ជម្រាបសួរលោកអ្នក ឥឡូវនេះ យើងបានជួបគ្នាជាថ្មីម្ដងទៀតហើយ។

សប្ដាហ៍នេះ ខ្ញុំកំពុងចែក ចាយអំពីទំនាក់ទំនងកិច្ចសញ្ញា រវាងប្រជារាស្ត្ររបស់ព្រះ។ វគ្គមុន ខ្ញុំបាននិយាយអំពីអាហារកិច្ចសញ្ញា ដែលព្រះយេស៊ូវបានផ្ដើមឡើង គឺពិធីអរព្រះគុណ ឬពិធីលៀងព្រះអម្ចាស់ ឬពិធីកាច់នំប៉័ង ហើយលោក អ្នកអាចហៅមួយណាក៏បាន។ គោលបំណងនៃពិធីនោះ គឺរំលឹក ធ្វើជាប់ជានិច្ច និងបន្ដជាថ្មី។ ដោយ ព្រោះកិច្ចសញ្ញា មានលក្ខណៈពិសិដ្ឋដល់ម៉្លេះនៅចំពោះព្រះនេត្ររបស់ព្រះ ព្រះអង្គទ្រង់ភ្ជាប់នូវព្រះពរដ៏ ពិសេសដល់អ្នកដែលកាន់តាមយ៉ាងត្រឹមត្រូវ ចំពោះអាហារនៃកិច្ចសញ្ញានេះ ប៉ុន្តែវាក៏នាំមកនូវការជំនុំជម្រះយ៉ាងធ្ងន់ធ្ងរផងដែរ ចំពោះអាកប្បកិរិយាគ្រប់រូបភាពដែលបង្ហាញពីការក្បត់ចំពោះការប្តេជ្ញាចិត្តរបស់យើងក្នុងសេចក្តីសញ្ញា។

ដោយព្រោះនេះជាប្រធានបទដ៏សំខាន់ ហើយមុតមាំ នៅថ្ងៃនេះ ខ្ញុំចង់នាំយកពាក្យទូន្មានដ៏ពិសេស មួយជូនលោកអ្នក។ ខ្ញុំចង់ប្រាប់លោកអ្នកអំពីការប្រព្រឹត្តិដែលបំផ្លាញកិច្ចសញ្ញា។ ឥឡូវនេះ នៅក្នុងទំនុក តម្កើង ជំពូក៥០ បានកំណត់យ៉ាងច្បាស់ អំពីបញ្ញត្តិរបស់ព្រះ សម្រាប់ការប្ដូរផ្ដាច់ជាកិច្ចសញ្ញា ដែលជាគ្រឹះ នៃទំនាក់ទំនង។ នៅក្នុងទំនុកតម្កើង ៥០:៥ ព្រះទ្រង់មានបន្ទូលថា៖

៥ ចូរប្រមូលពួកអ្នកបរិសុទ្ធរបស់យើង ឲ្យមកជួបយើង គឺពួកអ្នកដែលបានតាំងសញ្ញាជាមួយយើង ដោយ ថ្វាយយញ្ញបូជា!» (RKOV)

សេចក្ដីនោះ កំណត់ពីអស់អ្នកដែលព្រះទ្រង់រាប់ថាជាពួកបរិសុទ្ធ។ ពួកគេគឺជាអស់អ្នកដែលបានតាំង សញ្ញាជាមួយព្រះអង្គ ដោយថ្វាយយញ្ញបូជា។ ប្រាកដហើយ យញ្ញបូជានៅក្នុងសញ្ញាថ្មី តាំងឡើងដោយ ការសុគតរបស់ព្រះយេស៊ូវជំនួសយើងរាល់គ្នា។

ដើម្បីមានទំនាក់ទំនងជាមួយព្រះ ដើម្បីឲ្យបានរាប់បញ្ចូលទៅក្នុងចំណោមពួកបរិសុទ្ធរបស់ព្រះអង្គ យើងត្រូវតែស្ថិតនៅក្នុងទំនាក់ទំនងជាកិច្ចសញ្ញានោះជាមួយព្រះ ដែលតាំងឡើងដោយការសុគតរបស់ព្រះ យេស៊ូ ជាយញ្ញបូជាជំនួសយើង។

លើសពីនេះទៅទៀត ទំនុកតម្កើត ៥០ បន្តថា ព្រះទ្រង់ប្រទានសេចក្តីសន្យាមួយ ដល់អ្នកអស់ដែល សម្រេចបានតាមលក្ខខណ្ឌនៃកិច្ចសញ្ញារបស់ព្រះអង្គ។ ព្រះអង្គសន្យាថា ព្រះអង្គជាជំនួយរបស់គេក្នុងពេលត្រូវការ។ នៅក្នុងខ១៥ ព្រះអង្គមានបន្ទូលថា៖

១៥ នៅថ្ងៃមានទុក្ខលំបាក ចូរអំពាវនាវរកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងយើង»។ (RKOV)

ប៉ុន្តែក្រោយមកទៀត នៅក្នុងទំនុកតម្កើងដដែលនេះ ព្រះអង្គក៏មានបន្ទូលជាពាក្យបន្ទោសធ្ងន់ៗដល់ អស់អ្នកដែលប្រព្រឹត្តមិនសក្ដិសមនឹងកិច្ចសញ្ញារបស់ខ្លួន។ ពាក្យព្រមាន និងការបន្ទោសនោះ គឺនៅក្នុង ជំពូក ៥០:១៦-២០ គឺៈ

១៦ ប៉ុន្ដែ ចំពោះមនុសាសអាក្រក់ ព្រះមានព្រះ បន្ទូលថា «តើអ្នកមានសិទ្ធិអ្វីនឹងសូត្រពីបញ្ញត្តិរបស់យើង ឬពីសេចក្ដីសញ្ញារបស់យើង ជាប់នឹងមាត់ឯងដូច្នេះ?

លោកអ្នកនឹងកត់សម្គាល់ឃើញថា ព្រះទ្រង់ក្រោធ ព្រោះប្រជារាស្ត្រទាំងនោះដែលប្រកាសថាមាន ទំនាក់ទំនងកិច្ចសញ្ញាជាមួយព្រះអង្គ។ ពួកគេប្រើភាសាកិច្ចសញ្ញា ប៉ុន្តែការប្រព្រឹត្តិរបស់ពួកគេ ផ្ទុយទៅ នឹងពាក្យដែលគេប្រកាស។ ការនេះបង្ហាញយ៉ាងច្បាស់ថា ការដែលប្រកាសថាមានទំនាក់ទំនងកិច្ចសញ្ញា ជាមួយព្រះ នោះតម្រូវឲ្យយើងប្រព្រឹត្តចំពោះព្រះ និងចំពោះគ្នាទៅវិញទៅមក ដោយខ្នាតមួយយ៉ាង ខ្ពស់។ នៅខបន្ទាប់ ព្រះទ្រង់បន្តបញ្ជាក់ច្បាស់ថា ព្រះអង្គនឹងមិនទទួលពាក្យដែលគេប្រកាសថាខ្លួនស្ថិតនៅ ក្នុងទំនាក់ទំនងកិច្ចសញ្ញាជាមួយព្រះអង្គឡើយ។ ព្រះអង្គមានបន្ទូលដូច្នេះថាៈ

17 ដែល​ឯង​ជា​អ្នក​ស្អប់​សេចក្ដី​ប្រដៅ ហើយ​ក៏​បោះ‌បង់​ចោល​ពាក្យ​អញ​ទៅ​ក្រោយ​ខ្នង​ដូច្នេះ 18 កាល​ឯង​បាន​ឃើញ​ចោរ នោះ​ក៏​ចូល​គំនិត​នឹង​គេ ហើយ​មាន​ចំណែក​ជា​មួយ​នឹង​ពួក​សំផឹង​ផង 19 ឯង​បាន​ប្រគល់​មាត់​ឯង​ទៅ​សេចក្ដី​អាក្រក់ ហើយ​អណ្តាត​ឯង​បង្កើត​កល‌មាយា 20 ឯង​អង្គុយ​និយាយ​ដើម​ពី​បង​ប្អូន ឯង​និយាយ​បង្កាច់​ឈ្មោះ​ទាំង​កូន​ពោះ​១​នឹង​ឯង​ផង។

នៅទីនេះ មានប្រភេទនៃការប្រព្រឹត្តខ្លះ ដែលបង្ខូចតម្លៃមនុស្សឲ្យប្រាសចាកពីទំនាក់ទំនងកិច្ច សញ្ញា។ ការប្រព្រឹត្តិទីមួយដែលបានលើកមកបង្ហាញ អាចសង្ខេបថាជា ការគ្មានវិន័យ ច្រានចោលព្រះ បន្ទូលរបស់ព្រះ ហើយចូលដៃជាមួយពួកចោរ និងពួកផិតក្បត់។ ប៉ុន្តែការសង្កត់ធ្ងន់ជាចម្បង គឺទៅលើ សេចក្តីអាក្រក់មួយដោយសារអណ្ដាត។ គឺ «អ្នកបានប្រគល់មាត់របស់អ្នក ទៅបម្រើសេចក្ដីអាក្រក់» « ហើយអណ្ដាតអ្នកតែងបង្កើតចេញ នូវពាក្យបោកប្រាស់។ » «អ្នកអង្គុយនិយាយដើមបងប្អូនរបស់ខ្លួន» ហើយ «អ្នកនិយាយបង្កាច់បងប្អូនពោះមួយរបស់អ្នក»។ អណ្ដាតបានធ្វើការបួនយ៉ាង។ ខ្ញុំចង់និយាយ ដូច្នេះថាៈ អំពើបាបរបស់អណ្ដាត វាបំផ្លាញទំនាក់ទំនងកិច្ចសញ្ញា ច្រើនជាងអំពើបាបទាំងអស់ផ្សេងទៀត ដែលរួមបញ្ជូលគ្នាផង។ នៅក្នុងយ៉ាកុប ៣:៦ លោកយ៉ាកុបថ្លែងថាៈ

៦. ហើយ​អណ្តាត​ក៏​ជា​ភ្លើង​ដែរ គឺ​ជា​លោកីយ៍​ដ៏​ពេញ​ដោយ​សេចក្ដី​ទុច្ចរិត ជា​គ្រឿង​រាប់​បញ្ចូល​ជា​១​នឹង​អវយវៈ​ឯ​ទៀត​របស់​យើង ជា​របស់​ដែល​ធ្វើ​ឲ្យ​រូប‌កាយ​ទាំង​មូល​ស្មោក‌គ្រោក ក៏​បញ្ឆេះ​ទាំង​ផ្លូវ​ជីវិត​ផង ហើយ​ភ្លើង​ឆេះ​នោះ​មក​ពី​ស្ថាន​នរក​ដែរ។

សូមកត់សម្គាល់ៈ នៅពេលដែលអណ្ដាតប្រើខុស ធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក។ ការនោះ ពិតណាស់ អ្នកជឿម្នាក់ៗ ពេលប្រើអណ្ដាតខុស នោះមិនត្រឹមតែខុសនៅក្នុងទំនាក់ទំនងរបស់គាត់ប៉ុណ្ណោះ ទេ គឺនៅក្នុងរូបកាយរបស់ព្រះយេស៊ូវគ្រីស្ទជារួមទៀតផង។ ការដែលពួកអ្នកជឿប្រើអណ្ដាតខុសក្នុង ចំណោមពួកគេ នោះធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក។ គឺវាធ្វើឲ្យមនុស្សបែបនោះ មិនសក្ដិសមនឹង ប្រកាសទំនាក់ទំនងកិច្ចសញ្ញាជាមួយព្រះ និងជាមួយគ្នាទៅវិញទៅមកឡើយ។

ខ្ញុំចង់លើកឡើងអំពីការប្រើអណ្ដាតខុសពីរយ៉ាង ដែលធ្វើឲ្យរូបកាយរបស់ព្រះគ្រីស្ទឈឺចាប់ ជាកំហុស ដែលខ្ញុំជឿថា វាជារឿងទូទៅគួរឲ្យសោកសៅ នៅក្នុងចំណោមប្រជារាស្ត្ររបស់ព្រះសព្វថ្ងៃ។ ទីមួយ ដូច មានចែងនៅក្នុងទំនុកតម្កើង ជំពូក១៥។ ទំនុកតម្កើង១៥ ចាប់ផ្ដើមដោយសំណួរថាៈ «ឱព្រះយេហូវ៉ាអើយ តើអ្នកណានឹងនៅក្នុងរោងឧបោសថរបស់ទ្រង់? តើអ្នកណានឹងនៅលើភ្នំបរិសុទ្ធនៃទ្រង់បាន?» ខ្លឹមសារនៃ សំណួរគឺ «តើអ្នកណាសក្តិសមនឹងមានទំនាក់ទំនងប្រកបជិតស្និទ្ធជាមួយព្រះ?» ហើយនៅក្នុងខផ្សេងទៀត នៃទំនុកតម្កើងនេះ អ្នកសរសេរទំនុកតម្កើងបញ្ជាក់អំពីលក្ខខណ្ឌដប់មួយនៅក្នុងជិវិតរបស់មនុស្សដែល ប្រកាសថាមានសេចក្តីប្រកបជិតស្និទ្ធជាមួយព្រះ។ ខ្ញុំនឹងមិននិយាយអំពីលក្ខខណ្ឌទាំងដប់មួយនោះទេ គឺខ្ញុំ គ្រាន់តែអានខទីបីប៉ុណ្ណោះ ដែលមានលក្ខខណ្ឌបី ក្នុងចំណោមលក្ខខណ្ឌទាំងដប់មួយ ដើម្បីឲ្យមានសេចក្តី ប្រកបជាមួយព្រះ។ ទំនុកតម្កើងនិយាយអំពីមនុស្សបែបនោះ នៅក្នុងខទីបីថាៈ

៣. ជា​អ្នក​ដែល​មិន​ពោល​បង្កាច់​ដោយ​អណ្តាត ឬ​ធ្វើ​អាក្រក់​ដល់​មិត្ត​សំឡាញ់ ឬ​យក​រឿង​បក​កេរ្តិ៍​ពី​អ្នក​ជិត​ខាង​ខ្លួន​ឡើយ។

មានពីរក្នុងចំណោមលក្ខខណ្ឌទាំងនោះ ទាក់ទងនឹងអណ្ដាត។ ទីមួយគឺយើងមិនត្រូវនិយាយមួល បង្កាច់ ទីពីរ យើងមិនបកកេរ្តិ៍ទាស់នឹងអ្នកជិតខាងខ្លួន។ និយាយមួលបង្កាច់ គឺជាការពង្រីកការព្យាបាទ ឬការបំផ្លាញ ឬពាក្យសម្ដីឈឺចាប់អំពីអ្នកណាម្នាក់។ ខ្ញុំគិតថា ខ្ញុំមិនចាំបាច់រំលឹកលោកអ្នកអំពីពាក្យដ៏ សំខាន់មួយនោះទេ នោះគឺពាក្យ «អារក្ស» ដែលមានន័យត្រង់ថា «មេមួលបង្កាច់»។ នៅក្នុងវិវរណៈ ជំពូក១២ ប្រាប់យើងថា អារក្សជា «មេចោទប្រកាន់ពួកបងប្អូន» អារក្សជាមេចោទប្រកាន់ប្រជារាស្ត្រ របស់ព្រះ។ គ្រប់ពេលដែលយើងនិយាយមួលបង្កាច់បងប្អូនរួមជំនឿ ឬចោទប្រកាន់ពួកគេ នោះអ្វីដែល យើងកំពុងធ្វើ គឺកំពុងបម្រើអារក្ស ដោយធ្វើកិច្ចការរបស់វា។ ខ្ញុំសូមអង្វរលោកអ្នក កុំធ្វើការនោះឡើយ។ អារក្សមិនត្រូវការឲ្យលោកអ្នកជួយទេ! អារក្សវាចេះល្មម ដោយមិនបាច់ស្វែងរកជំនួយក្នុងចំណោម ប្រជារាស្ត្ររបស់ព្រះឡើយ។

ប៉ុន្ដែ លក្ខខណ្ឌទីពីរនៅក្នុងទំនុកតម្កើង ១៥:៣ ចែងថា យើងមិនត្រូវទទួលពាក្យនិយាយបកកេរ្តិ៍ពី អ្នកជិតខាងខ្លួន។ នៅពេលដែលអ្នកណាម្នាក់មកប្រាប់យើង ដោយនិយាយមួលបង្កាច់ ឬនិយាយសម្ដីមិន សមរម្យអំពីបងប្អូនរួមជំនឿណាម្នាក់ យើងមិនត្រូវទទួលយកឡើយ។ តើយើងគួរធ្វើដូចម្ដេច? ក្នុងករណី ភាគច្រើន យើងគួរនិយាយថា៖ «បើអ្នកមានអ្វីទាស់នឹងបងប្អូនម្នាក់នោះ ចូរទៅប្រាប់គាត់ដោយផ្ទាល់ទៅ ទៅប្រាប់គេទៅ ខ្ញុំមិនមែនជាមនុស្សដែលអ្នកត្រូវប្រាប់ទេ»។

ឧបមាថា អ្នកជាស្ត្រីមេផ្ទះ ហើយអ្នកទើបតែសម្អាតផ្ទះរបស់អ្នកយ៉ាងស្អាត ទាំងបូម្ធូលីនៅក្នុងបន្ទប់ ទទួលភ្ញៀវ ធូលីនៅលើតុកៅអី និងអ្វីៗទៀតដែលអ្នកចង់សម្អាត ស្រាប់តែមានអ្នកជិតខាងម្នាក់ចូលមក យួរថង់សំរាមស្អុយរលួយចូលមក ហើយចាប់ផ្ដើម្ចាក់សំរាមពេញលើឥដ្ឋិក្នុងបន្ទប់ទទួលភ្ញៀវនោះ។ តើ អ្នកសុខចិត្តឬទេ? ប្រាកដជាមិនសុខចិត្តទេ។ អ្នកនឹងនិយាយថា៖ «យកសំរាមរបស់អ្នកចេញទៅ! ខ្ញុំមិន ត្រូវការទេ!» នោះជាអ្វីដែលលោកអ្នកគួរនិយាយ នៅពេលដែលអ្នកណាម្នាក់មកនិយាយប្រាប់លោកអ្នក ដោយចោទប្រកាន់ ឬនិយាយបង្កាច់បងប្អូនរួមជំនឿណាម្នាក់។ ត្រូវនិយាយថា៖ «យកសំរាមរបស់អ្នក ចេញទៅ! ផ្ទះខ្ញុំមិនត្រូវការសំរាមទេ។ ផ្ទះខ្ញុំសម្អាតរួចហើយ ខ្ញុំមិនចង់វាស្មោកគ្រោកទៀតទេ»។ សូម ចាំថា ពាក្យនិយាយដើម ការបកកេរ្ដិ៍បងប្អូនរួមជំនឿ គឺជាខ្លិនអសោចន៍ខាងវិញ្ញាណ ដូច្នេះ សូមកុំបម្រើ អារក្ស ដោយធ្វើការរបស់វាឡើយ។

មានបញ្ហាមួយទៀត ដែលកើតឡើងទូទៅនៅក្នុងចំណោមគ្រីស្ទបរិស័ទ ដែលខ្ញុំចង់លើកបន្ដិច គឺការ ថ្កោលទោសគ្នា។ នៅក្នុងយ៉ាកុប ៤:១១-១២ ចែងដូច្នេះថាៈ

១១ បង​ប្អូន​អើយ កុំ​ឲ្យ​និន្ទា​គ្នា​ឡើយ អ្នក​ណា​ដែល​និន្ទា ហើយ​ថ្កោល​ទោស​បង​ប្អូន​ខ្លួន នោះ​ក៏​និន្ទា ហើយ​ថ្កោល​ទោស​ចំពោះ​ក្រឹត្យ‌វិន័យ​ដែរ បើ​អ្នក​ថ្កោល​ទោស​ក្រឹត្យ‌វិន័យ នោះ​អ្នក​មិន​មែន​កាន់​តាម​ក្រឹត្យ‌វិន័យ​ទេ គឺ​ឈ្មោះ​ថា​ជា​អ្នក​ថ្កោល​ទោស​វិញ ១២ ឯ​អ្នក​ដែល​តែង​ក្រឹត្យ‌វិន័យ ហើយ​ជំនុំ​ជម្រះ​ផង នោះ​មាន​តែ​១​ទេ គឺ​ជា​ព្រះ ដែល​ទ្រង់​អាច​នឹង​ជួយ​សង្គ្រោះ ឬ​បំផ្លាញ​ក៏​បាន ចុះ​តើ​អ្នក​ជា​អ្វី ដែល​ថ្កោល​ទោស​អ្នក​ដទៃ​នោះ។

ខ្ញុំរកឃើញថា គ្រីស្ទបរិស័ទភាគច្រើនគិតថា ក្នុងរបៀបមួយ ពួកគេទទួលបានការតែងតាំងឲ្យធ្វើជា ចៅក្រមក្រៅផ្លូវការ សម្រាប់បងប្អូនរួមជំនឿរបស់គេ។ ខ្ញុំចង់ឲ្យលោកអ្នកយល់ថា នេះជាកំហុសមួយយ៉ាង ធ្ងន់។ សូមស្រមៃមើលពីរូបភាពតុលាការផ្លូវច្បាប់បន្ដិច។ ប្រសិនបើលោកអ្នកចូលទៅតុលាការ លោកអ្នក នឹងឃើញមានជួរកៅអីដែលលោកអ្នកត្រូវអង្គុយ បន្ទាប់មកជាទូទៅមានចន្លោះទំនេរ និងរបាបង្កាន់ដៃ ឬ ជារបស់អ្វីផ្សេងដែលញែកលោកអ្នកដោយឡែក បន្ទាប់ពីទីនោះ មានអាសនៈរបស់ចៅក្រម។ ជាធម្មតា ចៅក្រមជាមនុស្សចុងក្រោយដែលចូលមកក្នុងតុលាការ ហើយនៅពេលគាត់ចូលមកដល់ ត្រូវមានកិច្ច ស្វាគមន៍មួយ ដែលតម្រូវឲ្យមនុស្សទាំងអស់ក្រោកឈរ។

ឥឡូវនេះ ឧបមាថា ថ្ងៃមួយ លោកអ្នកបានចូលទៅតុលាការ ហើយលោកអ្នកអង្គុយនៅទីនោះ រង់ ចាំមើលការកាត់ក្តីដែលនឹងចាប់ផ្ដើម ពេលនោះ ចៅក្រមដើរចូលមក ហើយលោកអ្នកនិយាយភ្លាមថា៖ «ហេតុអ្វីមិនឲ្យខ្ញុំធ្វើជាចៅក្រមនៅថ្ងៃនេះ?» រួចហើយលោកអ្នកក៏ក្រោកចេញពីជួរកៅអី ហើយដើរ ចេញទៅ ទាំងផ្ដាច់ ឬផ្ដួលរបាំងដែលគេដាក់ខណ្ឌ ដើរសំដៅទៅអង្គុយនៅអាសនៈរបស់ចៅក្រម។ លោក អ្នកដឹងច្បាស់ ថានឹងមានអ្វីកើតឡើងជាប្រាកដ។ ប៉ូលីសនឹងក្រៀកលោកអ្នកចេញ ហើយអាចនឹងត្រូវ ពិន័យ និងត្រូវជាប់ពន្ធនាគារផងក៏អាចថាបាន។ ហេតុអ្វី? ព្រោះលោកអ្នកយកតំណែងចៅក្រម ដែល មិនមែនជាតំណែងស្របច្បាប់របស់លោកអ្នក។ ហេតុនេះហើយបានជាលោកយ៉ាកុបថ្លែងថា ពេលអ្នករាល់ គ្នាថ្កោលទោសបងប្អូនរួមជំនឿរបស់ខ្លួន នោះអ្នករាល់គ្នាលែងកាន់តាមក្រឹត្យវិន័យទៀតហើយ គឺអ្នករាល់គ្នា កំពុងល្មើសនឹងក្រឹត្យវិន័យ។ ខ្ញុំជឿថា ការថ្កោលទោស គឺជាកំហុសមួយ ក្នុងចំណោមកំហុសរួមជាច្រើន ក្នុងចំណោមគ្រីស្ទបរិស័ទ។ យើងតាំងខ្លួនថាមានសិទ្ធិថ្កោលទោសគ្នាទៅវិញទៅមក ក្នុងកាលដែលព្រះមិន បានប្រទានសិទ្ធិនោះដល់យើង ហើយជាលទ្ធផល យើងបរាជ័យនៅក្នុងការប្ដូរផ្ដាច់ជាកិច្ចសញ្ញា ថានឹងស្មោះ ត្រង់ដល់គ្នាទៅវិញទៅមក។

ដូច្នេះ ដើម្បីបញ្ចប់រាជសារនៅថ្ងៃនេះ ខ្ញុំសូមអង្វរលោកអ្នកថា សូមរក្សាអណ្ដាតរបស់លោកអ្នក ដោយប្រុងប្រយ័ត្ន។ សូមកុំវាយប្រហារបងប្អូនរួមជំនឿរបស់ខ្លួនពីក្រោយខ្នង។ សូមកុំធ្វើជាអ្នកនិយាយមួល បង្កាច់ ជាអ្នកអេចអូច ឬជាចៅក្រម ក្នុងកាលដែលព្រះមិនបានតាំងលោកអ្នកនោះឡើយ។

ឥឡូវនេះ យើងចូលដល់ទីបញ្ចប់ហើយ។ នៅថ្ងៃនេះ ខ្ញុំបានចែកចាយអំពីប្រធានបទសំខាន់ៗ ហើយ ធ្ងន់ៗ។ ខ្ញុំសូមអធិស្ឋានឲ្យគ្រប់ទាំងពាក្យរបស់ខ្ញុំនេះ អាចជួយលោកអ្នកក្នុងការរក្សាការប្រព្រឹត្តិ ដែល សក្តិសមទៅនឹងទំនាក់ទំនងកិច្ចសញ្ញារបស់លោកអ្នកជាមួយព្រះ និងជាមួយបងប្អូនរួមជំនឿ។ ខ្ញុំនឹងវិលជួប លោកអ្នកជាថ្មីម្ដងទៀតនៅវគ្គក្រោយ។ សូមព្រះជាម្ចាស់ប្រទានពរ។

ចូលចិត្ត
ចែករំលែក