សូមលើកតម្កើងដល់ព្រះសម្រាប់ពេលវេលាដែលយើងបានជួបគ្នានៅថ្ងៃនេះ ដើម្បីចែកចាយអំពីសេចក្តីពិតដ៏វិសេស ចេញពីបទគម្ពីរ ដែលធ្វើឲ្យភាពខុសប្លែកគ្នា រវាងជ័យជម្នះ និងបរាជ័យក្នុងជីវិតរបស់ខ្ញុំ ហើយក៏អាចកើតឡើងដូចគ្នានៅក្នុងជីវិតរបស់លោកអ្នក។

គោលសំខាន់ដែលខ្ញុំបានជ្រើសរើសសម្រាប់រដូវកាលណូអែលនេះ គឺសេចក្តីស្រឡាញ់របស់ព្រះ។ ខ្ញុំមិនដឹងថាមានឃ្លាណា ដែលស្ដែងឲ្យឃើញពីសារៈសំខាន់នៃណូអែល ជាងនេះឡើយ។ ខ្ញុំជឿថា ការចែកចាយអំពីគោលសំខាន់នេះ នឹងផ្តល់ឲ្យលោកអ្នកនូវការយល់ដឹងមួយថ្មី ហើយកាន់តែជ្រាលជ្រៅអំពីព្រឹត្តិការណ៍ផ្សេងៗដែលយើងប្រារព្ធឡើងក្នុងរដូវកាលនេះ ហើយយ៉ាងនេះ ជីវិតជាគ្រិស្តបរិស័ទទាំងមូលរបស់លោកអ្នក នឹងកាន់តែរឹងមាំ និងឲ្យកាន់តែចម្រើនឡើងជាបរិបូរ។

នៅក្នុងសេចក្តីដែលខ្ញុំបានចាប់ផ្ដើមកាលពីវគ្គមុន ខ្ញុំបានផ្តោតទៅលើគោលបំណងដ៏សំខាន់បំផុតនៃជីវិតជាសេចក្ដីដែលព្រះយេស៊ូបានប្រកាសនៅក្នុងគម្ពីរយ៉ូហាន ១៧:៣ ថា៖

ឯជីវិតអស់កល្បជានិច្ចនោះគឺ ឲ្យគេបានស្គាល់ព្រះអង្គ ដែលជាព្រះពិតតែមួយ និងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមក។ RKOV

នេះហើយជាគោលបំណងពិតប្រាកដនៃជីវិត គឺស្គាល់ព្រះ។ ហើយដើម្បីស្គាល់ព្រះដែលបានបើកសម្តែងនៅក្នុងអង្គព្រះយេស៊ូ គឺស្គាល់ព្រះ ជាព្រះវរបិតា មិនត្រឹមតែជាព្រះអាទិករ ឬចៅក្រមប៉ុណ្ណោះឡើយ គឺស្គាល់ព្រះអង្គក្នុងនាមជាព្រះវរបិតា។ ហើយដើម្បីឲ្យស្គាល់ព្រះអង្គបាន គឺមានតែតាមរយៈព្រះយេស៊ូគ្រិស្តប៉ុណ្ណោះ។

នៅថ្ងៃនេះ ខ្ញុំចង់និយាយបន្តទៀតអំពីចរិតរបស់ព្រះ ដែលសេចក្តីនេះត្រូវបានបើកសម្តែងឲ្យឃើញជាពិសេសនៅក្នុងព្រះគម្ពីរ។ ខ្ញុំចង់បង្ហាញជូនម្ដងមួយផ្នែកៗ ចេញពីព្រះគម្ពីរ អំពីសេចក្ដីដ៏សាមញ្ញពីរ អំពីព្រះ។ តាមពិត សេចក្ដីនីមួយៗ មានបីពាក្យក្នុងមួយព្យាង្គ។ ក៏ប៉ុន្ដែ នៅក្នុងសំណេរ គ្មានសេចក្ដីណាដែលជ្រាលជ្រៅជាងនេះឡើយ។ មានពាក្យពីរ ដែលខ្ញុំចង់បង្ហាញជូនម្ដងមួយផ្នែកៗ៖ ទីមួយ ព្រះទ្រង់ជាសេចក្តីស្រឡាញ់, ទីពីរ ព្រះទ្រង់ជាពន្លឺ។ សាមញ្ញ ជ្រាលជ្រៅ ហើយមិនអាចរកយល់បាន ក្រៅតែពីការបើកសម្ដែងរបស់ព្រះអង្គប៉ុណ្ណោះ។ ពាក្យទីមួយគឺ «ព្រះទ្រង់ជាសេចក្តីស្រឡាញ់» គឺមានចែងនៅក្នុងសបុត្រទី១របស់សាវកយ៉ូហាន ជំពូក៤ ខ៧ និងខ៨៖

«ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្ដីស្រឡាញ់ អ្នកនោះមកពីព្រះ ហើយក៏ស្គាល់ព្រះដែរ។ អ្នកណាដែលគ្មានសេចក្ដីស្រឡាញ់ អ្នកនោះមិនស្គាល់ព្រះទេ ព្រោះព្រះទ្រង់ជាសេចក្ដីស្រឡាញ់។» RKOV

មានមនុស្សកាន់សាសនាជាច្រើន តែមិនស្គាល់ព្រះ។ មានអំពើឧក្រិដ្ឋច្រើនណាស់ដែលមនុស្សលោកបានប្រព្រឹត្ត ដោយប្រើឈ្មោះសាសនា។ មានអំពើឃោឃៅជាច្រើន មានការប្រកាន់ពូជសាសន៍ជាច្រើន មានអំពើអយុត្តិធម៌ជាច្រើន នៅក្នុងចំណើអ្នកកាន់សាសនា តែអ្នកទាំងនោះមិនដែលស្គាល់ព្រះសោះ។ ព្រោះព្រះទ្រង់ជាសេចក្តីស្រឡាញ់។ នេះហើយជាពាក្យទីមួយ។

ពាក្យទីពីរក៏មានចែងនៅក្នុងសបុត្រទី១របស់សាវកយ៉ូហានដដែល នៅក្នុងជំពូក១ ខ៥-៨:

នេះជាដំណឹងដែលយើងបានឮពីព្រះអង្គ ហើយប្រកាសប្រាប់អ្នករាល់គ្នា គឺថា ព្រះទ្រង់ជាពន្លឺ គ្មានសេចក្ដីងងឹតណានៅក្នុងព្រះអង្គទាល់តែសោះ។ 6 ប្រសិនបើយើងរាល់គ្នាថា យើងមានសេចក្ដីប្រកបជាមួយព្រះអង្គ តែដើរក្នុងសេចក្ដីងងឹតវិញ នោះឈ្មោះថាយើងកុហក ហើយមិនប្រព្រឹត្តតាមសេចក្ដីពិតទេ។ 7 តែបើយើងដើរក្នុងពន្លឺវិញ ដូចព្រះអង្គដែលគង់នៅក្នុងពន្លឺ នោះយើងមានសេចក្ដីប្រកបជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូវ ជាព្រះរាជបុត្រារបស់ព្រះអង្គ ក៏សម្អាតយើងពីគ្រប់អំពើបាបទាំងអស់។ 8 ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះយើងបញ្ឆោតខ្លួនឯង ហើយសេចក្ដីពិតមិនស្ថិតនៅក្នុងយើងទេ។» RKOV

នេះហើយជាពាក្យដែលត្រូវរកគឺ «...ព្រះទ្រង់ជាពន្លឺ គ្មានសេចក្ដីងងឹតណានៅក្នុងព្រះអង្គទាល់តែសោះ។» ដូច្នេះ ប្រសិនបើមានសេចក្តីងងឹតណាក្នុងជីវិតយើង នោះវាចូលមកនៅចន្លោះរវាងព្រះ និងយើង។ យើងមិនអាចប្រកាសថាយើងកំពុងដើរជាមួយព្រះបានទេ ប្រសិនជាយើងដើរនៅក្នុងសេចក្តីងងឹត។ ព្រោះព្រះទ្រង់ជាពន្លឺ ហើយនៅក្នុងព្រះអង្គ គ្មានសេចក្តីងងឹតទាល់តែសោះ។ លោកអ្នកឃើញទេ នេះមិនមែនជារឿងទេវសាស្រ្តទេ តែនេះជាការបើកសម្តែង ហើយមានលក្ខណៈសាមញ្ញមែនទែន។ សេចក្ដីនេះបានដាក់ចេញជាលក្ខខណឌដែលយើងត្រូវតែបំពេញ ប្រសិនបើយើងប្រាថ្នាចង់មានទំនាក់ទំនងមួយពិតប្រាកដជាមួយព្រះ។

ពេលលោកអ្នកដាក់សេចក្ដីទាំងពីរមកជាមួយគ្នា «ព្រះទ្រង់ជាសេចក្តីស្រឡាញ់ និងព្រះទ្រង់ជាពន្លឺ» ភ្លាមនោះ លោកអ្នកនឹងយល់ដឹងភ្លាមអំពីប្រភេទនៃសម្ពាធតានតឹងមួយ ដែលមានឥទ្ធិពលមកលើជីវិតរបស់យើង។ ព្រះទ្រង់ជាសេចក្តីស្រឡាញ់ ហើយយើងចង់បានសេចក្តីស្រឡាញ់។ សេចក្តីស្រឡាញ់របស់ព្រះអង្គទាញនាំយើង សេចក្តីស្រឡាញ់ទាក់ទាញយើង ហើយយើងឈោងចាប់យកសេចក្តីស្រឡាញ់។ ប៉ុន្តែ ពេលនោះព្រះទ្រង់ក៏ជាពន្លឺដែរ ជាពន្លឺដែលបរិសុទ្ធ ភ្លឺចែងចាំង ហើយជាពន្លឺដែលមិនចេះស្រអាប់។ គ្មានសេចក្តីងងឹតណាដែលអាចប្រកបជាមួយនឹងពន្លឺនោះបានឡើយ ហើយគ្មាននសេចក្តីងងឹតណាអាចមានច្រកចូលទៅឯពន្លឺនោះបានឡើយ។ នេះហើយដែលថាមានសម្ពាធតានតឹង។ សេចក្តីស្រឡាញ់ទាញយើងឲ្យចង់ចូលជិតព្រះ ប៉ុន្តែពន្លឺវិញបង្ខំងយើងមិនឲ្យចូលជិតព្រះបាន។ នេះហើយជាបទពិសោធន៍ដែលមនុស្សជាច្រើនឆ្លងកាត់ក្នុងជីវិតនៃជំនឿនិងនៅក្នុងសាសនាដ៏ពិតប្រាកដ។ សម្ពាធតានតឹងនេះតែងតែមានជាប់ជានិច្ច រវាងព្រះដែលទាញនាំយើង ព្រះដែលទាក់ទាញយើង ហើយនឹងព្រះដែលគួរឲ្យស្ញែងខ្លាច ដែលយើងមិនអាចចូលជិតបាន ដោយព្រោះទ្រង់ជាពន្លឺភ្លឺ។ ដូច្នេះ គំនិតរបស់មនុស្សបន្សល់ទុកនូវភាពអស់សង្ឃឹំម គ្មានដំណោះស្រាយសម្រាប់បញ្ហានេះ។ ក៏ប៉ុន្ដែមានចិត្តប្រាថ្នាចង់បានមួយយ៉ាងជ្រាលជ្រៅ ដែលជាបំណងប្រាថ្នាចង់ស្គាល់ព្រះ ហើយមិនបានសម្រេច។

ការចូលទៅរកជីវិតព្រះរបស់ព្រះជាម្ចាស់ ទាំងមានស្នាមប្រឡាក់ទៅដោយអំពើបាប គឺបែបនោះឯង។ លោកប៉ូលថ្លែងអំពីពន្លឺនោះ ថាព្រះទ្រង់គង់នៅក្នុងពន្លឺ គឺព្រះទ្រង់ជាពន្លឺ ហើយបន្តិចក្រោយមក នៅក្នុង ១ធីម៉ូថេ ជំពូក៦ ខ១៥ និងខ១៦ លោកពណ៌នាអំពីព្រះដូច្នេះថាៈ

...ព្រះអង្គជាព្រះដ៏មានពរ ជាអធិបតីតែមួយគត់ ជាស្តេចលើអស់ទាំងស្តេច និងជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ 16 មានតែព្រះអង្គមួយគត់ដែលមានព្រះជន្មមិនចេះសាបសូន្យ ទ្រង់គង់នៅក្នុងពន្លឺដែលមិនអាចចូលទៅជិតបាន គ្មានអ្នកណាដែលឃើញព្រះអង្គឡើយ ក៏មិនអាចមើលឃើញព្រះអង្គដែរ សូមលើកតម្កើងព្រះកិត្តិនាម និងព្រះចេស្តារបស់ព្រះអង្គ អស់កល្បជានិច្ច។ អាម៉ែន។» RKOV

ដូច្នេះ ព្រះទ្រង់ជាស្តេច គឺព្រះអង្គជាស្តេច លើអស់ទាំងស្តេច។ ព្រះអង្គជាព្រះអម្ចាស់ លើអស់ទាំងព្រះអម្ចាស់។ ព្រះអង្គជាព្រះដ៏មានពរ ហើយជាមេគ្រប់គ្រងតែមួយគាត់។ ព្រះអង្គតែមួយគាត់ដែលនៅអមតៈហើយព្រះអង្គតែមួយគាត់ដែលមិនចេះសាបសូន្យ។ ហើយព្រះអង្គគង់នៅក្នុងពន្លឺដែលមិនអាចចូលទៅជិតបាន។ ព្រះទ្រង់ជាពន្លឺ នៅក្នុងព្រះអង្គគ្មានសេចក្តីងងឹតណាឡើយ។

តើយើងអាចចូលទៅជិតពន្លឺនោះដូចម្ដេចបាន? តើយើងអាចចូលទៅជិតពន្លឺនោះបានដោយរបៀបណា? ហើយជីវិតនឹងទទេរស្អាត ហើយគ្មានន័យទេ ប្រសិនបើយើងមិនអាចរកឃើញសេចក្តីស្រឡាញ់របស់ព្រះ។ ដូច្នេះ សេចក្ដីស្រឡាញ់របស់ព្រះទាញយើងឲ្យចូលទៅ តែយើងចូលទៅមិនបាន ហើយយើងមានសម្ពាធនោះឯង។ នេះជាសម្ពាធមួយដែលមាននៅក្នុងព្រះគម្ពីរ។ ប៉ុន្តែអរព្រះគុណដល់ព្រះ ព្រះគម្ពីរក៏បង្ហាញផ្លូវរបស់ព្រះ ដើម្បីដោះស្រាយសម្ពាធនេះដែរ គឺជាសម្ពាធ រវាងសេចក្តីស្រឡាញ់ និងពន្លឺ។

មិនអាចមានរដូវកាលណាទៀតដែលសមរម្យ ហើយត្រូវពេលជាងរដូវកាលណូអែលនេះឡើយ ក្នុងការនិយាយអំពីដំណោះស្រាយនៃភាពតានតឹងនេះ។ សេចក្តីស្រឡាញ់របស់ព្រះទាញនាំមនុស្សឲ្យចូលជិត ប៉ុន្តែគេមិនហ៊ានចូលទៅជិតរស្មីដ៏ភ្លឺនៃពន្លឺរបស់ព្រះ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចដោះស្រាយភាពតានតឹងនេះបាន ហើយព្រះអង្គធ្វើការនោះមែន គឺព្រះអង្គបានដោះស្រាយការនោះនៅក្នុងព្រះគ្រិស្ត។ មនុស្សមិនអាចចូលទៅជិតព្រះបាន ដូច្នេះ ព្រះទ្រង់យាងចុះមករកមនុស្ស។ ប៉ុន្តែ ព្រះអង្គយាងមកក្នុងសណ្ឋានជាសាច់ឈាមគឺព្រះអង្គយាងមកកើតមនុស្ស មានសាច់ឈាមជាមនុស្ស។ ដំបូង ក្នុងសណ្ឋានជាទារកតូចដែលទើបនឹងប្រសូតនោះហើយពន្លឺដ៏អស្ចារ្យបានចូលមក ប្រសូតមកសាច់ឈាម។ សេចក្តីនេះបានបញ្ជាក់ប្រាប់យ៉ាងល្អនៅក្នុង ១ធីម៉ូថេ ជំពូក៣ ខ១៦ «...ពិតណាស់ អាថ៌កំបាំងនៃសាសនារបស់យើងអស្ចារ្យណាស់» ខ្ញុំរីករាយណាស់ ដែលសេចក្ដីនោះជាអាថ៌កំបាំង។ លោកអ្នកដឹងទេ ប្រសិនបើអ្វីៗទាំងអស់សុទ្ធតែអាចដោះស្រាយបានដោយគំនិតដ៏តូចរបស់ខ្ញុំនេះបាន នោះតើជីវិតនឹងត្រូវបានកំណត់ត្រឹមកម្រិតណាទៅ។ ពេលមួយ ខ្ញុំឮមនុស្សម្នាក់និយាយថា«ខ្ញុំមិនជឿដល់ព្រះទេ ដរាបណាខ្ញុំមិនអាចយកព្រះអង្គមកដាក់ក្នុងបំពង់ធ្វើតេស្តបានទេនោះ»។ ខ្ញុំគិតក្នុងចិត្តថា «ព្រះណាដែលគេអាចយកមកដាក់ក្នុងបំពង់ធ្វើតេស្តបាន នោះមិនមែនជាព្រះទេ»។ មានអាថ៌កំបាំងហើយយើងកំពុងនិយាយអំពីអាថ៌កំបាំងមួយ ជាអាថ៌កំបាំងអំពីសេចក្តីស្រឡាញ់របស់ព្រះ និងអាថ៌កំបាំងអំពីពន្លឺរបស់ព្រះ និងអាថ៌កំបាំងនៃការចូលទៅជិតព្រះ។ ដូច្នេះ លោកប៉ូលថ្លែងថាៈ

16 ពិតណាស់ អាថ៌កំបាំងនៃសាសនារបស់យើងអស្ចារ្យណាស់ គឺព្រះអង្គ [នោះហើយជាព្រះ] បានសម្ដែងឲ្យយើងឃើញក្នុងសាច់ឈាម [គឺសាច់ឈាមក្នុងសណ្ឋានជាបុត្រតូចដែលទើបនឹងប្រសូត] បានរាប់ជាសុចរិតដោយព្រះវិញ្ញាណ [គឺព្រះវិញ្ញាណបរិសុទ្ធ] ពួកទេវតាបានឃើញព្រះអង្គ [ជាអ្នកដែលបានប្រកាសប្រាប់ពីកំណើតព្រះអង្គ] មនុស្សបានប្រកាសអំពីព្រះអង្គក្នុងចំណោមពួកសាសន៍ដទៃ គេបានជឿដល់ព្រះអង្គនៅពាសពេញពិភពលោក ព្រះបានលើកព្រះអង្គឡើងទៅក្នុងសិរីល្អ។» (RKOV)

នេះគឺជាការសរុបសេចក្ដីអំពីអាថ៌កំបាំងដ៏អស្ចារ្យនៃការគោរពប្រតិបត្តិដល់ព្រះ។ ប៉ុន្តែ រឿងសំខាន់នៃអាថ៌កំបាំងដែលយើងកំពុងមើលជាមួយគ្នានេះ គឺថា ព្រះទ្រង់ជាពន្លឺ ដែលមិនអាចចូលទៅជិតបាន គឺជាព្រះដែលអំពើបាប និងសេចក្តីអាក្រក់គ្រប់ប្រភេទមិនអាចចូលទៅជិតព្រះអង្គបានឡើយ ហើយដោយព្រះគុណព្រះអង្គ ព្រះទ្រង់ជ្រើសរើសលាក់ពន្លឺនោះនៅក្នុងសាច់ឈាមជាមនុស្ស ក្នុងភាពទន់ខ្សោយរបស់មនុស្ស ក្នុងភាពទន់ខ្សោយនៃទារកដែលទើបនឹងប្រសូត ហើយបន្ទាប់មកពេញជាមនុស្ស នៅពេលដែលព្រះអង្គធំឡើង។ ហើយដោយព្រោះមនុស្សមិនអាចចូលទៅជិតព្រះបាន ព្រះបានយាងចុះមកឯមនុស្ស។ ព្រះទ្រង់តែងតែឱននៅក្នុងទំនាក់ទំនងរបស់ព្រះអង្គ ចំពោះមនុស្ស។ ពេលព្រះអង្គបង្កើតមនុស្សដំបូងនៅក្នុងសួនអេដែន ព្រះបង្កើតរូបកាយមួយចេញពីដីឥដ្ឋ បន្ទាប់មកព្រះអង្គឱនទៅលើរូបកាយនោះ ហើយផ្លុំខ្យល់ដង្ហើមចូលទៅក្នុងរន្ធច្រមុះឲ្យមានដង្ហើមជីវិតឡើង។ ប៉ុន្តែនៅពេលព្រះទ្រង់យាងចុះមក គឺមិនមែនដូចគ្រាបង្កើតពិភពលោកទៀតទេតែទ្រង់យាងមកប្រោសលោះ ក៏ប៉ុន្ដែ ព្រះអង្គនៅតែឱនអង្គទ្រង់ឲ្យទាប។ ព្រះអង្គឱនមកចាប់កំណើតនៅក្នុងផ្ទៃនាងម៉ារា ជាស្រ្តីព្រហ្មចារី ហើយព្រះអង្គឱនមកក្នុងសណ្ឋានជាទារកតូច។ ហើយបន្ទាប់មក បំពេញកិច្ចការនៃការប្រោសលោះដ៏អស្ចារ្យ ដោយព្រះអង្គបានឱនចុះមកក្នុងសេចក្តីស្លាប់ ជាការស្លាប់ដូចឧក្រិដ្ឋជននៅលើឈើឆ្កាង។ ការទាំងអស់នេះ ព្រះអង្គបានធ្វើ ដោយព្រោះមនុស្សមិនអាចចូលទៅជិតព្រះបានទេ ដរាបណាព្រះទ្រង់មិនយាងមកឯមនុស្សជាមុនទេនោះ។

ដូច្នេះ ព្រះទ្រង់ជាអ្នកចាប់ផ្តើមមុន។ ព្រះអង្គបានលះបង់សិរីល្អរបស់ព្រះអង្គ។ ព្រះអង្គបានទុករស្មីពន្លឺដ៏ត្រចះត្រចង់របស់ព្រះអង្គមួយឡែក ដែលគ្មានភ្នែកណាអាចសម្លឹងមើលបាន ហើយព្រះអង្គយកសណ្ឋានជាសាច់ឈាម គឺព្រះអង្គបានយាងចុះមក ដើម្បីឲ្យព្រះអង្គអាចបើកសម្ដែងឲ្យមនុស្សលោកឃើញ តាមរបៀបមួយដែលយើងអាចយល់បាន ហើយទទួលបាន នូវសេចក្តីស្រឡាញ់របស់ព្រះ មិនរកយល់មិនបាន មិនអាចស្វែងរកបាន ជាសេចក្តីស្រឡាញ់ដែលយើងមិនអាចវាស់ស្ទង់បាន ពីជម្រៅ កម្ពស់ ទទឹង និងបណ្ដោយបានឡើយ។ ប៉ុន្តែ សេចក្តីនេះមាននៅក្នុងអំណោយណូអែលរបស់ព្រះ ហើយអំណោយនេះ គឺព្រះអម្ចាស់ព្រះយេស៊ូគ្រិស្ត។

យើងអស់ពេលវេលារបស់យើងហើយសម្រាប់ថ្ងៃនេះ។ ខ្ញុំនឹងត្រឡប់មកជួបជាមួយលោកអ្នកជាថ្មីនៅវគ្គក្រោយ តាមពេលវេលា និងម៉ោងដដែល។ វគ្គក្រោយ ខ្ញុំនឹងចែកចាយអំពីតម្រូវការយញ្ញបូជា។ សូមព្រះជាម្ចាស់ប្រទានពរ។