នេះគឺជាពាក្យរបស់លោក ដេរេក ព្រីនស៍ ដែលបានដកស្រង់ពីព្រះបន្ទូលនៃព្រះសម្រាប់លោកអ្នក។

ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។ [សុភាសិត ៣:៦]

តើអ្នកចង់បានការធានាថាព្រះជាម្ចាស់កំពុងតែគ្រប់គ្រងផ្លូវរបស់អ្នក ជីវិតរបស់អ្នក ដែលទ្រង់កំពុងដឹកនាំ ដែលទ្រង់កំពុងតែណែនាំនៅក្នុងការសម្រេចចិត្តរបស់អ្នក ហើយត្រៀមខ្លួនដើម្បីដោះស្រាយបញ្ហារបស់អ្នកឬទេ?

ពាក្យទាំងនេះគឺជាគន្លឹះនៃការធានាចិត្តនោះ៖ «ចូរទទួលស្គាល់ព្រះអង្គនៅគ្រប់ផ្លូវរបស់អ្នក» គឺទទួលស្គាល់ព្រះអម្ចាស់។នៅរាល់ពេលដែលអ្នកឈប់សម្រាក នៅគ្រប់ចំណុចផ្លាស់ប្តូរនៃជីវិត និងនៅរាល់ពេលដែលអ្នកមានឱកាសសម្រាកបន្តិច ដកដង្ហើមស្រួលមួយភ្លែត ហើយមិនកំពុងស្ថិតក្រោមសម្ពាធដែលត្រូវធ្វើការសម្រេចចិត្តជាក់លាក់ណាមួយភ្លាមៗ ចូរនឹកដល់ និងទទួលស្គាល់ព្រះអម្ចាស់។

ចូរទទួលស្គាល់ព្រះអង្គ។ វិធីដ៏ល្អបំផុតក្នុងការទទួលស្គាល់ព្រះអង្គ គឺគ្រាន់តែអរព្រះគុណព្រះអង្គ។ចូរអរព្រះគុណព្រះអង្គដែលព្រះអង្គជាអ្នកគ្រប់គ្រង។ អរព្រះគុណចំពោះភាពស្មោះត្រង់របស់ព្រះអង្គ។ អរព្រះគុណចំពោះគ្រប់ជំនួយដែលអ្នកបានទទួលពីព្រះអង្គកន្លងមក។ អរព្រះគុណចំពោះប្រាជ្ញា និងព្រះចេស្តារបស់ព្រះអង្គ។នៅពេលអ្នកអរព្រះគុណព្រះអង្គ អ្នកកំពុងទទួលស្គាល់ព្រះអង្គ ហើយបន្តអនុញ្ញាតឱ្យព្រះអង្គគ្រប់គ្រងជីវិត និងស្ថានភាពរបស់អ្នក។ តាមរបៀបនេះ អ្នកនឹងបន្តទទួលបានការដឹកនាំ និងការណែនាំពីព្រះអង្គ។

ចូរទទួលស្គាល់ព្រះអង្គគ្រប់ពេលវេលា តាមរយៈការអធិស្ឋានខ្លីៗថា៖«អរព្រះគុណព្រះអម្ចាស់។ អរព្រះគុណដែលព្រះអង្គជាអ្នកគ្រប់គ្រងស្ថានភាពនេះ។ អរព្រះគុណដែលព្រះអង្គមានចម្លើយសម្រាប់បញ្ហានេះ។ នៅគ្រប់ជំហាននៃជីវិត ទូលបង្គំទទួលស្គាល់ព្រះអង្គ។ គ្រប់សំណួរ ទូលបង្គំនាំមកថ្វាយព្រះអង្គ ហើយគ្រប់ការសម្រេចចិត្ត ទូលបង្គំប្រគល់ជូនព្រះអង្គ។ អរព្រះគុណព្រះអម្ចាស់ ដែលព្រះអង្គជាអ្នកគ្រប់គ្រង។ អរព្រះគុណដែលព្រះអង្គសព្វព្រះហឫទ័យទទួលបន្ទុកលើជីវិត និងស្ថានភាពរបស់ទូលបង្គំ»។

នៅពេលអ្នកទទួលស្គាល់ព្រះអង្គបែបនេះនៅគ្រប់ជំហាន អ្នកអាចមានទំនុកចិត្តយ៉ាងពិតប្រាកដថា ព្រះអង្គនឹងដឹកនាំ និងតម្រង់ផ្លូវរបស់អ្នក។

ចូលចិត្ត
ចែករំលែក