វិសេសណាស់ដែលបានជួបលោកអ្នកជាថ្មី ដើម្បីបន្តដំណើររបស់យើងជាមួយគ្នានៅលើទឹកដីដ៏សម្បូរស្តុកស្ដម្ភអស្ចារ្យនៃសេចក្តីសន្យារបស់ព្រះ។

វគ្គមុន ខ្ញុំបានចែកចាយជាមួយលោកអ្នក អំពីបញ្ហាជាក់ស្ដែងមួយដែលប្រឈម ជាពិសេសសម្រាប់អស់អ្នកដែលកំពុងនៅកន្លែងធ្វើការ គឺរបៀបស្វែងរកការទទួលយកបាន នៅក្នុងស្ថានភាពការងារ។

ថ្ងៃនេះ ខ្ញុំនឹងចែកចាយជាមួយលោកអ្នកអំពីសេចក្តីសន្យាខ្លះនៅក្នុងព្រះបន្ទូលរបស់ព្រះ ដែលទាក់ទងទៅនឹងការជ្រើសរើសដ៏សំខាន់បំផុត ដែលបុរស ឬស្ត្រីត្រូវធ្វើការជ្រើសរើស គឺ ”ការជ្រើសរើសដៃគូអាពាហ៍ពិពាហ៍” ជាប្តីជាប្រពន្ធ។

និយាយតាមទ្រឹស្តី ក្នុងរឿងនេះ អ្នកចាប់ផ្ដើមដ៏សំខាន់ គឺបុរស។ ខ្ញុំនិយាយខាងទ្រឹស្តី ព្រោះតាមការសង្កេត នាំឲ្យខ្ញុំសន្និដ្ឋានបានថា ជាញឹកញាប់ ឥរិយាបថ និងការសម្រេចចិត្តរបស់ស្ត្រី មានជម្រើសច្រើន។ លោកអ្នកប្រហែលជាធ្លាប់ឮរឿងអំពីស្ត្រីម្នាក់ ដែលរត់គេចពីបុរសម្នាក់ រហូតទាល់តែនាងចាប់គាត់បាន។ ណ្ហើយ ខ្ញុំមិនវិភាគអ្វីអំពីរឿងនោះទេ។ នៅក្នុងកម្រិតណាមួយក៏ដោយ យើងនឹងចាប់ផ្ដើមដោយពិនិត្យមើលស្ថានភាពនោះ ចេញពីទស្សនៈរបស់បុរស។ តាមពិត គោលការណ៍ពាក់ព័ន្ធភាគច្រើន ដែលខ្ញុំនឹងចែកចាយជូន គឺត្រូវស្មើភាពគ្នា ចេញពីទស្សនៈទាំងសងខាង គឺទាំងបុរស ទាំងស្ត្រី។

មុនដំបូង យើងត្រូវដាក់ចេញជាគោលការណ៍រួមមួយដែលអនុវត្តក្នុងរឿងនេះ និងក្នុងស្ថានភាពដទៃទៀតជាច្រើន។ មានប្រភេទនៃការចង្អុលបង្ហាញពីរដែលព្រះទ្រង់ផ្ដល់ឲ្យ។ ទីមួយជាអ្វីដែលខ្ញុំហៅថា ការចង្អុលបង្ហាញរួម ដែលត្រូវសម្រាប់មនុស្សទាំងអស់ ហើយទីពីរ ជាការចង្អុលបង្ហាញដោយឡែក សម្រាប់បុគ្គលម្នាក់ ដែលអនុវត្តសម្រាប់បុគ្គលម្នាក់ នៅក្នុងស្ថានណាមួយប៉ុណ្ណោះ។

ឥឡូវនេះ ការចង្អុលបង្ហាញរួម ចេញពីបទគម្ពីរ។ ការនេះ ត្រូវបានសង្កត់ធ្ងន់ ម្ដងហើយម្ដងទៀត។ ខ្ញុំសូមលើកយកឧទាហរណ៍មួយ ទំនុកតម្កើង ១១៩:១០៥ ចែងថាៈ

១០៥ ព្រះបន្ទូលរបស់ព្រះអង្គ ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវទូលបង្គំ

ដូច្នេះ ប្រសិនបើយើងចង់ដើរនៅក្នុងផ្លូវរបស់ព្រះ នោះប្រភពនៃពន្លឺដែលបំភ្លឺយើងឲ្យដើរនៅក្នុងផ្លូវនោះ និងបំភ្លឺយើងឲ្យបោះជំហានចំៗកន្លែង គឺជាព្រះបន្ទូលរបស់ព្រះ។ គ្រប់ទាំងការចង្អុលបង្ហាញផ្សេងទៀត ត្រូវតែយកមកផ្ទៀតផ្ទាត់ជាមួយព្រះបន្ទូលរបស់ព្រះ។ លោកចន វែសលីបានថ្លែងថា៖ “ខ្ញុំមិនទទួលស្គាល់វិធាននៃជំនឿដទៃណា ក្រៅពីបទគម្ពីរបរិសុទ្ធឡើយ”។ គ្មានច្បាប់វិន័យណាផ្សេង ដែលមានសិទ្ធិអំណាចដូចជាបទគម្ពីរបរិសុទ្ធឡើយ។ យើងត្រូវដើរនៅក្នុងពន្លឺនៃបទគម្ពីរ។ នោះជាប្រភពធនធានចម្បងនៃការចង្អុលបង្ហាញពីព្រះ សម្រាប់ប្រជារាស្ត្រទាំងអស់របស់ព្រះអង្គ។ ហើយមានតែនៅពេលដែលយើងស្ដាប់បង្គាប់តាមការចង្អុលបង្ហាញរួមប៉ុណ្ណោះ គឺការចង្អុលបង្ហាញនៅក្នុងបទគម្ពីរ នោះទើបយើងមានសិទ្ធិទទួលបានការចង្អុលបង្ហាញជាលក្ខណៈបុគ្គល។ ជាថ្មីម្ដងទៀត មានគោលការណ៍មួយផ្សេងទៀត ដែលយើងត្រូវសង្កត់ធ្ងន់នៅទីនេះ ទាក់ទងនឹងអាពាហ៍ពិពាហ៍ ជាគោលការណ៍មួយចេញពីព្រះបន្ទូលរបស់ព្រះ គោលការណ៍មួយក្នុងចំណោមការចង្អុលបង្ហាញរួម។ គឺយ៉ាងនេះ៖ អ្នកជឿ រៀបការជាមួយអ្នកមិនជឿ វាជារឿងខុស។ ខ្ញុំជឿថា ខ្ញុំត្រូវតែនិយាយសេចក្តីនេះម្ដងទៀត ព្រោះខ្ញុំគិតថា មនុស្សរបស់ព្រះខ្លះ ពិតជាមានការយល់ដឹងស្រពិចស្រពិលអំពីគោលការណ៍នេះ។ ជាការមិនត្រឹមត្រូវទេ ដែលអ្នកជឿ រៀបការជាមួយអ្នកមិនជឿ។

រឿងនេះបានបញ្ជាក់ច្បាស់ហើយនៅក្នុង ២កូរិនថូស ៦:១៤-១៦ ដ្បិតលោកប៉ូលថ្លែងថាៈ

១៤ មិនត្រូវទឹមនឹមស្រៀកជាមួយអ្នកមិនជឿឡើយ [ប្រាកដណាស់ លោកកំពុងថ្លែងទៅកាន់អ្នក ជឿ ហើយរូបភាពចម្បងអំពីនឹម គឺអាពាហ៍ពិពាហ៍។ នៅក្នុងបទគម្ពីរ ជាទូទៅ នឹមប្រើ សំដៅទៅលើរូបភាពអាពាហ៍ពិពាហ៍] មិនត្រូវទឹមនឹមស្រៀកជាមួយអ្នកមិនជឿឡើយ ដ្បិតតើសេចក្តីសុចរិត និងសេចក្តីទទឹង ច្បាប់ មានអ្វីប្រកបនឹងគ្នា? ឬពន្លឺ និងសេចក្ដីងងឹត លាយឡំគ្នាដូចម្តេចបាន? ១៥ តើព្រះគ្រីស្ទ នឹងអារក្សបេលាលត្រូវគ្នាដូចម្ដេចបាន? ឬមួយអ្នកជឿមានចំណែកអ្វីជាមួយ អ្នកមិនជឿ? ១៦ តើព្រះវិហាររបស់ព្រះ និងរូបព្រះត្រូវគ្នាបានឬ? ដ្បិតយើងជាព្រះវិហាររបស់ព្រះដ៏មាន ព្រះជន្មរស់ ដូចព្រះទ្រង់មានព្រះបន្ទូលថា «យើងនឹងនៅក្នុងគេ ហើយដើរជាមួយគេ យើង នឹងធ្វើជាព្រះរបស់គេ ហើយគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង»។

សូមកត់សម្គាល់ពីសំណួរដែលជាប់ទាក់ទង។ “តើសេចក្តីសុចរិត និងសេចក្តីទទឹងច្បាប់ មានអ្វីប្រកបនឹងគ្នា? តើពន្លឺ និងងងឹត លាយឡំគ្នាដូចម្តេចបាន?” ហើយមានជាបន្តបន្ទាប់ទៀត។ អាចនិយាយបានថា អ្នកជឿជាពន្លឺ ហើយពន្លឺមិនអាចប្រកបជាមួយសេចក្តីងងឹតរបស់អ្នកមិនជឿបានឡើយ។

ឥឡូវនេះ ប្រសិនបើលោកអ្នកមិនទាន់រៀបការ នោះក្នុងនាមជាអ្នកជឿម្នាក់ លោកអ្នកគ្មានសិទ្ធិស្វែងរកដៃគូជីវិត ដែលជាអ្នកមិនជឿឡើយ។ ផ្ទុយទៅវិញ ប្រសិនបើលោកអ្នកបានរៀបការកាលពីមិនទាន់ជឿ ប៉ុន្តែក្រោយមកបានជឿដល់ព្រះអម្ចាស់ នោះវាជារឿងមួយផ្សេង។ ពេលនោះ ព្រះទ្រង់នឹងយាងមកជាជំនួយរបស់លោកអ្នក តាមរបៀបដោយឡែកៗ។ ប៉ុន្តែ សម្រាប់ពេលនេះ ខ្ញុំកំពុងតែនិយាយអំពីការជ្រើសរើសដៃគូជីវិត សម្រាប់អ្នកដែលមិនទាន់រៀបការ។

គោលការណ៍រួមទីពីរចេញពីព្រះបន្ទូលរបស់ព្រះ ដែលយើងត្រូវតែលាតត្រដាងគឺ ព្រះទ្រង់តម្រូវឲ្យមានដៃគូត្រឹមត្រូវ សម្រាប់កូនគ្រប់រូបរបស់ព្រះអង្គ។ ដៃគូជីវិតមិនមែនជារឿងចៃដន្យ វាមិនមែនជារឿងដែលស្ថិតនៅក្រៅការផ្គត់ផ្គង់របស់ព្រះនោះទេ។ ព្រះទ្រង់ជ្រើសរើសដៃគូត្រឹមត្រូវសម្រាប់អ្នកជឿ ដែលជាកូនរបស់ព្រះអង្គគ្រប់រូប។ សុភាសិត ១៨:២២ ចែងអំពីសេចក្តីនេះថាៈ

២២ អ្នកណាដែលរកបានប្រពន្ធ នោះឈ្មោះថាបានរបស់ល្អ ហើយបានប្រកបដោយព្រះគុណរបស់ ព្រះយេហូវ៉ា។

និយាយបានម្យ៉ាងទៀតថា ការរកប្រពន្ធត្រូវ គឺជាការចង្អុលបង្ហាញអំពីការប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់។ បន្ទាប់មកទៀត នៅក្នុងសុភាសិត ១៩:១៤ ចែងថាៈ

១៤ ផ្ទះសំបែង និងទ្រព្យសម្បត្តិជាមរតកមកពីឪពុក តែប្រពន្ធដែលឆ្លៀវឆ្លាត នោះហើយជាអំណោយទានមកពីព្រះយេហូវ៉ា។

ដូច្នេះ ប្រសិនបើយើងពិតជាត្រូវការប្រពន្ធដែលឆ្លៀវឆ្លាត យើងត្រូវស្វែងរកព្រះអម្ចាស់ ដើម្បីឲ្យបានប្រពន្ធឆ្លៀវឆ្លាត។ ត្រង់ចំណុចនេះ ខ្ញុំអាចនិយាយថា “អាមែន” ឲ្យច្រើនដង ចំពោះឃ្លាទាំងនេះ។ វាជារឿងគាប់ជួននៅក្នុងជីវិតរបស់ខ្ញុំ ដែលខ្ញុំបានរៀបការពីរដង ហើយក្នុងឱកាសនីមួយៗ គឺជាព្រះអម្ចាស់ហើយដែលពិតជាបានតម្រង់ខ្ញុំ ឲ្យចំប្រពន្ធដែលត្រូវ។ ហើយក្នុងករណីនីមួយៗ ព្រះអម្ចាស់បានប្រទានប្រពន្ធដែលឆ្លៀវឆ្លាតដល់ខ្ញុំ ជាព្រះពរដល់ខ្ញុំ ដែលខ្ញុំមិនអាចនឹងអរព្រះគុណដល់ព្រះអង្គ ឲ្យល្មមបានឡើយ។ ដូច្នេះ នៅពេលដែលខ្ញុំនិយាយសម្របតាមរឿងនេះ លោកអ្នកត្រូវយល់ថា ខ្ញុំកំពុងនិយាយនេះ វាជាបទពិសោធន៍ផ្ទាល់របស់ខ្ញុំ។

ឥឡូវនេះ យើងនឹងមើលទៅកាន់ខ្នាតនោះនៃអាពាហ៍ពិពាហ៍ ដែលព្រះយេស៊ូវបានទទួលស្គាល់ ហើយជាខ្នាតដែលព្រះអង្គបានដាក់សម្រាប់ពួកសិស្សរបស់ព្រះអង្គ។ សេចក្តីនេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់នៅក្នុង ម៉ាថាយ ១៩:៣-៦។ កំណត់ត្រានេះ ជាការសន្ទនារវាងព្រះយេស៊ូវ និងពួកផារិសុីខ្លះ ដែលបានមកជួបព្រះអង្គដើម្បីសួរដេញដោយអំពីអាពាហ៍ពិពាហ៍ និងការលែងលះ។

មានពួកផារិសុីខ្លះចូលមកជិតព្រះអង្គ ហើយល្បងលព្រះអង្គដោយទូលសួរថា៖ «តើបុរសមានច្បាប់នឹងលែងប្រពន្ធ ដោយហេតុណាមួយបានឬទេ?» ព្រះអង្គមានព្រះបន្ទូលតបថា៖ «តើអ្នករាល់គ្នាមិនបានអានទេឬថា ព្រះអង្គដែលបានបង្កើតគេពីដំបូងមក "ទ្រង់បានបង្កើតគេជាប្រុសជាស្រី?" រួចក៏មានព្រះបន្ទូលថា "ដោយហេតុនេះ បុរសនឹងចាកចេញពីឪពុកម្តាយរបស់ខ្លួន ទៅនៅជាប់នឹងប្រពន្ធ ហើយអ្នកទាំងពីរនឹងត្រឡប់ជាសាច់តែមួយ"។ យ៉ាងនោះ គេមិនមែនពីរនាក់ទៀតទេ គឺជាសាច់តែមួយវិញ។ ដូច្នេះ អ្វីដែលព្រះបានផ្សំផ្គុំហើយ មិនត្រូវឲ្យអ្នកណាមកពង្រាត់គេឡើយ»។

ចំណុចដែលខ្ញុំចង់លើកឡើងនៅទីនេះគឺថា នៅពេលដែលគេសួរព្រះយេស៊ូវអំពីអាពាហ៍ពិពាហ៍ ព្រះអង្គមិនបានទទួលយកខ្នាត ឬវិធានអនុសញ្ញានៃជំនាន់ដែលព្រះអង្គកំពុងគង់នៅផែនដីនោះឡើយ ប៉ុន្តែ សម្រាប់ខ្នាតអាពាហ៍ពិពាហ៍ និងគោលបំណងអាពាហ៍ពិពាហ៍ ព្រះអង្គបានងាកទៅរកគ្រាដើមដំបូងភ្លាម។ នោះជាឈ្មោះរបស់កណ្ឌគម្ពីរលោកុប្បត្តិ ជាភាសាហេព្រើ ដែលមានន័យថាដើមដំបូង។ អាចនិយាយបានថា ព្រះអង្គបានត្រឡប់ទៅកាន់គោលបំណង និងខ្នាតដើមរបស់ព្រះ នៅពេលដែលព្រះអង្គបានបង្កើតបុរស និងស្ត្រី នោះហើយជាខ្នាត ជាស្តង់ដាអាពាហ៍ពិពាហ៍ និងគោលបំណងតែមួយគត់នៃអាពាហ៍ពិពាហ៍ដែលព្រះអង្គបានទទួលស្គាល់ជាធរមាន។ ការនោះមានន័យថា ក្នុងនាមជាសិស្សរបស់ព្រះអង្គ យើងក៏ដែរ ត្រូវត្រឡប់ទៅកាន់គោលបំណង និងខ្នាតរបស់ព្រះនៅគ្រាដំបូង ប្រសិនបើយើងស្វែងរកខ្នាតរបស់ព្រះសម្រាប់អាពាហ៍ពិពាហ៍នៅក្នុងជីវិតរបស់យើងជាគ្រិស្តបរិស័ទសព្វថ្ងៃ។

ដូច្នេះ នៅក្នុងការតភ្ជាប់នេះ ខ្ញុំនឹងចង្អុលបង្ហាញលោកអ្នកអំពីការបួនអំពីអ័ដាម និងអេវ៉ា ដែលខ្ញុំជឿថាការទាំងបួននោះ អនុវត្តនៅក្នុងជីវិតរបស់យើងសព្វថ្ងៃ។

ទីមួយ គឺព្រះហើយដែលជាអ្នកសម្រេចថាអ័ដាមត្រូវការប្រពន្ធមួយ។

ទីពីរ គឺព្រះហើយដែលជាអ្នកបង្កើតអេវ៉ា ឲ្យអ័ដាម។

ទីបី គឺព្រះហើយដែលជាអ្នកនាំអេវ៉ាទៅឲ្យអ័ដាម។

ទីបួន គឺព្រះហើយដែលជាអ្នកកំណត់ប្រភេទនៃទំនាក់ទំនងរបស់ពួកគេ។

ខ្ញុំសូមបញ្ជាក់សេចក្តីទាំងនេះឡើងវិញ។ ព្រះទ្រង់ជាអ្នកបង្កើតអេវ៉ាឲ្យអ័ដាម។ ព្រះទ្រង់ជាអ្នកនាំអេវ៉ាមកឲ្យអ័ដាម។ ព្រះទ្រង់ជាអ្នកកំណត់ប្រភេទនៃទំនាក់ទំនងរបស់ពួកគេ។

ឥឡូវនេះ ខ្ញុំជឿថា គោលការណ៍ទាំងអស់នេះ នៅតែអនុវត្តស្មើគ្នាសព្វថ្ងៃ សម្រាប់យើងដែលជាគ្រិស្តបរិស័ទ មិនថាយើងជាបុរស ឬស្ត្រីនោះទេ។ ខ្ញុំសូមព្យាយាមបង្ហាញលោកអ្នក អំពីរបៀបដែលការទាំងនោះអនុវត្តសម្រាប់ករណីភាគីទាំងពីរ។ ដំបូង ប្រសិនបើបងប្អូនជាបុរស។

ព្រះនឹងសម្រេចថា អ្នកត្រូវការប្រពន្ធមួយ នេះមិនមែនជាការសម្រេចចិត្តរបស់អ្នកទេ គឺជាសម្រេចចិត្តរបស់ព្រះ។

ទីពីរ ព្រះនឹងរៀបចំប្រពន្ធមួយត្រឹមត្រូវឲ្យអ្នក។

ទីបី ព្រះនឹងនាំប្រពន្ធនោះមកឲ្យអ្នក រួចហើយ

ទីបួន ព្រះនឹងកំណត់ប្រភេទនៃទំនាក់ទំនង ដែលអ្នកត្រូវរស់នៅក្នុងទំនាក់ទំនងនោះ ជាប្ដីប្រពន្ធដែលបានរៀបការ។

ប្រសិនបើបងប្អូនជាស្ត្រី យើងគ្រាន់តែបង្វែរមកវិញបន្តិច ហើយអនុវត្តគោលការណ៍ដដែលដូចគ្នាៈ

ព្រះនឹងសម្រេចថា បុរសណាត្រូវការអ្នកធ្វើជាប្រពន្ធ។

ព្រះនឹងរៀបចំអ្នក ហើយទុកដាក់អ្នកឲ្យធ្វើជាប្រពន្ធសម្រាប់បុរសនោះ។

ព្រះនឹងនាំអ្នកទៅជួបបុរសនោះ រួចហើយ

ព្រះនឹងកំណត់ប្រភេទនៃទំនាក់ទំនងដែលអ្នកត្រូវរស់នៅក្នុងទំនាក់ទំនងនោះ ជាប្រពន្ធប្តីដែលបានរៀបការ។

និយាយបានម្យ៉ាងទៀតថា មិនថាលោកអ្នកជាបុរស ឬជាស្ត្រីទេ ការចាប់ផ្ដើម ការសម្រេចចិត្ត ដំណើរការនៃការរៀបចំ ទាំងអស់សុទ្ធតែនៅនឹងព្រះ។

ឥឡូវនេះ តើព្រះទ្រង់ទាមទារអ្វីពីលោកអ្នក ដើម្បីឲ្យលោកអ្នកអាចរកឃើញព្រះហឫទ័យព្រះអង្គ នៅក្នុងរឿងដ៏សំខាន់នេះ? មិនថាលោកអ្នកជាបុរស ឬជាស្ត្រីទេ តើធ្វើដូចម្តេចឲ្យលោកអ្នកអាចរកឃើញដៃគូដែលព្រះបានរៀបចំទុកសម្រាប់ឲ្យលោកអ្នកបាន? ខ្ញុំចង់ជូនវិធានដ៏សាមញ្ញប្រាំពីរដល់លោកអ្នក ដែលខ្ញុំជឿថានឹងជួយលោកអ្នកជាខ្លាំងនៅក្នុងរឿងនេះ:

ទីមួយ ជឿលើគោលបំណងរបស់ព្រះសម្រាប់ជីវិតលោកអ្នក។ ជឿថាព្រះមានជោគវាសនាមួយសម្រាប់លោកអ្នក។ លោកអ្នកមិនមែនកើតមកនៅកន្លែងណាមួយដោយចៃដន្យនោះទេ ដ្បិតព្រះទ្រង់មានគោលបំណងមួយសម្រាប់លោកអ្នក គឺជាគោលបំណងមួយដ៏ល្អ។

ទីពីរ ទុកដាក់ជីវិតរបស់លោកអ្នកទាំងស្រុងចំពោះព្រះ។

ទីបី ដើរនៅក្នុងពន្លឺនៃព្រះបន្ទូលរបស់ព្រះ។ មានន័យថា រស់នៅតាមការចង្អុលបង្ហាញរួម គោលការណ៍រួម ដែលព្រះបានរៀបចំសម្រាប់មនុស្សទាំងអស់របស់ព្រះអង្គ។

ទីបួន បន្តការប្រកបជាមួយប្រជារាស្ត្ររបស់ព្រះ ព្រោះ ព្រះអាចនឹងរើសម្នាក់ចេញពីក្នុងចំណោមមនុស្សដែលលោកអ្នកបានប្រកបជាមួយនោះ ដើម្បីឲ្យលោកអ្នករៀបការជាមួយ។ ប្រសិនបើលោកអ្នកប្រកបតែជាមួយអ្នកមិនជឿ ចុងបញ្ចប់ លោកអ្នកទំនងជានឹងរៀបការជាមួយអ្នកមិនជឿ។

ទីប្រាំ ចូរស្គាល់ឲ្យច្បាស់ពីតម្លៃរបស់លោកអ្នក ក្នុងភាពជាកូនរបស់ព្រះ។ សូមកុំបន្ថោកតម្លៃខ្លួនឯងឡើយ។ សូមកុំទទួលយកជម្រើសវិសេសលេខពីរ នៅក្នុងរឿងដ៏សំខាន់នៃជីវិតរបស់លោកអ្នកឡើយ។ គ្រីស្ទបរិស័ទជាច្រើនមានបញ្ហា ដោយសារតែពួកគេមិនឲ្យតម្លៃខ្លួនឯងឲ្យខ្ពស់ ឲ្យសមល្មមក្នុងនាមជាកូនរបស់ព្រះ ហើយគេក៏ទទួលយកជម្រើសអន់ៗ ជំនួសឲ្យមនុស្សដ៏ពិសេសរបស់ព្រះ។

ទីប្រាំមួយ ចូរត្រៀមខ្លួននឹងរង់ចាំ។ ការរង់ចាំ ជាសក្ខីភាពមួយនៃជំនឿ ហើយជារឿងមួយ ដែលជាញឹកញាប់ ព្រះទ្រង់ទាមទារឲ្យយើងបង្ហាញចេញមក។

ទីប្រាំពីរ សូមរវៀសនឹងព្រះវិញ្ញាណបរិសុទ្ធ។ សូមបើកឲ្យព្រះអង្គជ្រើសរើសផ្លូវឲ្យលោកអ្នក ហើយតម្រង់លោកអ្នក។

ខ្ញុំសូមអធិស្ឋានដោយស្មោះអស់ពីចិត្ត ឲ្យលោកអ្នកបងប្អូនទាំងអស់ដែលកំពុងស្ដាប់ សូមឲ្យព្រះទ្រង់ចង្អុលបង្ហាញលោកអ្នក ហើយសូមឲ្យការសម្រេចចិត្តដ៏សំខាន់បំផុតក្នុងជីវិតលោកអ្នក បានចូលទៅក្នុងផ្លូវដ៏គ្រប់លក្ខណ៍របស់ព្រះអង្គ។

ពេលវេលារបស់យើងសម្រាប់ថ្ងៃនេះចូលដល់ទីបញ្ចប់ហើយ។ ខ្ញុំនឹងវិលជួបលោកអ្នកជាថ្មីនៅវគ្គក្រោយ តាមម៉ោងពេលដដែល។ វគ្គក្រោយ ខ្ញុំនឹងចែកចាយអំពីស្ថានភាពមួយផ្សេងទៀត ដែលទាក់ទងនឹងជីវិតគ្រួសារ គឺ “របៀបដោះស្រាយបញ្ហារបស់កូន”។ ខ្ញុំនឹងចែកចាយជាមួយលោកអ្នកអំពីសេចក្តីសន្យាដ៏ជាក់លាក់របស់ព្រះ ដែលទាក់ទងនឹងស្ថានភាពដ៏ពិសេសនេះ។