ការចាប់ផ្តើមថ្ងៃថ្មីរបស់អ្នក

ដេរេក ព្រីនស៍
Published: 1970
Last Updated: September 2026
Read Time: 2
ការចាប់ផ្តើមថ្ងៃថ្មីដោយការអធិស្ឋាន ជួយជំនួសភាពប្រញាប់ប្រញាល់ និងការព្រួយបារម្ភ ដោយការទុកចិត្តលើព្រះ។ ទំនុកតម្កើង ៥:៣ បង្ហាញថា ដាវីឌបានទូលសំណូមពររបស់គាត់ដល់ព្រះអម្ចាស់រៀងរាល់ព្រឹក ហើយរង់ចាំដោយសេចក្ដីសង្ឃឹមថា ទ្រង់នឹងជួយគាត់។
នេះគឺជាពាក្យរបស់លោក ដេរេក ព្រីនស៍ ដែលបានដកស្រង់ពីព្រះបន្ទូលនៃព្រះសម្រាប់លោកអ្នក។
«ឱព្រះយេហូវ៉ាអើយ នៅពេលព្រឹក ទ្រង់នឹងឮសម្លេងរបស់ទូលបង្គំ គឺនៅពេលព្រឹក ទូលបង្គំនឹងទូលដល់ទ្រង់ ដោយលំដាប់ ព្រមទាំងរក្សាពេលចាំយាមផង»។ [ទំនុកតម្កើង ៥:៣]
តើអ្នកចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកយ៉ាងដូចម្តេច? តើអ្នកចាប់ផ្តើមថ្ងៃដោយភាពប្រញាប់ប្រញាល់ រវល់ច្របូកច្របល់ និងព្យាយាមធ្វើកិច្ចការពីរ ឬបីក្នុងពេលតែមួយឬ?តើអ្នកឧស្សាហ៍មានអារម្មណ៍ហត់ហឺត ឆាប់ខឹង ខឹងនឹងប្តី ឬប្រពន្ធ ស្តីបន្ទោសកូនៗ ចិត្តមិនស្ងប់ ព្រួយបារម្ភ និងច្របូកច្របល់ឬ?តើអ្នកចេញទៅប្រឈមមុខនឹងថ្ងៃថ្មី ដោយមិនបានត្រៀមខ្លួន មិនមានអ្វីគ្រប់គ្រាន់សម្រាប់ប្រឈមនឹងបញ្ហា និងមិនមានទំនុកចិត្តចំពោះអ្វីដែលនឹងកើតឡើងនៅខាងមុខឬ?មូលហេតុគឺដោយសារតែអ្នកមិនបានចាប់ផ្តើមថ្ងៃរបស់អ្នកឱ្យបានត្រឹមត្រូវ។
ចូររៀនពីគំរូរបស់ដាវីឌ។ គាត់បានទូលទៅកាន់ព្រះអម្ចាស់ថា៖ «ឱព្រះអម្ចាស់អើយ រៀងរាល់ព្រឹក ព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេងទូលបង្គំ»។រឿងដំបូងដែលដាវីឌធ្វើរៀងរាល់ព្រឹក គឺបន្លឺសំឡេងរបស់គាត់ឡើងទៅកាន់ព្រះអម្ចាស់ តាមរយៈការអធិស្ឋាន។ គាត់បានចាប់ផ្តើមថ្ងៃថ្មីដោយស្វែងរកព្រះ និងនិយាយជាមួយព្រះអង្គជាមុនសិន។
ដាវីឌបន្តថា៖ «រៀងរាល់ព្រឹក ទូលបង្គំទូលសំណូមពររបស់ទូលបង្គំនៅចំពោះព្រះអង្គ ហើយរង់ចាំដោយការរំពឹងទុក»។ នេះជារបៀបដ៏មានប្រាជ្ញាក្នុងការចាប់ផ្តើមថ្ងៃថ្មី។ចូរបន្លឺសំឡេងរបស់អ្នកទៅកាន់ព្រះក្នុងការអធិស្ឋាន ហើយទូលសំណូមពររបស់អ្នកនៅចំពោះព្រះអង្គ។ ចូរទូលប្រាប់ព្រះអង្គអំពីកិច្ចការទាំងឡាយដែលអ្នកត្រូវធ្វើក្នុងថ្ងៃនោះ។ ប្រគល់បញ្ហា ការលំបាក និងអ្វីៗដែលអ្នករំពឹងថានឹងត្រូវប្រឈមមុខ ទៅក្នុងព្រះហស្តរបស់ព្រះអង្គ។បន្ទាប់មក ដូចដាវីឌ អ្នកអាចរង់ចាំដោយការរំពឹងទុក។ អ្នកមិនចាំបាច់រស់នៅក្នុងការព្រួយបារម្ភ ឬការភ័យខ្លាចឡើយ ប៉ុន្តែអាចរង់ចាំដោយជំនឿ ដោយរំពឹងថា ព្រះនឹងឆ្លើយតបចំពោះសេចក្តីអធិស្ឋានដែលអ្នកបានប្រគល់ជូនព្រះអង្គតាំងពីព្រឹក។
ចូរចងចាំថា នេះគឺជាគន្លឹះ៖ ចាប់ផ្តើមរាល់ថ្ងៃ ដោយឱ្យព្រះបានឮសំឡេងរបស់អ្នក តាមរយៈការអធិស្ឋាន។

ទាញយកដោយឥតគិតថ្លៃ
ព្រះបន្ទូលប្រចាំថ្ងៃនេះអាចទាញយក បោះពុម្ព និងចែករំលែកសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឬក្នុងព្រះវិហារ។
កូដ: WD-WFTW-014-KHM









