វិសេសណាស់ដែលយើងបានជួបគ្នាជាថ្មីម្ដងទៀតនៅថ្ងៃនេះ។ សប្ដាហ៍នេះ ខ្ញុំនិយាយអំពីទំនាក់ទំនង ជាមួយប្រជារាស្ត្ររបស់ព្រះ។

វគ្គមុន ខ្ញុំបានពន្យល់ថា កិច្ចសញ្ញាដដែល ដែលនាំយើងចូលទៅក្នុងទំនាក់ ទំនងជាមួយព្រះ កិច្ចសញ្ញានោះក៏នាំយើងចូលទៅក្នុងទំនាក់ទំនងជាមួយប្រជារាស្ត្ររបស់ព្រះផងដែរ។ ទំនាក់ទំនងទាំងពីរនេះ ចាំបាច់ត្រូវតែដើរទន្ទឹម្គ្នា ប្រៀបដូចជារបារទាំងពីររបស់ឈើឆ្កាង ដែលមានរបារ បញ្ឈរ និងរបារផ្ដេក។ នៅក្នុងករណីនីមួយៗ គ្រឹះនៃទំនាក់ទំនង គឺជាកិច្ចសញ្ញា។ ប្រសិនបើលោកអ្នក ដាក់រូបភាពឈើឆ្កាងនៅក្នុងគំនិត និងចំណុចដែលរបារទាំងពីរប្រសព្វគ្នា លោកអ្នកអាចនិយាយបានថា ចំណុចដែលរបារទាំងពីរប្រសព្វគ្នា ចំណុចនោះហើយជាកិច្ចសញ្ញា។ កិច្ចសញ្ញា គឺមានបន្ទាត់បញ្ឈរ និង បន្ទាត់ផ្ដេក។ មានទំនាក់ទំនងទៅកាន់ព្រះ ហើយក៏មានទំនាក់ទំនងទៅកាន់មនុស្សដូចគ្នា។

ឥឡូវនេះ ខ្ញុំនឹងពន្យល់តាមរបៀបជាក់ស្ដែងមួយ ពីរបៀបដែលគោលការណ៍កិច្ចសញ្ញាធ្វើការ នៅ ក្នុងទំនាក់ទំនងរបស់យើងជាមួយអ្នកជឿដូចគ្នា។ ខ្ញុំទុកចិត្តថា ការចែកចាយនេះ មានលក្ខណៈងាយយល់ តាមរបៀបដែលមនុស្សរស់នៅរាល់ថ្ងៃ។

ការចែកចាយមុនៗ យើងបានឃើញថា កិច្ចសញ្ញា តម្រូវឲ្យមានយញ្ញបូជា។ កិច្ចសញ្ញានឹងមិនដែល យកជាការបានឡើយ បើគ្មានយញ្ញបូជា ហើយយញ្ញបូជា តម្រូវឲ្យអ្នកចុះកិច្ចសញ្ញាដាក់ជីវិតចុះ។ មនុស្ស ម្នាក់ចូលទៅក្នុងកិច្ចសញ្ញា តាមរយៈការស្លាប់របស់ខ្លួន។ ការនេះ មិនត្រឹមតែតាំងឡើងនៅក្នុងសញ្ញាចាស់ ប៉ុណ្ណោះទេ តែក៏អនុវត្តចូលមកក្នុងសញ្ញាថ្មីផងដែរ។ នៅក្នុងគម្ពីរហេព្រើរ ៩:១៦-១៧ អ្នកសរសេរគម្ពីរ នេះ បានថ្លែងថាៈ

16 ដ្បិត​ដែល​មាន​សំបុត្រ​សញ្ញា​ចែក​មរដក នោះ​ត្រូវ​ដល់​ម្ចាស់​សំបុត្រ​ស្លាប់​ទៅ​សិន ទើប​ចែក​បាន 17 ពី​ព្រោះ​សំបុត្រ​សញ្ញា​នោះ​មាន​ប្រយោជន៍​តែ​កាល​ណា​ម្ចាស់​បាន​ស្លាប់​ទៅ​ហើយ​ទេ កាល​ម្ចាស់​កំពុង​រស់​នៅ​ឡើយ នោះ​គ្មាន​អំណាច​សោះ។

ខ្ញុំសូមនិយាយឃ្លានេះឡើងវិញ «សំបុត្រសញ្ញា(ឬបណ្ដាំមរតក)នោះមានប្រយោជន៍ តែកាលណា ម្ចាស់បានស្លាប់ទៅប៉ុណ្ណោះ»។ ដូច្នេះ ដើម្បីចូលទៅក្នុងកិច្ចសញ្ញាបាន លោកអ្នកត្រូវចូលតាមរយៈការស្លាប់ របស់លោកអ្នកផ្ទាល់។ ឥឡូវនេះ មានការអនុវត្តន៍ជាក់ស្ដែងបំផុត ហើយការអនុវត្តន៍ជាក់ស្ដែងនោះ បាន ចែងសម្រាប់យើងនៅក្នុង ១យ៉ូហាន ៣:១៦-១៧ ថាៈ

16 ដោយ‌សារ​សេចក្ដី​នេះ យើង​រាល់​គ្នា​បាន​ស្គាល់​សេចក្ដី​ស្រឡាញ់ គឺ​ដោយ​ទ្រង់​បាន​ស៊ូ​ប្តូរ​ព្រះ‌ជន្ម​ទ្រង់​ជំនួស​យើង ដូច្នេះ គួរ​ឲ្យ​យើង​ប្តូរ​ជីវិត​យើង​ជំនួស​បង​ប្អូន​ដែរ17 បើ​អ្នក​ណា​មាន​ភោគ​សម្បត្តិ​របស់​លោកីយ៍​នេះ ហើយ​ឃើញ​បង​ប្អូន​ណា​ដែល​ខ្វះ​ខាត តែ​មិន​ចេះ​អាណិត​មេត្តា​សោះ នោះ​ធ្វើ​ដូច​ម្តេច ឲ្យ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ បាន​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​បាន។

មានគោលការណ៍ខ្លះនៅក្នុងបទគម្ពីរនេះ។ ទីមួយ ព្រះយេស៊ូវបានបង្ហាញយើងអំពីខ្នាតគំរូនៃសេចក្តី ស្រឡាញ់ តាមយ្រៈការបង់ព្រះជន្មរបស់ព្រះអង្គ។ ព្រះអង្គបានមានបន្ទូលថាៈ «គ្មានអ្នកណាមានសេចក្តី ស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ» បន្ទាប់មក ព្រះអង្គ មានបន្ទូលថា៖ «នេះជាបញ្ញត្តិរបស់ខ្ញុំ គឺឲ្យអ្នករាល់គ្នាស្រឡាញ់ដល់គ្នាទៅវិញទៅមក ដូចជាខ្ញុំបាន ស្រឡាញ់អ្នករាល់គ្នា»។ នេះគឺឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក ដោយប្រភេទនៃសេចក្តីស្រឡាញ់ជា កិច្ចសញ្ញាតែមួយ ដែលបង្ហាញចេញដោយការដាក់ជិវិតរបស់យើង ដល់អស់អ្នកដែលយើងស្ថិតនៅក្នុងកិច្ច សញ្ញាជាមួយ ហើយលោកយ៉ូហានបានប្រើការនេះ ជាករណីយកិច្ចសម្រាប់អ្នកជឿគ្រប់រូប។ លោកថ្លែង ថា៖ «យើងក៏ត្រូវប្ដូរជិវិតរបស់យើងសម្រាប់បងប្អូនដែរ»។

នោះមិនមែនមានន័យថា យើងគួរតែស្ម័គ្រចិត្តឲ្យគេសម្លាប់ ដើម្បីឲ្យយើងមានឈ្មោះថាជាមរណៈ សាក្សីនោះទេ។ ការស្លាប់ដោយព្រោះតែគេធ្វើទុក្ខបៀតបៀន អាចមានខ្លះមែន ប៉ុន្តែការស្លាប់បែបនេះ មិនមែនជារឿងដែលលោកយ៉ូហានចង់និយាយនោះទេ ព្រោះនៅខបន្ទាប់បានបញ្ជាក់យ៉ាងច្បាស់។ នេះគឺ ជាជីវិតរស់នៅរាល់ថ្ងៃ នៅក្នុងពិភពលោករបស់យើងសព្វថ្ងៃ។ និយាយតាមភាសាសាមញ្ញគឺថា «រឿងស៊ី ចុកបុកទំពាររាល់ថ្ងៃ»។ អ្នកណាមានភោគសម្បត្តិរបស់លោកីយ៍នេះ ដូចជា [លុយកាក់ ចំណីអាហារ សម្លៀកបំពាក់ និងរបស់ផ្សេងៗដែលមនុស្សត្រូវការ] បើអ្នកណាមានរបស់ទាំងនេះ ហើយឃើញបងប្អូន ណាដែលខ្វះខាត តែមិនចេះអាណិតមេត្តាសោះ នោះធ្វើដូចម្តេចឲ្យសេចក្តីស្រឡាញ់នៃព្រះបានស្ថិតនៅក្នុង អ្នកនោះបាន? «និយាយបានម៉្យាងទៀត ការដាក់ជីវិតរបស់យើង មានន័យថា យើងធ្វើឲ្យខ្លួនយើង និង អ្វីៗទាំងអស់ដែលយើងមាន សម្រាប់ជាប្រយោជន៍ដល់បងប្អូនរួមជំនឿរបស់យើង។ យើងលែងប្រកាស សិទ្ធិផ្ដាច់មុខលើទ្រព្យសម្បត្តិ សិទ្ធផ្ដាច់មុខដែលនិយាយថា «អ្វីៗជារបស់ខ្ញុំ ខ្ញុំធ្វើស្រេចតែចិត្តខ្ញុំ» ផ្ទុយទៅវិញ យើងត្រូវប្រគល់អ្វីៗទាំងនោះឱ្យមានប្រយោជន៍ដល់រូបកាយរបស់ព្រះគ្រីស្ទទាំងមូល និងធ្វើឱ្យបងប្អូនអ្នកជឿអាចទទួលបានជំនួយពីអ្វីដែលយើងមាន។ យើងធ្វើឲ្យរបស់ទាំងអស់នោះអាចបម្រើដល់អ្នកជឿដូចគ្នា។ នោះហើយជាការដាក់ជិវិតរបស់យើង តាម របៀបមួយជាក់ស្ដែងក្នុងជីវិតរស់នៅរាល់ថ្ងៃ។ ខ្ញុំមិនដឹងថា អ្នកដែលស៊ូស្លាប់ ការ​ដែលមាន​ឈ្មោះថា​មរណៈសាក្សីនោះ មានលក្ខណៈយ៉ាងណាទេ ប៉ុន្តែខ្ញុំជឿលើការមួយថា មនុស្សដែលមិនដាក់ជីវិតរបស់ខ្លួនចុះរាល់ថ្ងៃ អ្នកនោះ ក៏មិនបានត្រៀមខ្លួនសម្រាប់ការស្លាប់ ក្នុងភាព​ជាមរណៈសាក្សីដែរ។ នៅក្នុងជិវិតរបស់យើង ត្រូវតែលះ កាត់ចិត្តខ្លួនឯងរាល់ថ្ងៃ។ នោះហើយជាកិច្ចការនៃសេចក្តីស្រឡាញ់ វាផ្ទុយស្រឡះពីរបៀបរស់នៅរបស់មនុស្សធម្មតា ដែលមិនទាន់បានកើតជាថ្មីក្នុងព្រះគ្រីស្ទ។

មនុស្សខាងសាច់ឈាម គឺជំរុញទៅដោយភាពអាត្មាអញ។ អ្វីៗគិតតែពីរឿងខ្លួនឯង អ្វីដែលអញចង់ បាន តាមគំនិតអញ តាមអារម្មណ៍របស់អញ។ នោះហើយជាអ្វីដែលជំរុញចិត្តគាត់។ ឥឡូវនេះ អ្វីដែល បទគម្ពីរបង្រៀន គឺថា ប្រសិនបើយើងត្រូវស្ថិតនៅក្នុងកិច្ចសញ្ញាជាមួយព្រះ និងជាមួយគ្នាទៅវិញទៅមក នោះអាត្មាអញត្រូវតែស្លាប់។ យើងលែងដោលឡើងដោយសារអ្វីដែលខ្ញុំចង់បាន តាមគំនិតខ្ញុំ និងតាម អារម្មណ៍ខ្ញុំទៀតហើយ។ មានអ្វីមួយផ្សេងទៀតចូលមកជំនួសជាអាទិភាព។ តើនោះជាអ្វី? គឺជាអ្វីដែល បងប្អូនរបស់ខ្ញុំចង់បាន អ្វីដែលបងប្អូនរបស់ខ្ញុំត្រូវការ អ្វីដែលបងប្អូនរបស់ខ្ញុំគិត អ្វីដែលព្រះមានបន្ទូលនៅ ក្នុងព្រះបន្ទូលព្រះអង្គ។ ការទាំងនេះត្រឡប់ជាកត្តាចម្បង និងសំខាន់បំផុតនៅក្នុងផ្លូវជីវិតរបស់ខ្ញុំ។ ដូច្នេះ ហើយ ពាក្យ«អាត្មាអញ»ពីមុន ដែលជាអត្មាអញតោងមិនលែងនោះ ត្រូវតែស្លាប់។ អាត្មាអញ ស្លាប់ តាមយ្រៈយញ្ញបូជានៃកិច្ចសញ្ញា។ យើងប្ដូរជីវិតសម្រាប់គ្នាទៅវិញទៅមក។ នេះហើយជាសម្គាល់ដែល យើងពិតជានៅក្នុងកិច្ចសញ្ញាមែន។

ខ្ញុំបានជម្រាបជូនថា យើងមានករណីយកិច្ចចំពោះគ្នាទៅវិញទៅមក ពេលដែលយើងស្ថិតនៅក្នុងកិច្ច សញ្ញាជាមួយគ្នា។ ការឆ្លើយនឹងសំណួរ អាចមានរបៀបផ្សេងៗគ្នាជាច្រើន។ តើករណីយកិច្ចរួមនោះ មាន អ្វីខ្លះ? មានផ្លូវមួយដែលលោកអ្នកអាចធ្វើបាន គឺមើលនៅក្នុងសញ្ញាថ្មី ហើយរើសយកបទគម្ពីរទាំងអស់ ដែលមានឃ្លា «គ្នាទៅវិញទៅមក» ឬ «គ្នា» ដែលត្រូវបានប្រើដើម្បីពណ៌នាអំពីអ្នកជឿ ដែលមាន ទំនាក់ទំនងជាមួយគ្នា។ និយាយបានម៉្យាងទៀតថា សេចក្ដីទាំងនេះ ជាករណីយកិច្ចខ្លះៗដែលយើងត្រូវ បំពេញចំពោះគ្នាទៅវិញទៅមក។ ខ្ញុំនឹងអានជូនលោកអ្នក នូវអត្ថបទគម្ពីរផ្សេងៗគ្នាចំនួន១៩ ដែល និយាយពាក្យ «ទៅវិញទៅមក» ហើយសង្កត់ធ្ងន់លើអ្វីដែលតម្រូវឲ្យយើងធ្វើ នៅក្នុងអត្ថបទគម្ពីរនីមួយៗ

ទីមួយ លាងជើងឲ្យគ្នាទៅវិញទៅមក។

បន្ទាប់មក ស្រឡាញ់គ្នាទៅវិញទៅមក។

ស្អាងគ្នាទៅវិញទៅមក។

ទទួលគ្នាទៅវិញទៅមក។

ទូន្មានគ្នាទៅវិញទៅមក។

ជម្រាបសួរគ្នាទៅវិញទៅមក។

បម្រើគ្នាទៅវិញទៅមក។

ជួយសម្រាលបន្ទុកគ្នាទៅវិញទៅមក។

បង្ហាញការអត់ឱនចំពោះគ្នាទៅវិញទៅមក។

អត់ទោសឲ្យគ្នាទៅវិញទៅមក។

ចុះចូលគ្នាទៅវិញទៅមក។

បង្រៀនគ្នាទៅវិញទៅមក។

កម្សាន្តចិត្តគ្នាទៅវិញទៅមក។

លើកទឹកចិត្តគ្នាទៅវិញទៅមក។

ដាស់តឿនគ្នាទៅវិញទៅមក ឲ្យចេះស្រឡាញ់ និងប្រព្រឹត្តល្អ។

លន់តួបាបចំពោះគ្នាទៅវិញទៅមក។

អធិស្ឋានឲ្យគ្នាទៅវិញទៅមក។

ទទួលរាក់ទាក់គ្នាទៅវិញទៅមក។

ប្រដាប់កាយដោយសេចក្ដីសម្លូតចំពោះគ្នាទៅវិញទៅមក។

មានករណីយកិច្ចសំខាន់ៗចំនួន១៩នៅក្នុងសញ្ញាថ្មី។ ខ្ញុំគិតថា យើងទាំងអស់គ្នាត្រូវសួរខ្លួនឯង។ តើ យើងបំពេញករណីយកិច្ចទាំងនោះបានកម្រិតណាហើយ? ប្រហែលជាក្នុងករណីខ្លះ តើយើងបានធ្វើអ្វីដែល ផ្ទុយស្រឡះ ទៅនឹងអ្វីដែលយើងគួរធ្វើឬទេ? យើងបានទទូលការទូន្មានឲ្យ «ស្រឡាញ់គ្នាទៅវិញទៅមក» និង «ស្អាងជំនឿគ្នាទៅវិញទៅមក»។ តើសេចក្តីនេះ ជាញឹកញាប់កើតឡើងនៅក្នុងក្រុមអ្នកជឿ ផ្ទុយពី ការស្អាងគ្នាទៅវិញទៅមកឬទេ? ផ្ទុយមកវិញ យើងបែរជាកាច់គ្នា រិះគន់គ្នា ហើយហែកហួរគ្នា។ នោះ មិនមែនជាការប្រព្រឹត្តតាមកិច្ចសញ្ញាទេ។ យើងបានទទូលការទូន្មានឲ្យ «បម្រើគ្នាទៅវិញទៅមក» ហើយ «សម្រាលបន្ទុកគ្នាទៅវិញទៅមក»។ ប្រសិនបើយើងប្រព្រឹត្តដោយអាត្មានិយម សម្រាប់តែសេចក្ដីត្រូវការ និងមហិច្ឆិតារបស់យើង ហើយមិនចាប់អារម្មណ៍នឹងសេចក្តីត្រូវការ ឬបញ្ហារបស់អ្នកដទៃ នោះយើងមិន ប្រព្រឹត្តខ្លួនដូចជាបងប្អូនដែលមានកិច្ចសញ្ញាឡើយ។ តាមការពិតជាក់ស្ដែង យើងកំពុងតែដើរផ្ទុយទៅនឹង ករណីយកិច្ចក្នុងកិច្ចសញ្ញាហើយ។

ដូច្នេះ តើយើងត្រូវសម្រេចករណីយកិច្ចទាំងនេះយ៉ាងដូចម្ដេច? ប្រសិនបើយើងមិនធ្វើដូច្នោះទេ នោះយើងមិនសម្រេចតាម្លក្ខខណ្ឌរបស់សញ្ញាថ្មីឡើយ។ «របាផ្ដេក»របស់យើង គឺនៅខុសខ្សែបន្ទាត់ ហើយកំពុងតែប្រាប់យើងជាស្វ័យប្រវត្តិថា របារបញ្ឈររបស់យើង ប្រាកដជាមិនស្ថិតនៅក្នុងខ្សែបន្ទាត់ត្រឹម ត្រូវឡើយ។ អ្វីដែលខ្ញុំចង់ជួយគំនិតលោកអ្នក គឺមានការពីរ ដែលទាក់ទងទៅនឹងការអនុវត្តន៍ករណីយកិច្ច នៃកិច្ចសញ្ញាទាំងនេះ។ ទីមួយ យើងត្រូវមានឥរិយាបថ្មួយថ្មី។ ជំនួសឲ្យការនិយាយពាក្យ «អញ» គឺ អញចង់បាន អញត្រូវការ អញត្រឹមត្រូវជាមួយព្រះ អញអធិស្ឋាន ព្រះប្រទានពរអញ នោះយើងត្រូវដាក់ ជំនួសពាក្យ «អញ» ដោយប្រើពាក្យ «យើង» គឺយើងចង់បាន យើងត្រូវការ យើងអធិស្ឋាន ព្រះប្រទាន ពរយើង ព្រះទ្រង់ជួយយើង ជំនួសវិញ។

សេចក្តីអធិស្ឋានដែលព្រះយេស៊ូបានបង្រៀនពួកសិស្ស ពិតជាមានសារសំខាន់ណាស់ ដែលចាប់ផ្ដើម ដោយពាក្យ «នៃយើងខ្ញុំ» មិនមែន «ខ្ញុំ» នោះទេ គឺៈ«ឱព្រះវរបិតានៃយើងខ្ញុំ»។ ការដំបូង ដែល យើងត្រូវនឹងចាំនៅក្នុងសេចក្តីអធិស្ឋាន គឺថា យើងម្នាក់ៗមិនមែនសម្រាប់តែរឿងផ្ទាល់ខ្លួន ហើយគ្មាន ករណីយកិច្ចចំពោះអ្នកជឿដូចគ្នានោះឡើយ។ ប្រសិនបើយើងអាចយល់បាននូវអ្វីដែលជាប់ទាក់ទងនៅក្នុង ពាក្យដ៏សាមញ្ញនេះ គឺ «ព្រះវរបិតានៃយើងខ្ញុំ» នោះនៅក្នុងករណីជាច្រើន វានឹងធ្វើឲ្យមានការខុសប្លែក យ៉ាងសម្បើមនៅក្នុងឥរិយាបថរបស់យើងទាំងមូល ហើយជាឥរិយាបថ ក្នុងនាមជាអ្នកជឿ។

ទីពីរ យើងត្រូវមានរបៀបរស់នៅមួយថ្មី។ ប្រសិនបើលោកអ្នកគិតឡើងវិញ អំពីការរៀបរាប់ ករណីយកិច្ច ដែលខ្ញុំទើបនឹងបានអានជូនលោកអ្នកអម្បាញ់ម៉ិញ ខ្ញុំគិតថា លោកអ្នកនឹងយល់ស្របថា ករណីយកិច្ចជាច្រើនក្នុងចំណោមករណីយកិច្ចទាំងនោះ មិនអាចអនុវត្តនៅក្នុងព្រះវិហារបានឡើយ។ ការ លាងជើងឲ្យគ្នាទៅវិញទៅមក មិនងាយស្រួលទេ ការបម្រើគ្នាទៅវិញទៅមក មិនងាយស្រួលទេ ការចុះ ចូលគ្នាទៅវិញទៅមក មិនងាយស្រួលទេ។ ជាពិសេស ផ្នត់គំនិតសាសនា ជាស្ថានភាពមួយប្រភេទដែល យើងធ្លាប់ទៅហើយនៅក្នុងក្រុមជំនុំ ហើយជាអ្វីដែលយើងធ្វើជាចម្បង គឺសម្លឹងពីខាងក្រោយ មើលមនុស្ស ដែលនៅខាងមុខយើង និងតាម្សម្លឹងមើលគ្រូអធិប្បាយ ដែលនៅខាងក្រោយតុអធិប្បាយ។ ការនោះ បង្កើតបានជាផលខ្លះមែន ប៉ុន្តែមិនបានផ្ដល់ឱកាសសម្រាប់បំពេញករណីយកិច្ចជាច្រើនទាំងនេះឡើយ។ ដូច្នេះ រឿងសំខាន់គឺថា យើងត្រូវចូលទៅក្នុងរបៀបរស់នៅមួយថ្មី ជារបៀបរស់នៅដែលអនុវត្តករណីយ កិច្ចរបស់យើង នៅក្នុងជីវិតរស់នៅរាល់ថ្ងៃ នៅខាងក្រៅអាគារព្រះវិហារ។ យើងត្រូវការពេលវេលាបន្ថែម ទៀតជាមួយគ្នា មិនមែនតែនៅក្នុងទីកន្លែងដែលយើងជួបជុំគ្នាថ្វាយបង្គំនោះទេ។ បើមិនដូច្នោះទេ យើង ពិតជាមិនអាចរស់នៅបំពេញករណីយកិច្ចរបស់យើងចំពោះគ្នាទៅវិញទៅមកបានឡើយ នោះហើយជា ករណីយរបស់យើងចំពោះព្រះយេស៊ូ។

យើងចូលដល់ទីបញ្ចប់ហើយ ខ្ញុំនឹងវិលជួបលោកអ្នកជាថ្មីនៅវគ្គក្រោយ ហើយវគ្គក្រោយ ខ្ញុំនឹង និយាយបន្ថែមទៀតអំពីរបៀបរស់នៅថ្មីនៃប្រជារាស្ត្ររបស់ព្រះ នៅក្រោម្កិច្ចសញ្ញាថ្មី។ សូមព្រះជាម្ចាស់ ប្រទានពរ។

ចូលចិត្ត
ចែករំលែក