ការរួមសម្ពន្ធ័ភាពជាមួយព្រះ

ដេរេក ព្រីនស៍
Published: 1979
Last Updated: October 2026
Read Time: 9
ការរួបរួមជាមួយព្រះគឺជាទំនាក់ទំនងសញ្ញាដ៏ជិតស្និទ្ធ មិនមែនជាទំនាក់ទំនងដែលទទួលបានតាមរយៈការប្រតិបត្តិសាសនានោះទេ។ រូបភាពនៃអាពាហ៍ពិពាហ៍នៅក្នុងព្រះគម្ពីរបង្ហាញថា ព្រះអង្គស្វែងរកការប្តេជ្ញាចិត្តអស់ពីដួងចិត្តពីអ្នកជឿម្នាក់ៗ។
Transcript
វិសេសណាស់ដែលយើងបានជួបគ្នាជាថ្មីម្តងទៀត។
ក្នុងសប្ដាហ៍នេះ ខ្ញុំកំពុងចែកចាយអំពីទំនាក់ទំនងជាមួយព្រះ។ យើងបានឃើញហើយថា ទំនាក់ទំនងដែលគង់វង្សស្ថិតស្ថេរ ហើយជាគ្រឹះសំខាន់ គឺជាទំនាក់ទំនងកិច្ចសញ្ញា ហើយថា ភាគីទាំងពីរ ដែលចូលទៅក្នុងកិច្ចសញ្ញា ភាគីម្ខាងៗត្រូវដាក់ជីវិតរបស់ខ្លួនសម្រាប់គ្នាទៅវិញទៅមក។ ម្ខាងៗព្រមដាក់ ខ្លួន និងអ្វីៗដែលរបស់ខ្លួន សម្រាប់គ្នាទៅវិញទៅមក។ ជាពិសេស យើងបានឃើញរបៀបដែលព្រះ និង លោកអ័ប្រាហាំបានចូលទៅក្នុងកិច្ចសញ្ញាជាមួយគ្នា និងរបៀបដែលលោកអ័ប្រាហាំបានត្រឡប់ជាមិត្តសម្លាញ់ របស់ព្រះ។
នៅថ្ងៃនេះ ខ្ញុំនឹងនិយាយអំពីលទ្ធផលនៃកិច្ចសញ្ញាបន្ថែមទៀត គឺ «សម្ព័ន្ធភាពជាមួយព្រះ»។ ខ្នាតគំរូអំពីសម្ព័ន្ធភាពដែលព្រះគម្ពីរប្រើនៅក្នុងបរិបទនេះ គឺសម្ព័ន្ធភាពអាពាហ៍ពិពាហ៍។ នៅក្នុងព្រះគម្ពីរ មានបទគម្ពីរជាច្រើន ដែលបានប្រើអាពាហ៍ពិពាហ៍ជារូបភាពទំនាក់ទំនង ដែលព្រះចង់មានជាមួយប្រជារាស្ត្រ របស់ព្រះអង្គដែលជាអ្នកជឿ។ សូមយើងមើលអំពីគំរូខ្លះៗ។
ទីមួយ ខ្ញុំនឹងបង្ហាញជូនខ្លីៗ អំពីគំរូខ្លះចេញពីដំណោះស្រាយរបស់ព្រះ ជាមួយអ៊ីស្រាអែល នៅក្នុង សញ្ញាចាស់។ ភាសាដែលបានប្រើនៅក្នុងបទគម្ពីរ នៅពេលដែលព្រះបានប្រោសលោះអ៊ីស្រាអែលចេញពី អេស៊ីព្ទ ហើយបានចុះកិច្ចសញ្ញាជាមួយពួកគេ ព្រះអង្គបានត្រឡប់ដូចជាប្តីរបស់ពួកគេ។ ទំនាក់ទំនងកិច្ច សញ្ញាដែលព្រះអង្គបានតាំងឡើង គឺជាទំនាក់ទំនងមួយដែលព្រះអង្គដើរតួជាប្តី ដល់ប្រជារាស្ត្រព្រះអង្គ។ ជាលទ្ធផល ការមិនស្តាប់បង្គាប់ ហើយជាពិសេស ការថ្វាយបង្គំរូបព្រះ ដែលពួកហោរាបានថ្លែងនៅក្នុងបទ គម្ពីរ ថាជាអំពើផិតក្បត់។ រូបភាពនេះ ដូចគ្នាណាស់ទៅនឹងការបែកបាក់ទំនាក់ទំនងអាពាហ៍ពិពាហ៍ ពោលគឺ ដូចជាប្រពន្ធដែលមិនស្មោះត្រង់ចំពោះប្តីខ្លួន។
នៅក្នុងសេចក្តីទំនាយនោះដែរ ព្រះគម្ពីរចែងអំពីការស្តារអ៊ីស្រាអែល ឲ្យបានជាទីសព្វព្រះហឫទ័យដល់ ព្រះអង្គឡើងវិញ ហើយរូបភាពនោះបង្ហាញថា ការស្តារឡើងវិញ ឈានដល់កម្រិតចុះកិច្ចសញ្ញាជាថ្មីរវាង ព្រះជាម្ចាស់ និងអ៊ីស្រាអែល ហើយទុកដូចជាការស្តារទំនាក់ទំនងអាពាហ៍ពិពាហ៍ឡើងវិញ។ ឧទាហរណ៍ នៅក្នុងគម្ពីរហូសេ ២:២០ និយាយអំពីការស្តារអ៊ីស្រាអែលឡើងវិញ។ ព្រះទ្រង់មានបន្ទូលទៅពួកគេថា៖
២០ ក៏នឹងដណ្តឹងនាងសម្រាប់យើង ដោយសេចក្តីស្មោះត្រងក៏នឹងដណ្តឹងនាងសម្រាប់អញ ដោយសេចក្ដីស្មោះត្រង់ផង។
ប្រាកដហើយ ពាក្យ «ដណ្តឹង» ជាពាក្យមួយដែលត្រូវបានប្រើនៅក្នុងការតភ្ជាប់ជាមួយទំនាក់ទំនង អាពាហ៍ពិពាហ៍។ ជាថ្មីម្តងទៀត នៅក្នុងអេសាយ ៦២:៥ ព្រះអម្ចាស់មានបន្ទូលអំពីការស្តារអ៊ីស្រាអែល ឡើងវិញ ដូចគ្នានេះដែរថា៖
៥ ..ហើយដែលប្ដីថ្មោងថ្មីមានចិត្តរីករាយចំពោះប្រពន្ធយ៉ាងណា នោះព្រះនៃឯងនឹងមានសេចក្ដីរីករាយចំពោះឯងយ៉ាងនោះដែរ។
ដូច្នេះ ទំនាក់ទំនងជាកិច្ចសញ្ញារបស់ព្រះ ចំពោះប្រជារាស្ត្ររបស់ព្រះអង្គ ដូចគ្នានឹងកិច្ចសញ្ញា អាពាហ៍ពិពាហ៍។ នេះជាអ្វីដែលខ្ញុំគិតថា មានការពិបាកសម្រាប់ឲ្យអ្នកខ្លះពេញចិត្តនឹងការដែលព្រះ ចង់បានទំនាក់ទំនងមួយ ជាមួយប្រជារាស្ត្ររបស់ព្រះអង្គដែលមានលក្ខណៈផ្ទាល់ខ្លួន ហើយស្និទ្ធស្នាល។ ខ្ញុំគិតថា មានអ្វីមួយនៅក្នុងមនុស្សដែលមានប្រវត្តិជាក្រុមជំនុំ ឬតាមការបង្រៀនតាមបែបសាសនា បានធ្វើ ឲ្យពួកគេឃ្លាតឆ្ងាយពីភាពផ្ទាល់ខ្លួន និងភាពស្និទ្ធស្នាល។ ខ្ញុំដឹងតាមរយៈប្រវត្តិរបស់ខ្ញុំផ្ទាល់នៅក្នុងប្រទេស អង់គ្លេស ជាពិសេសនៅពេលដែលខ្ញុំធំឡើង គឺខ្ញុំបានធំឡើងនៅក្នុងគ្រួសារដ៏ល្អមួយ ជាគ្រួសារមានសីលធម៌ ហើយខ្ញុំមានឪពុកម្តាយ និងមានជីដូនជីតាដែលជាមនុស្សល្អ ប៉ុន្តែមិនដែលមានអ្នកណាម្នាក់និយាយអំពីរឿង ស្និទ្ធស្នាលពិតប្រាកដឡើយ។ លោកអ្នកមិនបាននិយាយអំពីទំនាក់ទំនងរបស់ខ្លួនជាមួយព្រះទេ។ ប្តីប្រពន្ធ មិនបានបញ្ចេញឲ្យឃើញភាពកក់ក្តៅពិតៗ ឬពីសេចក្តីស្រឡាញ់ជាសាធារណៈឡើយ។ ភាពស្និទ្ធស្នាល វា ជារឿងមួយដែលត្រូវបានលាក់ស្ងាត់ មិនសូវមានគេដឹង គឺមិនបង្ហាញជាសាធារណៈឡើយ។ ជាលទ្ធផល នៅពេលដែលខ្ញុំបានស្គាល់ព្រះយេស៊ូវ តាមរបៀបផ្ទាល់ខ្លួន ដំបូងវាមិនងាយស្រួលសម្រាប់ខ្ញុំទេ ដែលដឹងពី របៀបស្និទ្ធស្នាល ដែលព្រះទ្រង់ចង់មានទំនាក់ទំនងជាមួយខ្ញុំ។ ក៏ប៉ុន្តែ សញ្ញាថ្មីប្រើភាសាតាមបែបដូចគ្នា ហើយតាមពិត កាន់តែស៊ីជម្រៅជាងសញ្ញាចាស់ទៅទៀត នៅក្នុងចំណុចនេះ។ ឧទាហរណ៍ នៅក្នុងគម្ពីរ អេភេសូរ ៥:២៥ និងខ២៧ លោកប៉ូលថ្លែងដូច្នេះថា៖
២៥ ប្តីបុរសរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធខ្លួនដូចជាព្រះគ្រីស្ទបានស្រឡាញ់ដល់ពួកជំនុំ ហើយបានប្រគល់ព្រះអង្គទ្រង់ជំនួសផង។ ២៧ ប្រយោជន៍នឹងថ្វាយពួកជំនុំនេះដល់ព្រះអង្គទ្រង់ ទុកជាពួកជំនុំដ៏ឧត្តម ឥតប្រឡាក់ ឥតជ្រួញ ឬមានអ្វីឲ្យដូចឡើយ គឺឲ្យបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបានវិញ។
ការប្រដូចនេះ មានលក្ខណៈច្បាស់លាស់ណាស់។ ដូចដែលប្តីស្រឡាញ់ប្រពន្ធជាយ៉ាងណា ព្រះគ្រីស្ទក៏ ស្រឡាញ់ក្រុមជំនុំយ៉ាងនោះដែរ។ ប្តីប្រាថ្នាចង់បានទំនាក់ទំនងបែបនេះ ពីប្រពន្ធរបស់ខ្លួនជាយ៉ាងណា ព្រះ គ្រីស្ទក៏ប្រាថ្នាចង់បានទំនាក់ទំនងបែបនេះ ពីក្រុមជំនុំជាយ៉ាងនោះដែរ។ ហើយតាមពិត កម្រិតខ្ពស់បំផុត នៃទំនាក់ទំនងរវាងព្រះគ្រីស្ទ និងក្រុមជំនុំ គឺជាពិធីមង្គលការរបស់កូនចៀម។ នៅក្នុងវិវរណៈ ១៩:៧ ចែងថា៖
៧ ...ដ្បិតដល់ពេលរៀបវិវាហមង្គលរបស់កូនចៀមហើយ ឯកូនក្រមុំរបស់ព្រះអង្គក៏បានរៀបចំខ្លួនជា ស្រេចហើយដែរ។
ចេញពីចំណុចមួយ ការទទួលខុសត្រូវដ៏ខ្ពស់បំផុតរបស់ក្រុមជំនុំ គឺរៀបចំខ្លួនសម្រាប់សម្ព័ន្ធភាព អាពាហ៍ពិពាហ៍ជាមួយព្រះគ្រីស្ទ។ ខ្ញុំជឿយ៉ាងច្បាស់ និងយ៉ាងមុតមាំថា មានតែអស់អ្នកដែលបានរៀបចំ យ៉ាងដូច្នោះទេ ទើបអាចរាប់ថាជាកូនក្រមុំ ព្រោះបទគម្ពីរបានចែងយ៉ាងច្បាស់ថា៖ «ភរិយារបស់ទ្រង់បាន រៀបខ្លួនជាស្រេច»។ ខ្ញុំឆ្ងល់ មិនដឹងជាសេចក្តីនេះត្រូវសម្រាប់លោកអ្នក ឬក៏យ៉ាងណានោះទេ។ តើលោក អ្នកដឹងអំពីភាពស្និទ្ធស្នាលនៅក្នុងទំនាក់ទំនងដែលព្រះគ្រីស្ទចង់មានជាមួយលោកអ្នកឬទេ? តើលោកអ្នក ដែលឃើញខ្លួនឯងនៅក្នុងទំនាក់ទំនងសេចក្តីស្រឡាញ់នោះឬទេ ហើយប្រសិនបើលោកអ្នកឃើញខ្លួនឯង ហើយដឹងថា សម្ព័ន្ធអាពាហ៍ពិពាហ៍ជាមួយកូនចៀម គឺជាកម្រិតខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រ តើលោក អ្នករៀបខ្លួនជាស្រេចហើយឬនៅ?
ខ្ញុំបាននិយាយថា ព្រះទ្រង់ចង់មានទំនាក់ទំនងមួយ ជាមួយប្រជារាស្ត្ររបស់ព្រះអង្គ ប្រៀបដូចជា ទំនាក់ទំនងអាពាហ៍ពិពាហ៍រវាងប្តី និងប្រពន្ធ ប៉ុន្តែរហូតមកដល់ចំណុចនេះ ខ្ញុំកំពុងនិយាយជារួម អំពី ប្រជារាស្ត្ររបស់ព្រះ។ ឥឡូវនេះ ខ្ញុំចង់បន្តទៅមុខជំហានមួយទៀត។ ខ្ញុំចង់និយាយថា សញ្ញាថ្មី បើកសម្តែងយ៉ាងច្បាស់ថា ព្រះទ្រង់ចង់បានទំនាក់ទំនងមួយ ជាមួយអ្នកជឿគ្រប់រូបដែលប្រៀបដូចជាទំនាក់ ទំនងអាពាហ៍ពិពាហ៍។ ខ្ញុំសូមអានជូនលោកអ្នក ចេញពី១កូរិនថូស ៦:១៦–១៨៖
១៦ ចុះតើអ្នករាល់គ្នាមិនដឹងទេឬអីថា អ្នកណាដែលទៅសេពសម្ភពនឹងស្រីសំផឹង នោះជារូបសាច់តែ១ផងគ្នា ដ្បិតព្រះទ្រង់មានព្រះបន្ទូលថា «អ្នកទាំង២នឹងទៅជាសាច់តែ១»17 ឯអ្នកដែលនៅជាប់នឹងព្រះអម្ចាស់ នោះក៏ជាវិញ្ញាណតែ១នឹងទ្រង់ដែរ។ ១៨ ចូររត់ពីការសហាយស្មន់ចេញ ! (RKOV)
ឥឡូវនេះ ខ្ញុំគិតថា យើងត្រូវមើលឲ្យឃើញថា មានភាពស្រដៀងគ្នាមួយ រវាងទំនាក់ទំនងពីរផ្សេង គ្នា មួយខាងសាច់ឈាម ហើយមួយទៀតខាងវិញ្ញាណ។ ខាងសាច់ឈាម អ្នកណាដែលរួមរក្សជាមួយស្រី ពេស្យា អ្នកនោះគឺជាសាច់តែមួយជាមួយនាង។ ម្យ៉ាងវិញទៀត ខាងវិញ្ញាណ អ្នកណា គឺអ្នកជឿ ដែល តាមរយៈជំនឿ បានរួមរស់ជាមួយព្រះ អ្នកនោះក៏មានវិញ្ញាណតែមួយជាមួយព្រះដែរ។ ខ្ញុំគិតថា សេចក្តី នេះច្បាស់ណាស់ ការប្រដូចនេះត្រូវប្រាកដណាស់។ ទំនាក់ទំនងផ្លូវភេទ ខាងសាច់ឈាមរវាងបុរសម្នាក់ និងស្ត្រីម្នាក់ គឺជាការប្រដូចមួយទៅនឹងទំនាក់ទំនងដែលព្រះទ្រង់ចង់បានជាមួយអ្នកជឿម្នាក់ៗ ខាងឯ វិញ្ញាណ។ ប្រសិនបើយើងប្រកាន់បែបសាសនាជ្រុល ហើយមិនព្រមមើលឲ្យឃើញការអនុវត្តន៍ត្រង់ៗ តាម រូបភាពប្រដូចនោះទេ ខ្ញុំគិតថា យើងនឹងមិនបានឃើញអ្វីដែលព្រះទ្រង់ព្យាយាមមានទំនាក់ទំនងជាមួយ យើង នៅក្នុងអត្ថបទគម្ពីរនោះឡើយ។
ឥឡូវនេះ ខ្ញុំជឿថា សេចក្តីនោះមានសារសំខាន់ណាស់ ដែលលោកប៉ូលថ្លែងថា អ្នកណាដែលនៅរួម រស់ជាមួយព្រះអម្ចាស់ អ្នកនោះមានវិញ្ញាណតែមួយជាមួយនឹងព្រះអង្គ។ ក្នុងន័យមួយគឺថា អ្នកជឿ គឺ ជាអ្នកចាប់ផ្តើម។ គឺអ្នកជឿដែលរួមរស់ជាមួយព្រះអម្ចាស់។ ព្រះអម្ចាស់នឹងមិនចងសម្ព័ន្ធភាពនោះឡើយ ដរាបទាល់តែអ្នកជឿនោះបោះជំហានចេញមក ហើយចូលទៅរកព្រះ ដើម្បីឲ្យបានសម្ព័ន្ធភាពនោះ។ បន្ទាប់មក ទើបអ្នកនោះអាចពោលបានថា ខ្លួនមានវិញ្ញាណតែមួយជាមួយនឹងព្រះអង្គ។ ខ្ញុំជឿថា មានតែ វិញ្ញាណរបស់មនុស្សទេ ដែលអាចរួបរួមជាមួយព្រះបាន។ ព្រះយេស៊ូវ មានបន្ទូលអំពីការថ្វាយបង្គំថា អ្នក ថ្វាយបង្គំពិតប្រាកដ ត្រូវតែថ្វាយបង្គំព្រះអង្គដោយវិញ្ញាណ និងសេចក្តីពិត។ ខ្ញុំជឿថា មានទំនាក់ទំនង មួយ ដែលបុរសម្នាក់ ឬស្ត្រីម្នាក់ ជាអ្នកជឿអាចមាន ខាងឯវិញ្ញាណ ជាមួយព្រះ គឺដូចគ្នាទៅនឹងសម្ព័ន្ធ ភាពអាពាហ៍ពិពាហ៍ ដែលជាការប្តូរផ្តាច់ទាំងស្រុង។
លោកអ្នកឃើញទេ សូម្បីតែនៅក្នុងអាពាហ៍ពិពាហ៍របស់មនុស្ស ព្រះទ្រង់ដាក់ចេញជាការតម្រូវនៃ កិច្ចសញ្ញា គឺការប្តូរផ្តាច់មួយទាំងស្រុង។ ព្រះទ្រង់មិនទទួលស្គាល់អាពាហ៍ពិពាហ៍ណាដែលដំណើរការដោយ គ្មានការប្តូរផ្តាច់ទាំងស្រុងនោះទេ។ ព្រះទ្រង់មិនទទួលស្គាល់អាពាហ៍ពិពាហ៍សាកល្បង ឬទំនាក់ទំនង ពិសោធន៍នោះឡើយ។ អ្វីដែលខ្ញុំចង់និយាយទៅកាន់លោកអ្នកនៅពេលនេះ គឺព្រះទ្រង់មិនមានទំនាក់ទំនង សាកល្បងជាមួយអ្នកជឿទេ។ ព្រះទ្រង់មិនប្តូរផ្តាច់ចំពោះអ្នកដែលមិនបានប្តូរផ្តាច់នោះឡើយ។ ប្រសិនបើលោកអ្នកចង់បានទំនាក់ទំនងដែលស្និទ្ធស្នាល និងផ្ទាល់ខ្លួនបែបនោះជាមួយព្រះ លោកអ្នកត្រូវចុះ កិច្ចសញ្ញាជាមួយព្រះ ដែលតាំងឡើងលើការប្តូរផ្តាច់ទាំងស្រុងចំពោះព្រះអង្គ។
គួរឲ្យសោកស្តាយ មនុស្សជាច្រើននៅក្នុងក្រុមជំនុំរបស់យើងសព្វថ្ងៃនេះ សុទ្ធតែជាមនុស្សដែលមិន បានធ្វើការនោះ។ មានការធំៗជាច្រើនដែលមនុស្សធ្វើ ដើម្បីឲ្យគេអាចទទួលបានទំនាក់ទំនងបែបនោះ ប៉ុន្តែគេមិនធ្វើការនោះទេ។ វាមិនអាចទៅរួចទេ ដែលមានឈ្មោះព័ន្ធកិច្ចផ្សេងៗទាំងអស់ ដើម្បីឲ្យមនុស្ស បង្កើតចេញជាការប្តូរផ្តាច់បែបនេះចំពោះព្រះ។ ខ្ញុំសូមជម្រាបជូនខ្លះ។ មនុស្សនិយាយអំពីរឿងធ្វើការ សម្រេចចិត្ត ការចុះហត្ថលេខាលើប័ណ្ណ ការចាប់ដៃជាមួយគ្រូ ការចូលរួមក្រុមជំនុំ ការមានឈ្មោះនៅក្នុង បញ្ជីក្រុមជំនុំ ការទទួលពិធីជ្រមុជទឹក ឬការបញ្ជាក់ទទួលស្គាល់ ហើយមានការឯទៀតជាច្រើនដែលមនុស្ស លើកយកមកនិយាយនៅក្នុងបរិបទនេះ។
ឥឡូវនេះ ខ្ញុំចង់បញ្ជាក់ឲ្យច្បាស់ថា នៅក្នុងបរិបទដែលត្រឹមត្រូវ គ្មានអ្វីខុសឆ្គងជាមួយកិច្ចការទាំង អស់នោះទេ ប៉ុន្តែគ្មានការណាមួយក្នុងចំណោមការទាំងអស់នោះ ជាការធានាសម្រាប់ទំនាក់ទំនងជាមួយព្រះ ដែលយើងកំពុងនិយាយនេះឡើយ។ គ្មានអ្វីដែលអាចជំនួសការប្តូរផ្តាច់ទាំងស្រុងចំពោះព្រះបានឡើយ។ ព្រះទ្រង់មិនប្រទានសម្ព័ន្ធភាពពិសោធន៍ដល់លោកអ្នកនោះទេ។ ព្រះទ្រង់មិនមែនជាវត្ថុសាកល្បងនោះ ឡើយ ព្រះទ្រង់នឹងប្តូរផ្តាច់អង្គទ្រង់ចំពោះតែអស់អ្នកណា ដែលប្តូរផ្តាច់ចំពោះព្រះអង្គប៉ុណ្ណោះ។ គ្រឹះនៃ ទំនាក់ទំនង គឺកិច្ចសញ្ញា។ គ្រឹះនៃកិច្ចសញ្ញា គឺយញ្ញបូជា។ យញ្ញបូជា គឺជាការដាក់ជីវិតចុះ ជាការ ព្រលែងចោលនូវសេចក្តីបំណងប្រាថ្នារបស់ខ្ញុំ ទ្រព្យសម្បត្តិរបស់ខ្ញុំ មហិច្ឆតារបស់ខ្ញុំ និងអ្វីៗដែលខ្ញុំកំពុង ស្រឡាញ់ ហើយស្អប់អ្វីៗដែលរារាំង រវាងព្រះ និងខ្ញុំ។ ដ្បិតព្រះអម្ចាស់មានបន្ទូលថា ព្រះអង្គជាព្រះដែល ប្រច័ណ្ឌ។ ជាថ្មីម្តងទៀត ពាក្យ «ប្រច័ណ្ឌ» មានលក្ខណៈសំខាន់នៅក្នុងបរិបទទំនាក់ទំនងអាពាហ៍ពិពាហ៍។ ពេលព្រះមានបន្ទូលថា ព្រះអង្គជាព្រះប្រច័ណ្ឌ អ្វីដែលព្រះអង្គកំពុងមានបន្ទូល គឺថា «បើឯងចង់រៀបការ ជាមួយយើង នៅក្នុងជីវិតរបស់ឯង មិនត្រូវមានអ្វីដែលសំខាន់ជាងយើងឡើយ។ យើងទាមទារទាំងអស់ ហើយយើងនឹងទទួលយកមិនឲ្យខ្វះ»។
ខ្ញុំសូមបញ្ចប់ដោយពាក្យនេះថា លក្ខណៈសម្បត្តិដ៏សំខាន់បំផុត ដើម្បីឲ្យមានចំណែកជាកូនក្រមុំ របស់ព្រះ គឺត្រូវបង្កើតឲ្យមានទំនាក់ទំនងផ្ទាល់ខ្លួនជាទីមួយ ជាមួយព្រះអម្ចាស់។
ពេលវេលារបស់យើងអស់ហើយសម្រាប់ថ្ងៃនេះ។ ខ្ញុំនឹងវិលជួបលោកអ្នកជាថ្មី នៅវគ្គក្រោយ ហើយ វគ្គក្រោយ ខ្ញុំនឹងបន្តចែកចាយអំពីគោលសំខាន់នៃទំនាក់ទំនងផ្ទាល់ខ្លួននេះ ប៉ុន្តែខ្ញុំនឹងនិយាយអំពីទំនាក់ទំនង រវាងមនុស្ស និងមនុស្ស។
កូដ: RP-R002-105-KHM









