វិសេសណាស់ ដែលបានជួបលោកអ្នកជាថ្មីម្តងទៀតនៅថ្ងៃនេះ ហើយបន្តមេរៀនដែលខ្ញុំកំពុងចែកចាយប្រាប់ នៅក្នុងសប្ដាហ៍នេះ គឺ «គន្លឹះសំខាន់ដែលធ្វើឲ្យអាពាហ៍ពិពាហ៍មានជោគជ័យ»។

ចំណុចដែលខ្ញុំបានជម្រាបជូនពីម្សិលមិញគឺថា យោងតាមផែនការរបស់ព្រះ អាពាហ៍ពិពាហ៍ជាកិច្ចសញ្ញា មួយដែលតាំងឡើងដោយយញ្ញបូជា ដោយការសុគតរបស់ព្រះយេស៊ូនៅលើឈើឆ្កាង សម្រាប់យើងរាល់គ្នា។ តាមរយៈការសុគតរបស់ព្រះយេស៊ូជំនួសយើង ភាគីនីមួយៗដែលចូលទៅក្នុងអាពាហ៍ពិពាហ៍ ត្រូវដាក់ជីវិតរបស់ ខ្លួនសម្រាប់គ្នាទៅវិញទៅមក ហើយចូលទៅក្នុងជីវិតថ្មីមួយ ដែលរស់នៅបានតាមរយៈគ្នាទៅវិញទៅមក។ ប្តី សម្លឹងទៅឯឈើឆ្កាង ហើយនិយាយថា៖ «ការសុគតនោះ គឺជាការស្លាប់របស់បង។ ពេលដែលបងបានចូលមក ក្នុងកិច្ចសញ្ញានេះ នោះឈ្មោះថាបងបានស្លាប់ហើយ។ ឥឡូវនេះ បងមិនមែនរស់នៅសម្រាប់ខ្លួនបងទៀតទេ ជីវិតបងគឺនៅក្នុងអូន»។ ដូចគ្នានេះដែរ ប្រពន្ធសម្លឹងមើលទៅឯឈើឆ្កាង ហើយនិយាយដូចគ្នាថា៖ «ការ សុគតនោះ គឺជាការស្លាប់របស់អូន។ ពេលដែលអូនបានចូលមកក្នុងកិច្ចសញ្ញានេះ នោះឈ្មោះថាអូនបានស្លាប់ ហើយ។ ឥឡូវនេះ អូនមិនមែនរស់នៅសម្រាប់ខ្លួនឯងទៀតទេ ជីវិតអូនគឺនៅក្នុងបង»។ ខ្ញុំជឿថា នេះជាមូល ដ្ឋានតែមួយគត់ដែលអាចធ្វើឲ្យអាពាហ៍ពិពាហ៍មានជោគជ័យពិតប្រាកដ គឺការយល់ថា អាពាហ៍ពិពាហ៍ជាកិច្ច សញ្ញា ហើយកិច្ចសញ្ញានោះធ្វើឡើងដោយភាគីទាំងពីរព្រមលះបង់ជីវិតរបស់ខ្លួនសម្រាប់គ្នាទៅវិញទៅមក ហើយបន្ទាប់មក រកឃើញជីវិតមួយថ្មីដែលរស់នៅបានតាមរយៈគ្នាទៅវិញទៅមក។

ដូចដែលខ្ញុំបាននិយាយពីម្សិលមិញហើយ រឿងនេះផ្ទុយទៅនឹងគំនិតមនុស្សសម័យទំនើប។ ឥរិយាបថ របស់មនុស្សភាគច្រើននៅក្នុងវប្បធម៌របស់យើងសព្វថ្ងៃ គឺថា៖ «តើខ្ញុំអាចទទួលបានអ្វី? តើនៅក្នុងទំនាក់ទំនង នេះ មានអ្វីសម្រាប់ខ្ញុំ?» ប៉ុន្តែ ខ្ញុំជឿថា ត្រូវតែមានការផ្លាស់ប្តូរដ៏សំខាន់អំពីការគិត សម្រាប់បុរស ឬសម្រាប់ ស្ត្រី ឬរួមគ្នាទាំងប្តីទាំងប្រពន្ធ ដែលចង់ធ្វើឲ្យអាពាហ៍ពិពាហ៍របស់ខ្លួនមានជោគជ័យ។

ថ្ងៃនេះ ខ្ញុំនឹងចែកចាយអំពីគោលបំណងចុងក្រោយនៃអាពាហ៍ពិពាហ៍។ តើអ្វីទៅអាចកើតឡើងបានតែ តាមរយៈអាពាហ៍ពិពាហ៍ ហើយដែលមិនអាចសម្រេចបានតាមវិធីណាផ្សេង? ប្រសិនបើលោកអ្នករៀបការ ហើយ ខ្ញុំចង់ឲ្យលោកអ្នកសួរខ្លួនឯងថា៖ «តើខ្ញុំកំពុងតែសម្រេចបានការនោះ ឬក៏ខ្ញុំកំពុងតែបាត់គោលបំណងពិត ប្រាកដ?»

ដើម្បីចាប់ផ្តើម ខ្ញុំចង់អានជូនលោកអ្នក អំពីផ្នែកមួយដែលព្រះយេស៊ូសន្ទនាជាមួយពួកផារិស៊ីខ្លះ អំពី រឿងអាពាហ៍ពិពាហ៍។ រឿងនេះកត់ត្រានៅក្នុងម៉ាថាយ ១៩:៣–៦៖

៣ មានពួកផារិស៊ីខ្លះចូលមកជិតព្រះអង្គ ហើយល្បងលព្រះអង្គដោយទូលសួរថា៖ «តើបុរសមានច្បាប់នឹង លែងប្រពន្ធដោយហេតុណាមួយបានឬទេ?»

សូមមើល នេះជាសេចក្តីបង្រៀនរបស់គ្រូវិន័យខ្លះនៅគ្រានោះ។ និយាយបានម្យ៉ាងទៀតថា ពួកគេបាន ធ្វើដូចអ្វីដែលខ្ញុំបាននិយាយថា ព្រះទ្រង់អាចមិនទទួលយកបានទេ។ ពួកគេបានបង្កើតកិច្ចព្រមព្រៀងរបស់ខ្លួន សម្រាប់កិច្ចសញ្ញាអាពាហ៍ពិពាហ៍។ ប៉ុន្តែ ព្រះយេស៊ូទ្រង់ឆ្លើយទៅគេថា៖

៤ «តើអ្នករាល់គ្នាមិនបានអានទេឬថា ព្រះអង្គដែលបានបង្កើតគេពីដំបូងមក ទ្រង់បានបង្កើតគេជា ប្រុសជាស្រី? ៥ រួចក៏មានព្រះបន្ទូលថា “ដោយហេតុនេះ បុរសនឹងចាកចេញពីឪពុកម្តាយរបស់ខ្លួន ទៅ នៅជាប់នឹងប្រពន្ធ ហើយអ្នកទាំងពីរនឹងត្រឡប់ជាសាច់តែមួយ”។ ៦ យ៉ាងនោះ គេមិនមែនពីរនាក់ទៀត ទេ គឺជាសាច់តែមួយវិញ។ ដូច្នេះ អ្វីដែលព្រះបានផ្សំផ្គុំហើយ មិនត្រូវឲ្យអ្នកណាមកពង្រាត់គេឡើយ»។

ខ្ញុំចង់បង្ហាញលោកអ្នកពីចំណុចសំខាន់ពីរនៅក្នុងចម្លើយរបស់ព្រះយេស៊ូ ទៅកាន់ពួកផារិស៊ី។ ទីមួយ នៅ ពេលព្រះយេស៊ូបង្រៀនអំពីអាពាហ៍ពិពាហ៍ ព្រះអង្គបង្វែរទៅរកគោលបំណងរបស់ព្រះ នៅគ្រាបង្កើតពិភព លោក។ ព្រះអង្គមិនព្រមបន្ទាបខ្នាតជីវិត ទៅតាមអ្វីដែលជាអន្តរាគមន៍របស់មនុស្សក្នុងប្រវត្តិសាស្ត្រសម័យ នោះឡើយ។ ព្រះអង្គស្មោះត្រង់ចំពោះព្រះវរបិតា។ ព្រះអង្គបានជ្រាបចេញពីបទគម្ពីរ ដែលជនជាតិយូដាត្រូវ តែដឹង អំពីរឿងកំណើតពិភពលោក និងអំពីរបៀបដែលព្រះបានប្រទានឲ្យមានដៃគូ ជាអ្នកជំនួយដល់អ័ដាម ហើយព្រះអង្គបានមានបន្ទូលថា នោះហើយជាមូលដ្ឋាន ជាគោលបំណងដើមរបស់ព្រះ ជាគោលបំណងតែមួយ គត់ ដែលអាចទទួលយកបាននៅចំពោះព្រះ។

ដូច្នេះ ពេលដែលយើងនិយាយអំពីអាពាហ៍ពិពាហ៍ក្នុងនាមជាគ្រីស្តបរិស័ទ យើងត្រូវតែធ្វើដូចព្រះយេស៊ូ។ យើងត្រូវវិលទៅរកគោលបំណងដើមរបស់ព្រះ ហើយមើលឲ្យឃើញថា តើគោលបំណងដើមនោះជាអ្វី។

ទីពីរ អ្វីដែលខ្ញុំចង់ចង្អុលបង្ហាញ វាជាគោលបំណង គឺអ្នកទាំងពីរនឹងត្រឡប់ទៅជាសាច់តែមួយ។ និយាយបានម្យ៉ាងទៀតថា សរុបឲ្យខ្លីមកគឺសម្ព័ន្ធភាព ឬភាពរួបរួម។ អ្វីដែលខ្ញុំចង់និយាយប្រាប់លោកអ្នកគឺថា ការរួមគ្នា គឺជាលក្ខណៈដូចព្រះ។ គំរូដ៏អស្ចារ្យ គំរូដើម គំរូដ៏គ្រប់លក្ខណ៍អំពីការរួមគ្នា យើងឃើញនៅក្នុងរូប ភាពព្រះត្រីឯក។ ព្រះវរបិតា និងព្រះបុត្រា គឺតែមួយ។ មិនមែនតួអង្គតែមួយទេ ប៉ុន្តែ រួមមកតែមួយ តាម រយៈព្រះវិញ្ញាណបរិសុទ្ធ។ ហើយក្នុងន័យមួយគឺថា អ្វីដែលព្រះកំពុងមានបំណងសម្រាប់អាពាហ៍ពិពាហ៍ គឺថា បុរសម្នាក់ និងស្ត្រីម្នាក់ នឹងសម្រេចបានលក្ខណៈដូចព្រះបែបនេះដែរ។ នៅក្នុងចំណោមការសម្រេចបានទាំងអស់ គឺសម្ព័ន្ធភាពដែលពិត ភាពរួមគ្នាដែលពិត។ ប៉ុន្តែ ផ្លូវទៅឯសេចក្តីនេះ គឺជាផ្លូវដែលព្រះបានរៀបចំឲ្យរួចហើយ។ គ្មានផ្លូវណាផ្សេងទៀត ក្រៅពីផ្លូវរបស់ព្រះ ដែលនាំទៅរកសម្ព័ន្ធភាព ដែលព្រះទ្រង់ចង់បាននៅក្នុងអាពាហ៍ ពិពាហ៍នោះឡើយ។

សេចក្តីពិតបន្ទាប់ ដែលខ្ញុំចង់ជម្រាបជូនលោកអ្នក គឺភ្ជាប់នឹងអ្វីដែលខ្ញុំទើបនឹងបាននិយាយអម្បាញ់មិញ នេះ។ គោលបំណងចុងបញ្ចប់នៃអាពាហ៍ពិពាហ៍ គឺសម្ព័ន្ធភាព ហើយការរួមសម្ព័ន្ធភាព នាំទៅរកការស្គាល់។ នេះជាគំនិតមួយ ដែលទំនងជាពិបាកឲ្យមនុស្សនៅក្នុងវប្បធម៌របស់យើងយល់បាន ព្រោះយើងមានការយល់ ឃើញដោយប្រាជ្ញា អំពីអ្វីដែលជាការស្គាល់។ ប៉ុន្តែ ភាសាដើមនៅក្នុងបទគម្ពីរ ពាក្យ «ស្គាល់» មានន័យ ជ្រាលជ្រៅ ជាងហេតុការណ៍ដែលគ្រាន់តែដឹង។

នៅក្នុងគម្ពីរលោកុប្បត្តិ ជំពូក ៤:១ ភ្លាមៗក្រោយពីការពណ៌នាអំពីការធ្លាក់ចុះរបស់មនុស្ស និងផល វិបាករបស់វាមក ជំពូកបន្ទាប់ ចាប់ផ្តើមពាក្យថា «អ័ដាមក៏ស្គាល់អេវ៉ាជាប្រពន្ធ...»។ ឥឡូវនេះ សំណៅបកប្រែ បច្ចុប្បន្ន ច្រើនតែបកប្រែដោយប្រើពាក្យបែបនេះថា «អ័ដាមបានរួមដំណេកជាមួយប្រពន្ធរបស់គាត់»។ ប្រាកដហើយ វាជាការត្រឹមត្រូវនៅក្នុងគំនិតដែលពិពណ៌នាអំពីអ្វីដែលបានកើតឡើង ប៉ុន្តែ គម្ពីរសំណៅ King James ពិតជាស្មោះត្រង់ជាង ចំពោះអត្ថបទដើមនៅត្រង់ចំណុចនេះ ហើយចំណុចនេះបង្ហាញថា នោះជាអ្វីដែល ព្រះកំពុងមានបំណង គឺ «ការស្គាល់»។ ប្រាកដហើយ រវាងប្តី និងប្រពន្ធ ការនោះរាប់បញ្ចូលទាំងទំនាក់ទំនង ផ្លូវភេទ។ ប៉ុន្តែ ប្រសិនបើកំណត់វា ត្រឹមតែទំនាក់ទំនងផ្លូវភេទប៉ុណ្ណោះ នោះធ្វើឲ្យបាត់បង់គោលបំណងរបស់ ព្រះទាំងមូលហើយ។ ក្នុងន័យមួយប្រាកដ នោះហើយជាមូលហេតុដែលខ្ញុំចង់ប្រើសំណៅបកប្រែ King James ដែលថា៖ «អ័ដាមបានស្គាល់ប្រពន្ធរបស់គាត់...» ដែលមិនមែនស្គាល់តែរឿងផ្លូវភេទប៉ុណ្ណោះនោះឡើយ។

ឥឡូវនេះ នៅក្នុងភាសារបស់សញ្ញាចាស់ មានប្រើឃ្លាពីរខុសប្លែកគ្នា។ ឃ្លាមួយថា បុរស «បានស្គាល់» ស្ត្រី ហើយឃ្លាមួយទៀតថា បុរស «ដេក» ជាមួយស្ត្រី ហើយព្រះគម្ពីរបែងចែកចំពោះរបៀបប្រើឃ្លាទាំងនេះ។ ក្នុងការចែកចាយរបស់ខ្ញុំថ្ងៃស្អែក ខ្ញុំនឹងពន្យល់អំពីអ្វីដែលជាប់ទាក់ទងនឹងភាពខុសប្លែកគ្នានេះ តែអ្វីដែលខ្ញុំ ចង់ឲ្យលោកអ្នកចាប់អារម្មណ៍នៅថ្ងៃនេះគឺថា គោលបំណងចុងក្រោយរបស់ព្រះ នៅក្នុងអាពាហ៍ពិពាហ៍ គឺតាម រយៈការរួមសម្ព័ន្ធ គឺបុរសម្នាក់ និងស្ត្រីម្នាក់ ស្គាល់គ្នាទៅវិញទៅមកយ៉ាងពិតប្រាកដ។

តើមានអ្វីជាប់ទាក់ទង? ខ្ញុំកាន់តែសញ្ជឹងគិតអំពីការនេះ នោះវាកាន់តែស៊ីជម្រៅ និងកាន់តែអស្ចារ្យ សម្រាប់ខ្ញុំ។ នៅក្នុងដំណឹងល្អម៉ាកុស ជំពូក ៨:៣៦–៣៧ ព្រះយេស៊ូមានបន្ទូលអំពីតម្លៃព្រលឹងរបស់មនុស្ស ហើយព្រះអង្គមានបន្ទូលថា តាមពិត ព្រលឹងរបស់មនុស្សម្នាក់ មានតម្លៃជាងពិភពលោកទាំងមូល។ ឥឡូវនេះ ខ្ញុំជឿការនោះហើយ។ ខ្ញុំជឿថា គ្មានវិធីណាវាស់ស្ទង់តម្លៃនៃព្រលឹងរបស់មនុស្សម្នាក់បានទេ។ ដូច្នេះ តើរឿង នេះកើតឡើងនៅក្នុងអាពាហ៍ពិពាហ៍ដូចម្តេច? តាមផែនការរបស់ព្រះ អាពាហ៍ពិពាហ៍បើកផ្លូវសម្រាប់ព្រលឹង មនុស្សពីរនាក់ឲ្យស្គាល់គ្នា ឲ្យស្គាល់ពីជម្រៅគ្នាទៅវិញទៅមក ក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិត ទាំងផ្លូវកាយ ផ្លូវ គំនិត ផ្លូវអារម្មណ៍ និងវប្បធម៌។ អាពាហ៍ពិពាហ៍ជាការរួមសម្ព័ន្ធរបស់មនុស្សពីរនាក់ មិនមែនរូបកាយពីរ ឬគំនិតពីរប៉ុណ្ណោះទេ។ មនុស្សមួយចំនួនដាក់ការសង្កត់ធ្ងន់ទៅលើផ្លូវភេទ អ្នកខ្លះដាក់ទៅលើប្រាជ្ញា ប៉ុន្តែនៅ ក្នុងគោលបំណងរបស់ព្រះ អាពាហ៍ពិពាហ៍ គឺជាការស្គាល់មនុស្សម្នាក់ទាំងស្រុង ដោយមនុស្សម្នាក់ទៀត។

ខ្ញុំនិយាយចេញពីប្រវត្តិអាពាហ៍ពិពាហ៍ដែលមានសុភមង្គល រយៈពេលជាង៣០ឆ្នាំ និងតាមការវិនិច្ឆ័យរបស់ខ្ញុំ ផ្ទាល់ គ្មានឯកសិទ្ធិណាដែលវិសេសជាងការអនុញ្ញាតឲ្យស្គាល់មនុស្សម្នាក់ទៀត តាមវិធីនេះ នោះឡើយ។

ចំណុចទីពីរអំពីការប្រទានរបស់ព្រះដល់អាពាហ៍ពិពាហ៍ គឺថា ដោយការនៅតែឈរមាំនៅក្នុងកិច្ចសញ្ញា និងការប្តូរផ្តាច់ ទុកជាផ្លូវមួយចូលទៅក្នុងអាពាហ៍ពិពាហ៍ ព្រះអង្គបានប្រទានការការពារភាគីនីមួយៗ មិនឲ្យ មានការកេងប្រវ័ញ្ច ឬផិតក្បត់។ ខ្ញុំសូមនិយាយចំៗថា ស្ត្រីណាដែលបណ្តោយឲ្យបុរសណាម្នាក់កេងប្រវ័ញ្ចខាង ផ្លូវភេទលើខ្លួន គឺមានទំនាក់ទំនងផ្លូវភេទជាមួយបុរសណាម្នាក់ ដោយបុរសនោះមិនបានធ្វើការប្តូរផ្តាច់ជាកិច្ច សញ្ញាជាមុន នោះនាងពិតជាកំពុងតែបង្ខូចបុគ្គលិកលក្ខណៈរបស់នាង ឲ្យទៅជាពេស្យាហើយ។ ខ្ញុំនិយាយនេះ មិនមែនក្នុងន័យអំពើអសីលធម៌ផ្លូវខាងភេទទេ តែខ្ញុំកំពុងនិយាយថា ស្ត្រីនោះកំពុងតែប្រមាថវត្ថុដ៏មានតម្លៃ បំផុតដែលនាងមាន នោះគឺបុគ្គលិកលក្ខណៈរបស់នាង។ នាងកំពុងបើកត្រដាងបុគ្គលិកលក្ខណៈទាំងមូល របស់នាង ទៅឲ្យបុរសម្នាក់ដែលគ្មានឆន្ទៈនឹងបង់ថ្លៃដែលព្រះទ្រង់តម្រូវ។ បុរសក៏ដូចគ្នា គឺបុរសម្នាក់កំពុង ប្រព្រឹត្តដូចគ្នា នៅពេលដែលគាត់មានទំនាក់ទំនងជាមួយស្ត្រីម្នាក់ តែគ្មានការប្តូរផ្តាច់ គ្មានកិច្ចសញ្ញា។ គោល បំណងនៃអាពាហ៍ពិពាហ៍ គឺជាទំនាក់ទំនងដែលជ្រៅ មាននិរន្តរភាព ស្និទ្ធស្នាល មានលក្ខណៈផ្ទាល់ខ្លួន ត្រូវបាន ការពារដោយការប្តូរផ្តាច់។ ទំនាក់ទំនងនេះ ត្រូវតែបន្តជ្រាលជ្រៅឡើង ហើយចម្រើនឡើង នៅពេលដែល អាពាហ៍ពិពាហ៍បន្តទៅមុខ។

ខ្ញុំបែរទៅមើលអាពាហ៍ពិពាហ៍លើកទីមួយរបស់ខ្ញុំ ហើយខ្ញុំគិតថា ជាង៣០ឆ្នាំនោះ លីឌា និងខ្ញុំ បន្តស្គាល់ គ្នាកាន់តែជ្រាលជ្រៅ និងកាន់តែស្និទ្ធស្នាល។ អាពាហ៍ពិពាហ៍របស់យើងកាន់តែគង់វង្សយូរ នោះវាក៏កាន់តែ ចម្រើនឡើង និងកាន់តែពេញលេញឡើង គ្មានទីបញ្ចប់។ ខ្ញុំគិតថា ជួនកាលយើងអង្គុយ និងធ្វើដំណើរនៅក្នុង រថយន្តជាមួយគ្នា ប្រហែលមួយម៉ោងដោយឥតនិយាយគ្នាសោះ តែបន្ទាប់មក នៅពេលយើងទាំងពីរចាប់ផ្តើម និយាយ យើងនិយាយតំណាលគ្នា យើងចាប់ផ្តើមនិយាយពីរឿងតែមួយ។ និយាយបានម្យ៉ាងទៀតថា ទំនាក់ ទំនងមិនមែនអាស្រ័យតែលើការទាក់ទងខាងពាក្យសម្តី ក៏មិនមែនអាស្រ័យលើតែទំនាក់ទំនងផ្លូវភេទនោះដែរ តែជាការស្គាល់មនុស្សម្នាក់ទាំងមូល ដោយសារមនុស្សម្នាក់ទៀត។

យើងចូលមកដល់ចុងបញ្ចប់ហើយសម្រាប់ថ្ងៃនេះ ខ្ញុំនឹងវិលជួបលោកអ្នកសាជាថ្មីនៅវគ្គក្រោយ តាម ពេលវេលាកំណត់ ហើយខ្ញុំនឹងនិយាយអំពីភាពក្លែងបន្លំដែលបោកបញ្ឆោតយើង គឺជាការដែលមនុស្សដាក់ជំនួស សម្រាប់អាពាហ៍ពិពាហ៍ដែលមិនបង្កើតផលរបស់ព្រះ។

ចូលចិត្ត
ចែករំលែក