យើងគឺជាអំបិល

ដេរេក ព្រីនស៍
Published: 2024
Last Updated: September 2026
Read Time: 6
វត្តមានដ៏ស្មោះត្រង់របស់អ្នកជឿមានសារៈសំខាន់ណាស់នៅក្នុងកន្លែងដែលព្រះជាម្ចាស់បានដាក់ពួកគេ។ ព្រះយេស៊ូវបានហៅគ្រីស្ទបរិស័ទថា ជាអំបិលនៃផែនដី ហើយការអង្វររបស់លោកអ័ប្រាហាំសម្រាប់ក្រុងសូដុមបង្ហាញឱ្យឃើញថា មនុស្សសុចរិតអាចនាំមកនូវសេចក្តីមេត្តាករុណារបស់ព្រះដល់សហគមន៍ទាំងមូល។
នៅក្នុងកេរដំណែលនៃសេចក្តីបង្រៀនចំនួនបីផ្នែក ដែលផ្អែកលើសៀវភៅរបស់លោក ដេរេក ព្រីនស៍ មានចំណងជើងថា ការរស់នៅជាអំបិល និងជាពន្លឺ យើងកំពុងសិក្សាអំពី ប្រធានបទស្តីពីតួនាទី និងការទទួលខុសត្រូវរបស់យើងជាគ្រីស្ទបរិស័ទ ចំពោះប្រជាជាតិដែលយើងរស់នៅ។
នៅក្នុងលិខិតមុន យើងបានណែនាំអំពីការពិពណ៌នារបស់ព្រះយេស៊ូវអំពីពួកជំនុំ ដែលទ្រង់បានមានបន្ទូលនៅក្នុងសារមួយដែលគេស្គាល់ថា សេចក្តីអធិប្បាយលើភ្នំ ដែលបានកត់ត្រានៅក្នុងគម្ពីរ ម៉ាថាយ 5:13–14។ យើងគឺជា "ទីក្រុងដែលនៅលើភ្នំ" ដែលភ្នែករបស់មនុស្សលោកកំពុងតែសម្លឹងមើលយ៉ាងយកចិត្តទុកដាក់។ យើងក៏ជា "ពន្លឺ" ផងដែរ គឺជាពន្លឺតែមួយគត់ដែលបង្ហាញព្រះគ្រីស្ទដល់ពិភពលោកដែលកំពុងវិនាស។
នៅក្នុងលិខិតនេះ យើងនឹងផ្តោតទៅលើតួនាទីទីបីរបស់យើង៖ យើងគឺជា "អំបិលនៃផែនដី"។ ម្តងទៀត ពាក្យ "the" នៅទីនេះមានន័យថា មានតែមួយគត់។ វាមានន័យថា ផែនដីនេះគ្មានអំបិលផ្សេងទៀតឡើយ យើងគឺជាអំបិលតែមួយគត់ដែលមានសម្រាប់ផែនដី។ មានវិធីជាច្រើនដែលយើងអាចយកន័យសំខាន់របស់អំបិលមកអនុវត្តបាន។ ទោះជាយ៉ាងណា ដោយសារខ្ញុំមិនមែនជាអ្នកវិទ្យាសាស្ត្រ ខ្ញុំនឹងពន្យល់ក្នុងកម្រិតដ៏ សាមញ្ញបំផុត។ ខ្ញុំគ្រាន់តែចង់លើកឡើងអំពីការពិតជាក់ស្តែងមួយចំនួន ដែលយើងអាចសង្កេតឃើញបានយ៉ាងងាយស្រួលអំពីអំបិល។
អំបិលផ្តល់រសជាតិ
មុខងារដ៏សំខាន់មួយរបស់អំបិល គឺផ្តល់រសជាតិដល់អ្វីដែលគ្មានរសជាតិ។ នៅក្នុងគម្ពីរ យ៉ូប 6:6 លោក យ៉ូប បាននិយាយថា៖
"ឯរបស់ដែលគ្មានរសជាតិ តើនឹងបរិភោគឥតអំបិលបានឬទេ តើសរបស់ពង មានរសឬទេ”
ចម្លើយគឺ មិនមានឡើយ។ ហេតុនេះហើយ បានជា នៅពេលអ្នកបរិភោគផ្នែកសនៃស៊ុត ប្រសិនបើអ្នកដូចជាខ្ញុំ អ្នកនឹងរោយអំបិលបន្តិចលើវា ដើម្បីឲ្យវាមានរសជាតិ។
ដូចគ្នានេះដែរគ្រីស្ទបរិស័ទគឺជា "អំបិលនៃផែនដី" ។ យើងមានវត្តមាននៅទីនេះ ដើម្បីផ្តល់រសជាតិដល់ ផែនដីនេះនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ បើគ្មានវត្តមានរបស់យើងនៅលើផែនដីទេ នោះគ្មានហេតុផលអ្វីដែលព្រះជាម្ចាស់ត្រូវបន្តប្រព្រឹត្តចំពោះពិភពលោកនេះដោយព្រះគុណ និងសេចក្តីមេត្តាករុណាទៀតឡើយ។ យើងគឺជាកត្តាតែមួយគត់ដែលធ្វើឲ្យផែនដីនេះ អាចទទួលយកបាននៅចំពោះព្រះភក្ត្រទ្រង់ ហើយក៏ជាអ្នកទប់ស្កាត់តែមួយគត់ដែលរារាំងការជំនុំជម្រះ និងសេចក្តីក្រោធចុងក្រោយរបស់ទ្រង់ មិនឲ្យធ្លាក់មកលើពិភពលោកដែលបដិសេធព្រះ គ្រីស្ទ។ ដរាបណាយើងនៅលើផែនដីនេះ ការទទួលខុសត្រូវរបស់យើង គឺរស់នៅក្នុងរបៀបមួយ ដែលធ្វើឲ្យផែនដីនេះ គួរឲ្យទទួលយកបាននៅចំពោះព្រះជាម្ចាស់។
ដោយសារអំបិលតែដប់គ្រាប់
នៅក្នុងគម្ពីរលោកុប្បត្តិ ១៨ យើងអានអំពីពេល ដែលព្រះអម្ចាស់ បានស្នាក់នៅផ្ទះរបស់អ័ប្រាហាំ ខណៈពេលដែលទ្រង់កំពុងធ្វើដំណើរទៅកាន់ក្រុងសូដុំម។ ព្រះអម្ចាស់បានប្រាប់អ័ប្រាហាំអំពីផែនការរបស់ទ្រង់ គឺទ្រង់បានយាងមកដើម្បីនាំការជំនុំជម្រះ មកលើទីក្រុងនោះ។ អ័ប្រាហាំ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអ្វីដែលព្រះបានមានបន្ទូល ពីព្រោះក្មួយប្រុសរបស់គាត់ គឺលោកឡុត និងគ្រួសាររបស់លោកឡុត រស់នៅក្នុងក្រុងសូដុំម។ ដូច្នេះ អ័ប្រាហាំ បានដើរជាមួយព្រះអម្ចាស់ទៅកាន់ទិសដៅនៃក្រុង សូដុំម ហើយបានទូលអង្វរយ៉ាងក្លាហាន សូមឲ្យទ្រង់មេត្តាទុកជីវិតដល់ទីក្រុងដ៏អាក្រក់នោះ។ និយាយម្យ៉ាងទៀត គាត់បាន «ចរចា» ជាមួយព្រះអម្ចាស់ (ប្រសិនបើខ្ញុំអាចប្រើពាក្យនេះបាន) ដោយផ្អែកលើចំនួនមនុស្សសុចរិតដោយទូលថា៖ "ព្រះ អង្គម្ចាស់ ប្រសិនបើមានមនុស្សសុចរិតចំនួន៥០ នាក់នៅក្នុងទីក្រុងនោះ តើព្រះអង្គនឹងរក្សាទុកទីក្រុង នោះឬទេ?” ព្រះអម្ចាស់បានឆ្លើយថា "បាទ" ។
លោកអ័ប្រាហាំទូលបន្តថា៖ "ប្រសិនបើមានមនុស្សសុចរិតត្រឹមតែ៣០នាក់ តើព្រះអង្គនឹងប្រណីដល់ទីក្រុងនេះឬទេ?" ព្រះអម្ចាស់មានបន្ទូលថា៖ "បាទ"
លោកអ័ប្រាហាំទូលបន្តថា៖ «ប្រសិនបើមានមនុស្សសុចរិតត្រឹមតែ ៣០ នាក់ តើព្រះអង្គនឹងប្រណីដល់ទីក្រុងនេះឬទេ?» ព្រះអម្ចាស់មានបន្ទូលថា៖ «បាទ»។
លោកអ័ប្រាហាំទូលបន្តថា៖ "ប្រសិនបើមានមនុស្សសុចរិតត្រឹមតែ២០នាក់ តើព្រះអង្គនឹងប្រណីដល់ទីក្រុងនេះឬទេ?” ព្រះអម្ចាស់មានបន្ទូលថា៖ "បាទ"។
ទីបំផុត អ័ប្រាហាំទូលថា៖ "សូមកុំឲ្យព្រះអម្ចាស់ខ្ញាល់ឡើយ ទូលបង្គំនឹងទូលតែម្តងនេះទៀតថា នៅទីនោះប្រហែលជារកបានតែ១០នាក់ទេ។ តើព្រះអង្គនឹងប្រណីដល់ទីក្រុងនេះ ដោយយល់ដល់មនុស្សសុរិត១០នាក់នេះឬទេ?" បន្ទូលថា៖ "បាទ យើងនឹងមិនបំផ្លាញទេ” ។ ប៉ុន្តែ សោកនាដកម្មគឺថា ព្រះអម្ចាស់មិនបានរកឃើញមនុស្សសុចរិត១០នាក់នៅក្នុងក្រុងសូដុំមឡើយ។
រាល់ពេលដែលខ្ញុំអានរឿងនេះ ខ្ញុំមិនអាចជៀសផុត ពីការឆ្ងល់បានទេថា ប្រហែលជាអ័ប្រាហាំបានគិត គណនាបន្តិចនៅក្នុងចិត្ត។ ប្រហែលជាគាត់បានគិតថា៖ "នៅទីនោះមានក្មួយប្រុសរបស់ខ្ញុំ មានប្រពន្ធរបស់គាត់ មានកូនស្រីដែលមិនទាន់រៀបការ ហើយក៏មានកូនស្រីដែលបានរៀបការរួច… បូកសរុបទៅ គួរតែអាចរកបានមនុស្សសុចរិត១០នាក់មិនខានទេ!” ហើយបើលោកឡុត បានបំពេញតួនាទី របស់គាត់ដូចដែលគួរធ្វើ ពួកគេប្រហែលជាអាចមានចំនួនលើសពីនេះផង។ ប៉ុន្តែ លោកឡុត គឺជាអ្នកជឿម្នាក់ដែលបានបរាជ័យចំពោះព្រះជាម្ចាស់។ មែនហើយ គាត់ជាអ្នកជឿពិតប្រាកដ។ គាត់បានឮការបើកសម្តែងទាំងឡាយ ដែលព្រះបានប្រទានដល់ អ័ប្រាហាំ។ ប៉ុន្តែ គាត់មិនបានរស់នៅស្របតាមពន្លឺ នៃការបើកសម្តែងដែលគាត់បានទទួលនោះទេ។
វត្តមានរបស់យើងធ្វើឲ្យមានការផ្លាស់ប្តូរ
យើងអាចរៀនបាននូវគោលការណ៍អស់កល្បជានិច្ចមួយពីគំរូរបស់លោកឡុត។ ដោយសារមនុស្សសុចរិតតែ១០នាក់ប៉ុណ្ណោះ ព្រះជាម្ចាស់សុខចិត្តទុកជីវិតឲ្យទីក្រុងមួយទាំងមូល។ សមាមាត្រនេះ ក៏អាចអនុវត្តបានសម្រាប់សព្វថ្ងៃនេះដែរ។ អំបិលត្រឹមតែ១០គ្រាប់ អាចមានតម្លៃចចារ សម្រាប់មនុស្សជាច្រើននៅចំពោះព្រះជាម្ចាស់។ ដូចដែលខ្ញុំបាននិយាយរួចមកហើយ ការទទួលខុសត្រូវរបស់យើង គឺត្រូវរស់នៅក្នុងរបៀបមួយ ដែលធ្វើឲ្យផែនដីនេះ គួរឲ្យទទួលយកបាននៅ ចំពោះព្រះជាម្ចាស់។ វត្តមានរបស់យើងធ្វើឲ្យមានការផ្លាស់ប្តូរ។ វត្តមានរបស់យើងធ្វើឲ្យព្រះជាម្ចាស់ប្រព្រឹត្តចំពោះពិភពលោកនេះ ក្នុងរបៀបមួយ ដែលបើគ្មានយើង ទ្រង់នឹងមិនប្រព្រឹត្តដូច្នោះឡើយ។
អ្នកជឿគ្រប់រូបគួរតែជាអំបិលមួយគ្រាប់នៅក្នុងកន្លែងជាក់លាក់ដែលព្រះជាម្ចាស់បានដាក់ពួកគេឲ្យនៅ។ ព្រះជាម្ចាស់មិនបានប្រមូលអ្នកជឿទាំងអស់ ឲ្យនៅកន្លែងតែមួយឡើយ ដូចជាយើងក៏មិនដាក់អំបិលទាំងអស់ ដែលយើងត្រូវប្រើសម្រាប់អាហារមួយពេល ទៅក្នុងមាត់តែមួយពេលដែរ។ បើធ្វើដូច្នោះ វានឹងប្រៃខ្លាំងពេក! យើងម្នាក់ៗត្រូវបានព្រះជាម្ចាស់បញ្ជូន ឲ្យទៅនៅកន្លែងផ្សេងៗគ្នា ដើម្បីធ្វើជាអំបិល ដែលផ្តល់រសជាតិដល់ពិភពលោក មិនថានៅក្នុងគ្រួសាររបស់អ្នក នៅសាលារៀនរបស់អ្នក នៅកន្លែងការងាររបស់អ្នក ឬនៅទីកន្លែងណាផ្សេងទៀតឡើយ។ អ្នកប្រហែលជានិយាយថា "ខ្ញុំមានអារម្មណ៍ឯកោណាស់នៅទីនោះ" ។ ប៉ុន្តែ អ្នកនៅទីនោះដោយមានគោលបំណងមួយ។ អ្នកនៅទីនោះ ដើម្បីផ្តល់រសជាតិដល់កន្លែងមួយនោះ។ បើគ្មានអ្នកទេ កន្លែងនោះនឹងគ្មានរសជាតិអ្វីសោះ។
មុននឹងបន្តទៅមុខទៀត សូមអនុញ្ញាតឲ្យខ្ញុំលើកយកការអនុវត្តដ៏សាមញ្ញមួយ ពីអ្វីដែលយើងបានសិក្សារហូតមកដល់ពេលនេះ។ ប្រសិនបើអ្នកមិនជឿជាក់លើអ្វីដែលខ្ញុំបានបង្ហាញទេ នោះសូមកុំមានអារម្មណ៍ថាត្រូវបង្ខំឲ្យឆ្លើយតបឡើយ។ ប៉ុន្តែ ប្រសិនបើអ្នកជឿថា អ្វីដែលខ្ញុំបានពន្យល់ យ៉ាងជាក់ស្តែងនេះ គឺជាសេចក្តីបង្រៀនរបស់ព្រះគម្ពីរ នោះខ្ញុំសូមអញ្ជើញអ្នកឲ្យអាន ម៉ាថាយ 5:13 ម្តងទៀត៖
យើងជាអំបិលនៃផែនដី បើអំបិលបាត់ជាតិប្រៃហើយ នោះតើនឹងយកអ្វី ដើម្បីធ្វើឲ្យប្រៃឡើងវិញបាន យើង គ្មានប្រយោជន៍ទៀតសោះ មានតែបោះបង់ចោលទៅក្រៅ ឲ្យមនុស្សដើរជាន់ប៉ុណ្ណោះ។
ឥឡូវនេះ ខ្ញុំចង់ឲ្យខគម្ពីរនេះមានន័យផ្ទាល់ខ្លួនសម្រាប់អ្នក ដើម្បីឲ្យអ្នកអាចយកព្រះបន្ទូលរបស់ព្រះយេស៊ូវមកអនុវត្តក្នុងជីវិតរបស់អ្នក។ យើងដឹងថា ព្រះយេស៊ូវកំពុងមានបន្ទូលទៅកាន់គ្រីស្ទបរិស័ទ ហើយយើងក៏ជាគ្រីស្ទបរិស័ទដែរ។ ដូច្នេះ នៅកន្លែងដែលមានពាក្យថា «អ្នករាល់គ្នា» ខ្ញុំចង់ឲ្យអ្នកអានថា «យើង»។ ហើយនៅកណ្តាលខគម្ពីរនោះ ដែលមានពាក្យថា «គ្មានប្រយោជន៍អ្វីទៀតទេ» ខ្ញុំចង់ឲ្យអ្នកអានថា «យើងគ្មានប្រយោជន៍អ្វីទៀតទេ»។ ខ្ញុំជឿថា ការផ្លាស់ប្តូរបែបនេះ គឺសមស្របទាំងស្រុង។
បន្ទាប់ពីអ្នកបាននិយាយពាក្យខាងក្រោមនេះហើយ អ្នក នឹងត្រូវទទួលខុសត្រូវ នៅចំពោះព្រះជាម្ចាស់ ទាំងក្នុង ពេលបច្ចុប្បន្ន និងក្នុងភាពអស់កល្បជានិច្ច ចំពោះអ្វីដែលអ្នកបាននិយាយ។ ដូច្នេះ ប្រសិនបើអ្នកបានត្រៀមខ្លួន ហើយសូមសាកល្បងអានវាឮៗឥឡូវនេះ៖
យើងជាអំបិលនៃផែនដី បើអំបិលបាត់ជាតិប្រៃហើយ នោះតើនឹងយកអ្វី ដើម្បីធ្វើឲ្យប្រៃឡើងវិញបាន យើង គ្មានប្រយោជន៍ទៀតសោះ មានតែបោះបង់ចោលទៅក្រៅ ឲ្យមនុស្សដើរជាន់ប៉ុណ្ណោះ។

ទាញយកដោយឥតគិតថ្លៃ
សេចក្តីបង្រៀននេះអាចទាញយក បោះពុម្ព និងចែករំលែកសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឬក្នុងព្រះវិហារ។
កូដ: TL-L159-100-KHM









