វិសេសណាស់ ដែលបានជួបលោកអ្នកជាថ្មីម្តងទៀតនៅថ្ងៃនេះ។ វគ្គមុន ខ្ញុំបានចែកចាយប្រាប់លោកអ្នក អំពីគន្លឹះសំខាន់ដែលធ្វើឲ្យអាពាហ៍ពិពាហ៍មានជោគជ័យ ហើយព្រះគម្ពីរបើកសម្ដែងថា អាពាហ៍ពិពាហ៍ គឺជា កិច្ចសញ្ញា។ ជាមូលដ្ឋាន កិច្ចសញ្ញាមានអត្ថន័យពីរ។ ទីមួយ មានន័យថា ការប្តូរផ្តាច់។ គ្មានកិច្ចសញ្ញាណា ដែលគ្មានការប្តូរផ្តាច់នោះទេ ហើយអាពាហ៍ពិពាហ៍មិនមែនជារឿងពិសោធន៍ទេ តែចាប់ផ្តើមដោយការតាំង ចិត្តប្តូរផ្តាច់។ អ្នកណាដែលចៀសចេញពីការប្តូរផ្តាច់ នោះមិនអាចរកឃើញគោលបំណងរបស់ព្រះ សម្រាប់ អាពាហ៍ពិពាហ៍ឡើយ។

ទី២ នៅក្នុងកិច្ចសញ្ញា ព្រះទ្រង់ជាអ្នកកំណត់លក្ខខណ្ឌព្រមព្រៀង។ ព្រះអង្គមិនទុកឲ្យមនុស្ស ជាអ្នក កំណត់អ្វីដែលជាមូលដ្ថានសំខាន់សម្រាប់អាពាហ៍ពិពាហ៍ឡើយ ដល់ម្លេះបានជាទ្រង់ដាក់ចេញនូវលក្ខខណ្ឌ ព្រមព្រៀងដែលសាមញ្ញ ជាក់លាក់ ហើយពិតប្រាកដ។

ដូច្នេះ នៅថ្ងៃនេះ ខ្ញុំនឹងបន្តគោលសំខាន់នេះ ហើយពន្យល់ប្រាប់លោកអ្នក តាមរបៀបមួយដ៏សាមញ្ញ អំពី របៀបនៃការយល់ដឹងកិច្ចសញ្ញា អាចធ្វើឲ្យមានការខុសប្លែក រវាងជោគជ័យ និងបរាជ័យនៅក្នុងអាពាហ៍ ពិពាហ៍ ជាពិសេស នៅក្នុងអាពាហ៍ពិពាហ៍របស់លោកអ្នក។

ពាក្យ «កិច្ចសញ្ញា» និង «សម្ព័ន្ធមេត្រី» មានសារសំខាន់ណាស់ នៅក្នុងការបើកសម្តែងទាំងមូលនៃព្រះ គម្ពីរ។ ព្រះគម្ពីរនិយាយមកកាន់យើងនៅក្នុងទម្រង់នៃសម្ព័ន្ធមេត្រីពីរ គឺសម្ព័ន្ធមេត្រីចាស់ និងថ្មី។ ពាក្យតែ មួយដែលបកប្រែថា «សម្ព័ន្ធមេត្រី» នៅកន្លែងជាច្រើន បកថា «សេចក្តីសញ្ញា»។ ដូច្នេះ ជានិច្ចកាល យើង ត្រូវកំណត់ចាំក្នុងគំនិតថា សម្ព័ន្ធមេត្រី គឺជាកិច្ចសញ្ញា ហើយកិច្ចសញ្ញា គឺជាសម្ព័ន្ធមេត្រី។ ការបកប្រែក្នុង ភាសារបស់យើង ពេលខ្លះពិបាកនឹងយល់សម្រាប់អ្នកអាន។

ឥឡូវនេះ ហេតុការណ៍បន្ទាប់អំពីកិច្ចសញ្ញាគឺថា នៅក្នុងព្រះគម្ពីរ ជានិច្ចកាលតម្រូវឲ្យមានយញ្ញបូជា។ កិច្ចសញ្ញា មិនអាចសម្រេចទៅបានដោយគ្មានយញ្ញបូជាឡើយ។ យញ្ញបូជាមានន័យថា យកជីវិតមួយ ឬដាក់ ជីវិតមួយចុះជាតង្វាយ។ នៅក្នុងសញ្ញាចាស់ មានរបៀបចម្លែកមួយសម្រាប់មនុស្សដែលចុះសញ្ញានឹងគ្នា។ គេ ត្រូវយកសត្វសម្រាប់ធ្វើយញ្ញបូជា មិនថាសត្វនោះជាអ្វីទេ គឺគេត្រូវសម្លាប់សត្វនោះ ពុះសត្វនោះជាពីរចំហៀង ហើយដាក់សត្វទាំងពីរចំហៀងនោះប្រទល់គ្នា រួចហើយគេនាំគ្នាដើរកាត់ចន្លោះសត្វទាំងពីរចំហៀងដែលគេបាន សម្លាប់នោះ។ នេះជាគំរូមួយដ៏គួរឲ្យចាប់អារម្មណ៍បំផុតអំពីការចុះកិច្ចសញ្ញា នៅក្នុងលោកុប្បត្តិ ១៥ ដែលព្រះ អម្ចាស់ផ្ទាល់ បានចុះកិច្ចសញ្ញាតាមរបៀបនេះ ជាមួយលោកអ័ប្រាហាំ។

ពេលក្រោយក្នុងសប្ដាហ៍នេះ ខ្ញុំនឹងនិយាយថែមទៀតអំពីការនោះ តែសូមទុកមេរៀននេះសម្រាប់ពេល ដែលត្រូវចាប់ផ្តើមនិយាយអំពីកិច្ចសញ្ញា ដែលតាំងឡើងដោយយញ្ញបូជា និងការចូលទៅក្នុងកិច្ចសញ្ញា ដែលជា ការឆ្លងកាត់ជាមួយមនុស្សដែលយើងចុះកិច្ចសញ្ញាជាមួយ តាមរយៈយញ្ញបូជា។ និយាយបានម្យ៉ាងទៀតថា ផ្លូវ ចូលទៅក្នុងកិច្ចសញ្ញា គឺឆ្លងកាត់ជីវិតដែលដាក់ចុះ។ នេះហើយជាអត្ថន័យនៃយញ្ញបូជា។

ឥឡូវនេះ លោកអ្នកអាចគិតថា រឿងនេះពិតមែនហើយនៅក្នុងសញ្ញាចាស់ តែមិនមែនដូច្នោះទេ ព្រោះ នៅក្នុងសំបុត្ររបស់សាវកដែលផ្ញើទៅពួកហេព្រើរ ក្នុងជំពូក៩ ខ១៦–១៧ អ្នកនិពន្ធជំរុញបញ្ជាក់ការនេះនៅ ក្នុងសញ្ញាថ្មី ដោយថ្លែងដូច្នេះថា៖

១៦ ដ្បិតដែលមានសំបុត្រសញ្ញាចែកមរតក នោះត្រូវឲ្យម្ចាស់សំបុត្រស្លាប់ទៅសិន ទើបចែកបាន។ ១៧ ពីព្រោះសំបុត្រសញ្ញានោះ មានប្រយោជន៍តែកាលណាម្ចាស់បានស្លាប់ទៅហើយ កាលម្ចាស់កំពុងរស់នៅហើយ នោះគ្មានអំណាចទេ។

ឥឡូវនេះ ខ្ញុំអាចនិយាយបានថា នេះជាពាក្យមួយគួរឲ្យភ្ញាក់។ សំបុត្រសញ្ញាបណ្តាំមរតក អាចមាន ប្រសិទ្ធភាព ឬមានអំណាច តែនៅពេលដែលអ្នកចុះកិច្ចសញ្ញានោះស្លាប់។

សម្រាប់យើងដែលជាគ្រីស្តបរិស័ទ យញ្ញបូជាចុងក្រោយដ៏អស្ចារ្យបំផុត គឺការសុគតរបស់ព្រះ យេស៊ូវ។ មានបទគម្ពីរជាច្រើននៅក្នុងសញ្ញាថ្មី ដែលនិយាយអំពីការនេះ ឧទាហរណ៍ នៅក្នុង ២កូរិនថូស ៥:១៤–១៥ លោកប៉ូលថ្លែងថា៖

១៤ ដ្បិតសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទបង្ខំយើងខ្ញុំ ដោយយើងខ្ញុំពិចារណាឃើញថា បើម្នាក់បានស្លាប់ជំនួសអ្នកទាំងអស់ នោះទាំងអស់ឈ្មោះថាបានស្លាប់ហើយ។ ១៥ ទ្រង់ក៏បានសុគតជំនួសមនុស្សទាំងអស់យ៉ាងនោះ គឺដើម្បីឲ្យពួកអ្នកដែលរស់នៅ មិនរស់សម្រាប់តែខ្លួនឯងទៀត គឺរស់សម្រាប់ព្រះអង្គដែលសុគតជំនួសគេ ហើយបានរស់ឡើងនោះវិញ។

និយាយបានម្យ៉ាងទៀតថា យញ្ញបូជាដែលសញ្ញាថ្មីតាំងឡើងជាមូលដ្ឋាន គឺការសុគតរបស់ព្រះយេស៊ូគ្រីស្ទ ជំនួសយើង ហើយការសុគតរបស់ព្រះអង្គ ត្រឡប់ជាការស្លាប់របស់យើង នៅពេលដែលយើងទទួលយកសេចក្តី នេះដោយជំនឿ។ បើម្នាក់បានស្លាប់ជំនួសមនុស្សទាំងអស់ ដូច្នេះមនុស្សទាំងអស់ឈ្មោះថាបានស្លាប់ហើយ។

តាមពិត ព្រះគ្រីស្ទមិនបានសុគតសម្រាប់ព្រះអង្គទ្រង់ទេ គឺព្រះអង្គបានសុគតសម្រាប់យើង។ ព្រះអង្គបាន សុគតជំនួសយើង។ ការសុគតរបស់ព្រះអង្គ ជាការស្លាប់របស់យើង។ រ៉ូម ៦:៨–១១ លោកប៉ូលថ្លែងថា៖

បើសិនជាយើងស្លាប់ជាមួយនឹងព្រះគ្រីស្ទនោះ យើងជឿថា យើងនឹងរស់នៅជាមួយនឹងទ្រង់ដែរ ដោយដឹងថា ដែលព្រះគ្រីស្ទមានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះទ្រង់មិនចេះសុគតទៀតឡើយ ព្រោះសេចក្តីស្លាប់គ្មានអំណាចលើទ្រង់ទៀត។ ដ្បិតដែលទ្រង់សុគត នោះគឺបានសុគតខាងឯបាប មួយដងជាសម្រេច ហើយដែលទ្រង់មានព្រះជន្មរស់ នោះទ្រង់រស់ខាងឯព្រះវិញ។ ដូច្នេះ ចូរអ្នករាល់គ្នារាប់ខ្លួនទុកជាស្លាប់ខាងបាបដែរ តែរស់ខាងឯព្រះវិញចុះ ដោយនៅក្នុងព្រះគ្រីស្ទយេស៊ូវ។

ដូច្នេះ លោកអ្នកឃើញសេចក្តីបង្រៀនដ៏សំខាន់អំពីការសុគតរបស់ព្រះយេស៊ូគ្រីស្ទ គឺថា ការសុគតនេះ ជាយញ្ញបូជាចុងក្រោយបង្អស់សម្រាប់អំពើបាប ហើយការសុគតរបស់ព្រះអង្គ គឺជំនួសឲ្យមនុស្សទាំងអស់ គឺព្រះ អង្គបានសុគតសម្រាប់យើង ដើម្បីឲ្យយើងចូលទៅក្នុងសញ្ញាថ្មីបាន មិនមែនតាមរយៈសត្វដែលគេបានសម្លាប់ ហើយពុះជាពីរចំហៀងនោះទេ តែតាមរយៈការសុគតរបស់ព្រះយេស៊ូគ្រីស្ទជំនួសយើងរាល់គ្នា។ ប៉ុន្តែ កិច្ចសញ្ញា នេះ អាចមានសុពលភាពបាន តែនៅពេលដែលយើងទទួលយកការសុគតរបស់ព្រះអង្គ ទុកជាការស្លាប់របស់ យើង។ កិច្ចសញ្ញាមិនទាន់មានសុពលភាពទេ ដរាបណាអ្នកដែលចុះកិច្ចសញ្ញានោះនៅរស់។ ព្រះយេស៊ូបាន សុគត ដើម្បីចុះកិច្ចសញ្ញាជាមួយយើង តែកិច្ចសញ្ញានោះ អាចមានប្រសិទ្ធភាពនៅក្នុងជីវិតរបស់យើងទៅបាន តែនៅពេលដែលយើងព្រមទទួលស្គាល់ថាខ្លួនយើងបានស្លាប់ជាមួយព្រះអង្គ។ ការសុគតរបស់ព្រះអង្គ ត្រឡប់ ជាការស្លាប់របស់យើង។ ព្រះអង្គជាយញ្ញបូជាដែលយើងត្រូវដើរឆ្លងកាត់ ចូលទៅក្នុងសញ្ញាថ្មី។

តើគោលការណ៍នៃកិច្ចសញ្ញានេះ អនុវត្តជាពិសេសចំពោះអាពាហ៍ពិពាហ៍យ៉ាងដូចម្តេច? យើងបាន និយាយហើយថា កិច្ចសញ្ញាមួយមានសុពលភាពទៅបាន តែនៅពេលដែលអ្នកចុះកិច្ចសញ្ញានោះបានស្លាប់។ ដូច្នេះ ប្រសិនបើអាពាហ៍ពិពាហ៍ជាកិច្ចសញ្ញាមួយរវាងបុរសម្នាក់ និងស្ត្រីម្នាក់ គឺប្តីមួយប្រពន្ធមួយ តើការនោះ អនុវត្តយ៉ាងដូចម្តេច? មែន គោលការណ៍ដ៏សំខាន់នៅក្នុងកិច្ចសញ្ញាអាពាហ៍ពិពាហ៍សម្រាប់គ្រីស្តបរិស័ទ គឺតាំង ឡើងដោយការសុគតរបស់ព្រះយេស៊ូ។ ការសុគតរបស់ព្រះអង្គ គឺជាការស្លាប់របស់យើង។ យើងចូលទៅក្នុង កិច្ចសញ្ញានេះ តាមរយៈព្រះអង្គ ហើយសេចក្តីនេះ អនុវត្តជាពិសេសចំពោះកិច្ចសញ្ញាអាពាហ៍ពិពាហ៍។

ឥឡូវនេះ ខ្ញុំបានពន្យល់ពីសេចក្តីនេះយ៉ាងច្បាស់ ដូចគ្នានឹងសៀវភៅរបស់ខ្ញុំឈ្មោះ «កិច្ចសញ្ញាអាពាហ៍ពិពាហ៍» ដែរ ដូច្នេះ ខ្ញុំនឹងអានជូនពីរបីកថាខណ្ឌចេញពីសៀវភៅនោះ ព្រោះសៀវភៅនោះនិយាយពីអ្វីដែលខ្ញុំចង់ និយាយ។ ឥឡូវនេះ ខ្ញុំនឹងអានចេញពីសៀវភៅរបស់ខ្ញុំឈ្មោះ «កិច្ចសញ្ញាអាពាហ៍ពិពាហ៍»។

យញ្ញបូជាដែលកិច្ចសញ្ញាអាពាហ៍ពិពាហ៍របស់គ្រីស្តបរិស័ទតាំងឡើង គឺការសុគតរបស់ព្រះយេស៊ូគ្រីស្ទជំនួសយើងរាល់គ្នា។ ព្រះអង្គជាយញ្ញបូជា ដែលបុរស និងស្ត្រីអាចឆ្លងកាត់ដោយជំនឿ ចូលទៅក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍ ដូចដែលព្រះទ្រង់បានតាក់តែងឡើងដោយផ្ទាល់។ ដូចដែលព្រះអម្ចាស់ និងលោកអ័ប្រាហាំ បានដើរកាត់ចន្លោះកណ្តាល រវាងសត្វដែលគេបានសម្លាប់ ហើយពុះជាពីរចំហៀងនោះជាយ៉ាងណា នោះនៅក្នុងអាពាហ៍ពិពាហ៍ បុរស និងស្ត្រីក៏ត្រូវឆ្លងកាត់ការសុគតរបស់ព្រះយេស៊ូគ្រីស្ទជំនួសឲ្យពួកគេផ្ទាល់ជាយ៉ាងនោះដែរ ដើម្បីចូលទៅក្នុងជីវិតថ្មីមួយទាំងស្រុង និងទំនាក់ទំនងថ្មីមួយទាំងស្រុង ដែលការបែបនោះមិនអាចធ្វើទៅបានឡើយ បើគ្មានការសុគតរបស់ព្រះយេស៊ូគ្រីស្ទ។ កិច្ចសញ្ញាអាពាហ៍ពិពាហ៍របស់គ្រីស្តបរិស័ទ គឺតាំងឡើងនៅនឹងឈើឆ្កាង។ មានបីលំដាប់បន្តបន្ទាប់គ្នា នៅក្នុងការអនុវត្តន៍ទំនាក់ទំនងនេះ។ ទីមួយ ជីវិតមួយត្រូវតែដាក់ចុះ គឺម្នាក់ៗត្រូវដាក់ជីវិតខ្លួនចុះសម្រាប់ម្នាក់ទៀត។ ប្តីសម្លឹងមើលទៅឯការសុគតរបស់ព្រះគ្រីស្ទនៅលើឈើឆ្កាង ហើយពោលថា៖ «ការសុគតនោះ គឺជាការស្លាប់របស់ខ្ញុំ។ ពេលដែលខ្ញុំឆ្លងកាត់ឈើឆ្កាង នោះឈ្មោះថាខ្ញុំបានស្លាប់ហើយ។ ឥឡូវនេះ ខ្ញុំមិនមែនរស់នៅសម្រាប់ខ្លួនឯងទៀតទេ»។ ដូចគ្នានេះដែរ ប្រពន្ធសម្លឹងមើលទៅឯឈើឆ្កាង ហើយពោលដូចគ្នាថា៖ «ការសុគតនោះ គឺជាការស្លាប់របស់ខ្ញុំ ហើយពេលដែលខ្ញុំឆ្លងកាត់ឈើឆ្កាង នោះឈ្មោះថាខ្ញុំបានស្លាប់ហើយ។ ឥឡូវនេះ ខ្ញុំមិនមែនរស់នៅសម្រាប់ខ្លួនឯងទៀតទេ»។ ធ្វើដូច្នេះ ម្នាក់ៗមិនទាញយកប្រយោជន៍ពីម្នាក់ទៀតឡើយ។ អ្វីៗដែលប្តីមាន គឺសម្រាប់ប្រពន្ធ ហើយអ្វីៗដែលប្រពន្ធមាន គឺសម្រាប់ប្តី។ គ្មានការបិទបាំង គ្មានការបង្ខិតគ្នា វាជាការរលាយចូលគ្នា ដែលលើសពីភាពជាដៃគូ។ ទីពីរ ការស្លាប់នោះកើតចេញមកជាជីវិតមួយថ្មី។ ឥឡូវនេះ ម្នាក់ៗរស់ចេញបែបជីវិតថ្មីនោះ នៅក្នុង និងតាមរយៈម្នាក់ទៀត។ ប្តីនិយាយទៅប្រពន្ធថា៖ «ជីវិតបងនៅក្នុងអូន។ ជីវិតបងរស់តាមរយៈអូន។ ហើយដែលបងជាយ៉ាងណានោះ គឺឃើញនៅក្នុងអូនហើយ»។ ដូចគ្នានេះដែរ ប្រពន្ធនិយាយទៅប្តីថា៖ «ជីវិតអូននៅក្នុងបង។ ជីវិតអូនរស់តាមរយៈបង ហើយដែលអូនជាយ៉ាងណានោះ គឺឃើញនៅក្នុងបងហើយ»។ ទីបី កិច្ចសញ្ញានេះជាសម្ព័ន្ធខាងរូបសាច់ ហើយសម្ព័ន្ធភាពនេះ បង្កើតចេញជាផលផ្លែ ដើម្បីបន្តជីវិតថ្មី ដែលម្នាក់ៗព្រមចែកចាយដល់គ្នាទៅវិញទៅមក។ នៅក្នុងពិភពទាំងមូលនៃសត្វលោក ព្រះទ្រង់បានដាក់គោលការណ៍គ្រឹះនេះ គឺបើគ្មានការរួមសម្ព័ន្ធភាព គ្មានផលផ្លែ។ កិច្ចសញ្ញានាំឲ្យមានជីវិតដែលចែកចាយ និងមានផលផ្លែ ហើយជីវិតដែលមិនចែកចាយ គឺនៅតែជាជីវិតឥតផល គ្មានផលផ្លែ។ វិធីសាស្ត្រអាពាហ៍ពិពាហ៍ ដែលមើលឃើញនៅក្នុងន័យកិច្ចសញ្ញា ខុសប្លែកឆ្ងាយពី ឥរិយាបថដែលមនុស្សភាគច្រើនប្រកាន់យក នៅក្នុងផ្លូវអាពាហ៍ពិពាហ៍នាពេលសព្វថ្ងៃ។ ជា ទូទៅ ឥរិយាបថនៃវប្បធម៌ជំនាន់របស់យើងនេះ គឺថា «តើខ្ញុំអាចទទួលបានអ្វី? នៅក្នុង អាពាហ៍ពិពាហ៍នេះ តើមានអ្វីសម្រាប់ខ្ញុំ?» ខ្ញុំជឿថា ទំនាក់ទំនងណាដែលប្រកាន់យកឥរិយាបថ បែបនេះ ទីបំផុតនឹងត្រូវបរាជ័យ។ អ្នកដែលចូលទៅក្នុងអាពាហ៍ពិពាហ៍ដែលចាត់ទុកថាជាកិច្ច សញ្ញា គេមិនដែលសួរថា «តើខ្ញុំអាចទទួលបានអ្វី?» នោះទេ ផ្ទុយទៅវិញគេសួរថា «តើខ្ញុំអាចឲ្យអ្វីបាន?» ហើយគេបន្តឆ្លើយនឹងសំណួររបស់ខ្លួនថា «ខ្ញុំឲ្យជីវិតខ្ញុំ ខ្ញុំដាក់ជីវិតខ្ញុំចុះ សម្រាប់អ្នក ហើយខ្ញុំរកឃើញជីវិតថ្មីរបស់ខ្ញុំនៅក្នុងអ្នក»។ ការនេះអនុវត្តស្មើភាពគ្នាសម្រាប់ ភាគីទាំងសងខាង គឺទាំងប្តីទាំងប្រពន្ធ។ សម្រាប់គំនិតខាងសាច់ឈាម ពាក្យនេះស្តាប់ទៅដូច ជាគួរឲ្យអស់សំណើច។ ប្រាកដណាស់ នេះជាអាថ៌កំបាំងនៃជីវិតពិត សុភមង្គលពិត និងសេចក្តី ស្រឡាញ់ពិត។

នៅក្នុងសៀវភៅរបស់ខ្ញុំឈ្មោះ «កិច្ចសញ្ញាអាពាហ៍ពិពាហ៍» មាននិយាយច្រើនណាស់។ ខ្ញុំសូមចំណាយ ពេលពីរបីនាទី ដើម្បីសរុបជូនលោកអ្នក មុនពេលខ្ញុំបញ្ចប់។

មានជីវិតមួយដែលបាត់ ហើយមានជីវិតមួយដែលរកឃើញ។ ដរាបណាលោកអ្នកចូលទៅក្នុងអាពាហ៍ ពិពាហ៍ ដែលប្រកាន់យកប្រយោជន៍សម្រាប់តែជីវិតខ្លួនឯង នោះលោកអ្នកនឹងរកមិនឃើញជីវិតដែលព្រះទ្រង់ មានសម្រាប់លោកអ្នកនៅក្នុងកិច្ចសញ្ញាឡើយ។ នេះជាជំហាននៃជំនឿ។ លោកអ្នកត្រូវតែដាក់ជីវិតរបស់ លោកអ្នកចុះដោយជំនឿ ហើយរកឲ្យឃើញជីវិតមួយថ្មី ជាជីវិតដែលខុសប្លែក ជាជីវិតមួយដែលចូលមកក្នុង សម្ព័ន្ធភាព ជាជីវិតមួយដែលលោកអ្នកមិនអាចមានដោយខ្លួនឯងបាន។ ភាគីនីមួយៗនៅក្នុងអាពាហ៍ពិពាហ៍ ត្រូវតែបោះជំហានបែបនោះដោយជំនឿ។

ជាថ្មីម្តងទៀត ពាក្យគន្លឹះ គឺការប្តូរផ្តាច់ មិនមែនជារឿងពិសោធន៍។ លោកអ្នកត្រូវមានការប្តូរផ្តាច់ ហើយគន្លឹះសំខាន់គឺយ៉ាងនេះ ការប្តូរផ្តាច់ បើកឲ្យមានព្រះគុណរបស់ព្រះ។ បើគ្មានព្រះគុណរបស់ព្រះទេ នោះ អាពាហ៍ពិពាហ៍គ្មានប្រសិទ្ធភាពឡើយ។ ប៉ុន្តែ ព្រះទ្រង់នឹងមិនបង្ហូរព្រះគុណមកក្នុងអាពាហ៍ពិពាហ៍ឡើយ ដរាប ទាល់តែភាគីទាំងពីរមានការប្តូរផ្តាច់។ ប្រភពធនធានដែលយើងត្រូវការដើម្បីធ្វើឲ្យអាពាហ៍ពិពាហ៍មានប្រសិទ្ធ ភាព គឺចេញពីព្រះគុណរបស់ព្រះ។

ឥឡូវនេះ យើងចូលមកដល់ចុងបញ្ចប់សម្រាប់ថ្ងៃនេះហើយ តែខ្ញុំនឹងវិលមកជួបលោកអ្នកជាថ្មីម្តងទៀត នៅវគ្គក្រោយ។ វគ្គក្រោយ ខ្ញុំនឹងជម្រាបជូនពីគោលបំណងចុងបំផុតនៃអាពាហ៍ពិពាហ៍។ តើអ្វីទៅដែលអាច កើតឡើងបានតាមរយៈអាពាហ៍ពិពាហ៍ ហើយដែលមិនអាចរកបានតាមវិធីណាផ្សេងទៀតនោះ?

ចូលចិត្ត
ចែករំលែក