្ញុំស្គាល់អស់ទាំងអាថ៌កំបាំង និងចំណេះគ្រប់យ៉ាង» រួចលោកថ្លែងទៀតថា៖ «តែគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំគ្មានប្រយោជន៍សោះ»។ បន្ទាប់មក លោកបន្តទៅផ្នែកទីបីនៃអំណោយទានជាព្រះចេស្ដា ហើយលោកជូនជាឧទាហរណ៍មួយ អំពីអំណោយទាននៃព្រះចេស្ដា គឺ ជំនឿ។ លោកថ្លែងថា «បើខ្ញុំមានគ្រប់ទាំងជំនឿ ល្មមនឹងរើភ្នំចេញបាន តែគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំគ្មានប្រយោជន៍សោះ»។
នៅក្នុងបទគម្ពីរនេះ គឺនៅខាងដើមនៃគម្ពីរ១កូរិនថូស ១៣ លោកប៉ុលមិនត្រឹមតែនិយាយអំពីការប្រើអំណោយទានខាងវិញ្ញាណទាំងអស់ ហើយថា បើគ្មានសេចក្ដីស្រឡាញ់ អំណោយទានទាំងនោះ គឺជាទទេ ឬឥតបានការអ្វីសោះប៉ុណ្ណោះទេ តែលោកក៏និយាយអំពីប្រភេទនៃអំពើដែលមនុស្សលោកថាល្អបំផុតនោះទៀតផង។ លោកថ្លែងថាៈ «បើខ្ញុំចែកអស់ទាំងទ្រព្យសម្បត្តិរបស់ខ្ញុំ ហើយបើខ្ញុំប្រគល់រូបកាយខ្ញុំទៅឲ្យគេដុត តែគ្មានសេចក្ដីស្រឡាញ់ នោះក៏គ្មានប្រយោជន៍អ្វីដល់ខ្ញុំដែរ»។ នោះពិតជាពាក្យដែលនិយាយខ្លាំងមែនទែន។ មិនថាយើងធ្វើអ្វី ទៅតាមអំណោយទានដ៏អស្ចារ្យ ឬព្រមបូជាខ្លួន ប្រគល់ខ្លួន ប្រគល់ទ្រព្យសម្បត្តិ ហើយសូម្បីតែជីវិតរបស់យើងក៏ដោយ ក៏ការទាំងអស់នោះគ្មានប្រសិទ្ធភាពអ្វីឡើយ ប្រសិនបើគ្មានសេចក្ដីស្រឡាញ់។
យើងទាំងអស់គ្នាត្រូវដាក់ការនេះនៅក្នុងចិត្ត។ ខ្ញុំអាចសារភាពបានថា បើងាកមើលទៅព័ន្ធកិច្ចរបស់ខ្ញុំកន្លងមក មានពេលជាច្រើនដងដែលខ្ញុំបានបណ្ដោយឲ្យខ្លួន ឲ្យឃ្លាតចេញពីសេចក្ដីស្រឡាញ់ ដែលជារឿងដ៏សំខាន់នេះ។ ខ្ញុំបានបង្រៀន និងបានប្រើអំណោយទានខាងវិញ្ញាណ ប៉ុន្តែជាច្រើនដង ជីវិតរបស់ខ្ញុំខ្វះសេចក្ដីស្រឡាញ់។ ខ្ញុំបានរិះគន់បងប្អូនគ្រិស្តបរិស័ទដទៃទៀត។ តាមរបៀបខ្លះ ខ្ញុំមានអំនួត មានចិត្តឆ្មើងឆ្មៃ ដោយព្រោះតែអំណោយទានខាងវិញ្ញាណរបស់ខ្ញុំ។ ខ្ញុំបានធ្វើខុសនឹងគោលបំណងពិតប្រាកដរបស់ព្រះជាច្រើនដង។ ខ្ញុំសូមនិយាយដោយស្មោះត្រង់ថា នៅពេលដែលខ្ញុំសម្លឹងមើលរូបកាយរបស់ព្រះគ្រីស្ទ គឺ គ្រីស្ទបរិស័ទទូទាំងពិភពលោក ខ្ញុំគិតថា ឱនភាពមួយដែលធំជាងគេបំផុត គឺខ្វះសេចក្ដីស្រឡាញ់។ ប្រសិនបើយើងមានសេចក្ដីស្រឡាញ់របស់ព្រះ យើងនឹងមិនប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក តាមរបៀបដែលយើងប្រព្រឹត្តដូចសព្វថ្ងៃនេះទេ។ យើងនឹងមិនចោទប្រកាន់ យើងនឹងមិនរិះគន់ យើងនឹងមិនច្រណែន យើងនឹងមិនបំផ្លាញគ្នាឡើយ។ ផ្ទុយទៅវិញ យើងនឹងស្អាងចិត្តគ្នា។ នោះហើយជាការមួយ ក្នុងចំណោមការដែលលោកប៉ុលថ្លែងអំពីសេចក្ដីស្រឡាញ់ គឺសេចក្ដីស្រឡាញ់ស្អាងគ្នាជានិច្ច។ សេចក្ដីស្រឡាញ់មិនបំផ្លាញគ្នា សេចក្ដីស្រឡាញ់មិនធ្វើអាក្រក់ចំពោះគ្នា។
ជាញឹកញាប់ យើងអាចប្រើភាពឆ្លាតរបស់យើង អំណោយទានរបស់យើង និងទេពកោសល្យរបស់យើងតាមបែបដែលបំផ្លាញគ្នា។ ប៉ុន្តែ សេចក្ដីស្រឡាញ់មិនបំផ្លាញគ្នាទេ គឺវិជ្ជមានជានិច្ច ស្អាងគ្នាជានិច្ច។ ហេតុនេះហើយបានជាគ្មានអ្វីជំនួសឲ្យសេចក្ដីស្រឡាញ់បានឡើយ។ សូមឲ្យយើងទាំងអស់គ្នាបន្តចងចាំការនេះនៅក្នុងចិត្ត។ ខ្ញុំសូមនិយាយម្ដងទៀត គ្មានអ្វីជំនួសឲ្យសេចក្ដីស្រឡាញ់បានឡើយ។
មានការដែលរឹតតែសំខាន់ជាខ្លាំងមួយទៀត ដែលខ្ញុំត្រូវនិយាយ ភ្ជាប់ទៅនឹងការនេះ នោះគឺ ប្រភេទនៃសេចក្ដីស្រឡាញ់ ដែលយើងកំពុងនិយាយនេះ ចេញមកពីការមួយប៉ុណ្ណោះនៅក្នុងជីវិតរបស់យើង នោះគឺជំនឿ។ មនុស្សមួយចំនួនច្រើនតែលើកតម្កើងសេចក្ដីស្រឡាញ់ រហូតដល់មិនគិតអំពីជំនឿ។ ឥរិយាបថរបស់គេគឺ មានតែការមួយប៉ុណ្ណោះដែលសំខាន់ គឺសេចក្ដីស្រឡាញ់ ហើយកុំនិយាយមកខ្ញុំច្រើនពេកអំពីជំនឿ។ ប៉ុន្តែនោះជារឿងមិនសមហេតុផល ហើយមិនស្របគ្នាឡើយ។ នេះមិនមែនថា សេចក្ដីស្រឡាញ់មិនមែនជាការដែលមិនសំខាន់ខ្លាំងនោះទេ ប៉ុន្តែដោយព្រោះសេចក្ដីស្រឡាញ់បែបនេះ អាចចូលមកក្នុងជីវិតរបស់យើង និងបង្ហាញចេញតាមរយៈយើង ដោយសារជំនឿតែប៉ុណ្ណោះ។ ជំនឿ គឺជាលក្ខខណ្ឌតម្រូវដ៏សំខាន់ ដើម្បីរីករាយ និងបង្ហាញចេញប្រភេទនៃសេចក្ដីស្រឡាញ់នេះបាន។ នេះជាសេចក្ដីដែលលោកប៉ុលបានថ្លែងនៅក្នុង កាឡាទីជំពូក ៥ ខ ៦:
«ព្រោះនៅក្នុងព្រះគ្រីស្ទយេស៊ូវ ការកាត់ស្បែក ឬមិនកាត់ស្បែក នេះមិនសំខាន់អ្វីទេ (ខ្ញុំគាំទ្រលោកប៉ុល គឺថា ការកាត់ស្បែក និងមិនកាត់ស្បែក គ្រាន់តែជាសកម្មភាពខាងក្រៅបែបសាសនាប៉ុណ្ណោះ ហើយលោកថ្លែងថា បើមានតែសកម្មភាពខាងក្រៅបែបសាសនា នោះគ្មានប្រយោជន៍អ្វីទេ លើកលែងតែភ្ជាប់ជាមួយនឹងសេចក្ដីស្រឡាញ់។ លោកបន្តនៅក្នុងខដដែលនោះថា…) គឺមានតែជំនឿដែលប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ប៉ុណ្ណោះ ទើបសំខាន់»។
ពាក្យនេះមានន័យយ៉ាងទូលំទូលាយ «មានតែជំនឿដែលប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ប៉ុណ្ណោះ ទើបសំខាន់»។ យើងមិនត្រូវបំបែកជំនឿ ចេញពីសេចក្ដីស្រឡាញ់សោះឡើយ។ លោកអ្នកឃើញហើយ យើងអាចនិយាយថាយើងមានជំនឿ និងមានមោទនៈភាពនឹងជំនឿរបស់យើង ប៉ុន្តែប្រសិនបើជំនឿមិនបង្កើតចេញជាសេចក្ដីស្រឡាញ់ទេ នោះជំនឿពិតជាគ្មានតម្លៃនឹងទៅវែងឆ្ងាយឡើយ។ ឬថា យើងអាចសង្កត់ធ្ងន់ទាំងស្រុងទៅលើសេចក្ដីស្រឡាញ់ ហើយនិយាយថាៈ «សេចក្ដីស្រឡាញ់ ជាអ្វីដែលពិតជាសំខាន់មែនទែន» ប៉ុន្តែយើងមិនត្រូវមើលរំលងការដែលថា ផ្លូវតែមួយគត់ដើម្បីទទួលបានប្រភេទនៃសេចក្ដីស្រឡាញ់នេះ គឺជំនឿ។ គ្មានផ្លូវណាផ្សេងទៀត ដើម្បីបង្កើតចេញសេចក្ដីស្រឡាញ់របស់ព្រះ ក្រៅតែពីដោយសារជំនឿរបស់ព្រះប៉ុណ្ណោះ។ ដូច្នេះប្រសិនបើយើងចេះតែប្រាប់មនុស្សថា អ្នកត្រូវតែមានសេចក្ដីស្រឡាញ់ អ្នកត្រូវតែស្រឡាញ់គ្នាទៅវិញទៅមកប៉ុន្តែយើងមិនប្រាប់គេឲ្យដឹងពីជំនឿដែលកជាកូនសោដ៏សំខាន់ទេ នោះយើងពិតជាធ្វើឲ្យពួកគេបាក់ទឹកចិត្តហើយ។ ការមួយដែលខ្ញុំនឹងប្រាប់លោកអ្នក គឺលោកអ្នកមិនអាចមានសេចក្ដីស្រឡាញ់របស់ព្រះ ដោយការព្យាយាមបានឡើយ។ តាមពិត ជាទូទៅ សេចក្ដីស្រឡាញ់មិនកើតឡើងដោយការព្យាយាមទេ។ នេះជាការមួយដែលសាមញ្ញ តែជ្រាលជ្រៅណាស់។
ឧបមាថា ខ្ញុំនិយាយទៅកាន់ប្រពន្ធខ្ញុំថា «បងពិតជាខំព្យាយាមស្រឡាញ់អូនណាស់ណា!» តើលោកអ្នកគិតថា នាងនឹងពេញចិត្តនោះពាក្យនោះទេ? ខ្ញុំមិនគិតថា នាងច្បាស់ជាពេញចិត្តឡើយ។ ហេតុអ្វី? ព្រោះការព្យាយាមស្រឡាញ់មនុស្សម្នាក់ ឬថា ខំប្រឹងស្រឡាញ់មនុស្សម្នាក់ គឺជាការបង្ហាញថា លោកអ្នកមិនមានចិត្តស្រឡាញ់អ្នកនោះនៅក្នុងចិត្តទេ។ ការព្យាយាមស្រឡាញ់មនុស្ស ជាទូទៅគឺជាការសារភាពថា យើងមិនមានសេចក្ដីស្រឡាញ់របស់ព្រះទេ។ សេចក្ដីស្រឡាញ់ មិនមែនកើតឡើងដោយការខំព្យាយាមនោះឡើយ។
តើសេចក្ដីស្រឡាញ់កើតឡើងដូចម្ដេច? គឺដោយសារជំនឿ ហើយប្រសិនបើជាជំនឿរបស់ព្រះ តាមរយៈការកើតជាថ្មី សេចក្ដីស្រឡាញ់របស់ព្រះផ្សាយមកក្នុងចិត្ត និងជីវិតរបស់យើង នោះគ្មានផ្លូវណាផ្សេងដើម្បីមានសេចក្ដីស្រឡាញ់នោះបានឡើយ។
ពេលវេលារបស់យើងចូលដល់ទីបញ្ចប់ហើយសម្រាប់ថ្ងៃនេះ។ ខ្ញុំនឹងវិលមកជួបលោកអ្នកជាថ្មីនៅវគ្គក្រោយ តាមពេលវេលាកំណត់។ វគ្គក្រោយ ខ្ញុំនឹងបន្តគោលសំខាន់ អំពី «សេចក្ដីស្រឡាញ់របស់ព្រះ» សូមតាមដានសិក្សាជាមួយគ្នាកុំបីខាន។ សូមព្រះអម្ចាស់យេស៊ូវ ទ្រង់ប្រទានពរ ។
Code: RP-R105-103-KHM










