ផ្តោតលើព្រះយស៊ូ

ដេរេក ព្រីនស៍
Last Updated: September 2026
Read Time: 9
ក្នុងមេរៀន "ផ្ដោតលើព្រះយេស៊ូវ" ដែលជាភាគទី ៤ នៃស៊េរី "បើអ្នកចង់បានអ្វីដែលល្អបំផុតពីព្រះ" លោក ដេរិក ព្រីនស៍ ណែនាំអ្នកស្ដាប់ឱ្យផ្ដល់អាទិភាពដល់ព្រះយេស៊ូវក្នុងការស្វែងរកអ្វីដែលល្អបំផុតពីព្រះ។ តាមរយៈបទគម្ពីរ លោកសង្កត់ធ្ងន់លើសារៈសំខាន់នៃការសម្លឹងមើលទៅព្រះយេស៊ូវ។ ចូរស្វែងយល់ពីរបៀបដែលការផ្ដោតលើព្រះមេស្ស៊ី អាចដឹកនាំអ្នកឱ្យរស់នៅក្នុងជីវិតដែលស្របតាមព្រះហឫទ័យដ៏ល្អឥតខ្ចោះរបស់ព្រះ។
Transcript
រីករាយណាស់ដែលបានជួបលោកអ្នកជាថ្មី ជាពេលដែលយើងបន្តគោលសំខាន់របស់យើងនៅសប្ដាហ៍នេះ ដែលបង្ហាញចេញនៅក្នុងប្រយោគមិនពេញលេញមួយ គឺ «ប្រសិនបើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ...»។ ពាក្យ «ប្រសិនបើ» នៅខាងដើម ធ្វើឲ្យលោកអ្នកប្រឈមមុខនឹងការជ្រើសរើសផ្ទាល់ខ្លួនមួយ៖ តើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ ឬក៏មិនចង់បាន? មានតែលោកអ្នកប៉ុណ្ណោះដែលអាចធ្វើការសម្រេចចិត្តបែបនោះ។
ប្រសិនបើលោកអ្នកសម្រេចចិត្តថា លោកអ្នកពិតជាចង់បានការដ៏វិសេសបំផុតរបស់ព្រះ នោះនៅក្នុងការចែកចាយរាល់ថ្ងៃរបស់ខ្ញុំ ខ្ញុំកំពុងផ្ដល់ជូននូវវិធីខ្លះដែលស័ក្តិសម ដើម្បីបញ្ចប់ប្រយោគដែលមិនពេញលេញនោះ។ មានន័យថា ខ្ញុំកំពុងតែចែកចាយជូនលោកអ្នក អំពីការដែលលោកអ្នកត្រូវធ្វើ ដើម្បីរកបានការដ៏វិសេសបំផុតរបស់ព្រះសម្រាប់ជីវិតលោកអ្នក។ ក្នុងករណីនីមួយៗ ខ្ញុំបានបង្ហាញប្រាប់រួចហើយថា ដំបូន្មានដែលខ្ញុំផ្ដល់ជូន គឺផ្អែកលើការបី៖ ទីមួយ បទគម្ពីរ ដែលជាព្រះបន្ទូលរបស់ព្រះ ទីពីរ បទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលមានរយៈពេលជាងសែសិបឆ្នាំ និងទីបី ការសង្កេតមើលរបស់ខ្ញុំចំពោះអ្នកដទៃ។ អ្នកខ្លះបង្កើតផលមួយជាមួយរយ អ្នកខ្លះមួយជាហុកសិប និងអ្នកខ្លះទៀតមួយជាសាមសិប។ ខ្ញុំកំពុងព្យាយាមចែកចាយប្រាប់លោកអ្នកនូវមេរៀនដែលខ្ញុំបានរៀន ចេញពីការតាមមើលជីវិតព្រះគ្រីស្ទបរិស័ទដែលបង្កើតផល។
ការចែកចាយរបស់ខ្ញុំកាលពីម្សិលមិញ ខ្ញុំបានជម្រាបជូនអំពីរបៀបមួយដើម្បីបញ្ចប់ប្រយោគនេះ ជារបៀបយ៉ាងសាមញ្ញ ច្បាស់ ប៉ុន្តែមានសារៈសំខាន់យ៉ាងធំធេង។ របៀបនោះគឺ៖ ចង់បានការដ៏វិសេសបំផុតរបស់ព្រះ មិនព្រមទទួលអ្វីដែលអន់ជាង។ ខ្ញុំចង់និយាយប្រយោគដែលពេញលេញ គឺថា «ប្រសិនបើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ ចូរចង់បានការដ៏វិសេសបំផុតរបស់ព្រះចុះ»។ នេះស្តាប់ទៅដូចជាសាមញ្ញ ប៉ុន្តែមានសំខាន់ខ្លាំងណាស់។ ការសម្រេចចិត្តរបស់លោកអ្នក គឺជាកត្តាសម្រេច។
ថ្ងៃនេះ ខ្ញុំនឹងចែកចាយរបៀបទីពីរ ដើម្បីបញ្ចប់ប្រយោគ «ប្រសិនបើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ...»។ របៀបដែលខ្ញុំនឹងចែកចាយនៅថ្ងៃនេះ គឺផ្ដោតលើព្រះយេស៊ូ។ ដូច្នេះ ប្រយោគពេញលេញគឺថា៖ ប្រសិនបើលោកអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ ចូរផ្ដោតលើព្រះយេស៊ូ។ ហើយខ្ញុំនឹងចាប់ផ្ដើមដោយបទគម្ពីរនៅក្នុងហេព្រើរ ១២:១-២៖
«ដូច្នេះ ដែលមានស្មរបន្ទាល់ជាច្រើនដល់ម្ល៉េះនៅព័ទ្ធជុំវិញយើង ត្រូវឲ្យយើងលះចោលអស់ទាំងបន្ទុក និងអំពើបាបដែលព័ទ្ធជុំវិញយើងយ៉ាងងាយនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំងដែលនៅមុខយើង ដោយអំណត់ ទាំងសម្លឹងមើលព្រះយេស៊ូវ ដែលជាអ្នកចាប់ផ្ដើម និងជាអ្នកធ្វើឲ្យជំនឿរបស់យើងបានគ្រប់លក្ខណ៍...»។ (RKOV)
មានជំហានប្រកបដោយហេតុផលមួយចំនួននៅក្នុងសេចក្តីដែលព្រះគម្ពីរបានចែងនៅទីនេះ។ ទីមួយ បទគម្ពីរចង្អុលបង្ហាញប្រាប់ថា មានស្មរបន្ទាល់ជាច្រើនដល់ម្ល៉េះនៅព័ទ្ធជុំវិញយើង ហើយនេះសំដៅទៅរកសេចក្តីដែលនិយាយនៅក្នុងជំពូកមុន គឺហេព្រើរ ជំពូក ១១ ដែលអ្នកសរសេរបាននិយាយអំពីពួកបរិសុទ្ធដ៏អស្ចារ្យនៅក្នុងសញ្ញាចាស់ដែលបានជោគជ័យ ជាមនុស្សដែលរកបានការដ៏វិសេសបំផុតរបស់ព្រះ។ បទគម្ពីរចែងថា យើងមានស្មរបន្ទាល់ជាច្រើននៅព័ទ្ធជុំវិញយើង ជាមនុស្សដែលបានបង្ហាញតាមរយៈជីវិត និងបទពិសោធន៍របស់ពួកគេថា យើងអាចរកបានការដ៏វិសេសបំផុតរបស់ព្រះ។ ដូច្នេះ នេះហើយជាចំណុចចាប់ផ្ដើម។ បន្ទាប់មក បទគម្ពីរបញ្ជាក់ថា ប្រសិនបើអ្នកចង់បានការដ៏វិសេសបំផុតរបស់ព្រះ ចូរអត់ធ្មត់នៅក្នុងការរត់ប្រណាំង ហើយដើម្បីរត់ប្រណាំងបានជោគជ័យ យើងត្រូវធ្វើការខ្លះ។ យើងត្រូវបោះចោលអ្វីៗដែលរាំងយើង។ អ្នករត់ប្រណាំង មិនផ្ទុកអ្វីធ្ងន់ជាប់ខ្លួន ឬដាក់អ្វីធ្ងន់នៅក្នុងខោអាវរបស់ខ្លួនទេ ហើយនេះសំដៅលើអំពើបាបដែលងាយឲ្យជាប់អន្ទាក់។ យើងត្រូវតែប្រាកដថា មិនត្រូវឲ្យមានអ្វីដែលនឹងចាប់យើងឡើយ។ បន្ទាប់មក ត្រូវឲ្យយើងរត់ដោយអំណត់។ ដូច្នេះ ការបន្ទាប់ដែលត្រូវការ គឺការអត់ធ្មត់។ ខ្ញុំបានចង្អុលបង្ហាញពីមុនរួចមកហើយ ពាក់ព័ន្ធនឹងដីល្អនៅក្នុងរឿងប្រៀបធៀបអំពីអ្នកព្រោះពូជ គឺថាមានលក្ខខណ្ឌបី៖ ការឮព្រះបន្ទូល ការរក្សាទុកព្រះបន្ទូល និងការបង្កើតផលដោយអត់ធ្មត់។ ប៉ុន្តែក្រោយពីបានចាក់គ្រឹះទាំងនោះសម្រាប់ភាពជោគជ័យហើយ គម្ពីរហេព្រើរនិយាយដល់អ្វីដែលខ្ញុំចាត់ទុកថា ជាចំណុចសំខាន់ គឺ «សម្លឹងមើលព្រះយេស៊ូវ ដែលជាអ្នកចាប់ផ្ដើម និងជាអ្នកធ្វើឲ្យជំនឿរបស់យើងបានគ្រប់លក្ខណ៍»។ នោះហើយជាសេចក្តីដែលខ្ញុំចង់ប្រាប់លោកអ្នក ដែលជាគន្លឹះដ៏សំខាន់នាំទៅរកជោគជ័យ គឺចូរផ្ដោតលើព្រះយេស៊ូ ចូរសម្លឹងមើលព្រះអង្គ។ អ្នកនិពន្ធចង្អុលបង្ហាញថា ព្រះយេស៊ូគឺជាអ្នកចាប់ផ្ដើម និងជាអ្នកធ្វើឲ្យជំនឿរបស់យើងបានគ្រប់លក្ខណ៍។ យើងអាចប្រើពាក្យពីរផ្សេងទៀតដែលសាមញ្ញជាងនេះ គឺព្រះអង្គជាអ្នកចាប់ផ្ដើម និងជាអ្នកធ្វើឲ្យជំនឿរបស់យើងបានសម្រេចពេញលេញ។ យើងទាំងអស់គ្នាប្រហែលជាយល់ច្បាស់ថា ព្រះអង្គជាអ្នកចាប់ផ្ដើម ប៉ុន្តែពេលខ្លះ យើងភ្លេចថា ព្រះអង្គក៏ជាអ្នកសម្រេចជំនឿរបស់យើងឲ្យបានពេញលេញផងដែរ។ ប្រសិនបើយើងចង់ឲ្យជំនឿរបស់យើងបានសម្រេចពេញលេញ យើងត្រូវតែបន្តផ្ដោតលើព្រះយេស៊ូ។ មិនគ្រប់គ្រាន់ទេដែលចាប់ផ្ដើមដោយផ្ដោតលើព្រះយេស៊ូ រួចហើយបែកអារម្មណ៍ ហើយមើលទៅកន្លែងណាផ្សេងទៀត ពីព្រោះប្រសិនបើយើងធ្វើបែបនោះ ជំនឿរបស់យើងនឹងមិនបានសម្រេចពេញលេញឡើយ។ ភ្ជាប់នឹងការនេះ ខ្ញុំចង់បង្ហាញប្រាប់លោកអ្នកអំពីការពិតដ៏សាមញ្ញបី ហើយការពិតនីមួយៗក្នុងចំណោមការនោះ គឺហេតុដែលយើងត្រូវតែបន្តផ្ដោតលើព្រះយេស៊ូ។
ទីមួយ ព្រះយេស៊ូជាព្រះអម្ចាស់របស់យើង។ យើងអាចចូលទៅក្នុងសេចក្តីសង្គ្រោះបាន តែតាមរយៈការប្រកាសថា ព្រះយេស៊ូជាព្រះអម្ចាស់របស់យើង។ ដូច្នេះ ប្រសិនបើព្រះអង្គជាព្រះអម្ចាស់របស់យើង នោះគោលបំណងដ៏ខ្ពស់បំផុតរបស់យើង គឺគាប់ព្រះហឫទ័យព្រះអង្គ។ នោះហើយជាអត្ថន័យដែលនិយាយថា ព្រះអង្គជាព្រះអម្ចាស់របស់យើង។ ដូច្នេះ យើងត្រូវតែបន្តសម្លឹងមើលព្រះយេស៊ូ ដើម្បីឲ្យប្រាកដថា គ្រប់កិច្ចការដែលយើងធ្វើ នោះបានគាប់ព្រះហឫទ័យព្រះអង្គ ហើយប្រសិនបើពេលណាមួយដែលយើងមើលទៅព្រះអង្គ យើងមានសញ្ញាបង្ហាញប្រាប់ថា អ្វីដែលយើងកំពុងគិតនោះ មិនគាប់ព្រះហឫទ័យព្រះអង្គ នោះជាហេតុផលគ្រប់គ្រាន់សម្រាប់ឲ្យយើងមិនធ្វើការនោះ។ ប៉ុន្តែ យើងមិនអាចទទួលបានសញ្ញាបង្ហាញប្រាប់យ៉ាងដូច្នេះទេ ដរាបទាល់តែយើងបន្តសម្លឹងមើលទៅព្រះយេស៊ូ។
ការពិតទីពីរអំពីព្រះយេស៊ូគឺ៖ ព្រះអង្គជាខ្នាតនៃសេចក្តីសុចរិតតែមួយគត់។ សេចក្តីនេះបង្ហាញប្រាប់ដោយពាក្យដែលលោកប៉ុលបាននិយាយទៅកាន់អ្នកក្រុងអាថែន នៅក្នុងកិច្ចការ ១៧:៣១ លោកប៉ុលថ្លែងថា៖
«ព្រោះព្រះអង្គបានកំណត់ថ្ងៃមួយទុក ដែលនឹងជំនុំជម្រះមនុស្សលោកដោយសុចរិត ដោយសារមនុស្សម្នាក់ដែលព្រះអង្គបានតែងតាំង ហើយដើម្បីជាសក្ខីភាពអំពីការនោះដល់មនុស្សទាំងអស់ ព្រះអង្គប្រោសមនុស្សនោះឲ្យរស់ពីស្លាប់ឡើងវិញ»។ (RKOV)
ដូច្នេះ អ្នកដែលនឹងធ្វើជាចៅក្រមរបស់ព្រះ ដើម្បីជំនុំជម្រះមនុស្សលោក គឺជាអ្នកដែលព្រះអង្គបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ។ ប្រាកដណាស់ អ្នកនោះគឺព្រះយេស៊ូគ្រីស្ទ។ ព្រះនឹងជំនុំជម្រះមនុស្សលោកដោយសុចរិត ដោយសារមនុស្សម្នាក់នោះ។
សេចក្តីនោះប្រាប់យើងអំពីការពីរ៖ នោះគឺព្រះយេស៊ូជាចៅក្រម ហើយព្រះអង្គគឺជាខ្នាតនៃសេចក្តីសុចរិត។ យើងនឹងត្រូវបានជំនុំជម្រះ ស្របតាមខ្នាតរបស់ព្រះយេស៊ូ។ នេះជារឿងសំខាន់ដែលត្រូវមើលឃើញថា ព្រះទ្រង់មានខ្នាតនៃសេចក្តីសុចរិតតែមួយគត់។ ប្រសិនបើយើងចង់ដឹងថា សេចក្តីសុចរិតមានន័យយ៉ាងដូចម្ដេចនៅចំពោះព្រះនេត្ររបស់ព្រះ កន្លែងពិតប្រាកដដែលយើងត្រូវរកមើលចម្លើយ នោះគឺព្រះយេស៊ូជាប់ជានិច្ច។ យើងប្រហែលជាមើលទៅព្រះគ្រីស្ទបរិស័ទ ដែលធ្វើកិច្ចការដែលព្រះយេស៊ូមិនបានធ្វើ ប៉ុន្តែយើងមិនអាចយកពួកគេធ្វើជាខ្នាតសេចក្តីសុចរិតបានឡើយ ព្រោះនោះមិនមែនជាខ្នាតរបស់ព្រះ។ ដើម្បីយល់អំពីខ្នាតនៃសេចក្តីសុចរិតរបស់ព្រះ យើងត្រូវតែបន្តសម្លឹងមើលព្រះយេស៊ូជានិច្ច។
ទីបី ព្រះយេស៊ូជាខ្នាតគំរូរបស់យើង។ ១ ពេត្រុស ២:២១ ប្រាប់យើងដូច្នេះថា៖
«ដ្បិតព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាមក សម្រាប់ការនេះឯង ព្រោះព្រះគ្រីស្ទក៏បានរងទុក្ខសម្រាប់អ្នករាល់គ្នាដែរ ទាំងទុកតម្រាប់ឲ្យអ្នករាល់គ្នាដើរតាមលំអានរបស់ព្រះអង្គ»។ (RKOV)
ដូច្នេះ ព្រះយេស៊ូគឺជាគំរូរបស់យើង។ ព្រះអង្គជាផ្លូវនៅពីមុខយើង ហើយដើម្បីដើរតាមផ្លូវត្រូវ យើងត្រូវមើលកន្លែងដែលព្រះអង្គបានបោះជំហាន ហើយដាក់ជំហានរបស់យើងឲ្យត្រូវចំតាមកន្លែងតែមួយ។ ទាំងអស់នោះ ទាក់ទងទៅនឹងលក្ខខណ្ឌដ៏សំខាន់ គឺឲ្យយើងផ្ដោតលើព្រះយេស៊ូ ឲ្យយើងនៅតែសម្លឹងទៅព្រះអង្គ។
ខ្ញុំចង់ជម្រាបជូនលោកអ្នកពីមូលហេតុដែលរឹតតែសំខាន់មួយទៀត ដែលចាំបាច់ត្រូវតែផ្ដោតលើព្រះយេស៊ូ។ នោះជាហេតុមួយដ៏សាមញ្ញ ជាហេតុដ៏ជាក់ស្ដែង តែសំខាន់ណាស់។ ហេតុផលនោះគឺថា៖ ដំណឹងល្អទាំងមូលផ្ដោតលើអ្វីដែលព្រះយេស៊ូបានធ្វើសម្រាប់យើង។ សេចក្តីនេះបញ្ជាក់ប្រាប់យ៉ាងច្បាស់នៅក្នុង ១ កូរិនថូស ជំពូក ១៥:៣ និង ៤ ដែលលោកប៉ុលថ្លែងទៅកាន់ព្រះគ្រីស្ទបរិស័ទនៅក្រុងកូរិនថូស៖
«ដ្បិតមុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នា តាមសេចក្តីដែលខ្ញុំបានទទួលមក គឺថា ព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងស្របតាមបទគម្ពីរ ហើយថា ព្រះអង្គត្រូវគេបញ្ចុះក្នុងផ្នូរ រួចព្រះអង្គមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី ស្របតាមបទគម្ពីរ...»។ (RKOV)
នោះហើយជាដំណឹងល្អ។ នោះជាការពិតនៃសារៈសំខាន់ជាទីមួយ។ អ្វីៗផ្សេងទៀត ជាសារៈសំខាន់ទីពីរនៅក្នុងដំណឹងល្អ ដែលធៀបទៅនឹងការពិតទាំងបីនោះ គឺទាំងអស់សុទ្ធតែផ្ដោតលើព្រះយេស៊ូ៖ ព្រះអង្គបានសុគត ព្រះអង្គត្រូវបានបញ្ចុះក្នុងផ្នូរ ព្រះអង្គបានរស់ឡើងវិញនៅថ្ងៃទីបី។ ដូច្នេះ យើងមិនអាចប្រឹងប្រែងធ្វើឲ្យអ្វីផ្សេងទៀត ត្រឡប់ជាសំខាន់ជាងការពិតទាំងបីនោះអំពីព្រះយេស៊ូបានឡើយ។ យើងត្រូវតែប្រុងប្រយ័ត្នកុំឲ្យចាញ់បញ្ឆោត ចេញឆ្ងាយពីសេចក្តីពិតគ្រឹះទាំងនេះដែលផ្ដោតលើព្រះយេស៊ូ។ ខ្ញុំគិតថា លោកប៉ុលព្រមានធីម៉ូថេអំពីសេចក្តីនេះ នៅក្នុងសំបុត្រទីពីររបស់លោកផ្ញើទៅធីម៉ូថេ គឺនៅក្នុងជំពូក ២ ខ ៨ និង ៩ ដែលត្រូវបានសរសេរឡើងនៅចុងបញ្ចប់នៃជីវិតរបស់លោក ហើយត្រូវបានសរសេរចេញពីក្នុងគុក។ នេះជាអ្វីដែលលោកប្រាប់ធីម៉ូថេ៖
«ចូរនឹកចាំថា ព្រះយេស៊ូវគ្រីស្ទ ជារាជវង្សព្រះបាទដាវីឌ ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ តាមដំណឹងល្អដែលខ្ញុំបានប្រកាស ដ្បិតខ្ញុំរងទុក្ខលំបាក ទាំងជាប់ចំណងដូចមនុស្សអាក្រក់ ព្រោះតែដំណឹងល្អនោះ ប៉ុន្តែព្រះបន្ទូលរបស់ព្រះមិនបានជាប់ចំណងទេ»។ (RKOV)
សូមកត់សម្គាល់ពាក្យគន្លឹះទាំងនេះ៖ «ចូរនឹកចាំថា ព្រះយេស៊ូវគ្រីស្ទ ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ...តាមដំណឹងល្អដែលខ្ញុំបានប្រកាស»។ សាមញ្ញមែនទែន! នេះដូចជាសេចក្តីដែលលោកប៉ុលមានប្រសាសន៍នៅក្នុង ១ កូរិនថូស ១៥ ជាដំណឹងល្អទាំងមូលដែលផ្ដោតលើព្រះយេស៊ូ៖ ការសុគតរបស់ព្រះអង្គ ការបញ្ចុះព្រះអង្គទៅក្នុងផ្នូរ និងការរស់ឡើងវិញប្រកបដោយជ័យជម្នះរបស់ព្រះអង្គ។ លោកបានប្រាប់ធីម៉ូថេថា៖ «កុំឲ្យបែកចេញពីចំណុចសំខាន់ទាំងនេះ កុំភ្លេចផ្ដោតលើចំណុចទាំងនេះ ត្រូវបន្តសម្លឹងមើលព្រះយេស៊ូ»។ ខ្ញុំសូមជម្រាបលោកអ្នកថា វាជារឿងគ្រោះថ្នាក់ទៅវិញទេសម្រាប់ព្រះគ្រីស្ទបរិស័ទ ដែលធ្វើឲ្យការនេះទៅស្មុគស្មាញពេក ឬខាងវិញ្ញាណខ្លាំងពេក។ ខ្ញុំគិតថា ព្រះគ្រីស្ទបរិស័ទជាច្រើនទៅជាចាកប្រធាន ដោយសារធ្វើឲ្យទៅជាលក្ខណៈវិញ្ញាណខ្លាំងពេក។ ពេលខ្លះ មានមនុស្សនិយាយមកខ្ញុំ ក្រោយពីខ្ញុំអធិប្បាយចប់ថា៖ «បងព្រីនស៍ នេះជារាជសារមួយដែលជ្រៅ»។ ខ្ញុំឆ្ងល់ថា៖ «តើខ្ញុំបានធ្វើអ្វីខុសឬ?»។ នៅក្នុងន័យម្យ៉ាង ហើយឥឡូវនេះ លោកអ្នកត្រូវយល់អំពីន័យនេះ ខ្ញុំមិនចង់ទៅជ្រៅពេកទេ។ ខ្ញុំមិនដែលចង់ទៅជ្រៅពេក រហូតដល់មនុស្សលែងមើលឃើញព្រះយេស៊ូ និងការពិតដ៏សំខាន់នៅក្នុងដំណឹងល្អឡើយ ដែលរួមមាន៖ ការសុគតរបស់ព្រះអង្គ ការបញ្ចុះទៅក្នុងផ្នូរ និងការរស់ឡើងវិញរបស់ព្រះអង្គ។
ខ្ញុំសូមនិយាយទៅកាន់លោកអ្នក តាមសេចក្តីដែលលោកប៉ុលមានប្រសាសន៍ទៅកាន់ធីម៉ូថេថា៖ «ចូរនឹកចាំថា ព្រះយេស៊ូវគ្រីស្ទ ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ»។ ហើយជាទីបញ្ចប់ ខ្ញុំសូមប្រាប់របៀបដ៏ជាក់ស្ដែង និងដ៏សំខាន់មួយ ដើម្បីនឹកចាំពីព្រះយេស៊ូ គឺតាមរយៈពិធីលៀងព្រះអម្ចាស់ ឬសម្ព័ន្ធវង្សបរិសុទ្ធ តាមដែលលោកអ្នកហៅ។ ព្រះយេស៊ូបានមានព្រះបន្ទូលថា៖ «ចូរធ្វើដូច្នេះរាល់ពេលដែលអ្នកធ្វើ ដើម្បីរំឭកពីខ្ញុំ»។ នោះហើយជារបៀបសាមញ្ញ ជាក់ស្ដែង និងតាមបទគម្ពីរ ដើម្បីនឹកចាំពីព្រះយេស៊ូ ដើម្បីសម្លឹងទៅព្រះអង្គជាប់ជានិច្ច។
កូដ: RP-R110-104-KHM










