ការស្តាប់ឮចេញពីក្នុងចិត្ត

ដេរេក ព្រីនស៍
Published: 1979
Last Updated: September 2026
Read Time: 10
ចិត្តដែលឆាប់ទទួលដឹងជួយឱ្យអ្នកជឿស្គាល់សំឡេងរបស់ព្រះ និងដើរតាមព្រះយេស៊ូវ ខណៈដែលចិត្តដែលរឹងរូសនឹងក្លាយជាថ្លង់ខាងវិញ្ញាណ។ ដោយផ្អែកលើព្រះបន្ទូលរបស់ព្រះយេស៊ូវ និងការទូលសូមរបស់សាឡូម៉ូននូវចិត្តដែលចេះស្តាប់ លោក ឌីរិក ព្រីនស៍ បង្ហាញឱ្យឃើញពីមូលហេតុដែលភាពឆាប់ទទួលដឹងក្នុងចិត្តចំពោះព្រះមានសារៈសំខាន់យ៉ាងខ្លាំង។
Transcript
រីករាយណាស់ដែលបានមកជួបលោកអ្នកជាថ្មីនៅដើមសប្ដាហ៍ថ្មីនេះ ដើម្បីនឹងចែកចាយជូនលោកអ្នក នូវគន្លឹះដ៏សំខាន់ដើម្បីរស់នៅមានជោគជ័យ ជាអ្វីដែលព្រះជាម្ចាស់បានដាក់នៅក្នុងដៃរបស់ខ្ញុំ តាមរយៈបទ ពិសោធន៍ផ្ទាល់ខ្លួន និងការបម្រើព័ន្ធកិច្ចអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។
សប្ដាហ៍នេះ ខ្ញុំនឹងបន្តប្រធានបទដែលខ្ញុំបានចាប់ផ្ដើមកាលពីសប្ដាហ៍មុនគឺ «ការស្ដាប់ព្រះសូរសៀងរបស់ ព្រះ»។
នៅក្នុងមេរៀនសប្ដាហ៍មុន ខ្ញុំបានពន្យល់ថា លក្ខខណ្ឌគ្រឹះដ៏សំខាន់ និងមិនប្រែប្រួលសម្រាប់ការទំនាក់ ទំនងជានិរន្តជាមួយព្រះ គឺស្ដាប់ព្រះសូរសៀងរបស់ព្រះ។
នៅក្នុងសញ្ញាចាស់ ហោរាយេរេមាបានសង្ខេបលក្ខខណ្ឌនេះនៅក្នុងប្រយោគមួយយ៉ាងខ្លី គឺនៅក្នុង យេរេមា ៧:២៣ ព្រះទ្រង់មានបន្ទូលថាៈ
«ចូរស្ដាប់តាមពាក្យយើង នោះយើងនឹងធ្វើជាព្រះដល់អ្នករាល់គ្នា»។
នេះជាលក្ខខណ្ឌដ៏អស្ចារ្យដែលមិនប្រែប្រួល។ នៅគ្រប់គ្រា និងនៅគ្រប់សម័យកាលទាំងអស់ ព្រះទ្រង់ មានបន្ទូលថា៖ «ការមួយដែលសំខាន់បំផុត គឺស្ដាប់តាមពាក្យរបស់យើង (នេះជាព្រះសូរសៀងរបស់ព្រះ) នោះយើងនឹងធ្វើជាព្រះដល់អ្នករាល់គ្នា»។
នៅក្នុងសញ្ញាថ្មី ព្រះយេស៊ូបានប្រាប់ថា នេះជាទីសម្គាល់ពិសេសមួយដល់អស់អ្នកដែលជាសិស្សរបស់ ព្រះអង្គពិតប្រាកដ។ នៅក្នុងយ៉ូហាន ១០:២៧ ព្រះអង្គមានបន្ទូលយ៉ាងនេះថា៖
«ចៀមរបស់ខ្ញុំតែងស្ដាប់សំឡេងខ្ញុំ ខ្ញុំស្គាល់ចៀមទាំងនោះដែរ ហើយចៀមទាំងនោះមកតាមខ្ញុំ» ។
នេះជាសញ្ញាសម្គាល់របស់សិស្ស និងអ្នកដើរតាមព្រះយេស៊ូពិតប្រាកដ នៅគ្រប់សម័យកាលទាំងអស់។ សញ្ញាសម្គាល់នោះមិនមែនជាឈ្មោះនិកាយ មិនមែនជាការសង្កត់ធ្ងន់ខាងគោលលទ្ធិ ប៉ុន្តែគឺជាអ្នកដែលស្ដាប់ព្រះ សូរសៀងព្រះអង្គ និងដើរតាមព្រះអង្គ ហើយបើមិនស្ដាប់ព្រះសូរសៀងព្រះអង្គទេ យើងមិនអាចដើរតាម ព្រះអង្គបានឡើយ។ ដូច្នេះ ការស្ដាប់ព្រះសូរសៀងព្រះអង្គ សំខាន់ណាស់សម្រាប់ការធ្វើជាអ្នកដើរតាមព្រះ យេស៊ូ។
បន្ទាប់មក ខ្ញុំបានពន្យល់កាលពីសប្ដាហ៍មុនថា លទ្ធផលកើតចេញពីការស្ដាប់ព្រះសូរសៀងរបស់ព្រះ គឺជាជំនឿពិតប្រាកដ។ រ៉ូម ១០:១៧:
«ដូច្នេះ ជំនឿកើតឡើងដោយសេចក្ដីដែលបានឮ ហើយសេចក្ដីដែលបានឮនោះ គឺដោយសារព្រះបន្ទូលរបស់ព្រះគ្រីស្ទ»។
នៅពេលដែលយើងបណ្ដុះទម្លាប់ស្ដាប់ព្រះបន្ទូលដែលព្រះមានបន្ទូលមកកាន់យើងផ្ទាល់រាល់ថ្ងៃ ព្រះ បន្ទូលត្រឡប់ជាអាហារប្រចាំថ្ងៃ ដែលថ្មីសម្រាប់ចិញ្ចឹមយើងខាងវិញ្ញាណ ហើយតាមរយៈការស្ដាប់នោះ យើង ទទួលបានកម្លាំង និងការដឹកនាំជារៀងរាល់ថ្ងៃ សម្រាប់ដំណើរជានិរន្តរបស់យើងជាមួយព្រះ។
នៅក្នុងមេរៀនសប្ដាហ៍នេះ ខ្ញុំនឹងនិយាយអំពីផ្នែកអនុវត្តប្រធានបទនេះ នៅក្នុងជីវិតរស់នៅរាល់ថ្ងៃ។ ខ្ញុំ នឹងសួរជាសំណួរ ហើយឆ្លើយនឹងសំណួរៈ តើយើងអាចស្ដាប់ព្រះសូរសៀងរបស់ព្រះបានយ៉ាងដូចម្ដេច?
មុនដំបូង ខ្ញុំចង់ទៅមើលការបង្រៀនរបស់ព្រះយេស៊ូនៅក្នុងគម្ពីរដំណឹងល្អ។ ជាច្រើនដង ព្រះយេស៊ូ មានបន្ទូលអំពីការមានត្រចៀកសម្រាប់ស្ដាប់ ជាពិសេសនៅពេលដែលព្រះអង្គកំពុងបង្រៀនជាពាក្យប្រៀប ធៀប។ ឧទាហរណ៍ នៅក្នុងម៉ាកុស ៤:៩ យើងអានឃើញថា៖
«បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ អ្នកណាមានត្រចៀក ចូរស្ដាប់ចុះ!» ។
ហើយនៅក្នុងម៉ាកុស ៤:២៣ គឺនៅក្នុងជំពូកដដែល
«បើអ្នកណាមានត្រចៀកសំរាប់ស្ដាប់ ឲ្យស្ដាប់ចុះ» (KOV)
តើមាន«ត្រចៀកសម្រាប់ស្ដាប់» មានន័យដូចម្ដេច? ប្រាកដណាស់ ព្រះយេស៊ូមិនមែនកំពុងសំដៅទៅ រកត្រចៀកខាងសាច់ឈាមទេ។ មនុស្សទាំងអស់ដែលកំពុងស្ដាប់ព្រះអង្គ សុទ្ទតែមានត្រចៀកពីរខាងសាច់ ឈាម យើងមិនឃើញអ្នកណាគ្មានត្រចៀកផង។ ពួកគេភាគច្រើនមិនមែនថ្លង់ទេ។ ប៉ុន្តែព្រះយេស៊ូនៅតែមាន បន្ទូលថា៖ «បើអ្នកណាមានត្រចៀកសំរាប់ស្ដាប់ ឲ្យស្ដាប់ចុះ»។ តើព្រះអង្គកំពុងតែមានបន្ទូលអំពីអ្វី? ខ្ញុំជឿ ថា ព្រះអង្គមិនមែនកំពុងមានបន្ទូលអំពីការស្ដាប់ខាងសាច់ឈាម និងត្រចៀកខាងសាច់ឈាមទេ ប៉ុន្តែអំពីស្ថាន ភាពនៅខាងក្នុងចិត្តវិញ។ ខ្ញុំជឿថា ចំណុចសំខាន់នៃអ្វីដែលយើងកំពុងនិយាយគឺថា យើងត្រូវស្ដាប់ព្រះ ដោយ ចិត្តរបស់យើង។ យើងត្រូវមានចិត្តនឹងស្ដាប់ព្រះ គឺចិត្តដែលប្រុងស្ដាប់។
ខ្ញុំនឹងមើលគំរូមួយចេញពីជីវិតរបស់ស្ដេចសាឡូម៉ូន។ ពេលដែលស្ដេចសាឡូម៉ូនទើបតែឡើងគ្រងរាជ្យ ធ្វើជាស្ដេច បទគម្ពីរប្រាប់ថា ព្រះអម្ចាស់បានលេចមកឲ្យស្ដេចសាឡូម៉ូនឃើញក្នុងសុបិននិមិត្ត ហើយសួរស្ដេចនូវ សំណួរយ៉ាងសំខាន់មួយ។ ១ពង្សាវតារក្សត្រ ៣:៥:
«នៅត្រង់គីបៀននេះ ព្រះយេហូវ៉ាបានលេចមកឲ្យសាឡូម៉ូនឃើញក្នុងសុបិននិមិត្តនៅពេលយប់ ដោយមានព្រះបន្ទូលថា៖ ចូរសូមអ្វីតាមដែលចង់ឲ្យយើងប្រទានដល់អ្នកចុះ!» ។
នោះជាស្ថានភាពមួយដែលខ្ញុំមិនប្រាកដថា យើងភាគច្រើនត្រៀមខ្លួនជាស្រេចនឹងប្រឈមមុខនោះទេ។ ឧបមាថា ព្រះទ្រង់លេចមកឲ្យលោកអ្នកឃើញ ហើយមានបន្ទូលថា៖ «ចូរសូមអ្វីតាមដែលចង់ឲ្យយើងប្រទាន ដល់អ្នកចុះ»។ តើលោកអ្នកនឹងសូមអ្វី? ចូរអានចម្លើយរបស់ស្ដេចសាឡូម៉ូន។ ១ពង្សាវតារក្សត្រ ៣:៧-១០។ នេះជាអ្វី ដែលស្ដេចសាឡូម៉ូនបានទូលដល់ព្រះ
«ឥឡូវនេះ ឱ ព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ ព្រះអង្គបានតាំងទូលបង្គំជាអ្នកបម្រើព្រះអង្គ ឡើង ធ្វើជាស្ដេចជំនួសដាវីឌបិតាទូលបង្គំ តែទូលបង្គំដូចជាក្មេងតូច ឥតដឹងថាត្រូវចេញចូលយ៉ាងណា ឡើយ។ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គនៅកណ្ដាលប្រជាជនដែលព្រះអង្គបានជ្រើសរើស ជា សាសន៍មួយធំ មានគ្នាច្រើនហួសកំណត់នឹងរាប់បាន (នេះជាសំណូមរបស់ស្ដេចសាឡូម៉ូន។ ស្ដេច ប្រឈមមុខនឹងស្ថានភាពមួយដែលធំហួសលាបត់សម្រាប់ព្រះអង្គ។ ស្ដេចដឹងថា ទ្រង់មិនអាចដោះ ស្រយការនេះបានទេ។ តើស្ដេចត្រូវសូមអ្វី? នេះជាអ្វីដែលស្ដេចទូលសូម) ដូច្នេះ សូមព្រះអង្គ ប្រទានឲ្យទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គមានចិត្តប្រកបដោយប្រាជ្ញា ដើម្បីនឹងគ្រប់គ្រងលើ ប្រជារាស្ត្ររបស់ព្រះអង្គ ប្រយោជន៍ឲ្យទូលបង្គំបានពិចារណាដឹងខុសត្រូវ ដ្បិតតើមានអ្នកណាអាចនឹង គ្រប់គ្រងលើប្រជារាស្ត្ររបស់ព្រះអង្គ ដែលមានគ្នាច្រើនទាំងនេះបាន (ហើយមានការពនាយល់ថា) ព្រះ អម្ចាស់សព្វព្រះហឫទ័យចំពោះសេចក្ដីដែលព្រះបាទសាឡូម៉ូនបានសូមនេះ» ។
កន្លែងដែលបកប្រែថា «ចិត្តប្រកបដោយប្រាជ្ញា» នៅក្នុងភាសាហេព្រើរ មានន័យត្រង់ថា «ចិត្តដែល ប្រុងស្ដាប់»។ នោះជាអ្វីដែលយើងកំពុងតែនិយាយ គឺចិត្តដែលអាចស្ដាប់ព្រះបាន។ ស្ដេចសាឡូម៉ូនបានទទួល ការនោះជាអំណោយមកពីព្រះ។ ព្រះបានប្រទានចិត្តនោះឲ្យស្ដេច ពីព្រោះស្ដេចបានទូលសូមឲ្យមានចិត្តបែប នោះ។ ខ្ញុំឈប់បន្ដិចសិន ហើយសុំសួរលោកអ្នកយ៉ាងនេះថា តើលោកអ្នកធ្លាប់ដែលទូលសូមដល់ព្រះឲ្យមានចិត្ត ដែលប្រុងស្ដាប់ដែរឬទេ? តើលោកអ្នកយល់ច្បាស់ដែរឬទេ គឺលោកអ្នកស្ដាប់ព្រះដោយចិត្តរបស់លោកអ្នក? តើលោកអ្នកយល់ច្បាស់ដែរឬទេថា ការនេះនឹងធ្វើឲ្យមានការផ្លាស់ប្ដូរគ្រប់បែបយ៉ាងនៅក្នុងជីវិតរបស់លោក អ្នក ប្រសិនបើលោកអ្នកអាចស្ដាប់ព្រះសូរសៀងរបស់ព្រះ ដោយចិត្តរបស់លោកអ្នកបាន? លោកអ្នកឃើញ ហើយ យើងស្ដាប់ព្រះសូរសៀងរបស់ព្រះ ដោយចិត្តរបស់យើង មិនមែនដោយត្រចៀកខាងសាច់ឈាមរបស់ យើងទេ។
នៅក្នុងមេរៀនសប្ដាហ៍មុន ខ្ញុំបានជម្រាបជូនលោកអ្នកនូវអ្វីដែលហាក់បីដូចជាគំរូដ៏អស្ចារ្យសម្រាប់ខ្ញុំ អំពីធនាគារដែលមានទូរដែកសុវត្ថិភាព ហើយទូរដែកនោះគេដាក់បញ្ចូលកម្មវិធីបើកទ្វារ ដោយសំឡេងរបស់ អ្នកគ្រប់គ្រងធនាគារម្នាក់ប៉ុណ្ណោះ។ សំឡេងរបស់អ្នកគ្រប់គ្រង ដូចជាសំឡេងទាំងអស់ដែរ សុទ្ធតែមាន លក្ខណៈពិសេសមួយដោយឡែក។ គ្មានរបៀបចម្លងសំឡេងនោះបានទេ។ ដូច្នេះ មនុស្សតែម្នាក់គត់ដែលអាច បើកទូរដែកនោះបាន គឺជាអ្នកគ្រប់គ្រងធនាគារ ពេលដែលគាត់និយាយពាក្យណាមួយជាសំឡេងរបស់គាត់។ ខ្ញុំជឿថា ចិត្តរបស់លោកអ្នក និងចិត្តរបស់ខ្ញុំ គឺបែបនោះ។ ចិត្តគឺជាទូដែក។ នោះជាកន្លែងដែលយើងរក្សា ទុកអ្វីៗដែលពិតជាសំខាន់ចំពោះយើង។
សុភាសិត ៤:២៣ ជាពាក្យរបស់ស្ដេចសាឡូម៉ូនម្ដងទៀតៈ
«ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក»។
អ្វីដែលលោកអ្នកមាននៅក្នុងចិត្ត នឹងកំណត់ដំណើរជីវិតរបស់លោកអ្នក។ ដូច្នេះ ចិត្តរបស់លោកអ្នក គឺជាទូដែកដែលរក្សាទុកវត្ថុដែលមានតម្លៃជាងរបស់ដែលរក្សាទុកនៅក្នុងទូដែកធនាគារនោះទៅទៀត។ ខ្ញុំ ជឿថា កូនរបស់ព្រះទាំងអស់ គប្បីមានចិត្តដូចជាទូរដែកដែលស្គាល់សំឡេងម្ចាស់ គឺជាសំឡេងរបស់ព្រះអម្ចាស់ នៃយើង។ លោកអ្នកនឹកចាំពីអ្វីដែលព្រះយេស៊ូមានបន្ទូលហើយ «ចៀមរបស់ខ្ញុំតែងស្ដាប់សំឡេងខ្ញុំ ហើយចៀម ទាំងនោះមកតាមខ្ញុំ»។ ព្រះអង្គមានបន្ទូលថា ចៀមទាំងនោះមិនដើរតាមអ្នកដទៃទេ ពីព្រោះមិនស្គាល់សំឡេង របស់អ្នកនោះ។ ដូច្នេះ ការដែលមានចិត្តដែលបើកចំហចំពោះសំឡេងរបស់ព្រះអម្ចាស់ ប៉ុន្តែមិនបើកឲ្យសំឡេង របស់មនុស្សដទៃ ឬអ្នកចម្លែក គឺសំខាន់បំផុត។ តើនោះជាចិត្តប្រភេទណា? នោះគឺជាចិត្តដែលប្រុងស្ដាប់។ យើងមានត្រចៀកសម្រាប់ស្ដាប់ដែលព្រះយេស៊ូវចង់បាន មិនមែនជាត្រចៀកខាងសាច់ឈាមទេ ប៉ុន្តែជា ត្រចៀកខាងវិញ្ញាណរបស់យើង។ ជ្រៅនៅខាងក្នុងយើង យើងមានចិត្តដែលឆ្លើយតបចំពោះព្រះសូរសៀង របស់ព្រះអម្ចាស់។
ឥឡូវនេះ ខ្ញុំចង់និយាយបន្ដិចចេញពីបទគម្ពីរដែលប្រាប់អំពីស្ថានភាពផ្ទុយ គឺការថ្លង់ខាងវិញ្ញាណ។ ទាំងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី សុទ្ធតែមាននិយាយអំពីមនុស្សដែលថ្លង់ខាងវិញ្ញាណ។ ព្រះយេស៊ូមាន បន្ទូលអំពីអ្នកដែលមិនអាចយល់រឿងប្រៀបធៀបរបស់ព្រះអង្គនៅក្នុងម៉ាថាយ ១៣:១៣-១៥ ថា ពួកគេថ្លង់ខាងវិញ្ញាណ។ នេះជារបៀបដែលព្រះអង្គបង្ហាញ។ ព្រះអង្គមានបន្ទូលថា៖
«ហេតុនេះហើយបានជាខ្ញុំនិយាយទេគេជារឿងប្រៀបធៀប ដ្បិតដែលគេមើល តែមិនឃើញ គេស្ដាប់ តែមិនឮ ហើយក៏មិនយល់ដែរ។ សេចក្ដីទំនយរបស់ហោរាអេសយពិតជាបានសម្រេចនៅក្នុងអ្នក ទាំងនេះមែន ដែលថា អ្នករាល់គ្នានឹងស្ដាប់មែន តែមិនយល់ ហើយក៏មើល តែមិនឃើញសោះ។ ដ្បិត ចិត្តរបស់ប្រជាជននេះបានត្រឡប់ជាស្ពឹក ត្រចៀករបស់គេធ្ងន់ពិបាកនឹងស្ដាប់ ភ្នែកគេបិទ ក្រែង គេមើលឃើញនឹងភ្នែក ស្ដាប់ឮនឹងត្រចៀក ហើយយល់នៅក្នុងចិត្ត រួចគេវិលបែរ ហើយយើងប្រោសគេ ឲ្យបានជា» ។
មានរូបភាពអំពីមនុស្សដែលមិនមានចិត្តសម្រាប់ស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់។ ពួកគេត្រឡប់ជា ថ្លង់នៅខាងក្នុងចិត្ត។ មានពាក្យមួយដែលខ្ញុំគិតថាសំខាន់ខ្លាំងណាស់ ហើយជាពាក្យដ៏គួរឲ្យខ្លាចៈ «ចិត្តរបស់ ប្រជាជននេះបានត្រឡប់ជាស្ពឹក»។ ចិត្តរបស់ពួកគេមិនឆ្លើយតប មិនរវាសរវៃទៀតទេ។ ចូរប្រៀបធៀបអ្វី ដែលព្រះបានមានបន្ទូលអំពីអុីស្រាអែលនៅក្នុងសញ្ញាចាស់ នៅក្នុងទំនុកតម្កើង ៩៥:៧-៨។ ព្រះអង្គមានបន្ទូលថា៖
«នៅថ្ងៃនេះ បើអ្នករាល់គ្នាឮសំឡេងព្រះអង្គ មិនត្រូវតាំងចិត្តរឹងរូសដូចកាលនៅមេរីបា ឬដូចកាលថ្ងៃ នៅមា៉ាសក្នុងទីរហោស្ថាននេះឡើយ» ។
បន្ទាប់មក ព្រះអង្គមានបន្ទូលបន្តទៀតអំពីអ្នកទាំងនោះដែលបានតាំងចិត្តរឹងរូសថា៖
«យើងមានចិត្តឆ្អែតឆ្អន់នឹងមនុស្សជំនន់នេះអស់រយៈពេលសែសិបឆ្នាំ ហើយថា គេជាប្រជាជនដែល មានចិត្តវង្វេង គេមិនស្គាល់ផ្លូវរបស់យើងឡើយ។ ហេតុនេះ យើងបានសាបថទាំងកំហឹងរបស់យើងថា ពួកគេមិនត្រូវចូលទេក្នុងសេចក្ដីសម្រាករបស់យើងឡើយ»។
ខ្ញុំជឿថា នៅសព្វថ្ងៃនេះ មានប្រជារាស្រ្តរបស់ព្រះអង្គជាច្រើនដែលមិនបានចូលទៅក្នុងសេចក្ដីសម្រាក របស់ព្រះពិតប្រាកដ។ ពួកគេកំពុងតែវង្វេងជាប់ជារហូតនៅក្នុងទីរហោស្ថាន ពួកគេមិនបានចូលក្នុងទឹកដី សេចក្ដីសន្យាទេ។ ហេតុផលគឺពួកគេមិនបានរៀនស្ដាប់ព្រះសូរសៀងរបស់ព្រះ។ របៀបតែមួយគត់ដើម្បីចូល ទៅក្នុងសេចក្ដីសម្រាករបស់ព្រះ គឺស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គ។
ប្រសិនបើលោកអ្នកដាក់កំណត់ត្រាទាំងពីរនោះដែលចេញពីសញ្ញាចាស់ និងសញ្ញាថ្មីចូលគ្នា ដែល និយាយអំពីមនុស្សថ្លង់នៅក្នុងចិត្ត ថ្លង់ខាងវិញ្ញាណ មានពាក្យសំខាន់ពីរដែលពណ៌នាអំពីស្ថានភាពនៅក្នុងចិត្ត របស់ពួកគេ។ ពាក្យទាំងពីរនោះ គឺ ស្ពឹក និង រឹងរូស ។ នោះជាប្រភេទចិត្តដែលមិនស្ដាប់។ ដូច្នេះ តើធ្វើ ដូចម្ដេច? តើសេចក្ដីដែលផ្ទុយពីស្ពឹក និងរឹងរូស ជាអ្វី? ខ្ញុំនឹងនិយាយថា ពាក្យគន្លឹះគឺ រវាស ។ យើងត្រូវ បណ្ដុះភាពរវាសនៅក្នុងចិត្តចំពោះព្រះអម្ចាស់ និងចំពោះព្រះសូរសៀងរបស់ព្រះអង្គ។
ខ្ញុំសូមបង្ហាញជូនរូបភាពដ៏ល្អមួយ។ តើលោកអ្នកធ្លាប់ឃើញមនុស្សខ្វាក់អានអក្សរឬទេ? តើលោក អ្នកធ្លាប់ឃើញម្រាមដៃរបស់ពួកគេស្ទាបរកចំណុចតូចៗនៅលើក្រដាសដែរឬទេ? ប្រសិនបើខ្ញុំយកម្រាមដៃ ស្ទាបចំណុចតូចៗទាំងនោះ ចំណុចទាំងនោះគ្មានន័យអ្វីសម្រាប់ខ្ញុំទេ។ ខ្ញុំគ្រាន់តែមានអារម្មណ៍ថា ចំណុចទាំង នោះមានស្នាមពកខ្ពស់ជាងផ្ទៃស្មើប៉ុណ្ណោះ។ ប៉ុន្តែមនុស្សខ្វាក់បានប្រើម្រាមដៃរបស់គេយ៉ាងរវាស ដើម្បីឲ្យដឹង ថា ចំណុចទាំងនោះមានន័យសម្រាប់គេ។ ចំណុចទាំងនោះគឺជាពាក្យ។ ចំណុចទាំងនោះមានសារ។ ខ្ញុំជឿថា ការបណ្ដុះចិត្តដែលរវាសនឹងដឹងព្រះសូរសៀងរបស់ព្រះអម្ចាស់ មានន័យបែបនោះឯង គឺឲ្យចិត្តរបស់យើងរវាស ឲ្យខ្លាំងនឹងដឹង នៅពេលដែលព្រះទ្រង់មានបន្ទូល យើងស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គ។ ព្រះសូរសៀងនោះ មានន័យសម្រាប់យើង។ ខ្ញុំជឿថា នោះហើយជាកូនសោពិតប្រាកដនាំទៅរកព្រះពរ នាំយើងចូលទៅក្នុង មរតករបស់យើង។ គួរឲ្យសោកសង្រេងខ្លាំងណាស់ នៅពេលយើងគិតអំពីមនុស្សដែលបានវង្វេងនៅក្នុង ទីរហោស្ថាន ជាពេលដែលពួកគេគួរតែអាចចូលទៅក្នុងទឹកដីសន្យាបាន តែទាំងអស់នោះ ដោយព្រោះតែ ពួកគេមិនបានបណ្ដុះឲ្យមានចិត្តរវាសចំពោះព្រះសូរសៀងរបស់ព្រះអម្ចាស់។ ខ្ញុំសូមជំរុញលោកអ្នកឲ្យធ្វើការនេះ ទៅ គឺសូមបណ្ដុះឲ្យមានចិត្តរវាសឡើង។
កូដ: RP-R058-101-KHM










