នេះគឺជាពាក្យរបស់លោក ដេរេក ព្រីនស៍ ដែលបានដកស្រង់ពីព្រះបន្ទូលនៃព្រះសម្រាប់លោកអ្នក។

កុំឲ្យច្រឡំឡើយ នឹងបញ្ឆោតព្រះមិនបានទេ ត្បិតពូជណាដែលមនុស្សសាបព្រោះ នោះនឹងច្រូតបានពូជនោះឯងវិញ [កាឡាទី ៦:៧]

មានការព្រមានមួយប្រឆាំងនឹងការបញ្ឆោតខ្លួនយើង ដោយនឹកស្មានថាយើងអាចសាបព្រោះអ្វីមួយក្នុងជីវិត ហើយប្រមូលផលបានអ្វីមួយផ្សេងវិញ។ ដោយនឹកស្មានថា យើងអាចគេចផុតការទាំងនេះដោយគិតថាព្រះនឹងមិនទតឃើញទេ ហើយយើងនឹងមិនត្រូវទទួលរងនូវផលវិបាកនៃសកម្មភាពរបស់យើងនោះទេ។ ព្រះគម្ពីរព្រមានយើងថា នេះមិនមែនដូច្នោះទេ។ មិនអាចបញ្ឆោតព្រះជាម្ចាស់បានឡើយ។ មនុស្សម្នាក់ច្រូតយកអ្វីដែលគាត់សាបព្រោះ។

យើងដឹងថា គោលការណ៍នេះពិតប្រាកដនៅក្នុងធម្មជាតិ។ ប្រសិនបើយើងដាំគ្រាប់ក្រូច វាមិនអាចដុះចេញជាដើមប៉ោមបានឡើយ។ ប្រសិនបើយើងសាបព្រោះពោត វាក៏មិនអាចដុះចេញជាស្រូវបាឡេបានដែរ។ យើងសាបព្រោះអ្វី យើងនឹងទទួលផលពីអ្វីនោះ។ ទោះជាយ៉ាងណា មនុស្សជាច្រើនដែលយល់ពីគោលការណ៍នេះក្នុងធម្មជាតិ មិនបានដឹងថា គោលការណ៍ដូចគ្នានេះក៏ពិតប្រាកដក្នុងជីវិតខាងវិញ្ញាណផងដែរ។

ព្រះបានបង្កើតសកលលោកទាំងមូលតាមគោលការណ៍ដូចគ្នា គឺថា យើងសាបព្រោះអ្វី យើងនឹងច្រូតបានផលនោះ។ បើយើងសាបព្រោះភាពមិនសប្បុរស យើងនឹងច្រូតបានភាពមិនសប្បុរស។ បើយើងសាបព្រោះភាពអាត្មានិយម យើងនឹងច្រូតបានភាពអាត្មានិយម។ បើយើងសាបព្រោះពាក្យសម្ដីជូរចត់ យើងនឹងច្រូតបានពាក្យសម្ដីជូរចត់វិញ។ ប៉ុន្តែ បើយើងសាបព្រោះ សេចក្ដីសុខសាន្ត យើងនឹងច្រូតបានសេចក្ដីសុខសាន្ត។ បើយើងសាបព្រោះ សេចក្ដីស្រឡាញ់ យើងនឹងច្រូតបានសេចក្ដីស្រឡាញ់។ ហើយបើយើងសាបព្រោះ អំណរ យើងនឹងច្រូតបានអំណរ។

តើអ្នកមិនពេញចិត្តនឹងជីវិតរបស់អ្នកឬ? តើអ្នកមិនពេញចិត្តនឹងស្ថានភាពដែលកំពុងកើតឡើងឬ? ចូរចងចាំថា អ្វីដែលអ្នកកំពុងច្រូត គឺជាលទ្ធផលនៃអ្វីដែលអ្នកបានសាបព្រោះ។ ប្រសិនបើអ្នកចង់ច្រូតបានផលខុសពីមុន អ្នកត្រូវចាប់ផ្តើមសាបព្រោះខុសពីមុន។ គ្មាននរណាអាចចំអកដល់ព្រះបានឡើយ។ មនុស្សសាបព្រោះអ្វី គេនឹងច្រូតបានផលនោះ។