ព្រះគុណ និងយុត្តិធម៍

ដេរេក ព្រីនស៍
Published: 1981
Last Updated: September 2026
Read Time: 9
ការយុត្តិធម៌របស់ព្រះជាម្ចាស់គឺមិនលំអៀងនិងត្រឹមត្រូវ ប៉ុន្តែអ្នកមានបាបត្រូវការព្រះមហាសេដ្ឋកុណជាងការវិនិច្ឆ័យ។ ព្រះគម្ពីរបង្ហាញថាព្រះជាម្ចាស់គឺជាអ្នកសង្គ្រោះ និងយុត្តិធម៌ ដែលបង្ហាញថាព្រះគុណមកពីព្រះជាម្ចាស់ដូចគ្នានឹងអ្នកដែលផ្តល់យុត្តិធម៌។
Transcript
វិសេសណាស់ដែលបានជួបលោកអ្នកជាថ្មី ខណៈដែលយើងបន្តរៀបចំចិត្តរបស់យើងឲ្យបានត្រឹមត្រូវ សម្រាប់រដូវកាលណូអែល ជាមួយនឹងគោលសំខាន់ដ៏វិសេសប្រចាំសប្ដាហ៍នេះ គឺព្រះគុណ។
ការចែកចាយរបស់ខ្ញុំនៅវគ្គមុនៗក្នុងសប្ដាហ៍នេះ ខ្ញុំបានពន្យល់អំពីផ្លូវពីរផ្សេងគ្នា ដែលធ្វើឲ្យបានសុចរិត ជាមួយព្រះ គឺក្រឹត្យវិន័យ ឬព្រះគ្រិស្ត។ ផ្លូវផ្សេងពីគ្នាទាំងពីរនេះ ត្រូវបានសង្ខេបយ៉ាងច្បាស់នៅក្នុងគម្ពីរ យ៉ូហាន ១:១៧ ថាៈ
ដ្បិតក្រឹត្យវិន័យបានប្រទានមកតាមរយៈលោកម៉ូសេ តែព្រះគុណ និងសេចក្តីពិត បានមកតាមរយៈ ព្រះយេស៊ូវគ្រីស្ទ។
ក្រឹត្យវិន័យ តម្រូវឲ្យមានការប្រព្រឹត្តិ។ ព្រះគ្រិស្តទ្រង់ផ្ដល់ព្រះគុណ។ ផ្លូវទាំងពីរនេះដាច់ឡែកពីគ្នា គឺ ជាផ្លូវជ្រើសពីរផ្សេងគ្នា ដែលយើងត្រូវតែជ្រើសរើសយកផ្លូវមួយ។ យើងមិនអាចឲ្យបានសុចរិតជាមួយព្រះ ដោយសារការប្រព្រឹត្តិខ្លះ ហើយដោយសារព្រះគុណខ្លះបានទេ។ ការបែបនេះមិនអាចទទួលយកបានទេ ព្រោះ គ្រឹះនៃក្រឹត្យវិន័យគឺ ប្រសិនបើលោកអ្នកកាន់តាមក្រឹត្យវិន័យ ហើយចង់បានសុចរិតដោយសារការកាន់តាមក្រឹត្យ វិន័យ លោកអ្នកត្រូវតែកាន់តាមក្រឹត្យវិន័យទាំងមូល គ្រប់ពេលវេលាទាំងអស់។ ប្រសិនបើលោកអ្នកភ្លាំងភ្លាត់ ឬខុសឆ្គងត្រង់ប្រការណាមួយ ឬលោកអ្នកកាន់តាមបានទាំងអស់ គ្រប់ពេលវេលា លើកលែងតែមួយនាទីក្នុង មួយថ្ងៃ នោះក្រឹត្យវិន័យជួយលោកអ្នកមិនបានទេ។ ក្រឹត្យវិន័យត្រូវតែ១០០ភាគរយគ្រប់ពេលវេលា ប្រសិនបើ លោកអ្នកជ្រើសរើសឲ្យបានសុចរិត ដោយសារការប្រព្រឹត្តិ ហើយតាមរយៈក្រឹត្យវិន័យ។ ដូច្នេះ ជម្រើសមួយ ទៀត គឺព្រះគុណ ដែលមកតាមរយៈព្រះយេស៊ូគ្រិស្តតែប៉ុណ្ណោះ ដែលព្រះគុណនោះ មិនមែនបានមកដោយការ ខំប្រឹងរក មិនមែនបានមកដោយការប្រព្រឹត្ត តែយើងគ្រាន់តែទទួលដោយជំនឿប៉ុណ្ណោះ។
នៅថ្ងៃនេះ ខ្ញុំនឹងពន្យល់អំពីភាពខុសប្លែកគ្នាដ៏សំខាន់មួយទៀត ដែលមាននៅក្នុងព្រះគុណ ដែលជាគោល សំខាន់របស់យើងផងដែរ។ ភាពខុសប្លែកគ្នាដែលខ្ញុំនឹងចែកចាយនៅថ្ងៃនេះ គឺរវាងព្រះគុណ និងយុត្តិធម៌។ ការយល់ដឹងអំពីសេចក្តីនេះ មានសារសំខាន់ណាស់។ ខ្ញុំសូមនិយាយម្ដងទៀត ដូចដែលខ្ញុំបាននិយាយកាលពីថ្ងៃ មុនដែរ នោះគឺ មានខ្លឹមសារមួយដែលត្រូវបើប្រាជ្ញាស្វែងយល់សេចក្ដីបង្រៀននេះ ក៏តម្រូវឲ្យលោកអ្នកដាក់ក្នុង គំនិត ដើម្បីឲ្យលោកអ្នកផ្ដោតការយកចិត្តទុកដាក់។ ប្រសិនបើយើងចូលទៅក្នុងសេចក្តីពិតប្រកបដោយប្រាជ្ញា ជាលទ្ធផលយើងនឹងទទួលបានព្រះពរមួយដ៏អស្ចារ្យខាងវិញ្ញាណ។ ផ្ទុយទៅវិញ លោកអ្នកមិនអាចទទួលបាន ព្រះពរខាងវិញ្ញាណនេះទេ ដរាបទាល់តែលោកអ្នកខិតខំស្វែងយល់ដោយប្រាជ្ញា អំពីភាពខុសប្លែកគ្នាដ៏សំខាន់ ដែលយើងនឹងស្វែងយល់ជាមួយគ្នា។
ក្នុងន័យម្យ៉ាង ចរិតរបស់ព្រះ ប្រៀបបាននឹងកាក់មួយ។ កាក់មួយ មានផ្ទៃសងខាងពីរ ហើយផ្ទៃទាំងសង ខាងនោះ ចេញមកពីកាក់តែមួយ។ ផ្ទៃទាំងពីរខាងនេះ ត្រូវបានសង្ខេបឲ្យឃើញយ៉ាងខ្លីនៅក្នុងគម្ពីរអេសាយ ៤៥:២១។ ព្រះអម្ចាស់មានបន្ទូល តាមរយៈហោរារបស់ព្រះអង្គដូច្នេះថាៈ
ក្រៅពីយើង គ្មានព្រះឯណាទៀត ដែលជាព្រះសុចរិត ហើយជាព្រះអង្គសង្គ្រោះទេ គ្មានណាមួយ ក្រៅពីយើងឡើយ។
ចរិតរបស់ព្រះទាំងមូល មានផ្ទៃសងខាងពីរ ផ្ទៃម្ខាងនៃកាក់ គឺយុត្តិធម៌ ហើយផ្ទៃម្ខាងទៀតនៃកាក់ គឺ ព្រះទ្រង់បង្ហាញអង្គទ្រង់ថាជាព្រះសង្គ្រោះ។ ឥឡូវនេះ យុត្តិធម៌ ទាក់ទងទៅនឹងក្រឹត្យវិន័យ ហើយតម្រូវឲ្យ មានការប្រព្រឹត្តិ។ ឯផ្នែកនៃភាពជាព្រះសង្គ្រោះ ទាក់ទងទៅនឹងព្រះគុណ ហើយតម្រូវឲ្យមានជំនឿ។
ឥឡូវនេះ យើងត្រូវយល់អំពីចរិតនៃភាពយុត្តិធម៌។ សង្គមបច្ចុប្បន្ន មានការយល់ច្រឡំជាខ្លាំងអំពីយុត្តិ ធម៌។ មានប្រភេទយុត្តិធម៌មួយ ដែលចេញពីមនោសញ្ចេតនា មានន័យថា លោកអ្នកលើកលែងទោសឲ្យ មនុស្សគ្រប់គ្នា ដោយដោះលែងឧក្រិដ្ឋជនជាច្រើន តាមដែលលោកអ្នកអាចធ្វើទៅបាន ហើយក៏ទំនងជាកាន់តែ មានពិបាកដល់ជនរងគ្រោះ ជាជាងឧក្រិដ្ឋជនទៅទៀត។ នោះហើយជាយុត្តិធម៌ម្យ៉ាង ដែលគេមើលឃើញ ហើយកើតមាននៅក្នុងសង្គមបច្ចុប្បន្នរបស់មនុស្ស។ នោះមិនមែនជាយុត្តិធម៌ពិតទេ។ យុត្តិធម៌ពិត មានភាព សុក្រឹតណាស់ ឥតលម្អៀងទៅខាងណាទាល់តែសោះ។ យុត្តិធម៌ធ្វើការពីរយ៉ាង។ យុត្តិធម៌ផ្តល់រង្វាន់ និង ការពារមនុស្សសុចរិត ហើយដាក់ទោសមនុស្សដែលប្រព្រឹត្តអំពើបាប និងជនប្រព្រឹត្តល្មើស។ ដូចគ្នានឹងផ្ទៃពីរ សងខាងរបស់ព្រះជាម្ចាស់ដែរ គឺយុត្តិធម៌មានផ្ទៃសងខាងពីរ។ លោកអ្នកមិនអាចគេចចេញពីផ្ទៃម្ខាង ហើយ នៅតែមានឈ្មោះថាយុត្តិធម៌នោះទេ។ យុត្តិធម៌ផ្តល់រង្វាន់ដល់មនុស្សសុចរិត ហើយដាក់ទោសជនប្រព្រឹត្ត ល្មើស។
ឥឡូវនេះ យុត្តិធម៌របស់ព្រះ គឺជាខ្នាតមួយដាច់ខាត។ ព្រះអង្គមានបន្ទូលអំពីការនេះម្ដងទៀតតាមរយៈ ហោរាអេសាយ នៅក្នុងគម្ពីរអេសាយ ២៨:១៧ ថាៈ
“យើងនឹងយកសេចក្ដីយុត្តិធម៌ធ្វើជាខ្សែបន្ទ្តា់ ហើយសេចក្ដីសុចរិតជាខ្សែប្រយោល... (សូមកត់ចំណាំៈ នេះជាភាសាជាងសំណង់ ដែលខ្លះហៅថា ខ្សែកូនតឹង ខ្លះហើយហៅ ខ្សែប្រយោល ដែលជាងប្រើសម្រាប់ ស្ទង់សំណង់ឲ្យត្រង់ជំហរ)”
នេះជាការប្រៀបធៀបជាមួយនឹងសំណង់អគារ។ ការពីរដែលគ្រប់ទាំងជាងសំណង់ស្គាល់ គឺខ្សែវាស់ ឬ ខ្សែមែ៉ត្រ និងខ្សែប្រយោល។ ខ្សែវាស់ ឬខ្សែមែ៉ត្រ សម្រាប់វាស់ប្រវែង។ ឯខ្សែប្រយោល សម្រាប់វាស់ឲ្យ ដឹងថា សរសរ ឬជញ្ជាំងសំណង់នោះ ត្រង់ជំហរ ឬមិនត្រង់ ។ ព្រះទ្រង់មានបន្ទូលថា សេចក្តីយុត្តិធម៌របស់ យើង គឺប្រៀបដូចជាខ្សែប្រយោល។ ខ្សែប្រយោលនេះ មិនចេះប្រែប្រួល មិនមានភាពលម្អៀងសោះឡើយ។ រង្វាស់នេះ វាស់មនុស្សគ្រប់គ្នាយ៉ាងសុក្រិតដូចគ្នា មិនថាអ្នកនោះជាសាសន៍យូដា ជាសាសន៍ដទៃទេ មិនថាជា ប្រូតេស្តង់ ជាកាតូលិក គឺវាស់គ្រប់ជាតិសាសន៍ និងគ្រប់សណ្ឋានទាំងអស់។ ព្រះទ្រង់មិនមានខ្នាតយុត្តិធម៌ណា ផ្សេងឡើយ។ ព្រះអង្គវាស់មនុស្សគ្រប់គ្នា ដោយខ្សែវាស់តែមួយ ហើយព្រះអង្គពិនិត្យជីវិតគ្រប់គ្នា ដោយខ្សែ ប្រយោលតែមួយ។
ឥឡូវនេះ ឧបមាថា ជញ្ជាំងឥដ្ឋត្រូវមានទទឹង ២តឹកកន្លះ ប៉ុន្តែ ពេលលោកអ្នកយកមែ៉ត្រមកវាស់ជញ្ជាំង នោះមើល ឃើញបានតែ២តឹក មានន័យថា មិនគ្រប់ខ្នាតទទឹងរបស់ជញ្ជាំងទេ។ លោកអ្នកមុខជានិយាយថា ជញ្ជាំងនេះមិនគ្រប់ខ្នាត មិនគ្រប់២តឹកកន្លះទេ។ ដូច្នេះ កម្រាស់ជញ្ជាំងនេះ មិនអាចទទួលយកបានទេ។ នោះ ហើយជាយុត្តិធម៌។ មនុស្សមួយចំនួនគិតថា ពួកគេស្ថិតនៅក្នុងខ្នាតមួយដែលត្រឹមត្រូវ ជាងអ្នកផ្សេងទាំងអស់ ។ ប៉ុន្តែ ដរាបណាពួកគេមិននៅក្នុងខ្នាតដែលត្រឹមត្រូវពិតប្រាកដ មិនថាពួកគេគ្រាន់បើជាង ឬត្រឹមត្រូវជាង អ្នកដទៃនោះទេ ហើយដើម្បីឲ្យមានភាពយុត្តិធម៌ត្រឹមត្រូវ គឺមិនអាចទទួលយកខ្នាតនោះបានទេ។
បន្ទាប់មកទៀត សូមពិចារណាអំពីខ្សែប្រយោល។ យើងត្រូវដឹងថា ជញ្ជាំងមួយដែលត្រង់ជំហរ គឺ លោកអ្នកត្រូវលើកខ្សែប្រយោល សំយុងតាំងពីលើ ចុះឲ្យដល់បាតខាងក្រោម អមនឹងជញ្ជាំងនោះ ហើយកាល បើឃើញថា ចុងខាងក្រោមនៃខ្សែប្រយោលនោះ ឃ្លាតឆ្ងាយពីជញ្ជាំង តើលោកអ្នកដឹងថាជំហរជញ្ជាំងនោះ យ៉ាងណាទេ? គឺជញ្ជាំងនោះមិនត្រង់ជំហរទេ។ សូមចាំថា ខ្សែប្រយោល មិនអាចផ្អៀងទៅតាមជញ្ជាំងដែល មិនត្រង់ជំហរនោះបានឡើយ ហើយការពិតគឺ ជញ្ជាំងនោះមិនត្រង់ជំហរទេ។
មានខ្នាតតែមួយគត់ដែលមិនប្រែប្រួល គឺដូចគ្នាសម្រាប់មនុស្សគ្រប់គ្នា និងគ្រប់ស្ថានភាពទាំងអស់ ហើយ ខ្នាតនោះជាសេចក្ដីយុត្តិធម៌របស់ព្រះ។ ប្រសិនបើយើងចង់បានយុត្តិធម៌ យើងត្រូវតែប្រឈមមុខនឹងយុត្តិធម៌។ នោះជារបៀបដែលយុត្តិធម៌ដំណើរការ។ យុត្តិធម៌ត្រូវតែត្រឹមត្រូវពិតប្រាកដ ត្រូវតែចំគោលដៅទាំងស្រុង គ្មានសេចក្តីមេត្តា គ្មានការអង្វរក គ្មានការលើកលែង គ្មានការសុំសេចក្តីអាណិតអាសូរឡើយ។ យុត្តិធម៌ ត្រូវតែ ត្រឹមត្រូវ។ ក្នុងន័យម្យ៉ាង ភាពសុក្រឹត និងភាពមិនចេះងាករេរបស់យុត្តិធម៌ ត្រូវបានសង្ខេបនៅក្នុងគម្ពីរ លេវិវិន័យ ២៤:១៧-២០ ដែលនេះជាផ្នែកមួយនៃច្បាប់របស់លោកម៉ូសេ។ បទគម្ពីរនេះចែងថាៈ
អ្នកណាដែលវាយមនុស្សដល់ស្លាប់ នោះត្រូវសម្លាប់ជាកុំខាន [គឺគ្មានជម្រើសផ្សេង]។ ឯអ្នកណាដែល វាយសត្វឲ្យស្លាប់ នោះនឹងត្រូវសងជីវិតឲ្យធួននឹងជីវិត [លោកអ្នកសម្លាប់គោឈ្ម្លោរបស់គេ ត្រូវសងគោ ឈ្ម្លោរបស់អ្នកទៅឲ្យគេវិញ]។ បើមនុស្សណាធ្វើឲ្យអ្នកជិតខាងខ្លួនមានរបួស នោះគេត្រូវធ្វើឲ្យអ្នក នោះមានរបួសដូចគ្នាវិញ។ [លោកអ្នកធ្វើឲ្យគេខ្វាក់ភ្នែកខាងឆ្វេង នោះភ្នែកឆ្វេងរបស់លោកអ្នកនឹងត្រូវ គេធ្វើឲ្យខ្វាក់វិញដែរ។ បន្ទាប់មក ក៏សង្ខេបនៅក្នុងឃ្លាទាំងនេះថាៈ] ត្រូវបំបាក់ឆ្អឹង ឲ្យធួននឹងឆ្អឹងដែល បាក់ ភ្នែកឲ្យធួននឹងភ្នែក ធ្មេញឲ្យធួននឹងធ្មេញ ត្រូវធ្វើឲ្យអ្នកនោះ មានរបួសដូចជាខ្លួនបានធ្វើដល់គេដែរ។
នោះហើយយុត្តិធម៌។ យុត្តិធម៌មិនចេះលម្អៀង ជាបន្ទាត់មិនចេះប្រែប្រួល និងជាខ្សែប្រយោលមិនចេះ ផ្អៀងទៅខាងណា ហើយខ្សែប្រយោលនោះ ព្យួរសំយុងចុះ វាស់ជីវិតមនុស្សទាំងអស់។
ឥឡូវនេះ សព្វថ្ងៃនេះ មនុស្សជាច្រើនកំពុងតែទាមទារយុត្តិធម៌។ ការទាមទារនោះ ជាសម្រែកទូទៅ បំផុតដែលយើងស្ដាប់ឮ ទាំងនៅក្នុងសង្គមរបស់យើង និងនៅលើពិភពលោកទាំងមូល។ “ខ្ញុំចង់បានយុត្តិធម៌”។ ហើយប្រាកដណាស់ មានមូលដ្ឋានគ្រឹះសម្រាប់ដើធ្វើការទាមទារ ប៉ុន្តែ ពេលយុត្តិធម៌ចូលមកកាន់ទំនាក់ទំនង របស់យើងជាមួយព្រះ បងប្អូនអើយ ខ្ញុំចង់ដាស់តឿនលោកអ្នកថា កុំសុំចង់បានយុត្តិធម៌ឡើយ។ តាមពិត លោកអ្នកមិនត្រូវទាមទាររកយុត្តិធម៌នោះទេ ព្រោះចរិតនៃយុត្តិធម៌គឺបែបដូច្នេះឯង លោកអ្នកនឹងបានយុត្តិធម៌ មិនថាលោកអ្នកទាមទារ ឬមិនទាមទារនោះទេ។
នៅក្នុងការតភ្ជាប់នេះ ខ្ញុំតែងគិតអំពីរឿងមួយដែលខ្ញុំបានស្ដាប់ឮអំពីស្រ្តីម្នាក់ ដែលបានទៅរកជាងថតរូប ដើម្បីឲ្យថតរូបគាត់សម្រាប់ដាក់តាំង។ លុះពេលកំណត់មកដល់ គាត់បានត្រឡប់មកពិនិត្យមើលរូបថតនោះ។ នៅពេលដែលជាងថតរូបប្រគល់រូបថតឲ្យគាត់ គាត់ក៏បានពិនិត្យមើលរូបទាំងនោះមួយសន្ទុះ ដោយងាកក្បាល ទៅម្ខាង។ គាត់ពិតជាមិនចូលចិត្តអ្វីដែលគាត់បានឃើញនោះទេ។ ដូច្នេះ គាត់ក៏ងាកទៅជាងថតរូប ហើយ និយាយថា៖ “រូបទាំងនេះមិនផ្តល់យុត្តិធម៌ឲ្យខ្ញុំសោះ”។ ជាងថតរូបមើលមកគាត់មួយភ្លែត រួចក៏តបថា៖ “លោកស្រី លោកស្រីមិនត្រូវការយុត្តិធម៌ទេ លោកស្រីត្រូវការសេចក្តីមេត្តា”។ មែន នោះហើយជាសេចក្តីពិត សម្រាប់លោកអ្នក និងខ្ញុំ។ យើងមិនត្រូវការយុត្តិធម៌ទេ តែយើងត្រូវការសេចក្តីមេត្តាករុណា។ ប្រសិនបើយើង ទាមទារចង់បានយុត្តិធម៌ យើងអាចទទួលបាន ប៉ុន្តែយើងនឹងសោកស្ដាយ នៅដែលយើងត្រូវបានទូទាត់ដោយ យុត្តិធម៌។
ដូច្នេះ យើងបានមើលទៅឯចរិតរបស់យុត្តិធម៌ហើយ។ យុត្តិធម៌ គឺមិនប្រែប្រួល មិនលម្អៀង មិនផ្លាស់ ប្ដូរ ហើយដើម្បីឲ្យមានយុត្តិធម៌ នោះនឹងគ្មានមេត្តាករុណានៅក្នុងស្ថានភាពនោះឡើយ។
ការមួយទៀតដែលយើងត្រូវប្រឈម គឺថា ប្រភពនៃព្រះគុណ ក៏ដូចគ្នានឹងប្រភពនៃយុត្តិធម៌ដែរ។ យើងមិនអាចទទួលបានព្រះគុណពីប្រភពណាផ្សេងទៀត ក្រៅតែពីប្រភពដដែល ដែលផ្ដល់យុត្តិធម៌នោះឡើយ ។ ខ្ញុំសូមលើកឧទាហរណ៍សាមញ្ញមួយ ឬពីរ មកជម្រាបជូនលោកអ្នក។
ឥឡូវនេះ ឧបមាថាអ្នកកំពុងបើកបររថយន្តជាមួយប្រពន្ធរបស់អ្នក ហើយមានសម្លាញ់ម្នាក់អង្គុយនៅបាំង ក្រោយ ហើយអ្នកបើកលើសល្បឿនកំណត់។ ពេលនោះ ប្រដាប់ត្រួតពិនិត្យល្បឿនបង្ហាញសញ្ញាដល់ប៉ូលីស ហើយប៉ូលីសក៏បញ្ឈប់រថយន្ត ហើយបង្គាប់ឲ្យអ្នកចូលឡានទៅចញ្ចើមផ្លូវម្ខាង រួចក៏ហុចសំបុត្រផាកពិន័យ។ លោកអ្នកនិយាយថា៖ “លោកអធិការ ខ្ញុំពិតជាសោកស្ដាយណាស់សម្រាប់អ្វីដែលខ្ញុំបានធ្វើនេះ ប៉ុន្ដែ ខ្ញុំសូម អង្វរ កុំមិនត្រូវការសំបុត្រនេះទេ”។ បន្ទាប់មក អ្នកក៏បែរទៅប្រពន្ធរបស់អ្នក ហើយនិយាយថា៖ “អូនដឹងទេ បងពិតជាមិនចង់បានសំបុត្រនេះទេ បងគ្មានលទ្ធភាពនឹងបង់ពិន័យមួយនេះទៀត នៅពេលនេះបានទេ”។ ហើយប្រពន្ធរបស់អ្នក ក៏តបមកអ្នកវិញថា៖ “អូនដឹងថា បងមិនចង់បានសំបុត្រមួយទៀតនេះទេ ប៉ុន្តែយកល្អ កុំងាកមករកអូនអី”។ ពេលនោះ អ្នកក៏បែរទៅសម្លាញ់របស់អ្នកដែលអង្គុយនៅបាំងខាងក្រោយ ហើយ និយាយថា៖ “សម្លាញ់អើយ សូមមេត្តាដល់គ្នាផង ជួយគ្នាផង”។ សម្លាញ់របស់អ្នកដែលអង្គុយនៅបាំងក្រោយ ក៏តបថា៖ “គ្នាដឹងហើយ ថាឯងត្រូវការសេចក្តីមេត្តាករុណា ប៉ុន្តែ ខ្ញុំមិនមែនជាអ្នកដែលត្រូវផ្ដល់សេចក្តីមេត្តា ករុណាដល់ឯងនោះទេ”។ ប្រាកដហើយ មានតែម្នាក់គត់ ដែលអាចផ្ដល់សេចក្តីមេត្តាដល់លោកអ្នកបាន ហើយ ម្នាក់នោះ គឺអ្នកដែលហុចសំបុត្រផាកពិន័យមកលោកអ្នក។ នេះដូចគ្នា ព្រះគុណ និងយុត្តិធម៌ ចេញមក ពីប្រភពតែមួយ។
មួយទៀត ឧបមាថា អ្នកដើរត្រូវចូលនៅក្នុងតុលាការ។ អ្នកត្រូវបានគេចោទប្រកាន់ពីបទឧក្រឹដ្ឋក្នុង ករណីខ្លះ។ អ្នកមានអារម្មណ៍តក់ស្លុតណាស់ អ្នកមានមិត្តសម្លាញ់មកជាមួយ អង្គុយនៅម្ខាង ហើយប្រពន្ធរបស់ អ្នក អង្គុយនៅម្ខាងទៀត និងមានមេធាវីរបស់អ្នកផងដែរ។ អ្នកងាកបែរទៅរកមេធាវីរបស់អ្នក ហើយ និយាយថា៖ «លោកមេធាវី ខ្ញុំពិតជាចង់បានការលើកលែងទោសណាស់។ ខ្ញុំត្រូវការសេចក្តីមេត្តាករុណា»។ អ្នកបែរទៅប្រពន្ធរបស់អ្នក ហើយនិយាយពាក្យនេះដូចគ្នា រួចមកងាកទៅមិត្តសម្លាញ់របស់អ្នក ហើយនិយាយ ដូចគ្នាដដែល។ តើគេទាំងអស់គ្នានឹងឆ្លើយដូចម្ដេច? «យើងមិនអាចលើកលែងទោសបានទេ ព្រោះយើងមិន មែនជាអ្នកសម្រេចសេចក្ដីយុត្តិធម៌ទេ”។ ប្រាកដហើយ អ្នកដែលអាចលើកលែងទោសឲ្យបាន គឺៅក្រម។ អ្នកដែលសម្រេចយុត្តិធម៌ ក៏ជាអ្នកដែលអាចផ្ដល់ព្រះគុណដែរ។ នោះហើយជាសេចក្តីពិត នៅក្នុងស្ថានភាព ដែលយើងកំពុងពិនិត្យមើលនេះ។ ប្រសិនបើលោកអ្នកចង់បានព្រះគុណ និងសេចក្តីមេត្តាករុណា នោះមកតែ ពីម្នាក់ ដែលផ្ដល់យុត្តិធម៌នោះឯង។ ព្រះទ្រង់ជាប្រភព គឺជាប្រភពតែមួយគត់នៃព្រះគុណគ្រប់ជំពូក។
យើងអស់ពេលវេលាសម្រាប់ថ្ងៃនេះហើយ តែខ្ញុំនឹងវិលមកជួបលោកអ្នកជាថ្មីម្ដងទៀតនៅវគ្គក្រោយ តាមម៉ោង និងពេលដដែល។ វគ្គក្រោយ ប្រធានបទរបស់ខ្ញុំ គឺ “មូលដ្ឋានគ្រឹះតែមួយគត់សម្រាប់ព្រះគុណ របស់ព្រះ”។
កូដ: RP-R075-104-KHM










