គោលដៅគឺសេចក្តីស្រលាញ់ (វគ្គ១)

ដេរេក ព្រីនស៍
Last Updated: October 2026
Read Time: 8
សេចក្ដីស្រឡាញ់បំពេញក្រិត្យវិន័យ តាមរយៈការលះបង់ចិត្តទាំងស្រុងចំពោះព្រះ និងការយកចិត្តទុកដាក់ជាក់ស្តែងចំពោះអ្នកដទៃ។ ដំណឹងល្អប្រទានសេចក្ដីសុចរិតដល់យើងតាមរយៈការបូជារបស់ព្រះយេស៊ូវ ហើយបន្ទាប់មកត្រាស់ហៅអ្នកជឿឱ្យរស់នៅ និងប្រព្រឹត្តតាមព្រះវិញ្ញាណ ដោយមានសេចក្ដីស្រឡាញ់។
Transcript
យើងនឹងធ្វើការប្រកាសមួយ ដូចដែលយើងតែងតែធ្វើ គឺព្រះទ្រង់ជួយយើង។ ការប្រកាសនេះចេញពី ១ យ៉ូហាន ៤:៧-១១ និងខ ១៦។ លោកអ្នកប្រហែលជាចាប់អារម្មណ៍នឹងរកមើលពាក្យនោះ តាំងពីដើមជំពូក ៤ ខ ៧ រហូតដល់ចុងជំពូក។ ពាក្យ «ស្រឡាញ់» ជាគុណនាម ជានាម ឬជាកិរិយាសព្ទ មានចំនួនម្ភៃប្រាំបីដងនៅក្នុងខគម្ពីរទាំងនោះ។ យើងនឹងមិនដកស្រង់ពាក្យនោះទាំងអស់ទេ តែយើងនឹងដកស្រង់ខ្លះៗប៉ុណ្ណោះ។
៧ ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្ដីស្រឡាញ់ នោះឈ្មោះថាមកពីព្រះ ហើយក៏ស្គាល់ទ្រង់ដែរ ៨ តែអ្នកណាដែលគ្មានសេចក្ដីស្រឡាញ់ នោះមិនស្គាល់ព្រះវិញ ពីព្រោះព្រះទ្រង់ជាសេចក្ដីស្រឡាញ់នោះឯង ៩ សេចក្ដីស្រឡាញ់របស់ព្រះបានសម្ដែងមក ឲ្យយើងខ្ញុំស្គាល់ ដោយទ្រង់ចាត់ព្រះរាជបុត្រាទ្រង់តែ១ ឲ្យមកក្នុងលោកីយ៍ ដើម្បីឲ្យយើងរាល់គ្នាបានរស់ដោយសារទ្រង់ ១០ នេះហើយជាសេចក្ដីស្រឡាញ់ មិនមែនជាយើងបានស្រឡាញ់ព្រះនោះទេ គឺទ្រង់បានស្រឡាញ់យើងវិញទេតើ ហើយបានចាត់ព្រះរាជបុត្រាទ្រង់មក ទុកជាតង្វាយឲ្យធួននឹងបាបយើងរាល់គ្នាផង ១១ ពួកស្ងួនភ្ងាអើយ បើព្រះបានស្រឡាញ់យើងរាល់គ្នាជាខ្លាំងទាំងម៉្លេះ នោះត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមកដែរ ១៦ យើងរាល់គ្នាបានស្គាល់ ហើយក៏ជឿចំពោះសេចក្ដីស្រឡាញ់ ដែលព្រះទ្រង់មានដល់យើង ព្រះទ្រង់ជាតួសេចក្ដីស្រឡាញ់ ឯអ្នកណាដែលនៅជាប់ក្នុងសេចក្ដីស្រឡាញ់ នោះក៏បាននៅជាប់ក្នុងព្រះ ហើយព្រះទ្រង់គង់នៅក្នុងអ្នកនោះដែរ
អរគុណសម្រាប់ការជួយ។ សុំទោស ខ្ញុំរំជួលអារម្មណ៍បន្តិចហើយ។ ខ្ញុំអត់មានបំណងធ្វើអញ្ចឹងទេ ព្រោះខ្ញុំត្រូវបានចិញ្ចឹមឲ្យធំឡើងធ្វើជាមនុស្សមានអារម្មណ៍រឹងប៉ឹង។ ប្រសិនបើមានអ្នកដែលបានទទួលការបណ្ដុះបណ្ដាលឲ្យមាត់រឹង នោះគឺខ្ញុំនេះហើយ។ ឥឡូវនេះ ខ្ញុំចង់ចាប់ផ្ដើមជាមួយនឹងគម្ពីររ៉ូម ៨:៣-៤។
៣ ពីព្រោះ ឯការដែលក្រឹត្យវិន័យធ្វើមិនកើតដោយមានសេចក្ដីកំសោយព្រោះសាច់ឈាម នោះព្រះទ្រង់បានធ្វើវិញ ដោយចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក មានរូបអង្គបែបដូចជាសាច់ឈាម ដែលតែងតែមានបាប ហើយដោយព្រោះអំពើបាប ក៏កាត់ទោសអំពើបាបនៅក្នុងសាច់ឈាម ៤ ដើម្បីឲ្យសេចក្ដីដែលក្រឹត្យវិន័យបង្គាប់មក បានសម្រេចក្នុងខ្លួនយើងរាល់គ្នា ដែលមិនដើរតាមសាច់ឈាម គឺដើរតាមព្រះវិញ្ញាណវិញ។
តាមដែលខ្ញុំយល់ខគម្ពីរនេះ អ្វីដែលលោកប៉ុលកំពុងតែនិយាយ គឺថា ព្រះទ្រង់មិនដែលរំពឹងទុកថា យើងនឹងបានសុចរិតដោយការកាន់តាមក្រឹត្យវិន័យរបស់លោកម៉ូសេឡើយ។ ក្រឹត្យវិន័យរបស់លោកម៉ូសេគ្រប់លក្ខណ៍ គឺព្រះជាអ្នកដែលបានប្រទានមក។ កំហុសមិនមែននៅក្នុងក្រឹត្យវិន័យទេ កំហុសគឺនៅក្នុងយើង។ ហើយដោយព្រោះយើងមិនអាចបានសុចរិតដោយការកាន់តាមក្រឹត្យវិន័យ ព្រះបានប្រទានឲ្យមានផ្លូវមួយផ្សេងទៀត តាមរយៈយញ្ញបូជាជំនួសរបស់ព្រះយេស៊ូនៅលើឈើឆ្កាង។ ខ្ញុំជឿថា ព្រះយេស៊ូជាជនជាតិយូដាតែមួយគត់ ដែលបានកាន់តាមក្រឹត្យវិន័យលោកម៉ូសេយ៉ាងគ្រប់លក្ខណ៍។ ព្រះអង្គបានថ្វាយជីវិតរបស់ព្រះអង្គ ជាតង្វាយធួននឹងបាបរបស់មនុស្សដែលបានរំលងក្រឹត្យវិន័យ ព្រមទាំងបាបរបស់មនុស្សដែលមិនជាប់នៅក្រោមក្រឹត្យវិន័យ។ ដូច្នេះ យើងមិនត្រូវបានតម្រូវឲ្យបានសុចរិតដោយធ្វើតាមក្រឹត្យវិន័យរបស់លោកម៉ូសេឡើយ។ តើលោកអ្នកមិននិយាយថា អរគុណព្រះទេឬ? ពីព្រោះក្រឹត្យវិន័យរបស់លោកម៉ូសេតឹងរឹងណាស់ ប៉ុន្តែព្រះទ្រង់មានបន្ទូលថា អាចធ្វើតាមបាន ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមយើងបានធ្វើទេ។
ដូច្នេះ តើជម្រើសផ្សេងនោះជាអ្វី? នេះជាសេចក្តីដែលខ្ញុំចង់លើកឡើងនៅថ្ងៃនេះ។ តើជម្រើសផ្សេងនោះជាអ្វី? ប្រសិនបើយើងមិនត្រូវបានតម្រូវឲ្យកាន់តាមក្រឹត្យវិន័យរបស់លោកម៉ូសេទេ ធ្វើដូចម្ដេចឲ្យយើងបានសុចរិតជាមួយនឹងព្រះ? ប្រធានបទនៃគម្ពីររ៉ូមគឺសេចក្តីសុចរិត។ នៅក្នុងយ៉ូប ៩:៣ លោកយ៉ូបបានសួរសំណួរចេញពីភាពស្មុគស្មាញ និងសេចក្តីវេទនារបស់លោកថា៖
«ធ្វើដូចម្ដេចឲ្យមនុស្សបានសុចរិតនៅចំពោះព្រះបាន?»។
ពួកសម្លាញ់របស់លោកយ៉ូប បើអាចហៅថាសម្លាញ់បាន! បានសើចចំអកនឹងគំនិតដែលថា មនុស្សអាចសុចរិតជាមួយព្រះបាន។ ប៉ុន្តែជាច្រើនរយឆ្នាំក្រោយមក ព្រះបានប្រទានចម្លើយរបស់ព្រះអង្គ។ តើមនុស្សអាចសុចរិតជាមួយព្រះបានយ៉ាងដូចម្ដេច? ចម្លើយរកឃើញនៅក្នុងសំបុត្រផ្ញើទៅកាន់អ្នកក្រុងរ៉ូម។ សេចក្តីសុចរិតរបស់ព្រះ ដែលបានបើកសម្ដែងមកតាមរយៈជំនឿសម្រាប់ជំនឿ ត្រូវបានពណ៌នា និងលាតត្រដាងប្រាប់យ៉ាងពេញលេញនៅក្នុងសំបុត្រផ្ញើទៅកាន់អ្នកក្រុងរ៉ូម។ ដូច្នេះ ព្រះទ្រង់មានបន្ទូលថា លោកអ្នកមិនត្រូវបានតម្រូវឲ្យកាន់តាមក្រឹត្យវិន័យទេ ប៉ុន្តែលោកប៉ុលមានប្រសាសន៍ថា៖ «ដើម្បីឲ្យសេចក្តីសុចរិតដែលក្រឹត្យវិន័យបង្គាប់មក បានសម្រេចនៅក្នុងយើង ដែលមិនរស់នៅតាមសាច់ឈាម តែរស់នៅតាមព្រះវិញ្ញាណ»។ យើងមិនត្រូវបានតម្រូវឲ្យកាន់តាមក្រឹត្យវិន័យទេ ប៉ុន្តែយើងត្រូវបានតម្រូវឲ្យបំពេញលក្ខខណ្ឌជាសេចក្តីសុចរិតរបស់ក្រឹត្យវិន័យ។
ពាក្យនោះនៅក្នុងភាសាក្រិកគឺ ឌីកាយ៉ូម៉ា dikaoma។ ភាសាក្រិកសម្រាប់សេចក្តីសុចរិតគឺ ឌីកាយ៉ូស៊ូនេ dikaosune។ ដូច្នេះ ពាក្យ dikaosune សេចក្តីសុចរិត ជាប្រភេទនៃគំនិតទូទៅ។ ពាក្យ dikaoma គឺជាទង្វើមួយដ៏ជាក់លាក់នៃសេចក្តីសុចរិត។ ពាក្យដដែលនេះ ត្រូវបានបកប្រែ ឬប្រើនៅក្នុងវិវរណៈ ១៩ ដែលចែងថា៖ «សំពត់ទេសឯកយ៉ាងម៉ដ្ឋ គឺជាសេចក្តីសុចរិតរបស់ពួកបរិសុទ្ធ»។ ដូច្នេះ ពាក្យដែលយើងកំពុងនិយាយនេះ គឺជាទង្វើមួយសុចរិត ជាសេចក្តីសុចរិតដែលប្រព្រឹត្តចេញមក។ នេះជាអ្វីដែលយើងត្រូវបានតម្រូវឲ្យធ្វើ។ ខ្ញុំសូមអានសេចក្តីនេះម្ដងទៀត។
«ការដែលក្រឹត្យវិន័យធ្វើមិនកើត ដោយសារភាពទន់ខ្សោយខាងសាច់ឈាម នោះព្រះបានសម្រេចរួចហើយ ដោយចាត់ព្រះរាជបុត្រារបស់ព្រះអង្គផ្ទាល់ឲ្យមក មានរូបអង្គដូចជាមនុស្សខាងសាច់ឈាមដែលមានបាប ហើយដើម្បីដោះស្រាយអំពើបាប ព្រះអង្គដាក់ទោសបាបនៅក្នុងសាច់ឈាម ដើម្បីឲ្យសេចក្តីសុចរិតដែលក្រឹត្យវិន័យបង្គាប់មក បានសម្រេចនៅក្នុងយើង ដែលមិនរស់នៅតាមសាច់ឈាម តែរស់នៅតាមព្រះវិញ្ញាណ»។
បទគម្ពីរនោះនាំឲ្យមានសំណួរមួយយ៉ាងសំខាន់ សម្រាប់គ្រីស្ទបរិស័ទគ្រប់រូប គឺថា តើលក្ខខណ្ឌតម្រូវឲ្យបានសេចក្តីសុចរិតដែលក្រឹត្យវិន័យទាមទារនោះជាអ្វី? តើយើងត្រូវបានតម្រូវឲ្យកាន់តាមអ្វី? យើងមិនត្រូវតម្រូវឲ្យកាន់តាមក្រឹត្យវិន័យរបស់លោកម៉ូសេទេ ប៉ុន្តែយើងត្រូវបានតម្រូវឲ្យបានសេចក្តីសុចរិត ដែលជាលក្ខខណ្ឌរបស់ក្រឹត្យវិន័យ។ ប្រធានបទនៃរាជសាររបស់ខ្ញុំ គឺជាចម្លើយទៅនឹងសំណួរដែលសួរថា តើសេចក្តីសុចរិតដែលក្រឹត្យវិន័យតម្រូវឲ្យមាននោះ ជាអ្វី? ខ្ញុំមានគំនិតសាមញ្ញល្មមនឹងជឿថា សំណួរនោះអាចឆ្លើយបានដោយពាក្យតែមួយម៉ាត់ប៉ុណ្ណោះ។ តើលោកអ្នកប៉ុន្មាននាក់ដែលស្គាល់ពាក្យនោះ? សេចក្តីស្រឡាញ់ គឺសេចក្តីស្រឡាញ់។ សេចក្តីស្រឡាញ់ គឺជាលក្ខខណ្ឌឲ្យបានសេចក្តីសុចរិតដែលក្រឹត្យវិន័យទាមទារ។ យើងត្រូវបានរំពឹងឲ្យកាន់តាមសេចក្តីសុចរិតនោះ។ យើងមិនត្រូវបានតម្រូវឲ្យកាន់តាមក្រឹត្យវិន័យទាំងមូលរបស់លោកម៉ូសេទេ ប៉ុន្តែយើងត្រូវបានតម្រូវឲ្យកាន់តាមសេចក្តីសុចរិតដែលក្រឹត្យវិន័យទាមទារ។
ខ្ញុំសូមជូនបទគម្ពីរមួយចំនួនដែលបញ្ជាក់សេចក្តីដែលខ្ញុំបាននិយាយ។ ជាដំបូងនេះ សូមមើលទៅគម្ពីរម៉ាថាយ ២២:៣៥ និងខបន្តបន្ទាប់។ នេះជាការសន្ទនារវាងព្រះយេស៊ូវ និងគ្រូក្រឹត្យវិន័យរបស់លោកម៉ូសេ។
«ហើយក្នុងចំណោមពួកគេ មានម្នាក់ជាអ្នកប្រាជ្ញខាងច្បាប់ ឬគ្រូក្រឹត្យវិន័យ បានសួរដើម្បីល្បងលព្រះអង្គថា៖ “លោកគ្រូ! ក្នុងក្រឹត្យវិន័យ តើបទបញ្ជាណាសំខាន់ជាងគេ?” ព្រះអង្គមានបន្ទូលទៅគាត់ថា៖ “ត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិតរបស់អ្នក”។ នេះជាបទបញ្ជាទីមួយ ហើយសំខាន់ជាងគេ។ ហើយបទបញ្ជាទីពីរក៏សំខាន់ដូចគ្នា គឺ “ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនឯង”»។
សូមកត់សម្គាល់ថា ព្រះអង្គមិនបានឆ្លើយបញ្ឆិតបញ្ឆៀងទេ។ ព្រះអង្គមិនបានសម្រុះសម្រួលទេ។ ព្រះអង្គមានបន្ទូលយ៉ាងច្បាស់។ បញ្ញត្តិធំទាំងពីរ គឺត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក និងត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនឯង។
ព្រះអង្គមានបន្ទូលតទៅទៀតថា៖
«គ្រប់ទាំងគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរា មានឫសគល់ចេញពីបទបញ្ជាទាំងពីរនេះឯង»។
គម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរា តំណាងឲ្យអ្វីដែលយើងហៅនៅសព្វថ្ងៃនេះថា សញ្ញាចាស់។ ឧបមាថា ខ្ញុំចង់ដោះអាវក្រៅដែលខ្ញុំមិនចង់ពាក់ចេញ រួចដាក់វាព្យួរនៅលើប្រដាប់ព្យួរកន្លែងណាមួយ។ ការពិតដ៏សាមញ្ញមួយគឺថា ត្រូវតែមានប្រដាប់ព្យួរសិន មុនពេលដែលខ្ញុំអាចព្យួរអាវរបស់ខ្ញុំនៅទីនោះបាន។ ព្រះយេស៊ូមានបន្ទូលថា គម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរាទាំងមូល ព្យួរនៅលើបញ្ញត្តិទាំងពីរនេះឯង។ បញ្ញត្តិចម្បងដែលនៅមុខគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរា គឺជាបញ្ញត្តិឲ្យស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង។
បន្ទាប់មក នៅក្នុងគម្ពីររ៉ូម ១៣:៨-១០ លោកប៉ុលសរសេរសេចក្តីនេះថា៖
«មិនត្រូវជំពាក់អ្វីដល់អ្នកណាឡើយ...»។
ខ្ញុំមិនអធិប្បាយពីសេចក្តីនេះទេ ប៉ុន្តែគួរតែមានសេចក្តីបញ្ជាក់មួយ មិនអញ្ចឹង? «មិនត្រូវជំពាក់អ្វីដល់អ្នកណាឡើយ» គឺមិនត្រូវជាប់បំណុល។
«មិនត្រូវជំពាក់អ្វីដល់អ្នកណា ក្រៅពីសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមកឡើយ ដ្បិតអ្នកណាដែលស្រឡាញ់អ្នកដទៃ អ្នកនោះបានសម្រេចតាមក្រឹត្យវិន័យហើយ។ ដ្បិតព្រះឱវាទដែលចែងថា៖ “កុំប្រព្រឹត្តអំពើផិតក្បត់ កុំសម្លាប់មនុស្ស កុំលួច កុំលោភលន់” ហើយបទបញ្ជាណាឯទៀតក៏ដោយ សរុបមកក្នុងពាក្យតែមួយនេះថា៖ “ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នក ដូចខ្លួនឯង”។ សេចក្តីស្រឡាញ់មិនធ្វើអាក្រក់ដល់អ្នកជិតខាងឡើយ ដូច្នេះ សេចក្តីស្រឡាញ់ជាការសម្រេចតាមក្រឹត្យវិន័យ»។
សេចក្តីស្រឡាញ់ ជាសេចក្តីសុចរិតដែលក្រឹត្យវិន័យទាមទារ។
មានបទគម្ពីរមួយទៀត។ យើងអាចជ្រើសរើសយកបទគម្ពីរដទៃជាច្រើនបាន ប៉ុន្តែនៅក្នុងកាឡាទី ៥:១៤ លោកប៉ុលសរសេរថា៖
«ដ្បិតក្រឹត្យវិន័យទាំងមូលបានសម្រេចក្នុងពាក្យមួយឃ្លានេះថា “ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នក ដូចខ្លួនឯង”»។
សូមកត់សម្គាល់ថា ក្រឹត្យវិន័យទាំងមូលបានសម្រេចក្នុងពាក្យមួយម៉ាត់។ តើពាក្យអ្វី? សូមប្រកាសឲ្យខ្លាំង។
ស្រឡាញ់! និយាយម្ដងទៀត។ ស្រឡាញ់! យើងប្រកាសឲ្យខ្លាំង។
កូដ: RP-R160-101-KHM










