នេះគឺជាពាក្យរបស់លោក ដេរេក ព្រីនស៍ ដែលបានដកស្រង់ពីព្រះបន្ទូលនៃព្រះសម្រាប់លោកអ្នក។

ឯលោកីយ៍នេះ និងសេចក្ដីប៉ងប្រាថ្នារបស់វា នោះកំពុងកន្លងទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ច។ [១ យ៉ូហាន ២:១៧]

យើងកំពុងរស់នៅក្នុងពិភពលោកដែលតែងតែផ្លាស់ប្ដូរជានិច្ច ហើយវាមិននៅស្ថិតស្ថេរជាអចិន្ត្រៃយ៍នោះទេ។ គ្មានអ្វីដែលយើងមើលឃើញនេះ នឹងស្ថិតស្ថេរនៅជាអចិន្ត្រៃយ៍នោះទេ។ មហិច្ឆតា បំណងប្រាថ្នា តណ្ហារបស់មនុស្សនៅក្នុងពិភពលោកនេះ នឹងត្រូវលិចលង់ទៅតាមពេលវេលា ហើយអ្វីៗខាងសាច់ឈាមនឹងត្រូវកន្លងផុតទៅដែរ។ មានកម្លាំងជាច្រើនកំពុងធ្វើការនៅក្នុងពិភពលោកនេះ ទាំងកម្លាំងខាងវិញ្ញាណ និងកម្លាំងខាងសម្ភារៈ ដែលមានអំណាចខ្លាំងជាងយើង ហើយយើងមិនអាចគ្រប់គ្រងវាបានទេ។ យើងប្រៀបដូចជាចំណុចតូចមួយនៅលើផ្ទៃទន្លេ ដែលត្រូវបានចរន្តទឹកនាំឱ្យហូរទៅតាមទិសរបស់វា។

តើមានវិធីណាមួយដើម្បីស្វែងរកអ្វីដែលស្ថិតស្ថេរជារៀងរហូតដែរឬទេ? តើមានវិធីណាមួយដើម្បីស្វែងរកសុវត្ថិភាព និងភាពប្រាកដប្រជាដែរឬទេ? បាទ/ចាស មាន ហើយវាសាមញ្ញណាស់។ ពាក្យទាំងនេះមានចម្លើយរួចហើយ៖ «ប៉ុន្តែអ្នកណាដែលធ្វើតាមព្រះហឫទ័យរបស់ព្រះ អ្នកនោះនៅជាប់ជានិច្ច» (១ យ៉ូហាន ២:១៧)។ នៅទីបំផុត ព្រះហឫទ័យរបស់ព្រះនឹងឈររឹងមាំជានិច្ច។ នៅពេលអ្វីៗផ្សេងទៀតរលំ បាត់បង់ភាពស្ថិតស្ថេរ និងមិនអាចផ្តល់សុវត្ថិភាពបាន នៅពេលដែលអ្វីៗធ្វើឱ្យយើងខកចិត្ត ឬសូម្បីតែបោកបញ្ឆោតយើង ក៏នៅតែមានអ្វីមួយដែលឈរយ៉ាងរឹងមាំ និងអាចទុកចិត្តបាន គឺ ព្រះហឫទ័យរបស់ព្រះ។

ព្រះជាអ្នកគ្រប់គ្រងគ្រប់យ៉ាង ហើយទ្រង់មានអធិបតេយ្យភាពលើអ្វីៗទាំងអស់។ ប្រសិនបើយើងរួមចិត្ត និងជីវិតរបស់យើងជាមួយព្រះហឫទ័យរបស់ព្រះ ហើយកំណត់គោលបំណងក្នុងជីវិត ដើម្បីធ្វើតាមព្រះហឫទ័យរបស់ទ្រង់ នោះយើងអាចមានភាពរឹងមាំ និងមានសុវត្ថិភាពនៅក្នុងទ្រង់។ ស្ថានការណ៍អាចផ្លាស់ប្តូរ ហើយពិភពលោកក៏អាចផ្លាស់ប្តូរ ប៉ុន្តែ ព្រះហឫទ័យរបស់ព្រះនៅតែឈររឹងមាំ ស្ថិតស្ថេរ និងមិនអាចយកឈ្នះបាន។ ដូច្នេះ ចូរយើងតាំងចិត្តស្វែងរក និងធ្វើតាមព្រះហឫទ័យរបស់ព្រះ ដោយទុកចិត្តលើទ្រង់ជានិច្ច។