មិត្តភាពជាមួយព្រះ

ដេរេក ព្រីនស៍
Published: 1979
Last Updated: September 2026
Read Time: 9
មិត្តភាពជាមួយព្រះមិនមែនជារឿងធម្មតាឡើយ ប៉ុន្តែផ្អែកលើការប្តេជ្ញាចិត្តតាមរយៈសេចក្តីសញ្ញា។ ព្រះគម្ពីរបង្ហាញថា ជំនឿ និងការស្តាប់បង្គាប់របស់លោកអ័ប្រាហាំបាននាំឱ្យលោកក្លាយជាមិត្តរបស់ព្រះ ហើយព្រះយេស៊ូវក៏បានអញ្ជើញពួកសិស្សឱ្យមានសាមគ្គីភាពជាមួយទ្រង់ដែរ។ កម្មវិធីនេះបង្ហាញពីការហៅឱ្យមានការថ្វាយខ្លួនដោយអស់ពីចិត្ត ព្រមទាំងសេចក្តីសុខសាន្ត សុវត្ថិភាព និងសេចក្តីអំណរដែលកើតចេញពីការលះបង់នោះ។
Transcript
សូមជម្រាបសួរលោកអ្នកជាថ្មីសម្រាប់ថ្ងៃនេះ។ សប្ដាហ៍នេះ ខ្ញុំកំពុងនិយាយទៅកាន់លោកអ្នកអំពី កិច្ចសញ្ញា ដែលជាគ្រឹះសម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន ដែលនៅស្ថិតស្ថេរជាមួយព្រះ។
វគ្គមុន ខ្ញុំបានពណ៌នាអំពីរបៀបដែលព្រះជាម្ចាស់បានយាងចូលទៅកិច្ចសញ្ញា ជាមួយលោកអ័ប្រាហាំ នៅក្នុងលោកុប្បត្តិ ១៥។ លោកអ្នកច្បាស់ជានៅចាំអំពីរបៀបដែលលោកអ័ប្រាហាំត្រូវយកសត្វសម្រាប់ ថ្វាយយញ្ញបូជា លោកសម្លាប់សត្វនោះ ពុះសត្វនោះជាពីរចំហៀង ហើយបន្ទាប់មក លោកអ័ប្រាហាំផ្ទាល់ បាន ដើរកាត់នៅចន្លោះសត្វទាំងពីរចំហៀងនោះ ហើយព្រះអម្ចាស់ ក្នុងសណ្ឋានជាភ្លើងចន្លុះដែលកំពុងឆេះ ក៏ បានយាងកាត់ដូចគ្នានោះដែរ។ តាមរយៈការដើរកាត់តង្វាយយញ្ញបូជាដែលពុះជាពីរនោះ ភាគីទាំងពីរ បានចូលទៅក្នុងកិច្ចសញ្ញាជាមួយគ្នា។ សត្វដែលថ្វាយយញ្ញបូជានោះ គឺជាការស្លាប់ ជាសេចក្តីស្លាប់របស់ អ្នកដែលបានចូលទៅក្នុងកិច្ចសញ្ញា។ ផ្លូវដែលចូលទៅក្នុងកិច្ចសញ្ញា គឺតាមរយៈការស្លាប់ គឺដោយការព្រម ដាក់ជីវិតរបស់លោកអ្នកចុះ។
ឥឡូវនេះ នៅថ្ងៃនេះ ខ្ញុំចង់តាមដានមើលការអនុវត្តន៍តាមកិច្ចសញ្ញានៅក្នុងប្រវត្តិសាស្ត្រ និងនៅក្នុង ទំនាក់ទំនងផ្ទាល់ខ្លួនផងដែរ ដែលបានកើតឡើងរវាងព្រះជាម្ចាស់ និងលោកអ័ប្រាហាំ។ ខ្ញុំបានបង្ហាញ ប្រាប់អំពីសេចក្តីនេះយ៉ាងច្បាស់ និងដោយសង្ខេប តាមរបៀបដែលខ្ញុំអាចធ្វើទៅបាន នៅក្នុងសៀវភៅ របស់ខ្ញុំឈ្មោះ «កិច្ចសញ្ញាអាពាហ៍ពិពាហ៍»។ ដូច្នេះ ខ្ញុំនឹងអានជូនលោកអ្នកនូវល្បះខ្លះដែលដកស្រង់ចេញពី សៀវភៅនោះ។ ល្បះទាំងនោះ ពន្យល់អំពីរបៀបនៃកិច្ចដំណើរការនៅក្នុងប្រវត្តិសាស្ត្រ អំពីកិច្ចសញ្ញាដែលព្រះ អម្ចាស់បានតាំងឡើងជាមួយលោកអ័ប្រាហាំ។
តង្វាយសត្វយញ្ញបូជា គឺការស្លាប់ខាងសាច់ឈាម ប៉ុន្តែការស្លាប់នោះ តំណាងឲ្យទម្រង់ មួយផ្សេងទៀតនៃការស្លាប់សម្រាប់អ្នកដែលបានថ្វាយយញ្ញបូជា និងដើរកាត់តង្វាយសត្វដែល ពុះជាពីរនោះ។ អ្នកដែលធ្វើការនេះ ប្រកាសថា ចាប់ពីពេលនេះតទៅ គាត់មិនរស់ សម្រាប់ខ្លួនឯងទៀតទេ។ នៅពេលដែលភាគីម្នាក់ៗដើរកាត់តង្វាយសត្វដែលពុះនោះ គេ និយាយជាប្រមាណទៅកាន់គ្នាថា៖ «ប្រសិនបើចាំបាច់ ខ្ញុំព្រមស្លាប់ដើម្បីអ្នក។ ចាប់ពីពេលនេះ តទៅ ផលប្រយោជន៍របស់អ្នក មានអាទិភាពមកលើផលប្រយោជន៍របស់ខ្ញុំផ្ទាល់។ ប្រសិនបើខ្ញុំ មានអ្វីដែលអ្នកត្រូវការ ហើយអ្នកកំពុងខ្វះខាត នោះអ្វីៗដែលជារបស់ខ្ញុំ គឺជារបស់អ្នក។ ខ្ញុំ មិនមែនរស់នៅសម្រាប់ខ្ញុំទៀតទេ គឺខ្ញុំរស់នៅសម្រាប់អ្នក»។
នៅក្នុងព្រះនេត្ររបស់ព្រះ សកម្មភាពនៃការចុះកិច្ចសញ្ញា មិនមែនជាការប្រារព្ធពិធី ដែលឥតន័យនោះទេ តែជាការប្តូរផ្តាច់ដ៏ពិសិដ្ឋ ហើយមុតមាំ។ ប្រសិនបើយើងតាមដាន មើលនៅក្នុងប្រវត្តិសាស្ត្រ នូវព្រឹត្តិការណ៍ធំៗដែលជាលទ្ធផលកើតចេញពីកិច្ចសញ្ញារបស់ព្រះ អម្ចាស់ជាមួយលោកអ័ប្រាហាំ យើងឃើញថា ភាគីនីមួយៗ ត្រូវតែធ្វើការប្តូរផ្តាច់យ៉ាងមុតមាំ នៅក្នុងការចុះកិច្ចសញ្ញានោះ។
ប៉ុន្មានឆ្នាំក្រោយមក នៅពេលដែលលោកអាប់រ៉ាម មានឈ្មោះជាអ័ប្រាហាំ ព្រះទ្រង់ បន្ទូលទៅគាត់ថា៖ «យើងចង់បានអ៊ីសាក កូនប្រុសឯង គឺជាកូនតែមួយរបស់ឯង។ របស់ដ៏មាន តម្លៃបំផុតដែលឯងមាន គឺមិនមែនជារបស់ឯងទៀតទេ ព្រោះយើង និងឯងបានចុះកិច្ចសញ្ញា ជាមួយគ្នា។ កូននោះជារបស់យើង»។ ដើម្បីជាកិត្តិយសអស់កល្បរបស់គាត់ លោកអ័ប្រាហាំ មិនបានស្ទាក់ស្ទើរឡើយ។ គាត់សុខចិត្តថ្វាយអ៊ីសាក ដែលជាកូនតែមួយគត់។ នៅចុងបំផុត ទើបព្រះអម្ចាស់បានធ្វើអន្តរាគមន៍ដោយផ្ទាល់ពីស្ថានសួគ៌ ហើយបានបញ្ឈប់គាត់មិនឲ្យសម្លាប់ កូន។
ទោះជាយ៉ាងណាក៏ដោយ នោះមិនមែនជាចុងបញ្ចប់របស់សាច់រឿងឡើយ។ ពេលនោះ ព្រះ ទ្រង់ក៏បានប្តូរផ្តាច់អង្គទ្រង់ចំពោះលោកអ័ប្រាហាំដែរ។ ពីរពាន់ឆ្នាំក្រោយមក ព្រះទ្រង់បានសម្រេច ផ្នែកនៃកិច្ចសញ្ញារបស់ព្រះអង្គវិញម្តង។ ដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់លោកអ័ប្រាហាំ និងពូជ ពង្សរបស់លោក ព្រះទ្រង់បានប្រគល់ព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ។ ប៉ុន្តែពេលនេះ គ្មានការ បង្អាក់នៅនាទីចុងក្រោយឡើយ។ នៅលើឈើឆ្កាង ព្រះយេស៊ូបានដាក់ជីវិតរបស់ព្រះអង្គចុះ ទុកជាតម្លៃ ប្រោសលោះពេញថ្លៃសម្រាប់លោកអ័ប្រាហាំ និងពូជពង្សរបស់លោកទាំងអស់។ សកម្មភាពនេះ គឺ ចេញពីការប្តូរផ្តាច់ ដែលព្រះ និងលោកអ័ប្រាហាំបានធ្វើឡើងជាមួយគ្នា នៅយប់ដ៏សំខាន់ កាលពី ពីរពាន់ឆ្នាំមុន គឺនៅពេលដែលភាគីទាំងពីរបានដើរកាត់ចន្លោះតង្វាយយញ្ញបូជាដែលពុះជាពីរនោះ។ ចាប់ពីពេលនោះមក កិច្ចសញ្ញារបស់ភាគីទាំងសងខាង បានកំណត់ទិសដៅប្រវត្តិសាស្ត្រ ដោយសារ តែការតាំងសញ្ញានោះ។
ការប្តូរផ្តាច់ដែលបានធ្វើឡើងនៅក្នុងកិច្ចសញ្ញា មានលក្ខណៈមុតមាំបំផុត សព្វគ្រប់ទាំងអស់ ហើយ មិនសំចៃទុកសោះឡើយ។
នោះហើយជាការសម្រេចទៅតាមកិច្ចសញ្ញាជាក់ស្តែងនៅក្នុងប្រវត្តិសាស្ត្រ។ បុគ្គលម្នាក់ៗ គឺព្រះ ជាម្ចាស់ និងលោកអ័ប្រាហាំ បានធ្វើការប្តូរផ្តាច់ទាំងស្រុង។ លុះពេលមួយមកដល់ ព្រះទ្រង់បានត្រាស់ទៅ លោកអ័ប្រាហាំ ឲ្យបំពេញតាមការប្តូរផ្តាច់របស់លោក ហើយថ្វាយអ៊ីសាក។ ប៉ុន្តែការប្តូរផ្តាច់របស់ព្រះ ក៏ មានលក្ខណៈទាំងស្រុង ដូចលោកអ័ប្រាហាំដែរ។ ដូច្នេះ ពីរពាន់ឆ្នាំក្រោយមក ដល់វេនភាគីម្ខាងទៀត ដែលនៅក្នុងកិច្ចសញ្ញានោះវិញម្តង គឺព្រះបានប្រទានព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ គឺព្រះអម្ចាស់យេស៊ូ គ្រីស្ទ។ សូមចាំថា ការប្តូរផ្តាច់ដែលលោកអ្នកបានធ្វើចំពោះព្រះ នោះវានឹងកំណត់ខ្នាតនៃការប្តូរផ្តាច់របស់ ព្រះ ចំពោះលោកអ្នក គឺប្តូរផ្តាច់ទាំងស្រុងរបស់លោកអ្នកចំពោះព្រះ នោះវាជាការទាញយកការប្តូរផ្តាច់ ទាំងស្រុងមកពីព្រះសម្រាប់លោកអ្នក។ នេះហើយជាគ្រឹះដ៏សំខាន់របស់កិច្ចសញ្ញា។
ទោះជាយ៉ាងណាក៏ដោយ សេចក្តីសញ្ញានោះក៏កាន់តែមានប្រសិទ្ធភាព មកលើទំនាក់ទំនងផ្ទាល់របស់ អ័ប្រាហាំជាមួយព្រះ។ នៅក្នុងគម្ពីរសំបុត្ររបស់យ៉ាកុប ជំពូក២:២១–២៣ លោកយ៉ាកុបថ្លែងអំពីអ្វីដែល លោកអ័ប្រាហាំបានធ្វើនៅពេលដែលលោកបានថ្វាយអ៊ីសាក និងអំពីលទ្ធផល។ យ៉ាកុបថ្លែងដូច្នេះថា៖
២១ ចុះលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើង តើមិនបានរាប់ជាសុចរិត ដោយសារការប្រព្រឹត្ត នៅ ពេលលោកបានថ្វាយអ៊ីសាកជាកូន នៅលើអាសនៈទេឬ? ២២ អ្នកឃើញហើយថា ជំនឿបានរួមជាមួយអំពើដែលលោកប្រព្រឹត្ត ហើយអំពើដែលលោកប្រព្រឹត្តធ្វើ ឲ្យជំនឿបានគ្រប់លក្ខណ៍។ ២៣ យ៉ាងនោះក៏សម្រេចតាមបទគម្ពីរដែលចែងថា៖ «លោកអ័ប្រាហាំបានជឿដល់ព្រះ ហើយព្រះអង្គ បានរាប់សេចក្តីនោះជាសុចរិតដល់លោក» ដូច្នេះ ព្រះក៏ហៅលោកថាជាមិត្តសម្លាញ់របស់ ព្រះអង្គ។ (RKOV)
តាមរយៈការប្តូរផ្តាច់ក្នុងកិច្ចសញ្ញា និងតាមរយៈការអនុវត្តន៍តាមកិច្ចសញ្ញា ដោយការថ្វាយអ៊ីសាក លោកអ័ប្រាហាំត្រូវបានរាប់ថាជាមិត្តសម្លាញ់របស់ព្រះ។ មិត្តសម្លាញ់របស់ព្រះ មានសារសំខាន់ណាស់ ហើយជាឋានៈមួយដ៏មានកិត្តិយសបំផុត។ មេរៀនសំខាន់គឺបែបនេះ កិច្ចសញ្ញា ជាទ្វារនាំទៅរកមិត្តភាពពិត ប្រាកដ។ ពេលមនុស្សពីរនាក់ចុះកិច្ចសញ្ញានឹងគ្នា ពេលមនុស្សពីរនាក់ចុះកិច្ចសញ្ញា ហើយអនុវត្តតាម លក្ខខណ្ឌនៃកិច្ចសញ្ញារបស់គេ នោះហើយជាមិត្តភាពពិត។
គួរឲ្យសោកស្តាយ ពិភពលោកសព្វថ្ងៃនេះ អត្ថន័យនៃពាក្យ «មិត្តសម្លាញ់» ត្រូវបានថយចុះ ហើយជា ពាក្យដែលសាបមែនទែន ហើយមិនសូវមានតម្លៃ។ ប៉ុន្តែ ខ្ញុំចង់ឲ្យលោកអ្នកដឹងថា ខ្នាតនៃមិត្តភាពរបស់ ព្រះ មិនបានប្រែប្រួលឡើយ។ សម្រាប់ព្រះ មិត្តភាពតាំងឡើងដោយការប្តូរផ្តាច់ជាកិច្ចសញ្ញា។ តាមរយៈ ការប្តូរផ្តាច់ជាកិច្ចសញ្ញា លោកអ័ប្រាហាំបានក្លាយជាមិត្តសម្លាញ់របស់ព្រះ។ នៅក្រោមកិច្ចសញ្ញាថ្មី ព្រះ យេស៊ូ ចង់នាំយើងចូលទៅក្នុងទំនាក់ទំនងដូចគ្នានេះដែរជាមួយព្រះអង្គ ជាមិត្តសម្លាញ់ព្រះអង្គ ដូចដែល លោកអ័ប្រាហាំបានទទួលនៅក្នុងកិច្ចសញ្ញាចាស់។ នៅក្នុងយ៉ូហាន ១៥:១៥ ព្រះយេស៊ូមានបន្ទូលទៅកាន់ សិស្សព្រះអង្គថា៖
១៥ ខ្ញុំមិនហៅអ្នកជាបាវបម្រើទៀតទេ... គឺខ្ញុំហៅអ្នករាល់គ្នាថាជាសម្លាញ់វិញ...
នេះជាការដំឡើងឋានៈមួយ ពីបាវបម្រើ ទៅជាមិត្តសម្លាញ់ម្នាក់ ប៉ុន្តែយើងត្រូវយល់ សម្រាប់ខ្លួន យើង ក៏ដូចជាសម្រាប់អ័ប្រាហាំដែរ គឺថា មិត្តភាពមិនជារឿងអន់ទេ។ មិត្តភាព ត្រូវតែបង់ថ្លៃអ្វីម្យ៉ាង ដើម្បីធ្វើជាមិត្តសម្លាញ់របស់ព្រះយេស៊ូ។ សម្រាប់យើង គ្រឹះសំខាន់គឺដូចគ្នានឹងគ្រឹះសម្រាប់លោកអ័ប្រាហាំ ដែរ គឺការប្តូរផ្តាច់ជាកិច្ចសញ្ញា។ ព្រះយេស៊ូបានដាក់ព្រះជន្មរបស់ព្រះអង្គចុះ នៅពេលដែលព្រះអង្គមាន បន្ទូលថា៖ «គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសម្លាញ់របស់ ខ្លួននោះឡើយ»។ ប៉ុន្តែសូមចាំថា ប្រសិនបើយើងធ្វើជាមិត្តសម្លាញ់របស់ព្រះយេស៊ូ យើងត្រូវដាក់ជីវិត របស់យើងចុះសម្រាប់ព្រះអង្គ។ មិត្តភាព គឺជាការប្តូរផ្តាច់ទៅវិញទៅមក។
នៅក្នុងគម្ពីរសំបុត្រទីមួយរបស់លោកយ៉ូហាន ១:៣ លោកយ៉ូហានថ្លែងដូច្នេះថា៖
៣ ដូច្នេះ សេចក្តីដែលយើងបានឃើញ ហើយឮនោះ យើងក៏ប្រកាសប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នក រាល់គ្នាមានសេចក្តីប្រកបជាមួយយើងដែរ រីឯសេចក្តីប្រកបរបស់យើង នោះគឺប្រកបជាមួយ ព្រះវរបិតា និងជាមួយព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្ររបស់ព្រះអង្គ។ (RKOV)
និយាយបានម្យ៉ាងទៀតថា ដំណឹងល្អជាការអញ្ជើញពីព្រះត្រីឯក ឲ្យមកចូលរួមប្រកបគ្នាជាមួយព្រះ វរបិតា និងព្រះរាជបុត្រា ដូចព្រះវរបិតា និងព្រះរាជបុត្រាដែរ។ ពាក្យ «ប្រកបគ្នា» មកពីភាសាក្រិក “koinonia - ខយណូនា”។ នេះជាពាក្យក្រិកដ៏សំខាន់នៅក្នុងសញ្ញាថ្មី។ ពាក្យនេះមានន័យត្រង់ថា មាន ចំណែករួមជាមួយគ្នាទាំងស្រុង។ ដូច្នេះ មិត្តភាពជាការមានចំណែករួមគ្នា។ យើងបានទទួលការអញ្ជើញ ឲ្យមកមានចំណែកនៅក្នុងសេចក្តីប្រកប ដូចគ្នាដែលព្រះវរបិតា និងព្រះរាជបុត្រាមានជាមួយគ្នា។ មាន ការមួយដែលច្បាស់បំផុតអំពីទំនាក់ទំនងនេះ គឺព្រះវរបិតា និងព្រះរាជបុត្រា មានអ្វីៗរួមគ្នា ហើយក៏គ្មានអ្វី លាក់បាំងនឹងគ្នានោះដែរ។ នៅក្នុងយ៉ូហាន ១៧:១០ ព្រះយេស៊ូមានបន្ទូលទៅព្រះវរបិតាដូច្នេះថា៖
១០ អ្វីៗជារបស់ទូលបង្គំក៏ជារបស់ព្រះអង្គ ហើយអ្វីៗជារបស់ព្រះអង្គក៏ជារបស់ទូលបង្គំដែរ...
“koinonia - ខយណូនា” ដែលជាសេចក្តីប្រកបដ៏គ្រប់លក្ខណ៍ ជាសេចក្តីប្រកបដែលចែកចាយគ្នា សព្វគ្រប់ទាំងអស់។ នោះជាខ្នាតគំរូដ៏គ្រប់លក្ខណ៍នៃទំនាក់ទំនងដែលព្រះទ្រង់ចង់នាំយើងចូល។ ទំនាក់ ទំនងនោះត្រូវតែមានឋានានុក្រមរបស់វា។ អ្នកនិយាយ ត្រូវតែប្រើពាក្យ «របស់ខ្ញុំ» មុនពាក្យ «របស់ អ្នក»។ ព្រះយេស៊ូបានមានបន្ទូលថា៖ «អ្វីៗដែលជារបស់ទូលបង្គំ ក៏ជារបស់ព្រះអង្គ» ឯពាក្យសាមញ្ញគឺថា «អ្វីដែលជារបស់ខ្ញុំ គឺជារបស់អ្នក»។ ដោយសំអាងលើគ្រឹះនេះ ព្រះអង្គអាចបន្តមានបន្ទូលទៀតថា៖ «ហើយអ្វីៗជារបស់ព្រះអង្គ ក៏ជារបស់ទូលបង្គំដែរ»។ ឥឡូវនេះ ប្រសិនបើយើងចង់បានទំនាក់ទំនង ប្រភេទនោះ យើងត្រូវធ្វើតាមឋានានុក្រមនោះដូចគ្នា។ យើងត្រូវទូលទៅព្រះអម្ចាស់ថា៖ «ព្រះអម្ចាស់ អើយ អ្វីៗដែលជារបស់ទូលបង្គំ ជារបស់ព្រះអង្គ។ ទូលបង្គំមិនបង្ខាំងទុកអ្វីឡើយ។ ទូលបង្គំសូមធ្វើការប្តូរ ផ្តាច់ទាំងស្រុង មិនមានបង្ខាំងទុកអ្វីឡើយ»។ កាលបើលោកអ្នកអាចប្រកាសបានថា៖ «របស់ទូលបង្គំ ជា របស់ព្រះអង្គ» នោះលោកអ្នកក៏អាចដឹងផងដែរថា «របស់ព្រះអង្គ ជារបស់ទូលបង្គំ»។ ប្រសិនបើលោក អ្នកធ្វើការប្តូរផ្តាច់ទាំងស្រុងចំពោះព្រះ នោះព្រះក៏ឆ្លើយតបដោយប្តូរផ្តាច់ទាំងស្រុងចំពោះលោកអ្នកដែរ។ ខ្ញុំសូមនិយាយឡើងវិញនូវអ្វីដែលខ្ញុំបាននិយាយរួចហើយ។ ខ្នាតនៃការប្តូរផ្តាច់របស់ព្រះចំពោះលោកអ្នក ត្រូវបានកំណត់ដោយខ្នាតនៃការប្តូរផ្តាច់របស់លោកអ្នកចំពោះព្រះអង្គ។ ព្រះទ្រង់មិនប្តូរផ្តាច់ពាក់កណ្តាល ទេ ហើយព្រះអង្គក៏មិនចង់បានការប្តូរផ្តាច់ពាក់កណ្តាលនោះដែរ។ ព្រះបានបង្កើតតម្លៃមួយ គឺព្រះអង្គបាន បង់ថ្លៃសម្រាប់ទំនាក់ទំនងនោះ។ តម្លៃនោះគឺ ជាអ្វីៗដែលលោកអ្នកមាន។ «អស់អ្នកដែលមិនហ៊ានលះ ចោលអ្វីៗដែលខ្លួនមាន អ្នកនោះមិនអាចធ្វើសិស្សរបស់ខ្ញុំបានឡើយ»។
ឥឡូវនេះ លោកអ្នកអាចគិតថា៖ «ស្តាប់ទៅពិបាកណាស់»។ មែន នេះជាការពិត។ ខ្ញុំសូមប្រាប់ លោកអ្នកខ្លះអំពីដំណឹងល្អ។ មានការណ៍ពីរ អំពីព្រះរាជ្យរបស់ព្រះ។ ទីមួយ ព្រះទ្រង់មិនដែលបញ្ចុះតម្លៃ ដូចមនុស្សដែលបញ្ចុះតម្លៃទំនិញរបស់ខ្លួននោះទេ។ ព្រះអង្គមិនដែលបញ្ចុះតម្លៃលើទំនិញណាមួយឡើយ។ ប្រសិនបើលោកអ្នកចង់បានទំនាក់ទំនង ដែលលោកពេត្រុស លោកប៉ូល និងលោកយ៉ូហានមានជាមួយព្រះ អម្ចាស់ លោកអ្នកត្រូវតែបង់ថ្លៃដូចដែលពួកគាត់បានបង់ថ្លៃដែរ។ ព្រះទ្រង់មិនបានបញ្ចុះតម្លៃទេ។ ប៉ុន្តែ ជ្រុងមួយទៀតនៃដំណឹងល្អគឺ នៅក្នុងព្រះរាជ្យរបស់ព្រះ មិនមានអតិផរណាឡើយ។ តម្លៃនោះមិនដែល ឡើងខ្ពស់ ក៏មិនដែលចុះថោកដែរ វានៅស្ថេរដដែល។ លទ្ធផលដែលបានពីការប្តូរផ្តាច់នោះ គឺជាសេចក្តី សុខសាន្ត សុវត្ថិភាព និងអំណរ។ តើលោកអ្នកចង់បានឬទេ? លោកអ្នកត្រូវធ្វើការសម្រេចចិត្ត។ ព្រះយេស៊ូ មានបន្ទូលថា៖ «មើល៍! យើងឈរនៅមាត់ទ្វារទាំងគោះ បើអ្នកណាឮសំឡេងយើង ហើយបើកទ្វារឲ្យ នោះយើង នឹងចូលទៅក្នុងផ្ទះអ្នកនោះ យើងនឹងបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះក៏បរិភោគជាមួយយើងដែរ»។ សូមកត់សម្គាល់ពីឋានុក្រម៖ គឺលោកអ្នកថ្វាយអាហារដល់ព្រះយេស៊ូ បន្ទាប់មក ព្រះអង្គក៏ប្រទានអាហាររបស់ ព្រះអង្គដល់លោកអ្នកវិញ។ «អ្វីៗដែលរបស់ទូលបង្គំ ជារបស់ព្រះអង្គ» ដូច្នេះ «អ្វីៗដែលជារបស់ព្រះអង្គ ជារបស់ទូលបង្គំ»។ តើលោកអ្នកព្រមធ្វើការប្តូរផ្តាច់បែបនោះចំពោះព្រះឬទេ?
យើងចូលមកដល់ចុងបញ្ចប់ហើយសម្រាប់ថ្ងៃនេះ ខ្ញុំនឹងវិលមកជួបលោកអ្នកជាថ្មីម្តងនៅវគ្គក្រោយ។ ថ្ងៃនេះ ខ្ញុំនិយាយអំពីទំនាក់ទំនងជាមួយព្រះ ហើយវគ្គបន្ទាប់ ខ្ញុំចង់បន្តនិយាយអំពី «សម្ព័ន្ធភាពជាមួយ ព្រះ»។
កូដ: RP-R002-104-KHM









