រីករាយណាស់ដែលបានមកជួបលោកអ្នកជាថ្មីនៅដើមសប្ដាហ៍ថ្មីនេះ ដើម្បីនឹងចែកចាយជូនលោកអ្នក នូវគន្លឺះដ៏សំខាន់ដើម្បីរស់នៅមានជោគជ័យ ជាអ្វីដែលព្រះបានដាក់នៅក្នុងដៃរបស់ខ្ញុំ តាមរយៈបទពិសោធន៍ ផ្ទាល់ខ្លួន និងការបម្រើព័ន្ធកិច្ចអស់រយៈពេលជាច្រើនឆ្នាំកន្លង។

ចំណងជើងប្រធានបទរបស់ខ្ញុំនៅសប្ដាហ៍នេះ គឺបរមតិមួយ (ជាមតិផ្ទុយពីធម្មតា)គឺៈ កម្លាំងតាមរយៈ ភាពទន់ខ្សោយ។ ប៉ុន្តែ បរមតិនេះ ជាកូនសោចូលទៅកាន់ប្រភពធនធានដែលគ្មានកំណត់របស់ព្រះ ទាំងកម្លាំង ទាំងប្រាជ្ញា ដែលយើងមិនអាចនឹងទទួលបានតាមវិធីណាផ្សេង។

​

ឥឡូវនេះ យើងចូលមកកាន់ប្រធានបទដែលមានលក្ខណៈបរមតិរបស់យើងនៅសប្ដាហ៍នេះ គឺ «កម្លាំង តាមរយៈភាពទន់ខ្សោយ»។

មានច្រើនណាស់នៅក្នុងព្រះគម្ពីរ និងនៅក្នុងជំនឿគ្រិស្តបរិស័ទ ដែលផ្ទុយពីប្រាជ្ញា និងរបៀបរបស់លោ កីយ័នេះ។ មនុស្សលោកីយ៍គិតតាមរបៀបមួយ មានស្ដង់ដាមួយ ហើយធ្វើតាមគោលការណ៍មួយ ប៉ុន្តែអ្វីដែល ព្រះទ្រង់បង្ហាញប្រាប់យើងនៅក្នុងព្រះបន្ទូលព្រះអង្គ ផ្ទុយពីការទាំងនោះ។ ព្រះទ្រង់ទតមើលអ្វីៗចេញពីទស្ស នៈផ្សេងទាំងស្រុង។ ព្រះពរដ៏កាត់ថ្លៃមិនបានមួយរបស់ព្រះគម្ពីរគឺថា ព្រះគម្ពីរជួយឲ្យយើងអាចមើលឃើញអ្វីៗ តាមទស្សនៈវិស្ស័យរបស់ព្រះ។

ហោរាអេសាយប្រើភាសាយ៉ាងល្អប្រាប់យើងថា ផ្លូវរបស់ព្រះ និងគំនិតរបស់ព្រះ ខុសឆ្ងាយពីផ្លូវ និង គំនិតរបស់មនុស្ស។ នៅក្នុងអេសាយ ៥៥:៨-៩ លោកមានប្រសាសន៍ដូច្នេះ គឺលោកនិយាយជំនួសព្រះថាៈ

ពីព្រោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គំនិតអញ មិនមែនដូចជាគំនិតរបស់ឯងរាល់គ្នាទេ ឯផ្លូវ របស់ឯងរាល់គ្នាក៏មិនមែនជាផ្លូវរបស់អញដែរ។ ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា នោះអស់ ទាំងផ្លូវរបស់អញ ខ្ពស់ជាងផ្លូវរបស់ឯង ហើយគំនិតរបស់អញ ក៏ខ្ពស់ជាងគំនិតរបស់ឯងរាល់គ្នាយ៉ាង នោះដែរ។

ដូច្នេះ លោកអ្នកឃើញហើយ មានគម្លាតយ៉ាងធំសម្បើមដែលមនុស្សមិនអាចធ្វើស្ពានភ្ជាប់បាន រវាង កម្រិតនៃផ្លូវ និងគំនិតរបស់ព្រះ ជាមួយនឹងកម្រិតនៃផ្លូវ និងគំនិតរបស់មនុស្ស។ ផ្លូវ និងគំនិតរបស់មនុស្ស ស្ថិតនៅលើផែនដី រីឯផ្លូវ និងគំនិតរបស់ព្រះ ស្ថិតនៅលើស្ថានសួគ៌។ ប៉ុន្តែ ដំណឹងល្អគឺថា ព្រះបានប្រទាន មធ្យោបាយ ដើម្បីឲ្យអាចនាំយកគំនិត និងផ្លូវរបស់ព្រះអង្គចុះមកផែនដី ហើយដាក់មកក្នុងយើងបាន។ នោះគឺ តាមរយៈព្រះបន្ទូលរបស់ព្រះអង្គ។ ដូច្នេះ នៅពីរខបន្ទាប់មកទៀត គឺអេសាយ ៥៥:១០-១១ ព្រះទ្រង់បន្តមាន បន្ទូលដូច្នេះថាៈ

ពីព្រោះដែលភ្លេៀង និងហិមៈធ្លាក់ចុះមកពីលើមេឃឥតវិលត្រឡប់ទៅលើវិញ គឺមកស្រោចដីធ្វើឲ្យកើត ចេញជាពន្លកឡើង ហើយក៏ឲ្យពូជពង្រោះដល់អ្នកដែលព្រោះ និងអាហារដល់អ្នកដែលបរិភោគជា យ៉ាងណា នោះពាក្យអញ ដែលចេញពីមាត់អញទៅ ក៏មិនដែលវិលមកឯអញវិញ ដោយឥតកើតផល យ៉ាងដូច្នោះដែរ គឺនឹងធ្វើសំរេចតាមសេចក្តីប៉ងប្រាថ្នានៅក្នុងចិត្តអញ ហើយនឹងចំរើនកើនឡើង ក្នុង ការអ្វី ដែលអញចាត់ទៅធ្វើនោះ។

ដូច្នេះ ទាក់ទងនឹងរឿងកម្លាំង និងប្រាជ្ញា ដែលយើងកំពុងនិយាយនេះ ស្ដង់ដារបស់ព្រះ ខុសគ្នាទាំង ស្រុងពីស្ដង់ដារបស់យើង។ ប៉ុន្តែតាមរយៈព្រះបន្ទូលរបស់ព្រះ យើងអាចមើលឃើញការទាំងនេះបាន តាមទស្ស នៈវិស្ស័យរបស់ព្រះ។

ឥឡូវនេះ យើងនឹងងាកទៅមើល ១កូរិនថូស ១:២២-២៥ ដែលលោកប៉ុលរៀបរាប់អំពីភាពខុសគ្នា រវាងស្តង់ដារបស់ព្រះ អំពីកម្លាំង និងប្រាជ្ញារបស់ព្រះអង្គ ជាមួយនឹងស្ដង់ដារបស់លោកីយ៍។ នេះជាអ្វីដែល លោកប៉ុលមានប្រសាសន៍ៈ

ព្រោះសាសន៍យូដាចង់ឃើញទីសម្គាល់ ហើយសាសន៍ក្រិកស្វែងរកប្រាជ្ញា តែយើងប្រកាសអំពីព្រះគ្រី ស្ទដែលត្រូវឆ្កាង ជាហេតុនាំឲ្យជំពប់ចិត្តដល់សាសន៍យូដា និងជាសេចក្តីល្ងីល្ងើដល់សាសន៍ក្រិក ប៉ុន្តែ ចំពោះអស់អ្នកដែលព្រះអង្គត្រាស់ហៅ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក ព្រះគ្រីស្ទជាព្រះចេស្ដា របស់ព្រះ និងជាប្រាជ្ញារបស់ព្រះ។ ដ្បិតសេចក្តីល្ងីល្ងើរបស់ព្រះ នោះមានប្រាជ្ញាលើសជាងប្រាជ្ញារបស់ មនុស្ស ហើយភាពទន់ខ្សោយរបស់ព្រះ ក៏មានកម្លាំងលើសជាងកម្លាំងរបស់មនុស្សដែរ។ (RKOV)

​

​

ដូច្នេះ នៅនទីនេះ យើងមានអ្វីដែលជាសេចក្ដីល្ងីល្ងើ និងជាភាពទន់ខ្សោយនៅចំពោះភ្នែករបស់ លោកីយ៍ ប៉ុន្តែតាមទស្សនៈវិស្ស័យរបស់ព្រះ នោះគឺជាប្រាជ្ញា និងកម្លាំងវិញ។ ហើយការនោះ ផ្ទុយនឹងអ្វីៗដែល មនុស្សនៅលោកីយ៍នេះ ទាំងសាសន៍យូដា ទាំងសាសន៍ដទៃ ចាត់ទុកថាជាទីសម្គាល់អំពីប្រាជ្ញា និងកម្លាំង។

ឥឡូវនេះ យើងត្រូវយល់ថា សេចក្ដីល្ងីល្ងើ និងភាពទន់ខ្សោយរបស់ព្រះ សង្ខេបមកត្រឹមពីរពាក្យ ដែល លោកប៉ុលប្រើនៅទីនេះ គឺ «ព្រះគ្រិស្តដែលត្រូវបានគេឆ្កាង»។ ការឆ្កាងព្រះយេស៊ូ គឺជាសេចក្ដីល្ងីល្ងើ និងជា ភាពទន់ខ្សោយរបស់ព្រះ ប៉ុន្តែមានប្រាជ្ញា និងមានកម្លាំង លើសជាងអ្វីដែលមនុស្សអាចធ្វើបានដើម្បីទាស់ ប្រឆាំងនឹងការនោះ។ ការស្លាប់នៅលើឈើឆ្កាង គឺជារូបភាពអំពីសេចក្ដីអាម៉ាស់ អំពីភាពទន់ខ្សោយ អំពីការ បរាជ័យ ប៉ុន្តែនោះគឺជាកូនសោនៃសិរីរុងរឿង ព្រះចេស្ដា ប្រាជ្ញា និងជ័យជម្នះ។ នោះជាការផ្ទុយគ្នា រវាងផ្លូវ របស់ព្រះ និងផ្លូវរបស់មនុស្ស។

ការមួយដែលយើងត្រូវយល់ឲ្យបានច្បាស់គឺថា ព្រះទ្រង់គ្រោងឲ្យមានការជាប់ឆ្កាងនោះ។ នោះមិនមែន ជារឿងដែលបានកើតឡើង ហើយព្រះក៏យករឿងនោះមកប្រើការនោះទេ។ នោះមិនមែនជារឿងបន្ទាន់ទេ នោះមិនមែនជាគ្រោះមហន្តរាយទេ។ នោះគឺជាការសម្រេចផែនការរបស់ព្រះ។ នោះគឺជាការបង្ហាញចេញពី ប្រាជ្ញារបស់ព្រះ។ នោះគឺជាការសម្ដែងចេញពីកម្លាំងរបស់ព្រះ។

ឧទាហរណ៍ ពេលកំពុងប្រកាសអំពីការសុគតរបស់ព្រះយេស៊ូប្រាប់ជនជាតិយូដានៅបុណ្យបុណ្យថ្ងៃទី ហាសិប នៅក្នុងកិច្ចការ ២:២៣ លោកពេត្រុសមានប្រសាសន៍អំពីព្រះយេស៊ូថា:

តាមរយៈគម្រោងការដែលបានកំណត់ទុក និងបុព្វញាណរបស់ព្រះ ព្រះអង្គនោះត្រូវបញ្ជូនមកអ្នករាល់ គ្នា ហើយអ្នករាល់គ្នាបានឆ្កាង និងធ្វើគុតព្រះអង្គ ដោយសារដៃមនុស្សទទឹងច្បាប់។ (RKOV)

សូមកត់សម្គាល់ឃ្លាដែលថា «តាមរយៈគម្រោង ការដែលបានកំណត់ទុក និងបុព្វ ញាណរបស់ព្រះ»។ ព្រះទ្រង់ជ្រាបថា ព្រះយេស៊ូនឹងត្រូវគេឆ្កាង។ ព្រះយេស៊ូជ្រាបថា ព្រះអង្គនឹងត្រូវគេឆ្កាង។ ព្រះអង្គបានព្រមាន សិស្សរបស់ព្រះអង្គជាច្រើនដង។ ព្រះអង្គបានប្រាប់ពួកគេយ៉ាងលម្អិតអំពីអ្វីដែលនឹងកើតឡើង ប៉ុន្តែដោយ ព្រោះពួកគេមិនយល់ពីប្រាជ្ញា និងកម្លាំងរបស់ព្រះ ដោយព្រោះតែពួកគេនៅតែគិតដូចជាមនុស្សនៅលោកីយ៍ ហើយចាត់ទុកឈើឆ្កាងថាជាភាពកម្សោយ ជាភាពល្ងីល្ងើ និងជាការបរាជ័យ ពួកគេមិនអាចទទួលយកអ្វីដែល ព្រះយេស៊ូកំពុងប្រាប់ពួកគេបានច្រើន ជាងមនុស្សនៅលោកីយ៍ឡើយ។ ប៉ុន្តែ យើងត្រូវចងចាំជានិច្ចថា ឈើ ឆ្កាង គឺជាការសម្ដែងចេញពីប្រាជ្ញា ពីកម្លាំងរបស់ព្រះ និងជាការសម្រេចគោលបំណងរបស់ព្រះយ៉ាងគ្រប់ លក្ខណ៍ និងយ៉ាងរុងរឿង។

មានឃ្លាមួយយ៉ាងល្អនៅក្នុងគម្ពីរវិវរណៈជំពូក ១៣ ខ ៨ ដែលហៅព្រះយេស៊ូយ៉ាងនេះថាៈ

...កូនចៀមដែលត្រូវគេសម្លាប់ តាំងពីកំណើតលោកីយ៍មក។

លោកអ្នកឃើញហើយ ការសុគតរបស់ព្រះយេស៊ូ មិនមែនជារឿងចៃដន្យទេ។ នោះមិនមែនគ្រាន់តែ ជារឿងមួយដែលលេចឡើងនៅក្នុងប្រវត្តិសាស្ត្រទេ។ នោះគឺជារឿងដែលព្រះជ្រាបជាមុន តាំងពីមុនកំណើត លោកីយ៍។ នៅពេលដែលព្រះបានបង្កើតពិភពលោក និងបានបង្កើតមនុស្ស ព្រះអង្គបានជ្រាបថា នៅទីបំផុត ដើម្បីប្រោសលោះមនុស្ស ព្រះអង្គត្រូវបោះបង់ព្រះរាជបុត្រារបស់ព្រះអង្គ ឲ្យមកសុគតនៅលើឈើឆ្កាង។ នៅ ចំពោះភ្នែកលោកីយ៍ នោះគឺជាភាពល្ងីល្ងើ និងជាភាពទន់ខ្សោយ ប៉ុន្តែសម្រាប់អ្នកដែលភ្នែករបស់គេបានបើក តាមរយៈព្រះវិញ្ញាណ និងព្រះបន្ទូលរបស់ព្រះ នោះគឺជាប្រាជ្ញា និងកម្លាំងវិញ។

មានបទគម្ពីរមួយផ្សេងទៀតនៅ ១កូរិនថូស ដែលលោកប៉ុលប្រៀបធៀបប្រាជ្ញារបស់លោកីយ៍នេះ ជាមួយនឹងប្រាជ្ញារបស់ព្រះ។ ការប្រៀបធៀបនោះនៅក្នុង ១កូរិនថូស ២:៦-១០។ លោកមានប្រសាសន៍យ៉ាង នេះថាៈ

ក៏ប៉ុន្តែ ក្នុងចំណោមមនុស្សពេញវ័យ យើងនិយាយតាមប្រាជ្ញា តែមិនមែនតាមប្រាជ្ញារបស់លោកីយ៍ នេះ ឬរបស់ពួកចៅហ្វាយនៅលោកីយ៍នេះ ដែលត្រូវសាបសូន្យនោះទេ គឺយើងនិយាយតាមប្រាជ្ញា របស់ព្រះ ជាសេចក្តីអាថ៌កំបាំង ហើយបានលាក់ទុក ដែលព្រះបានតម្រូវទុកមក តាំងពីមុនកំណើត ពិភពលោក សម្រាប់ជាសិរីល្អដល់យើង។ (RKOV)

លោកប៉ុលនឹងនិយាយម្ដងទៀតអំពីឈើឆ្កាង។ ប៉ុន្តែលោកអ្នកឃើញហើយ នោះគឺជាប្រាជ្ញារបស់ព្រះ ជាសេចក្ដីអាថ៌កំបាំងដែលបានលាក់ទុក ដែលមនុស្សនៅលោកីយ៍នេះ ជាពិសេសពួកចៅហ្វាយនៅលោកីយ៍នេះ មិនយល់។ ប៉ុន្តែនោះជាការដែលព្រះបានគិតគូរ តាំងពីមុនអស់ទាំងកល្ប សម្រាប់ជាសិរីល្អដល់យើងរាល់គ្នា។ តើនេះមិនមែនជាគំនិតដ៏ល្អទេឬ? បន្ទាប់មក លោកប៉ុលមានប្រសាសន៍បន្តនៅក្នុង ខ ៨ ថាៈ

គ្មានចៅហ្វាយណាក្នុងលោកីយ៍នេះ បានយល់សេចក្តីនេះឡើយ ដ្បិតបើគេយល់មែន នោះគេមិនឆ្កាង ព្រះអម្ចាស់ដែលប្រកបដោយសិរីល្អនោះទេ។ ប៉ុន្តែ ដូចមានសេចក្តីចែងទុកមកថា៖ «អ្វីដែលភ្នែកមិន ដែលឃើញ ត្រចៀកមិនដែលឮ ហើយចិត្តមនុស្សមិនដែលនឹកដល់ នោះជាអ្វីដែលព្រះបានរៀបចំទុក សម្រាប់អស់អ្នកដែលស្រឡាញ់ព្រះអង្គ» ព្រះបានសម្ដែងឲ្យយើងឃើញសេចក្តីទាំងនេះ តាមរយៈព្រះ វិញ្ញាណព្រះអង្គ (RKOV)

ដូច្នេះ តាមរយៈប្រាជ្ញា ជាសេចក្ដីអាថ៌កំបាំងដែលបានលាក់ទុក ដែលជាឈើឆ្កាងនេះ យើងអាចមើល ឃើញអ្វីដែលគំនិតមនុស្សមិនអាចយល់បាន ឬនឹកដល់ អ្វីដែលញាណរបស់មនុស្សមិនអាចសង្កេតដឹង អ្វីដែល ព្រះបានរៀបចំទុកសម្រាប់អ្នកដែលស្រឡាញ់ព្រះអង្គ។ ការនោះត្រូវបានបើកសម្ដែងឲ្យឃើញដោយសារព្រះ វិញ្ញាណតែប៉ុណ្ណោះ ហើយការនោះត្រូវបានបើកសម្ដែងឲ្យឃើញតាមរយៈឈើឆ្កាងតែប៉ុណ្ណោះ។

ដូច្នេះ យើងមានប្រាជ្ញាពីរប្រភេទ កម្លាំងពីរប្រភេទ គឺប្រាជ្ញា និងកម្លាំងរបស់ពួកចៅហ្វាយនៅ លោកីយ៍នេះ ដែលបានធ្វើគុតព្រះយេស៊ូនៅលើឈើឆ្កាង ហើយនិងប្រាជ្ញា និងកម្លាំងរបស់ព្រះដែលត្រូវបាន សម្ដែងឲ្យឃើញនៅក្នុងឈើឆ្កាង។ បទគម្ពីរនេះតែងធ្វើឲ្យខ្ញុំរំភើបចិត្តជានិច្ច ពីព្រោះពីមុនខ្ញុំធ្លាប់ជាសិស្ស ហើយរួចមកជាគ្រូបង្រៀនទស្សនៈវិជ្ជាអស់រយៈពេលជាច្រើនឆ្នាំ។ ទស្សនៈវិជ្ជាមានន័យថា ការស្រឡាញ់ ឬការ ដេញតាមឲ្យបានប្រាជ្ញា។ ខ្ញុំបានដេញតាមប្រាជ្ញាអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែនោះគ្រាន់តែជាប្រាជ្ញានៅ លោកីយ៍នេះ ហើយមិនដែលធ្វើឲ្យខ្ញុំស្កប់ចិត្តឡើយ។ នៅពេលមួយ ខ្ញុំបានយល់ច្បាស់ថា ត្រូវតែមានអ្វីមួយ ដែលនាំឲ្យស្កប់ចិត្តជាងនេះ។ បន្ទាប់មក ខ្ញុំបានស្គាល់ព្រះយេស៊ូ ហើយបានសិក្សាព្រះគម្ពីរ ខ្ញុំបានរកឃើញថា ព្រះបានរៀបចំទុកប្រាជ្ញាជាសេចក្ដីអាថ៌កំបាំងដែលបានលាក់ទុក សម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គ ដែលមិនដូច ជាប្រាជ្ញារបស់លោកីយ៍ឡើយ។

ខ្ញុំក៏បានរកឃើញផងដែរថា មានទ្វារតែមួយប៉ុណ្ណោះឆ្ពោះទៅរកប្រាជ្ញា ជាសេចក្ដីអាថ៌កំបាំងដែលបាន លាក់ទុកនេះ។ មានផ្លូវតែមួយគត់ដើម្បីចូលទៅ ហើយទ្វារនោះគឺឈើឆ្កាង។ ដរាបណាយើងមើលឃើញពីសា រៈសំខាន់របស់ឈើឆ្កាង ដរាបណាយើងទទួលដោយជំនឿនូវអ្វីដែលបានសម្រេចសម្រាប់យើងនៅលើឈើឆ្កាង ហើយដរាបណាយើងអនុញ្ញាតឲ្យគោលការណ៍របស់ឈើឆ្កាងសម្រេចនៅក្នុងជីវិតយើងផ្ទាល់ នោះយើងចាប់ផ្ដើម ទទួលបានប្រាជ្ញាជាសេចក្ដីអាថ៌កំបាំងដែលលាក់ទុកនេះ និងកម្លាំងរបស់ព្រះជាសេចក្ដីអាថ៌កំបាំងដែលលាក់ទុក នេះហើយ។ ប្រាជ្ញាជាសេចក្ដីអាថ៌កំបាំងដែលលាក់ទុករបស់ព្រះនេះ គឺជាសេចក្ដីល្ងីល្ងើសម្រាប់លោកីយ៍ ហើយ កម្លាំងរបស់ព្រះ ជាសេចក្ដីអាថ៌កំបាំងដែលលាក់ទុកនេះ គឺជាភាពទន់ខ្សោយសម្រាប់លោកីយ៍ ប៉ុន្តែសេចក្តី ល្ងីល្ងើរបស់ព្រះ នោះមានប្រាជ្ញាលើសជាងប្រាជ្ញារបស់មនុស្ស ហើយសេចក្តីកម្សោយរបស់ព្រះ ក៏មានកម្លាំង លើសជាងកម្លាំងរបស់មនុស្សដែរ។

ចូលចិត្ត
ចែករំលែក