យើងបានជួបគ្នាម្តងទៀតហើយនៅថ្ងៃនេះ។ សប្ដាហ៍នេះ ខ្ញុំកំពុងចែកចាយអំពីទំនាក់ទំនងផ្ទាល់ខ្លួន ហើយខ្ញុំបានចាប់ផ្តើមដោយការសម្លឹងទៅឯឈើឆ្កាង ដែលជានិមិត្តសញ្ញាធំបំផុតនៃជំនឿគ្រីស្តបរិស័ទ ហើយខ្ញុំបានចង្អុលបង្ហាញថា របារទាំងពីររបស់ឈើឆ្កាង គឺរបារបញ្ឈរ និងរបារផ្តេក ដែលតំណាងឲ្យ ទិសដៅនៃទំនាក់ទំនងពីរផ្សេងគ្នា។ របារបញ្ឈរ និយាយអំពីទំនាក់ទំនងជាមួយព្រះ ឯរបារផ្តេក និយាយ អំពីទំនាក់ទំនងជាមួយប្រជារាស្ត្ររបស់ព្រះ។

នៅថ្ងៃនេះ ខ្ញុំចង់បន្តនិយាយលម្អិតបន្ថែមទៀតអំពីរបារបញ្ឈរ ដែលនិយាយអំពីទំនាក់ទំនងផ្ទាល់ខ្លួន ជាមួយព្រះ។ ខ្ញុំនឹងពន្យល់អំពីគ្រឹះមួយ ដែលព្រះទ្រង់នឹងយាងចូលមកក្នុងទំនាក់ទំនងមួយបែបនោះ ជាមួយមនុស្ស។ ខ្ញុំនឹងចាប់ផ្តើមដោយអានទំនុកតម្កើង ៥០ នៅប្រាំខដំបូង៖

១ ព្រះគឺ​ជា​ព្រះ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ ព្រះ‌នាម​ជា​ព្រះ‌យេហូវ៉ា ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ហើយ ទ្រង់​បាន​កោះ​ហៅ​ទាំង​អស់​ដែល​នៅ​លើ​ផែនដី ចាប់​តាំង​ពី​ទិស​ខាង​ថ្ងៃ​រះ​ទៅ​ដល់​ទិស​ថ្ងៃ​លិច ២ ព្រះ‌ទ្រង់​បាន​ភ្លឺ​មក​ពី​ក្រុង​ស៊ីយ៉ូន ដែល​ជា​ទី​ក្រុង​មាន​លំអ​ដ៏​គ្រប់​លក្ខណ៍ ៣ ព្រះ​នៃ​យើង​ខ្ញុំ​ទ្រង់​យាង​មក ហើយ​មិន​នៅ​ស្ងៀម​ទេ មាន​ភ្លើង​ឆេះ​នៅ​ចំពោះ​ទ្រង់ ហើយ​នៅ​ព័ទ្ធ​ជុំវិញ​ទ្រង់​មាន​ព្យុះ​សង្ឃរា ៤ ទ្រង់​បង្គាប់​ដល់​ស្ថាន‌សួគ៌​នៅ​ខាង​លើ និង​ដល់​ផែនដី ដើម្បី​ជំនុំ‌ជម្រះ​រាស្ត្រ​របស់​ទ្រង់​ថា ៥ ចូរ​ប្រមូល​ពួក​អ្នក​បរិសុទ្ធ​របស់​អញ ឲ្យ​មក​ឯ​ណេះ គឺ​ជា​ពួក​ដែល​បាន​តាំង​សញ្ញា​នឹង​អញ ដោយ​ថ្វាយ​យញ្ញ‌បូជា

ច្បាស់ហើយ នេះជាការបង្ហាញច្បាស់អំពីការយាងមកវិញរបស់ព្រះអម្ចាស់យេស៊ូគ្រីស្ទ នៅក្នុងសិរីល្អ និងព្រះចេស្តា ដែលនៅមិនយូរប៉ុន្មានទៀតទេ។ គោលបំណងចម្បងដែលចែងនៅក្នុងបទគម្ពីរនេះ គឺ ការប្រមូលប្រជារាស្ត្ររបស់ព្រះអង្គមកឯព្រះអង្គផ្ទាល់ ហើយព្រះអង្គបានបង្គាប់ថា៖ «ចូរប្រមូលពួកអ្នក បរិសុទ្ធរបស់យើង ឲ្យមកជួបយើង គឺពួកអ្នកដែលបានតាំងសញ្ញាជាមួយយើង ដោយយញ្ញបូជា!»។ មាននិយម ន័យដ៏សំខាន់មួយនៅទីនេះ។ តើអ្នកណាជា «ពួកអ្នកបរិសុទ្ធ»? តើអ្នកណាជាប្រជារាស្ត្ររបស់ព្រះអង្គពិត ប្រាកដ? ចម្លើយនៅក្នុងបទគម្ពីរនេះ គឺជាពួកដែលបានតាំងសញ្ញាជាមួយយើងដោយយញ្ញបូជា។ ដែលកាន់តែចំន័យពាក្យនៅក្នុងភាសាហេព្រើរ គឺថា៖ «គឺជាពួកដែលបានកាត់សេចក្តីសញ្ញារបស់យើង ដោយសំអាងលើយញ្ញបូជា»។ និយាយបានម្យ៉ាងទៀតថា ពួកអ្នកបរិសុទ្ធ ជាប្រជារាស្ត្ររបស់ព្រះគ្រីស្ទពិត ប្រាកដ ជាអស់អ្នកដែលបានចូលទៅក្នុងទំនាក់ទំនងជាមួយព្រះ ដែលតាំងឡើងដោយយញ្ញបូជា។ នេះជា ទំនាក់ទំនងកិច្ចសញ្ញា។ នេះហើយជាគ្រឹះតែមួយគត់នៃទំនាក់ទំនង ដែលព្រះទ្រង់នឹងទទួល ជាកិច្ចសញ្ញា តាំងឡើងដោយយញ្ញបូជា។ ប្រសិនបើយើងសម្លឹងមើលនៅក្នុងប្រវត្តិសាស្ត្រព្រះគម្ពីរ យើងឃើញថា គ្រប់ពេលដែលព្រះចង់បង្កើតទំនាក់ទំនងដ៏គង់វង្សស្ថិតស្ថេរជាមួយមនុស្ស ព្រះអង្គបានធ្វើតាមរយៈកិច្ច សញ្ញាដែលតាំងឡើងដោយយញ្ញបូជា។ នោះហើយជារបៀបដែលព្រះអង្គបានតាំងសញ្ញាជាមួយលោក ណូអេ ជាមួយលោកអ័ប្រាហាំ ជាមួយអ៊ីស្រាអែល ហើយក៏ជារបៀបដែលព្រះអង្គបានតាំងសញ្ញាជាមួយ ក្រុមជំនុំផងដែរ។

ការពណ៌នាអំពីការតាំងសញ្ញារវាងព្រះយេស៊ូ និងក្រុមជំនុំ គឺនៅក្នុងម៉ាថាយ ២៦:២៧–២៨។ នេះ គឺពេលអាហារចុងក្រោយរបស់ព្រះអម្ចាស់ ហើយបទគម្ពីរចែងថា៖

២៧ រួច​ទ្រង់​យក​ពែង​មក​ប្រទាន​ពរ ក៏​ហុច​ទៅ​ឲ្យ​គេ ដោយ​ព្រះ‌បន្ទូល​ថា ចូរ​បរិភោគ​ពី​ពែង​នេះ​ទាំង​អស់​គ្នា​ចុះ ២៨ ដ្បិត​នេះ​ជា​ឈាម​ខ្ញុំ គឺ​ជា​ឈាម​នៃ​សញ្ញា​ថ្មី ដែល​បាន​ច្រួច​ចេញ សម្រាប់​មនុស្ស​ជា​ច្រើន​ប្រយោជន៍​នឹង​ផ្តាច់​បាប។

យើងឃើញហើយថា មានផ្លូវតែមួយគត់ដើម្បីចូលទៅក្នុងកិច្ចសញ្ញា គឺដោយការទទួលឈាមនៃ សេចក្តីសញ្ញា។ ព្រះយេស៊ូមានបន្ទូលច្បាស់ណាស់ ព្រះអង្គមានបន្ទូលថា៖ «ចូរបរិភោគពីពែងនេះទាំងអស់ គ្នាចុះ»។ និយាយបានម្យ៉ាងទៀតថា គ្មានផ្លូវណាទៀតអាចចូលទៅក្នុងកិច្ចសញ្ញានោះបានទេ គឺមានតែតាម រយៈឈាម ដែលនិយាយអំពីយញ្ញបូជា។ ឥឡូវនេះ យញ្ញបូជានៃសញ្ញាថ្មី គឺជាការសុគតរបស់ព្រះយេស៊ូវ។ នេះជារឿងសំខាន់ដែលយើងត្រូវយល់ចេញពីចំណុចនេះ គឺការសុគតរបស់ព្រះយេស៊ូវ ជាយញ្ញបូជា។ តាម ពិត ការសុគតនោះគឺជាយញ្ញបូជា ដែលសម្រេចជំនួសឲ្យយញ្ញបូជាដទៃទៀតទាំងអស់ដែលបានចែងនៅ ក្នុងព្រះគម្ពីរ។ សេចក្តីនេះបានបញ្ជាក់យ៉ាងច្បាស់ នៅក្នុងគម្ពីរហេព្រើរ ៩:២៦ ដែលចែងអំពីព្រះ យេស៊ូវថា៖

២៦ …តែ​ជាន់​ឥឡូវ​នេះ ដែល​ជា​ចុង​បំផុត​អស់​ទាំង​កល្ប នោះ​ទ្រង់​បាន​លេច​មក​១​ដង ដើម្បី​នឹង​លើក​អំពើ​បាប​ចោល ដោយ​ថ្វាយ​ព្រះ‌អង្គ​ទ្រង់​វិញ ទុក​ជា​យញ្ញ‌បូជា។

ហើយក៏និយាយម្តងទៀតនៅក្នុងហេព្រើរ ១០:១២៖

១២ តែ​ទ្រង់​វិញ ក្រោយ​ដែល​ទ្រង់​បាន​ថ្វាយ​យញ្ញ‌បូជា​តែ​១ ដោយ​ព្រោះ​បាប នោះ​ទ្រង់​បាន​គង់​ខាង​ស្តាំ​ព្រះ នៅ​ជា​រៀង​រាប​ដរាប​ទៅ…

ដូច្នេះ លោកអ្នកឃើញសេចក្តីពិតដែលលេចឡើងហើយ គឺដើម្បីមានទំនាក់ទំនងជាមួយព្រះ លោក អ្នកត្រូវតែចូលទៅក្នុងកិច្ចសញ្ញា ប៉ុន្តែកិច្ចសញ្ញានោះ ត្រូវតែតាំងឡើងដោយយញ្ញបូជា។ គ្មានយញ្ញបូជា គ្មានកិច្ចសញ្ញា។ គ្មានកិច្ចសញ្ញា គ្មានទំនាក់ទំនងជាមួយព្រះ។ សញ្ញាថ្មី ឬសម្ព័ន្ធមេត្រីថ្មី តាំងឡើងដោយ ព្រះយេស៊ូវដែលជាយញ្ញបូជា។ ព្រះអង្គជាយញ្ញបូជាចុងក្រោយ ដែលធួនគ្រប់ សម្រាប់អំពើបាបរបស់យើង ទាំងអស់។ លោហិតរបស់ព្រះអង្គ ជាត្រានៃកិច្ចសញ្ញា។

សូមយើងងាកទៅមើលគម្ពីរហេព្រើរ នៅក្នុងជំពូក ៩:១៦–១៧។ យើងរកឃើញពាក្យសំខាន់ អំពីកិច្ចសញ្ញានៅទីនេះ៖

១៦ ដ្បិត​ដែល​មាន​សំបុត្រ​សញ្ញា​ចែក​មរដក នោះ​ត្រូវ​ដល់​ម្ចាស់​សំបុត្រ​ស្លាប់​ទៅ​សិន ទើប​ចែក​បាន ១៧ ពី​ព្រោះ​សំបុត្រ​សញ្ញា​នោះ​មាន​ប្រយោជន៍​តែ​កាល​ណា​ម្ចាស់​បាន​ស្លាប់​ទៅ​ហើយ​ទេ កាល​ម្ចាស់​កំពុង​រស់​នៅ​ឡើយ នោះ​គ្មាន​អំណាច​សោះ

ពាក្យនេះគឺសាមញ្ញ ហើយងាយយល់ គឺដើម្បីចូលទៅក្នុងកិច្ចសញ្ញា យើងត្រូវដាក់ជីវិតរបស់យើងចុះ។ បើគ្មានការដាក់ជីវិតចុះទេ នោះគ្មានទំនាក់ទំនងកិច្ចសញ្ញាទេ។ ព្រះយេស៊ូបានធ្វើជាគំរូ ប៉ុន្តែ ដើម្បី ចូលទៅក្នុងកិច្ចសញ្ញាជាមួយព្រះអង្គ យើងត្រូវធ្វើតាមគំរូរបស់ព្រះអង្គ។ ព្រះអង្គបានដាក់ព្រះជន្មរបស់ព្រះ អង្គចុះសម្រាប់យើង ប៉ុន្តែកិច្ចសញ្ញាសម្រេចពេញលេញបាន នៅពេលដែលយើងដាក់ជីវិតរបស់យើងចុះ សម្រាប់ព្រះអង្គវិញ។

នៅក្នុងម៉ាថាយ ១៦:២៥ ព្រះយេស៊ូវមានបន្ទូលថា៖

២៥ ព្រោះ​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​វិញ។

បទគម្ពីរនេះ ដាក់នៅចំពោះមុខយើងនូវកត្តាជំនួសមួយដ៏សំខាន់។ ជីវិតមួយបាត់ទៅ ជីវិតមួយរកបានមកវិញ។ ព្រះយេស៊ូវមានបន្ទូលថា៖ «ខ្ញុំមានជីវិតមួយឲ្យអ្នករកបាន ជាជីវិតដែលមានសុវត្ថិភាព ជា ទំនាក់ទំនងកិច្ចសញ្ញារបស់ខ្ញុំ ប៉ុន្តែបើអ្នករាល់គ្នាចង់ចូលទៅក្នុងជីវិតនោះ ដើម្បីឲ្យបានជីវិតថ្មីមួយ នៅ ក្នុងទំនាក់ទំនងកិច្ចសញ្ញាជាមួយខ្ញុំ និងជាមួយប្រជារាស្ត្ររបស់ខ្ញុំ ដំបូង អ្នកត្រូវតែបាត់ជីវិត គឺអ្នកត្រូវដាក់ ជីវិតរបស់អ្នកចុះ»។

ចូរនឹកចាំពីសេចក្តីដែលបានចែងនៅក្នុងគម្ពីរហេព្រើរ៖ សំបុត្រសញ្ញា ឬសំបុត្របណ្តាំមរតក នោះ មានប្រយោជន៍តែកាលណាម្ចាស់បានស្លាប់។ នេះគឺការតម្រូវដាច់ខាតបំផុតនៅក្នុងព្រះគម្ពីរ។ នេះជាការ មួយ ដែលជាញឹកញាប់ ត្រូវបានគេដោះដូរ ហើយជួនកាល ត្រូវបានគេធ្វើមិនដឹងមិនឮ។ ប៉ុន្តែ បើគ្មាន កិច្ចសញ្ញាទេ នោះមិនអាចមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះបានឡើយ។ កិច្ចសញ្ញាមួយ មានសុពលភាព ទៅបាន តែនៅពេលដែលអ្នកចុះកិច្ចសញ្ញាដាក់ជីវិតរបស់ខ្លួនចុះ។ ព្រះយេស៊ូបានដាក់ព្រះជន្មព្រះអង្គចុះ ព្រះអង្គបានលះបង់អ្វីៗទាំងអស់សម្រាប់យើង។ ប្រសិនបើយើងត្រូវស្ថិតនៅក្នុងកិច្ចសញ្ញាជាមួយព្រះអង្គ យើងត្រូវដាក់ជីវិតរបស់យើងចុះ។ ឥឡូវនេះ សូមកុំច្រឡំ ខ្ញុំមិនមែននិយាយអំពីការស្លាប់ខាងរូបសាច់ ដូច ជាអ្នកដែលត្រូវគេសម្លាប់ដោយសារជំនឿនោះទេ ទោះបីជាញឹកញាប់ នៅផ្នែកខ្លះនៃពិភពលោក ជួប រឿងបែបនោះក៏ដោយ តែន័យនេះ ខ្ញុំកំពុងនិយាយអំពីការលះបង់អ្វីៗដែលយើងកំពុងតែតោង មិនព្រម ព្រលែង។ ការព្រមព្រលែងអ្វីៗទាំងអស់ ហើយនិយាយទៅកាន់ព្រះយេស៊ូវគ្រីស្ទថា៖ «ទូលបង្គំនៅទីនេះ។ សូមទទួលយកទូលបង្គំនេះផង។ ទូលបង្គំសូមប្រគល់ជីវិតទូលបង្គំទាំងស្រុង គ្មានការសំចៃទុក គ្មានការ បង្ខាំងទុក។ ទូលបង្គំបាត់ ហើយទូលបង្គំទុកចិត្តឲ្យព្រះអង្គប្រទានជីវិតថ្មីមកទូលបង្គំវិញ នៅក្នុងទំនាក់ ទំនងកិច្ចសញ្ញា ដែលព្រះអង្គបានសន្យា»។

មានពាក្យដាច់ខាតមួយទៀតនៅក្នុងសញ្ញាថ្មី ដែលយើងច្រើនតែមើលរំលងនៅក្នុងក្រុមជំនុំរបស់ យើងខ្លះសព្វថ្ងៃ។ ព្រះយេស៊ូវមានបន្ទូលនៅក្នុងលូកា ១៤:៣៣ ថា៖

៣៣ ដូច្នេះ អស់​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​មិន​លះ​អាល័យ​ពី​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់ នោះ​ធ្វើ​ជា​សិស្ស​ខ្ញុំ​មិន​បាន​ទេ។

សូមកត់សម្គាល់ពាក្យ «មិនអាច»។ ខ្ញុំគិតថា គ្រីស្តបរិស័ទខ្លះនៅសម័យនេះ បានបកស្រាយព្រះ បន្ទូលរបស់ព្រះយេស៊ូនៅទីនេះថា៖ «រឿងនេះពិបាកណាស់ ប៉ុន្តែមានវិធីមួយ»។ ព្រះយេស៊ូវមិនបានមាន បន្ទូលដូច្នោះទេ។ ព្រះអង្គមានបន្ទូលថា គ្មានផ្លូវទេ។ គ្មានផ្លូវធ្វើជាសិស្សរបស់ខ្ញុំបានទេ បើអ្នករាល់គ្នាមិន ព្រមលះបង់អ្វីៗទាំងអស់ដែលអ្នករាល់គ្នាមាន។ អ្នករាល់គ្នាមិនអាចយកអ្វីៗទៅជាមួយ ចូលទៅក្នុងព្រះ រាជ្យរបស់ព្រះបានទេ។ ព្រះយេស៊ូវមានបន្ទូលថា៖ «រីឯទ្វារដែលតូច ហើយផ្លូវចង្អៀត នោះនាំទៅរកជីវិត ហើយ មានមនុស្សតិចទេដែលរកផ្លូវនោះឃើញ»។ នេះជាការព្រមានមួយយ៉ាងមុតមាំ។

ព្រះយេស៊ូវបានមានបន្ទូលនៅចំណុចមួយ នៅក្នុងដំណឹងល្អអំពីការឆ្លងកាត់ «ប្រហោងម្ជុល»។ ព្រះ អង្គបានមានបន្ទូលអំពីសត្វអូដ្ឋ ចូលតាមប្រហោងម្ជុល។ មនុស្សជាច្រើនសព្វថ្ងៃនេះ មិនដឹងថារូបភាព បង្ហាញនេះ មានន័យដូចម្តេចទេ។

នៅក្នុងគំនិតចងចាំរបស់មនុស្សដែលនៅមានជីវិតរស់ កាលខ្ញុំនៅក្មេង ច្រកចូលទៅកាន់មាត់ទ្វារ ចាហ្វា (Jaffa Gate) និងកំផែងខាងលិចនៃក្រុងយេរូសាឡិម មានច្រកទ្វារមួយធំ ដែលបើកនៅពេលថ្ងៃ ហើយបិទជាប់ជានិច្ចនៅពេលយប់។ ហើយក្រោយពេលបិទ ប្រសិនបើអ្នកដំណើរជិះអូដ្ឋបានមកដល់ត្រង់ មាត់ទ្វារនេះ ហើយចង់បានការអនុញ្ញាតចូលទៅក្នុង នោះពួកគេមិនបើកទ្វារធំឲ្យចូលទេ ព្រោះពួកគេខ្លាច មានសត្រូវចូលមកក្នុង ប៉ុន្តែមានច្រកតូចមួយ ស្ថិតនៅក្នុងច្រកធំនោះ។ ច្រកនេះ ល្មមនឹងឲ្យអូដ្ឋអាចចូល បានដោយគ្មានទំនិញជាប់មកជាមួយ គឺគ្មានអ្នកជិះ គ្មានផ្ទុកអ្វីទាំងអស់។ សត្វអូដ្ឋត្រូវលុតជង្គង់ ហើយវារ តាមផ្លូវរបស់វា ឆ្លងកាត់ច្រកទ្វារតូច ដែលស្ថិតនៅក្នុងច្រកទ្វារធំនោះ។

ព្រះយេស៊ូវបានមានបន្ទូលថា នោះហើយជារបៀបដែលត្រូវធ្វើ ប្រសិនបើអ្នករាល់គ្នាចង់ចូលទៅក្នុង ព្រះរាជ្យរបស់ព្រះ។ លោកអ្នកត្រូវធ្វើដូចជាអូដ្ឋនោះ។ លោកអ្នកត្រូវឲ្យអ្នកជិះចុះចេញពីលោកអ្នក លោកអ្នកត្រូវដោះបន្ទុក និងខ្សែចំណងទាំងអស់នោះចេញ លោកអ្នកត្រូវព្រលែងអ្វីៗទាំងអស់ដែលលោក អ្នកកំពុងតែតោងនោះចេញ ហើយលុតជង្គង់ចុះ ដើម្បីឲ្យលោកអ្នកអាចជ្រៀតចូលតាមច្រកទ្វារដ៏តូច ចង្អៀតនោះ។

នោះហើយជាផ្លូវចូលទៅក្នុងព្រះរាជ្យរបស់ព្រះ។ នោះហើយជាគ្រឹះនៃកិច្ចសញ្ញា គឺការដាក់ជីវិត របស់លោកអ្នកចុះ។ ព្រះយេស៊ូបានចាប់ផ្តើមដាក់ជីវិតរបស់ព្រះអង្គចុះសម្រាប់យើង នោះហើយជាការ ដែលព្រះអង្គបានធ្វើជាគំរូ ហើយការទទួលខុសត្រូវរបស់យើង គឺត្រូវធ្វើតាមគំរូនោះ។

ខ្ញុំសូមប្រើពាក្យមួយទៀត គឺថា គ្រឹះសំខាន់សម្រាប់ទំនាក់ទំនងដែលព្រះយេស៊ូវមានបន្ទូលនោះ អាច សង្ខេបជាឃ្លានេះថា៖ ការប្តូរផ្តាច់ចំពោះព្រះ ដោយត្រង់ ផ្ទាល់ខ្លួន ទាំងស្រុង ហើយឥតសំចៃ។ ខ្ញុំសូម និយាយឃ្លានេះម្តងទៀត ព្រោះខ្ញុំចង់ឲ្យលោកអ្នកស្រូបយកពាក្យនេះ គឺ ការប្តូរផ្តាច់ចំពោះព្រះ ដោយ ត្រង់ ផ្ទាល់ខ្លួន ទាំងស្រុង ហើយឥតសំចៃ។

យើងអស់ពេលវេលាហើយសម្រាប់ថ្ងៃនេះ ហើយខ្ញុំនឹងវិលជួបលោកអ្នកជាថ្មីម្តងទៀតនៅវគ្គក្រោយ។ ខ្ញុំនឹងបន្តចែកចាយអំពីគោលសំខាន់នៃទំនាក់ទំនងកិច្ចសញ្ញាជាមួយព្រះ គឺខ្ញុំនឹងនិយាយអំពីកិច្ចសញ្ញាដែល ព្រះបានតាំងជាមួយលោកអ័ប្រាហាំ នៅក្នុងលោកុប្បត្តិ ១៥។ នេះជាបទគម្ពីរដែលបានរៀបរាប់យ៉ាងល្អ ហើយពិស្តារ អំពីរបៀបដែលព្រះទ្រង់យាងចូលមកក្នុងកិច្ចសញ្ញាជាមួយមនុស្ស។

ចូលចិត្ត
ចែករំលែក