ចូរប្រដាប់ខ្លួនឲ្យបានត្រឹមត្រូវ

ដេរេក ព្រីនស៍
Published: 1979
Last Updated: October 2026
Read Time: 10
មុនពេលបញ្ជូនពួកសិស្សរបស់ទ្រង់ឲ្យចេញទៅបម្រើព្រះយេស៊ូវបានប្រាប់ពួកគេឲ្យរង់ចាំអំណាចពីព្រះវិញ្ញាណបរិសុទ្ធជាមុនសិន។ អំណោយទានខាងវិញ្ញាណ គឺជាឧបករណ៍ដែលព្រះប្រទានសម្រាប់ការបម្រើនៅក្នុងព្រះកាយរបស់ព្រះគ្រីស្ទ ហើយព្រះប្រទានអំណោយទានទាំងនេះទៅតាមមុខងារ និងតួនាទីដែលព្រះបានកំណត់សម្រាប់អ្នកជឿម្នាក់ៗ។ ការបង្រៀននេះសង្កត់ធ្ងន់ថា យើងត្រូវស្វែងរក និងស្គាល់ទីកន្លែង ឬតួនាទីដែលព្រះបានត្រាស់ហៅយើងឲ្យបម្រើជាមុនសិន បន្ទាប់មកទើបស្វែងរកអំណោយទានខាងវិញ្ញាណដែលចាំបាច់ ដើម្បីបំពេញតួនាទីនោះឲ្យបានសមស្រប។
Transcript
ខ្ញុំមានសេចក្ដីរីករាយដែលបាននៅជាមួយអ្នកម្ដងទៀត ខណៈដែលយើងកំពុងខិតជិតដល់ចុងសប្ដាហ៍ ដើម្បីចែករំលែកជាមួយអ្នកនូវសេចក្ដីពិតដ៏មានតម្លៃ ដែលបានធ្វើឲ្យមានភាពខុសគ្នារវាងភាពជោគជ័យ និងបរាជ័យនៅក្នុងជីវិតរបស់ខ្ញុំ ហើយសេចក្ដីពិតទាំងនេះក៏អាចធ្វើឲ្យមានការផ្លាស់ប្ដូរដូចគ្នានៅក្នុងជីវិតរបស់អ្នកផងដែរ។
ជាដំបូង ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកទាំងអស់ដែលបានសរសេរសំបុត្រមកកាន់ខ្ញុំ។ មុនពេលខ្ញុំបញ្ចប់ការនិយាយនេះ យើងនឹងផ្តល់ជូនអ្នកនូវអាសយដ្ឋានសម្រាប់ផ្ញើសំបុត្រមកកាន់យើង។ សូមកុំស្ទាក់ស្ទើរក្នុងការចែករំលែកជាមួយយើងនូវតម្រូវការផ្ទាល់ខ្លួន បញ្ហាផ្សេងៗ និងសំណូមពរអធិស្ឋានរបស់អ្នក។
សប្ដាហ៍នេះ ខ្ញុំបានចែករំលែកជាមួយអ្នកអំពីរបៀបស្វែងរកផែនការរបស់ព្រះសម្រាប់ជីវិតរបស់អ្នក។ រហូតមកដល់ពេលនេះ ខ្ញុំបានពន្យល់អំពីជំហានចំនួនបួនដែលអ្នកត្រូវអនុវត្ត។ទីមួយ អនុញ្ញាតឲ្យព្រះបង្កើតអ្នកឡើងវិញ។ អនុញ្ញាតឲ្យទ្រង់ធ្វើឲ្យអ្នកក្លាយជាស្នាព្រះហស្តថ្មីទាំងស្រុង។ទីពីរ ថ្វាយរូបកាយរបស់អ្នកដល់ព្រះ ជាយញ្ញបូជាដែលមានជីវិត។ទីបី អនុញ្ញាតឲ្យព្រះកែប្រែ និងធ្វើឲ្យគំនិតរបស់អ្នកថ្មីឡើងវិញ។ អនុញ្ញាតឲ្យទ្រង់ប្រទានឲ្យអ្នកនូវរបៀបគិតថ្មីទាំងស្រុង។ទីបួន ស្វែងរកទីកន្លែងរបស់អ្នក ក្នុងនាមជាសមាជិកម្នាក់នៅក្នុងព្រះកាយរួមរបស់ព្រះគ្រីស្ទ។
ថ្ងៃនេះ ខ្ញុំនឹងពន្យល់ជូនអ្នកអំពីជំហានទីប្រាំ និងជាជំហានចុងក្រោយ ក្នុងដំណើរការស្វែងរកផែនការរបស់ព្រះសម្រាប់ជីវិតរបស់អ្នក។ ជំហាននេះគឺការទទួលបានការបំពាក់បំពន់ឲ្យបានសមស្រប ដើម្បីបំពេញមុខងារនៅក្នុងព្រះកាយ ដែលព្រះបានតែងតាំងអ្នកឲ្យបំពេញ។ដូច្នេះ ប្រធានបទរបស់ខ្ញុំនៅថ្ងៃនេះគឺ៖ «ការទទួលបានការបំពាក់បំពន់ឲ្យបានសមស្រប ដើម្បីបំពេញទីកន្លែងរបស់អ្នកនៅក្នុងព្រះកាយ»។
ខ្ញុំនឹងត្រឡប់ទៅកាន់សៀវភៅរ៉ូម ជំពូកទី ១២ ម្តងទៀត។ ខ្ញុំនឹងអានខទាំងបី ដែលខ្ញុំបានអានកាលពីម្សិលមិញ ហើយបន្ទាប់មក ខ្ញុំនឹងបន្តទៅខបន្ទាប់ទៀត ដើម្បីបង្ហាញអ្នកអំពីជំហានបន្ទាប់នៅក្នុងការគិត និងការបង្រៀនរបស់សាវកប៉ុល។ដូច្នេះ យើងចាប់ផ្ដើមក្នុង៖ រ៉ូម ១២:៣-៥៖
ដ្បិតខ្ញុំនិយាយនឹងមនុស្សទាំងអស់ក្នុងពួកអ្នករាល់គ្នា ដោយព្រះគុណដែលទ្រង់បានផ្តល់មកខ្ញុំថា ចូរគិតបែបឲ្យមានគំនិតនឹងធឹង តាមខ្នាតនៃសេចក្ដីជំនឿ ដែលព្រះបានចែកមកអ្នករាល់គ្នានីមួយៗ កុំឲ្យមានគំនិតខ្ពស់លើសជាងគំនិតដែលគួរគប្បីឲ្យគិតនោះឡើយ ដ្បិតដែលយើងរាល់គ្នាមានអវយវៈជាច្រើន រួមគ្នាជារូបកាយតែមួយ តែអវយវៈទាំងនោះមានការងារផ្សេងៗ ពីគ្នាជាយ៉ាងណា នោះយើងដែលមានគ្នាច្រើន ក៏ជារូបកាយតែមួយក្នុងព្រះគ្រីស្ទ ហើយជាអវយវៈដល់គ្នានឹងគ្នាបែបយ៉ាងនោះដែរ។ (RKOV)
កាលពីម្សិលមិញ ខ្ញុំបានលើកឡើងថា ចិត្តដែលត្រូវបានកែជាថ្មី ប្រៀបដូចជារ៉ាដារបស់យន្តហោះ ដែលដឹកនាំយើងទៅកាន់ទីកន្លែងដែលព្រះបានកំណត់សម្រាប់យើង ក្នុងនាមជាអវយវះមួយនៅក្នុងរូបកាយទាំងមូល។
ឥឡូវនេះ នៅក្នុងខបន្ទាប់ សាវកប៉ុលចាប់ផ្ដើមនិយាយអំពី ការបំពាក់បំពន់។ ពាក្យដែលគាត់ប្រើនៅទីនេះគឺ «អំណោយទាន»។ ដូច្នេះ ឥឡូវនេះ ខ្ញុំនឹងអាន រ៉ូម ១២:៦–៨ ដែលជាបីខបន្ទាប់ពីខដែលខ្ញុំទើបតែបានអាន៖
ដូច្នេះ ដែលមានអំណោយទានផ្សេងពីគ្នា តាមព្រះគុណដែលផ្តល់មកយើង ទោះបើជាសេចក្ដីទំនាយ នោះក៏ត្រូវទាយតាមខ្នាតនៃសេចក្ដីជំនឿ ឬបើជាការបម្រើ នោះចូរបម្រើចុះ ឬជាការបង្រៀន ចូរបង្រៀនទៅ ឬជាការទូន្មាន ចូរទូន្មានទៅ ឬជាការចែកទាន ចូរចែកដោយចិត្តស្មោះ ឬជាការនាំមុខ ចូរធ្វើដោយឧស្សាហ៍ ឬការមេត្តាករុណា ក៏ចូរធ្វើដោយរីករាយចុះ។។ (RKOV)
ដូច្នេះ យើងឃើញថា អំណោយទានទាំងនេះដែលមកពីព្រះ គឺជាការបំពាក់បំពន់សម្រាប់យើង។ ហើយអំណោយទានទាំងនេះក៏កើតឡើងដោយសមហេតុផលពីមុខងាររបស់យើងផងដែរ។ យើងត្រូវរៀបលំដាប់ឲ្យបានត្រឹមត្រូវ៖ ទីមួយ គឺមុខងារ បន្ទាប់មកទើបជាការបំពាក់បំពន់។មនុស្សមួយចំនួនមានការរំភើប និងសាទរយ៉ាងខ្លាំងអំពីអំណោយទានខាងវិញ្ញាណ ប៉ុន្តែការរំភើបរបស់ពួកគេជាញឹកញាប់គឺមិនសូវស្ថិតក្នុងលំដាប់ត្រឹមត្រូវទេ ពីព្រោះពួកគេមិនទាន់ដឹងថា ពួកគេគួរតែជាអវយវះណាមួយនៅក្នុងរូបកាយរបស់ព្រះគ្រីស្ទ ហើយដូច្នេះ ពួកគេក៏មិនដឹងថា តើពួកគេត្រូវការអំណោយទានអ្វីខ្លះ ដើម្បីបំពេញមុខងាររបស់ពួកគេក្នុងនាមជាអវយវះនោះដែរ។
សូមឲ្យខ្ញុំលើកយកឧទាហរណ៍ដ៏សាមញ្ញមួយ គឺអំពី ជើង និងដៃ នៅក្នុងរាងកាយមនុស្ស។ តើជើងមានមុខងារអ្វី? និយាយយ៉ាងសាមញ្ញ គឺដើម្បីទ្រទម្ងន់ និងរក្សាលំនឹង។ ចុះដៃវិញមានមុខងារអ្វី? គឺដើម្បីលើកវត្ថុដែលមានទម្ងន់ និងកាន់ចាប់វត្ថុផ្សេងៗ។យើងឃើញថា អវយវះនីមួយៗនៃរាងកាយ ត្រូវបានបង្កើតឡើងយ៉ាងសមស្របបំផុត សម្រាប់មុខងារជាក់លាក់របស់ខ្លួន។ ប៉ុន្តែ តើវាគួរឲ្យអស់សំណើចប៉ុណ្ណា ប្រសិនបើពួកវាព្យាយាមប្ដូរមុខងារគ្នាទៅវិញទៅមក! វាពិតជាចម្លែកណាស់ ប្រសិនបើដៃព្យាយាមទ្រទម្ងន់ និងរក្សាលំនឹង។ យើងដឹងថាវាពិបាកយ៉ាងណា មានតែអ្នកហាត់កាយសម្ព័ន្ធទើបអាចធ្វើបាន។ ហើយវាក៏គួរឲ្យអស់សំណើចដែរ ប្រសិនបើជើងព្យាយាមលើកវត្ថុដែលមានទម្ងន់ និងកាន់ចាប់វត្ថុ។ អ្នកស្ទើរតែដូចជាសត្វស្វាហើយ ទើបអាចធ្វើបែបនោះបាន។ ប៉ុន្តែ ខ្ញុំខ្លាចថា មានអ្នកជឿមួយចំនួនក៏កំពុងធ្វើដូច្នេះដែរ។ ព្រះបានតែងតាំងពួកគេឲ្យធ្វើជាជើង ប៉ុន្តែពួកគេកំពុងព្យាយាមធ្វើជាដៃ។ ដូច្នេះ អ្វីៗទាំងអស់នៅក្នុងជីវិតខាងវិញ្ញាណរបស់ពួកគេគឺមិនស្ថិតក្នុងលំដាប់ត្រឹមត្រូវទេ។ ពួកគេមិនមានជំនឿដែលត្រូវការនោះទេ ពីព្រោះ កម្រិតជំនឿដែលព្រះបានប្រទានដល់ពួកគេ គឺសមស្របសម្រាប់មុខងារដែលព្រះបានតែងតាំងឲ្យពួកគេបំពេញ។ ហើយពួកគេក៏មិនមានអំណោយទានដែលត្រូវការដែរ ពីព្រោះអំណោយទានទាំងនោះក៏ត្រូវបានផ្ដល់ឲ្យស្របតាមមុខងាររបស់ពួកគេផងដែរ។
សូមកត់សម្គាល់ថា អំណោយទានទាំងនេះមានភាពខុសៗគ្នាយ៉ាងច្រើន។ នៅទីនេះ សាវ័កប៉ុលបានលើកយកឧទាហរណ៍មួយចំនួនមកបង្ហាញ ហើយខ្ញុំយល់ថា វាគ្រាន់តែជាឧទាហរណ៍ប៉ុណ្ណោះ មិនមែនជាបញ្ជីអំណោយទានទាំងអស់នោះទេ។គាត់បានរៀបរាប់អំពី ការបំពាក់បំពន់ចំនួនប្រាំពីរប្រភេទ៖ ទីមួយ ការថ្លែងព្រះបន្ទូលនៃទំនាយ ទីពីរ ការបម្រើ ទីបី ការបង្រៀន ទីបួន ការលើកទឹកចិត្ត ទីប្រាំ ការចែករំលែក ឬការផ្ដល់ជំនួយ — សូមចងចាំថា នេះក៏ជាអំណោយទានមួយផងដែរ។ ទីប្រាំមួយ ការដឹកនាំ ទីប្រាំពីរ ការបង្ហាញសេចក្ដីមេត្តាករុណា។
មនុស្សជាច្រើនមានការរំភើបយ៉ាងខ្លាំងចំពោះការថ្លែងព្រះបន្ទូលពីទំនាយ។ វាហាក់ដូចជារឿងដ៏អស្ចារ្យ និងគួរឲ្យចាប់អារម្មណ៍ ហើយក្នុងន័យមួយ វាពិតជាអស្ចារ្យមែន។ ប៉ុន្តែ អ្នកប្រហែលជាកំពុងរំភើបយ៉ាងខ្លាំងចំពោះការថ្លែងព្រះបន្ទូលពីទំនាយ ខណៈដែលព្រះអាចកំពុងមានបន្ទូលមកកាន់អ្នក អំពីការបម្រើដោយការបង្ហាញសេចក្ដីមេត្តាករុណា។វាអាចជាការទៅសួរសុខទុក្ខអ្នកជំងឺ និងអ្នកដែលមិនអាចចេញពីផ្ទះបាន ឬធ្វើអ្វីមួយដែលស្ងប់ស្ងាត់ ហើយមិនសូវត្រូវបានសាធារណជនមើលឃើញ។ ប៉ុន្តែ ទោះជាយ៉ាងណា នោះអាចជាទីកន្លែង និងមុខងារជាក់លាក់របស់អ្នកនៅក្នុងព្រះកាយ។តើអ្នកឃើញទេថា វាមានសារៈសំខាន់យ៉ាងណា ដែលអ្នកមិនព្យាយាមធ្វើជាអ្វីផ្សេងពីអ្វីដែលព្រះបានតែងតាំងឲ្យអ្នកធ្វើ? តើអ្នកអាចស្វែងរកទីកន្លែងដ៏ត្រឹមត្រូវរបស់អ្នកបានឬទេ? តើអ្នកអាចបំពេញមុខងារដ៏ត្រឹមត្រូវរបស់អ្នកបានឬទេ? តើអ្នកអាចទទួលយកការបំពាក់បំពន់ដ៏ត្រឹមត្រូវពីព្រះបានឬទេ? ហើយតើអ្នកអាចប្រើប្រាស់ជំនឿតាមកម្រិតដែលព្រះបានប្រទានដល់អ្នកបានឬទេ?ព្រោះ កម្រិតជំនឿដែលព្រះបានប្រទានដល់អ្នក គឺមានទំនាក់ទំនងដោយផ្ទាល់ជាមួយមុខងាររបស់អ្នក។
នៅក្នុង ១កូរិនថូស ១២:៣១ លោកប៉ូលថ្លែងថា: «ចូរសង្វាតឲ្យបានអំណោយទាន យ៉ាងវិសេសទៅចុះ ប៉ុន្តែ ខ្ញុំនឹងបង្ហាញផ្លូវ១ដ៏ប្រសើរលើសលែងទៅទៀត»។ ប៉ុន្តែ វាមានសារៈសំខាន់ណាស់ដែលគាត់មិនបានប្រាប់យើងថា តើអំណោយទានណាខ្លះជាអំណោយទានដែលធំជាងគេ។ ខ្ញុំបានស្វែងរកក្នុងព្រះគម្ពីរជាច្រើនដង ប៉ុន្តែ ខ្ញុំមិនឃើញមានបញ្ជីណាមួយដែលបញ្ជាក់យ៉ាងច្បាស់ថា អំណោយទានណាជាអំណោយទានធំបំផុត និងអំណោយទានណាជាអំណោយទានតូចបំផុតនោះទេ។ដូច្នេះ ខ្ញុំបានឈានមកដល់ការសន្និដ្ឋាននេះថា៖ សម្រាប់ខ្ញុំ អំណោយទានដែលធំជាងគេ គឺអំណោយទានដែលអាចជួយឲ្យខ្ញុំបំពេញមុខងារបានល្អបំផុត នៅក្នុងទីកន្លែងជាក់លាក់ដែលព្រះបានដាក់ខ្ញុំនៅក្នុងព្រះកាយ។ដូច្នេះ អ្វីដែលអាចជាអំណោយទានដ៏ធំសម្រាប់ខ្ញុំ ប្រហែលជាមិនមែនជាអំណោយទានដ៏ធំសម្រាប់អ្នកឡើយ។កុំបំបែកអំណោយទាន ដែលជាការបំពាក់បំពន់ ចេញពីមុខងារ ដែលជាអ្វីដែលព្រះចង់ឲ្យអ្នកក្លាយជា និងឲ្យអ្នកធ្វើ នៅក្នុងព្រះកាយរបស់ព្រះគ្រីស្ទ។
ខ្ញុំបាននិយាយជាមួយអ្នកអំពីតម្រូវការនៃការទទួលបានការបំពាក់បំពន់ខាងវិញ្ញាណ ដើម្បីអាចបំពេញមុខងាររបស់យើងនៅក្នុងព្រះកាយ។ ខ្ញុំចង់បន្តបន្ថែមបន្តិចទៀត ដើម្បីបង្ហាញអ្នកថា តើព្រះគម្ពីរសញ្ញាថ្មីបានផ្តល់សារៈសំខាន់យ៉ាងណា ចំពោះការទទួលបានការបំពាក់បំពន់យ៉ាងត្រឹមត្រូវ។ខ្ញុំចង់ងាកទៅមើលព្រះបន្ទូលដែលព្រះយេស៊ូវបានណែនាំពួកសិស្សរបស់ទ្រង់ អំពីរបៀបដែលពួកគេត្រូវចេញទៅបំពេញកិច្ចការបម្រើរបស់ពួកគេ។ មុនពេលទ្រង់យាងចាកចេញពីពួកគេ ទ្រង់មានបន្ទូលជាសេចក្ដីថា៖ «កុំទាន់ចេញទៅ ហើយចាប់ផ្ដើមបម្រើនៅពេលនេះឡើយ ពីព្រោះអ្នកមិនទាន់មានការបំពាក់បំពន់ដែលត្រូវការនោះទេ។ ចូររង់ចាំនៅក្រុងយេរូសាឡិមសិន។ នៅពេលដែលអ្នកទទួលបានការបំពាក់បំពន់ហើយ ទើបអ្នកអាចចាប់ផ្ដើមបម្រើបាន»។ឥឡូវនេះ ប្រសិនបើរឿងនេះជាការពិតសម្រាប់ពួកសាវក ដែលបាននៅជាមួយព្រះយេស៊ូវអស់រយៈពេល ៣ឆ្នាំកន្លះ បានស្តាប់ការបង្រៀនទាំងអស់របស់ទ្រង់ និងបានឃើញការអស្ចារ្យទាំងអស់ដែលទ្រង់បានធ្វើ តើអ្នកមិនគិតទេថា វាគួរតែជាការពិតយ៉ាងហោចណាស់ដូចគ្នាសម្រាប់អ្នក និងខ្ញុំ?មានន័យថា យើងមិនទាន់សមស្របក្នុងការចេញទៅបម្រើឡើយ រហូតដល់យើងបានទទួល ការបំពាក់បំពន់ដែលព្រះបានតែងតាំងសម្រាប់យើង។សូមស្តាប់អ្វីដែលព្រះយេស៊ូវមានបន្ទូលនៅក្នុង លូកា ២៤:៤៦–៤៩៖
ទ្រង់មានព្រះបន្ទូលទៅគេថា គឺសេចក្ដីនេះហើយ ដែលបានចែងទុកមក គឺថា ព្រះគ្រីស្ទត្រូវរងទុក្ខលំបាក ហើយនៅថ្ងៃទី៣ទ្រង់នឹងរស់ពីស្លាប់ឡើងវិញ ហើយត្រូវឲ្យការប្រែចិត្ត និងសេចក្ដីប្រោសឲ្យរួច បានប្រកាសប្រាប់ដល់អស់ទាំងសាសន៍ ដោយនូវព្រះនាមទ្រង់ ចាប់តាំងពីក្រុងយេរូសាឡឹមទៅ អ្នករាល់គ្នាជាស្មរបន្ទាល់ពីការទាំងនេះ ហើយមើល ខ្ញុំនឹងឲ្យសេចក្ដីសន្យារបស់ព្រះវរបិតា មកសណ្ឋិតលើអ្នករាល់គ្នា ចូរអ្នករាល់គ្នានៅតែក្នុងក្រុងយេរូសាឡឹម ដរាបដល់ព្រះចេស្តាពីស្ថានលើ បានមកគ្របដណ្តប់លើអ្នករាល់គ្នា។
នោះហើយជាការបំពាក់បំពន់—គឺជា អំណាចដ៏អស្ចារ្យ នៃព្រះវិញ្ញាណបរិសុទ្ធ។ យើងឃើញការបញ្ជាក់ដូចគ្នានេះនៅក្នុង កិច្ចការ ១:៨ មុនពេលព្រះយេស៊ូវត្រូវបានលើកឡើងទៅស្ថានសួគ៌ ហើយពួកគេលែងអាចមើលឃើញទ្រង់ដោយភ្នែកធម្មតារបស់ពួកគេនៅលើភ្នំដើមអូលីវទៀតហើយ។ព្រះបន្ទូលចុងក្រោយរបស់ទ្រង់ទៅកាន់ពួកគេគឺ៖
ប៉ុន្តែ កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡឹម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង។
សូមកត់សម្គាល់ថា ពួកគេមិនត្រូវចេញទៅបម្រើឡើយ ទោះបីជាពួកគេមានដំណឹង និងរឿងរ៉ាវដែលត្រូវប្រាប់ក៏ដោយ។ ពួកគេមិនត្រូវចេញទៅប្រកាសដំណឹងនោះ រហូតទាល់តែពួកគេទទួលបាន ការបំពាក់បំពន់ដែលចាំបាច់សម្រាប់ភ្ជាប់ជាមួយកិច្ចការបម្រើរបស់ពួកគេ។នៅក្នុង ហេព្រើរ ២:៣–៤ អ្នកនិពន្ធសំបុត្រនេះបាននិយាយម្តងទៀតអំពីការបំពាក់បំពន់ដែលព្រះបានរៀបចំ និងប្រទានដល់រាស្ត្ររបស់ទ្រង់៖
នោះធ្វើដូចម្តេចឲ្យយើងរួចបាន បើយើងធ្វេសនឹងសេចក្ដីសង្គ្រោះដ៏ធំម៉្លេះ? ដែលព្រះអម្ចាស់បានចាប់ផ្តើមផ្សាយមក រួចពួកអ្នកដែលឮ ក៏បានបញ្ជាក់មកយើងរាល់គ្នាដែរ ទាំងមានព្រះធ្វើបន្ទាល់ជាមួយផង ដោយទីសម្គាល់ ការអស្ចារ្យ និងការឫទ្ធិបារមីជាច្រើនយ៉ាង ទាំងចែកព្រះវិញ្ញាណបរិសុទ្ធមកតាមព្រះហឫទ័យទ្រង់ផង។
សូមកត់សម្គាល់ថា វាជាព្រះហឫទ័យរបស់ព្រះ ដែលជាបន្ទាល់អំពីព្រះយេស៊ូវ និងសារនៃដំណឹងល្អ ត្រូវបានអមដោយអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ។ នេះជាព្រះហឫទ័យរបស់ព្រះ។យើងមិនគួរចាត់ទុកអំណោយទានខាងវិញ្ញាណថាជា របស់លេង នោះទេ ប៉ុន្តែគួរចាត់ទុកវាជា ឧបករណ៍សម្រាប់ការបម្រើ។ ហើយបើគ្មានឧបករណ៍ទាំងនេះទេ យើងមិនទាន់បានទទួលការបំពាក់បំពន់គ្រប់គ្រាន់ ដើម្បីបំពេញការងាររបស់យើង និងបំពេញមុខងារដែលព្រះបានប្រទានឲ្យយើងនោះឡើយ។
ចំណុចមួយទៀត ហើយនេះជាចំណុចចុងក្រោយរបស់ខ្ញុំ គឺដើម្បីទទួលបានការបំពាក់បំពន់ យើងត្រូវការជំនួយពីកិច្ចបម្រើដែលព្រះបានប្រទាន។ សាវកប៉ុលបានបញ្ជាក់យ៉ាងច្បាស់អំពីរឿងនេះនៅក្នុង អេភេសូរ ៤:១១–១២៖
១១ ព្រះអង្គបានប្រទានឲ្យអ្នកខ្លះធ្វើជាសាវក អ្នកខ្លះជាហោរា អ្នកខ្លះជាអ្នកផ្សាយដំណឹងល្អ អ្នកខ្លះជាត្រូ គង្វាល ហើយអ្នកខ្លះជាគ្រូបង្រៀន ១២ ដើម្បីនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ សម្រាប់កិច្ចការបម្រើ ហើយស្អាងព្រះកាយរបស់ព្រះគ្រីស្ទឡើង
សូមកត់សម្គាល់ម្តងទៀតថា វាជាព្រះហឫទ័យរបស់ព្រះ ដែលរាស្ត្ររបស់ទ្រង់ត្រូវបានបំពាក់បំប៉នឲ្យបានសមស្រប សម្រាប់កិច្ចការដែលពួកគេត្រូវធ្វើ។ ប៉ុន្តែ ព្រះបានដាក់កិច្ចបម្រើសំខាន់ៗមួយចំនួននៅក្នុងព្រះកាយ ដែលមានភារកិច្ចបំពាក់បំប៉នរាស្ត្ររបស់ព្រះឲ្យបានរួចជាស្រេចសម្រាប់ការបម្រើ។នេះជាហេតុផលមួយទៀតដែលបង្ហាញថា វាមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការស្ថិតនៅក្នុងព្រះកាយ ពីព្រោះមានតែនៅក្នុងព្រះកាយប៉ុណ្ណោះ ដែលយើងអាចទទួលបានប្រយោជន៍ពីកិច្ចបម្រើទាំងនេះ ដែលមានគោលបំណងបំពាក់បំប៉នយើង សម្រាប់ការងារបម្រើរបស់យើង។ ដូច្នេះ យើងត្រូវការការបំពាក់បំប៉ន។
ឥឡូវនេះ នៅចុងបញ្ចប់នៃសាររបស់ខ្ញុំ ខ្ញុំនឹងសង្ខេបឡើងវិញអំពីជំហានទាំងប្រាំ ដែលអ្នកត្រូវអនុវត្ត ដើម្បីស្វែងរកផែនការរបស់ព្រះសម្រាប់ជីវិតរបស់អ្នក។
ទីមួយ លោកអ្នកត្រូវត្រឡប់ជាមនុស្សថ្មីនៅក្នុងព្រះយេស៊ូវគ្រីស្ទ។
ទីពីរ លោកអ្នកត្រូវថ្វាយរូបកាយលោកអ្នក ទុកជាយញ្ញបូជារស់នៅលើអាសនារបស់ព្រះ។
ទីបី អ្នកត្រូវតែឲ្យចិត្តរបស់អ្នកបានកែជាថ្មីឡើងវិញ។ អ្នកត្រូវតែចេះគិតខុសពីមុន—មានតម្លៃផ្សេង គោលស្តង់ដារផ្សេង គោលបំណងផ្សេង និងគោលដៅផ្សេង។ចិត្តគំនិតចាស់ដែលមិនទាន់ត្រូវបានកែជាថ្មី គឺកំពុងប្រឆាំងនឹងព្រះ ហើយមិនអាចស្វែងរកព្រះហឫទ័យរបស់ព្រះបានឡើយ។
ទីបួន ចិត្តដែលបានកែជាថ្មីរបស់អ្នក នឹងដឹកនាំអ្នកទៅកាន់ទីកន្លែងរបស់អ្នកនៅក្នុងព្រះកាយ ដូចជារ៉ាដាដែលដឹកនាំយន្តហោះឲ្យចុះចតនៅលើផ្លូវចុះចត។
ទីប្រាំ នៅពេលដែលអ្នកបានរកឃើញទីកន្លែងរបស់អ្នកនៅក្នុងព្រះកាយហើយ អ្នកត្រូវទទួលបានការបំពាក់បំពន់ឲ្យបានសមស្រប ជាមួយនឹងការបំពាក់បំពន់ខាងវិញ្ញាណដ៏អស្ចារ្យ ដែលព្រះវិញ្ញាណបរិសុទ្ធបានប្រទានឲ្យយើង។ហើយការបំពាក់បំពន់នេះ ក៏ត្រូវបានប្រទានមកដល់យើងតាមរយៈកិច្ចបម្រើដែលព្រះបានតែងតាំងនៅក្នុងព្រះកាយរបស់ទ្រង់ផងដែរ។
បានហើយ។ ពេលវេលារបស់យើងសម្រាប់ថ្ងៃនេះជិតដល់ទីបញ្ចប់ហើយ។ ប៉ុន្តែ ខ្ញុំនឹងត្រឡប់មកជួបអ្នកម្ដងទៀតនៅសប្ដាហ៍ក្រោយ ក្នុងពេលវេលានេះ គឺចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ។នៅសប្ដាហ៍ក្រោយ ខ្ញុំនឹងលើកយកប្រធានបទថ្មីមួយដែលគួរឲ្យចាប់អារម្មណ៍ និងពោរពេញដោយភាពរំភើបមកចែករំលែកជាមួយអ្នក។
កូដ: RP-R014-105-KHM










