ភាពក្លែងបន្លំដែលបោកបញ្ឆោតយើង

ដេរេក ព្រីនស៍
Published: 1979
Last Updated: September 2026
Read Time: 9
ទំនាក់ទំនងផ្លូវភេទមានគោលបំណងពិតប្រាកដនៅក្នុងអាពាហ៍ពិពាហ៍តាមសេចក្តីសញ្ញា ដែលមនុស្សពីរនាក់អាចស្គាល់គ្នាដោយគ្មានការកេងប្រវ័ញ្ច។ ផតឃែស្ថនេះបង្ហាញពីភាពខុសគ្នារវាងផែនការរបស់ព្រះ និងតណ្ហា ឬអំពើអសីលធម៌ ដោយព្រមានថាទំនាក់ទំនងក្លែងក្លាយនាំមកនូវការឈឺចាប់ ជាជាងការស្កប់ស្កល់យូរអង្វែង។
Transcript
វិសេសណាស់ដែលបានជួបលោកអ្នកជាថ្មីម្តងទៀតនៅថ្ងៃនេះ។ ម្សិលមិញ ខ្ញុំបាននិយាយអំពីគោលបំណង ចុងក្រោយនៃអាពាហ៍ពិពាហ៍ នោះគឺជាការរួមសម្ព័ន្ធដែលនាំឲ្យទៅរកការស្គាល់។ ខ្ញុំបានពន្យល់ថា គោលបំណង ចុងក្រោយរបស់ព្រះ ក្នុងការតាក់តែងច្បាប់អាពាហ៍ពិពាហ៍ គឺអនុញ្ញាតឲ្យមនុស្សពីរនាក់ស្គាល់គ្នាកាន់តែស៊ី ជម្រៅផ្នែកខាងក្នុង អំពីបុគ្គលិកលក្ខណៈរបស់ពួកគេទាំងស្រុង។ ការស្គាល់នេះ មិនមែនជាទំនាក់ទំនងខាង រូបកាយ ខាងអារម្មណ៍ ឬខាងចំណេះដឹងនោះទេ គឺមនុស្សពីរនាក់ស្គាល់គ្នាទៅវិញទៅមក យ៉ាងពេញលេញ។ ខ្ញុំក៏បាននិយាយផងដែរថា បុគ្គលិកលក្ខណៈរបស់មនុស្ស មានតម្លៃវិសេសណាស់ ហើយជាវត្ថុដ៏អស្ចារ្យដែល បានកើតមកនៅក្នុងពិភពលោកនេះ ដូច្នេះហើយបានជាព្រះទ្រង់កំណត់ព្រំដែនយ៉ាងប្រុងប្រយ័ត្ន ដើម្បីឲ្យ មនុស្សម្នាក់ស្គាល់មនុស្សម្នាក់ទៀត ប៉ុន្តែមិនត្រូវកេងប្រវ័ញ្ចលើមនុស្សម្នាក់ទៀតឡើយ ហើយអ្នកណាដែល ធ្វេសនឹងព្រំដែនទាំងនេះ ក៏ព្យាយាមកេងប្រវ័ញ្ច ដោយមិនឆ្លើយតបនឹងលក្ខខណ្ឌនោះ នោះគេកំពុងតែបញ្ឆោត ខ្លួនឯង ពោលគឺ ពួកគេកំពុងត្រូវបញ្ឆោតហើយ។
នៅថ្ងៃនេះ ខ្ញុំនឹងនិយាយអំពីផ្នែកម្ខាងទៀតនៃគោលសំខាន់នេះ គឺ «ភាពក្លែងបន្លំដែលបញ្ឆោតយើង» នោះគឺជាការដែលមនុស្សដាក់ជំនួសសម្រាប់អាពាហ៍ពិពាហ៍ ដែលមិនបង្កើតផលរបស់ព្រះ។
ទីមួយ ខ្ញុំសូមចង្អុលបង្ហាញលោកអ្នកថា មនុស្សក្លែងបន្លំតែរបស់ដែលមានតម្លៃប៉ុណ្ណោះ ហើយការក្លែង បន្លំនេះ កើតមានចំពោះអាពាហ៍ពិពាហ៍។ ប្រសិនបើគ្មានតម្លៃទេ នោះក៏គ្មានការក្លែងបន្លំដែរ។
នៅពេលសញ្ញាចាស់និយាយអំពីបុរសម្នាក់មានទំនាក់ទំនងផ្លូវភេទជាមួយស្ត្រីម្នាក់ គម្ពីរប្រើឃ្លាពីរខុស គ្នា។ កន្លែងខ្លះនិយាយថា បុរសម្នាក់ «បានស្គាល់» ស្ត្រីម្នាក់ កន្លែងខ្លះទៀតនិយាយថា បុរសម្នាក់ «ដេក» រួម ដំណេកជាមួយស្ត្រីម្នាក់។ ប្រសិនបើលោកអ្នកយកចិត្តទុកដាក់តាមដានពាក្យនេះ លោកអ្នកនឹងឃើញថា មាន ភាពខុសប្លែកគ្នាជាប់រហូត។ គម្ពីរចែងថា បុរសម្នាក់ «បានស្គាល់» ស្ត្រីម្នាក់ តែនៅពេលដែលទំនាក់ទំនងនោះ ស្របច្បាប់ប៉ុណ្ណោះ គឺបើទំនាក់ទំនងនោះ ស្របតាមបញ្ញត្តិរបស់ព្រះសម្រាប់ទំនាក់ទំនងផ្លូវភេទ រវាងបុរសម្នាក់ និងស្ត្រីម្នាក់ ហើយបើទំនាក់ទំនងនោះតាំងឡើងនៅលើកិច្ចសញ្ញាដែលមានការប្តូរផ្តាច់។ ប៉ុន្តែ បើបុរសម្នាក់ ត្រឹមតែមានទំនាក់ទំនងផ្លូវភេទជាមួយស្ត្រីម្នាក់ដោយគ្មានការប្តូរផ្តាច់ក្នុងកិច្ចសញ្ញាចំពោះនាង គម្ពីរមិនបានប្រើ ពាក្យថា បុរសម្នាក់ «បានស្គាល់» ស្ត្រីម្នាក់នោះឡើយ គឺគម្ពីរគ្រាន់តែប្រើពាក្យថា អ្នកនោះ «ដេក» ជាមួយ នាង។ ខ្ញុំជឿថា រឿងនេះមានសេចក្តីពិតយ៉ាងជ្រាលជ្រៅ ដែលព្រះទ្រង់មិនបើកផ្លូវឲ្យប្រភេទនៃទំនាក់ទំនង បែបនេះរវាងបុគ្គលនឹងបុគ្គល ដែលមនុស្សម្នាក់ «ស្គាល់» មនុស្សម្នាក់ទៀតពិតប្រាកដនោះឡើយ ដរាបណា គ្មានការប្តូរផ្តាច់ជាកិច្ចសញ្ញាទេនោះ។ អាចមានទំនាក់ទំនងខាងរូបកាយមែន អាចមានប្រភេទនៃការសប្បាយ ខាងផ្លូវភេទមែន ប៉ុន្តែគោលបំណងពិតប្រាកដនៃអាពាហ៍ពិពាហ៍ ការស្គាល់ដល់ជម្រៅខាងក្នុងរបស់មនុស្សពីរ នាក់ទៅវិញទៅមក គឺអាចកើតឡើងបានតែសំអាងនៅលើមូលដ្ឋាននៃការប្តូរផ្តាច់ជាកិច្ចសញ្ញាប៉ុណ្ណោះ។
ខ្ញុំសូមអានជូននូវសេចក្តីដែលបានចែងនៅក្នុង ហេព្រើរ ១៣:៤។
៤ សូមឲ្យមនុស្សទាំងអស់លើកតម្លៃអាពាហ៍ពិពាហ៍ ហើយសូមឲ្យការរួមដំណេកបានជាឥតសៅហ្មង ដ្បិត ព្រះនឹងជំនុំជម្រះមនុស្សសហាយស្មន់ និងមនុស្សផិតក្បត់។
ខ្ញុំចង់ប្រាប់លោកអ្នកថា មានពាក្យមួយដែលមិនអាចជំទាស់បាន។ ព្រះទ្រង់នឹងជំនុំជម្រះមនុស្សសហាយ ស្មន់ និងមនុស្សផិតក្បត់។ ខ្ញុំសូមពន្យល់ប្រាប់លោកអ្នកយ៉ាងសាមញ្ញ អំពីភាពខុសប្លែកគ្នានៅក្នុងបរិបទនេះ រវាងមនុស្សសហាយស្មន់ និងមនុស្សផិតក្បត់។ សហាយស្មន់ គឺជាការមានទំនាក់ទំនងផ្លូវភេទដោយគ្មានការប្តូរ ផ្តាច់ជាកិច្ចសញ្ញា គឺជាការរួមភេទមិនរើសមុខ ទោះតិច ឬច្រើនក្តី។ ប៉ុន្តែ ផិតក្បត់ គឺជាអ្វីដែលកើតឡើងនៅ ពេលដែលមនុស្សម្នាក់ ព្រមប្តូរផ្តាច់ជាកិច្ចសញ្ញានៅក្នុងអាពាហ៍ពិពាហ៍ តែរួចមក បំពានលើការប្តូរផ្តាច់នោះ ដោយមានទំនាក់ទំនងជាមួយអ្នកផ្សេងទៀត នៅខាងក្រៅអាពាហ៍ពិពាហ៍។ ក្នុងចំណោមអំពើបាបទាំងពីរនេះ ការផិតក្បត់ គឺជាអំពើបាបធ្ងន់ជាងសហាយស្មន់ទៅទៀត ព្រោះជាការបំពានលើសម្បថដ៏ពិសិដ្ឋបំផុត គឺបំពានលើកិច្ចសញ្ញា។ ប៉ុន្តែករណីនីមួយៗ អំពើបាបនោះជាឥរិយាបថខុស ចំពោះការប្តូរផ្តាច់នៅក្នុងកិច្ចសញ្ញា។ មួយព្យាយាមមានទំនាក់ទំនង ដោយគ្មានការប្តូរផ្តាច់ជាកិច្ចសញ្ញា ហើយមួយទៀតធ្វើការប្តូរផ្តាច់ជាកិច្ចសញ្ញា រួចហើយបំពានលើកិច្ចសញ្ញានោះ។
ខ្ញុំចង់ឲ្យលោកអ្នកយល់ថា ការតម្រូវរបស់ព្រះ ត្រូវបានតាក់តែងឡើងដើម្បីការពារយើងពីការឈឺចាប់ ហើយនរណាដែលបណ្តោយខ្លួនទៅក្នុងការរួមភេទខុសច្បាប់ គឺកំពុងតែប្រមាថ ឬបំពានលើបុគ្គលិកលក្ខណៈ ផ្ទាល់របស់ភាគីម្ខាងទៀត ហើយចុងបញ្ចប់នៃអំពើបែបនោះ ទីបំផុតគ្មានការស្កប់ចិត្ត គ្មានអំណរ គ្មានសេចក្តី សុខ ខកចិត្ត ហើយឈឺចាប់។
សូមស្តាប់សេចក្តីដែលលោកប៉ូលថ្លែងនៅក្នុង ១កូរិនថូស ៦:១៨។
១៨ ចូររត់ចេញពីអំពើសហាយស្មន់ទៅ! រាល់អំពើបាបដែលមនុស្សប្រព្រឹត្ត នោះនៅខាងក្រៅរូបកាយទេ តែអ្នកដែលប្រព្រឹត្តសហាយស្មន់ អ្នកនោះធ្វើបាបទាស់នឹងរូបកាយរបស់ខ្លួនហើយ។
ខ្ញុំមិនជឿថា មនុស្សដែលបណ្តោយខ្លួនទៅក្នុងការរួមភេទជាមួយដៃគូច្រើន ងាយទទួលរងជំងឺសង្គមតែ ប៉ុណ្ណោះនោះទេ។ ត្រូវហើយ នេះជារឿងមួយ។ ប៉ុន្តែ ខ្ញុំជឿថា មនុស្សម្នាក់ដែលបណ្តោយខ្លួនទៅក្នុងការរួម ភេទខុសច្បាប់ គឺគេកំពុងតែធ្វើបាប ហើយកំពុងតែបំពានលើរូបកាយរបស់ខ្លួន។ ខ្ញុំជឿថា រូបកាយរបស់យើង វាតវ៉ាប្រឆាំងនឹងទង្វើបំពាននោះ ហើយជាលទ្ធផល គឺបុគ្គលិកលក្ខណៈរបស់យើងទាំងមូលនឹងត្រូវខូច គឺដោយ សារតែការបំពានលើទំនាក់ទំនងផ្លូវភេទនោះឯង។
ជួនកាលយើងនិយាយអំពីមនុស្សដែលបំបែក ឬបំពានច្បាប់របស់ព្រះ។ ខ្ញុំចង់ឲ្យលោកអ្នកយល់ថា រឿង នោះមិនពិតទេ។ យើងមិនអាចបំបែកច្បាប់ព្រះបានឡើយ គឺច្បាប់របស់ព្រះទេតើដែលធ្វើឲ្យយើងខូចបង់វិញ។ នេះជាការពិតនៅក្នុងផ្នែកខាងរូបសាច់ ដែលគ្មានអ្នកណាម្នាក់អាចបង្ខូចច្បាប់ទំនាញផែនដីបានឡើយ។ បើមនុស្សម្នាក់លោតតាមបង្អួចពីជាន់ទីបួនមកដី តើនឹងមានអ្វីកើតឡើង? គេមិនអាចបំបែកច្បាប់ទំនាញផែន ដីបានឡើយ គឺទំនាញផែនដីនឹងបំបែកអ្នកនោះវិញ។ ហើយការនេះពិតណាស់ អំពីរឿងទំនាក់ទំនងផ្លូវភេទ។ យើងមិនអាចបង្ខូចច្បាប់របស់ព្រះឡើយ តែច្បាប់របស់ព្រះនឹងធ្វើឲ្យយើងខូចវិញ។
រឿងសំខាន់នៃសេចក្តីស្រើបស្រាល គឺប្រើប្រាស់បុគ្គលិកលក្ខណៈរបស់មនុស្សជាមធ្យោបាយ ដោយមិន លើកតម្លៃបុគ្គលិកលក្ខណៈ តែបែរជាកេងប្រវ័ញ្ចសម្រាប់គោលបំណងផ្សេង។ ព្រះទ្រង់មិនប្រព្រឹត្តនឹងបុគ្គលិក លក្ខណៈរបស់មនុស្ស តាមរបៀបនេះទេ គឺព្រះទ្រង់តែងតែគោរពបុគ្គលិកលក្ខណៈ ដែលព្រះអង្គទ្រង់ផ្ទាល់បាន បង្កើតមក។
ខ្ញុំចង់អានសេចក្តីពណ៌នាពីរ ជូនលោកអ្នកអំពីសេចក្តីស្រើបស្រាលជាអ្វី និងអ្វីដែលសេចក្តីស្រើបស្រាល ធ្វើការ។ ទីមួយ ចេញពីព្រះគម្ពីរ។ ទីពីរ ចេញពីអ្នកនិពន្ធម្នាក់ដ៏ល្បីល្បាញ។ អត្ថបទគម្ពីរ ដកស្រង់ចេញពី សុភាសិត ៧:៦–២៧។ ខ្ញុំសូមអានជូនចេញពីព្រះគម្ពីរបរិសុទ្ធឆ្នាំ១៩៥៤។
៦ ដ្បិតឪពុកបានមើលតាមបង្អួច ហើយតាមប្រហោងវាំងននទៅ។ ៧ ឪពុកឃើញក្នុងចំណោមមនុស្សល្ងង់ ឪពុកពិចារណាក្នុងចំណោមពួកកំលោះ មានម្នាក់ដែលឥតប្រាជ្ញា។ ៨ កំពុងតែដើរទៅតាមជ្រុងផ្លូវរបស់ស្ត្រីនោះ ក៏ តម្រង់ទៅឯផ្ទះនាង។ ៩ គឺនៅពេលព្រលប់ កាលពន្លឺទៅព្រឹលៗទៅហើយ ឬនៅពេលពាក់កណ្តាលអធ្រាត្រ កាលងងឹតសូន្យទៅហើយ។ ១០ នោះឃើញមានស្ត្រីម្នាក់មកជួបនឹងវា នាងនោះតែងខ្លួនរបៀបជាស្រីពេស្យា ហើយមានចិត្តពេញដោយឧបាយ។ ១១ នាងធ្វើសំឡេងឮៗ ហើយក៏មានក្បាលរឹង ជាអ្នកដែលនៅក្នុងផ្ទះមិនជាប់។ ១២ ជួនកាលនាងនៅឯផ្ទះ ជួនកាលនៅទីផ្សារ ហើយក៏លបចាំនៅគ្រប់ទាំងជ្រុងផ្លូវផង។ ១៣ គឺយ៉ាងនោះដែល នាងចាប់ ហើយថើបវា ក៏និយាយនឹងវាដោយមុខរឹងថា៖ ១៤ «នៅថ្ងៃនេះ ខ្ញុំបានត្រូវថ្វាយយញ្ញបូជា ជាតង្វាយ មេត្រីក៏បានបំពេញនោះស្រេចហើយ។ ១៥ ហេតុនោះបានជាខ្ញុំចេញមកទទួលអ្នក ដើម្បីខំរកឲ្យឃើញមុខអ្នក ក៏បានឃើញហើយ។ ១៦ ខ្ញុំបានក្រាលកម្រាលប៉ាក់នៅលើគ្រែខ្ញុំ ព្រមទាំងសំពត់ពណ៌ធ្វើពីអំបោះស្រុកអេស៊ីព្ទផង។ ១៧ ខ្ញុំបានប្រោះដំណេកដោយគ្រឿងក្រអូប គឺដោយជ័រល្វីង ក្រឹស្នា និងសម្បកល្វង។ ១៨ ចូរមក យើងនឹងបាន ឆ្អែតចិត្តដោយសេចក្តីស្នេហាដរាបដល់ភ្លឺ ចូរយើងមានចិត្តត្រេកត្រអាលក្នុងសេចក្តីស្រឡាញ់ចុះ។ ១៩ ដ្បិតប្តីខ្ញុំ មិននៅផ្ទះទេ គាត់បានធ្វើដំណើរទៅឆ្ងាយហើយ។ ២០ ក៏យកថង់ប្រាក់ជាប់នឹងខ្លួនទៅដែរ ដល់ថ្ងៃពេញបូណ៌ ទើបត្រឡប់មកវិញ»។ ២១ គឺដោយពាក្យផ្អែមល្ហែមជាច្រើន នាងបានបបួលឲ្យវាព្រមតាម ហើយដោយពាក្យ បញ្ចើចនៃបបូរមាត់នាង ក៏បង្ខំឲ្យវាទៅផង។ ២២ វាក៏ទៅតាមនាងភ្លាម ប្រៀបដូចជាគោដែលទៅឯទីសម្លាប់ ឬដូចជាប្រើសដែលដើរទៅរកអន្ទាក់។ ២៣ រហូតដល់តែមានព្រួញមកទម្លុះថ្លើមខ្លួន ឬដូចសត្វស្លាបហើរតម្រង់ ទៅជាប់លប់ ឥតដឹងថាគេចាប់យកជីវិតខ្លួនទេ។ ២៤ ដូច្នេះ កូនទាំងឡាយអើយ ចូរស្តាប់យើងឥឡូវ ហើយផ្ចង់ ចិត្តចំពោះពាក្យដែលចេញពីមាត់យើងចុះ។ ២៥ កុំឲ្យចិត្តឯងងាកទៅតាមផ្លូវរបស់ស្រីយ៉ាងនោះឡើយ ក៏កុំឲ្យ វង្វេងទៅតាមផ្លូវច្រករបស់វាដែរ។ ២៦ ដ្បិតវាបានធ្វើឲ្យមនុស្សជាច្រើនត្រូវរបួសដួល ពួកអ្នកដែលវាបានសម្លាប់ នោះមានសន្ធឹកណាស់។ ២៧ ផ្ទះរបស់វា គឺជាផ្លូវនាំចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ គឺនាំចុះទៅដល់លំនៅ របស់សេចក្តីស្លាប់។
នោះជាពាក្យសម្តីត្រង់ៗ ប៉ុន្តែជាសេចក្តីពិត។ ឥឡូវនេះ លោកអ្នកប្រហែលជាគិតថា៖ «ហ្នឹងវាជារឿង សាសនាទេ។ អ្នកកាន់សាសនាគេគិតបែបហ្នឹងឯង»។ ប៉ុន្តែ ខ្ញុំចង់ប្រាប់លោកអ្នកអំពីសម្តីរបស់មនុស្សម្នាក់ទៀត។ គាត់ជាសាស្ត្រាចារ្យភាសាអង់គ្លេសដ៏ចំណានអស្ចារ្យម្នាក់។ លោកវីលាម សេកស្ពៀរ (William Shakespeare)។ លោកសេកស្ពៀរមិនមែនជាអ្នកកាន់សាសនាទេ នេះតាមដែលយើងដឹង គឺគាត់ជាសាស្ត្រាចារ្យដ៏ជំនាញខាង ភាសាពណ៌នា និងជាអ្នកសង្កេតមើលយ៉ាងសុក្រឹតអំពីជីវិតមនុស្ស។ នេះជាអ្វីដែលលោកសេកស្ពៀរនិយាយនៅ ក្នុងអត្ថបទមួយនៃកំណាព្យជាច្រើនរបស់គាត់ ស្តីអំពីសេចក្តីស្រើបស្រាល។ ខ្ញុំគិតថា គ្មានអ្នកណាម្នាក់ពណ៌នា អំពីសេចក្តីស្រើបស្រាលបានយ៉ាងរស់រវើក ឬយ៉ាងសុក្រឹត ជាងនេះឡើយ។
ការចំណាយវិញ្ញាណ និងកាកសំណល់នៃសេចក្តីអាម៉ាស់ នោះគឺសកម្មភាពសេចក្តីស្រើបស្រាល មិនចេះឆ្អែតឆ្អន់ សេចក្តីស្រើបស្រាល នាំឲ្យភូតភរ កាប់សម្លាប់ បង្ហូរឈាម មានកំហុសធ្ងន់ សាហាវ ហួសហេតុ ទ្រគោះបោះបោក យោរយៅ ទុកចិត្តមិនបាន សប្បាយមួយភ្លែត បែរជាស្អប់ទៅវិញ ដំបូងខំប្រមាញ់ឲ្យបាន តែពេលបាន បានមួយភ្លែត ក្រោយមក នាំឲ្យស្អប់ ព្រោះបានជាប់នុយសន្ទូច អ្នកណាជាប់នុយនោះ ទៅជាមនុស្សឆ្កួតលេលា គឺឆ្កួរនឹងដេញតាម ឲ្យតែបានជារបស់ខ្លួន លុះបានហើយ ចង់បានទៀត មិនចេះស្កប់មិនចេះស្កល់ អួតថាសប្បាយណាស់ តែជាក់ច្បាស់ជាទុក្ខធំ នៅមុខសុំសប្បាយ ដល់នៅក្រោយយល់សប្តិទេ ទាំងអស់នេះលោកិយដឹងច្បាស់ តែគ្មានអ្នកណាដឹងឲ្យច្បាស់ ដើម្បីនឹងគេចចេញពីស្ថានសួគ៌ដែលនាំឲ្យមនុស្សចុះនរកនោះឡើយ។
ខ្ញុំសូមអានពីរបន្ទាត់ចុងក្រោយទាំងនោះជូនលោកអ្នកម្តងទៀត។
ទាំងអស់នេះលោកិយដឹងច្បាស់ តែគ្មានអ្នកណាដឹងឲ្យច្បាស់ ដើម្បីនឹងគេចចេញពីស្ថានសួគ៌ដែលនាំឲ្យមនុស្សចុះនរកនោះឡើយ។
តើលោកអ្នកគិតដូចម្តេច អំពីប្រភេទនៃស្ថានសួគ៌ ដែលនាំមនុស្សឲ្យធ្លាក់នរកបែបនេះ? ចម្លើយរបស់ខ្ញុំ គឺ នោះជាស្ថានសួគ៌ក្លែងក្លាយ ស្ថានសួគ៌ក្លែងបន្លំ ជាស្ថានសួគ៌របស់មារកំណាច ដែលនាំលោកអ្នកឲ្យវិនាស។ តើលោកអ្នកអាចគេចចេញពីនរកនោះដូចម្តេចបាន? លោកសេកស្ពៀរថ្លែងថា៖ «គ្មានអ្នកណាម្នាក់ដឹងច្បាស់ ដើម្បីគេចចេញពីស្ថានសួគ៌ ដែលនាំឲ្យមនុស្សធ្លាក់នរកនោះសោះ»។ នៅថ្ងៃនេះ ខ្ញុំកំពុងប្រាប់លោកអ្នកអំពី របៀបដែលលោកអ្នកអាចគេចចេញពីស្ថានសួគ៌នោះ ដែលជាស្ថានសួគ៌ក្លែងក្លាយ គឺស្ថានសួគ៌ក្លែងក្លាយជា សេចក្តីស្រើបស្រាលដែលបញ្ឆោតមនុស្ស។ ចម្លើយគឺសាមញ្ញ គឺសូមរៀបចំជីវិតរបស់លោកអ្នក ទៅតាមច្បាប់ របស់ព្រះទៅ។ ចូរទទួលយកអ្វីដែលព្រះទ្រង់មានបន្ទូល អំពីការញែករូបកាយជាបរិសុទ្ធ ញែកអាពាហ៍ពិពាហ៍ ជាបរិសុទ្ធនោះទៅ។ សូមលើកតម្លៃអាពាហ៍ពិពាហ៍ ហើយសូមឲ្យការរួមដំណេកបានជាឥតសៅហ្មងទៅ។ កុំ ធ្វើបាបទាស់នឹងរូបកាយរបស់ខ្លួន ដោយអំពើផិតក្បត់ឡើយ។ ព្រះទ្រង់ពិតត្រង់ណាស់ ព្រះអង្គប្រាប់យើងអំពី សេចក្តីពិត ព្រះអង្គដាក់របង និងព្រំដែនទាំងនេះ ដើម្បីឲ្យយើងប្រព្រឹត្ត ប្រយោជន៍ឲ្យខ្លួនយើងមានសេចក្តីល្អ។ ការដែលយើងបះបោរទាស់នឹងសេចក្តីទាំងនោះ មានតែការធ្វើឲ្យយើងវិនាសខ្លួនឯងប៉ុណ្ណោះ។
យើងអស់ពេលសម្រាប់ថ្ងៃនេះហើយ ហើយខ្ញុំនឹងវិលមកជួបលោកអ្នកជាថ្មីម្តងទៀតនៅវគ្គក្រោយ តាម ម៉ោងពេលដដែល។ វគ្គក្រោយ ខ្ញុំនឹងនិយាយអំពីតួនាទីរបស់ប្តី និងប្រពន្ធ នៅក្នុងអាពាហ៍ពិពាហ៍ ដែលភាគី នីមួយៗ រួមចំណែកដ៏វិសេសដល់ទំនាក់ទំនងរួមនោះ។
កូដ: RP-R001-104-KHM









