នេះគឺជាពាក្យរបស់លោក ដេរេក ព្រីនស៍ ដែលបានដកស្រង់ពីព្រះបន្ទូលនៃព្រះសម្រាប់លោកអ្នក។

កាលណាទូលបង្គំពិចារណាមើលផ្ទៃមេឃ ជាការដែលព្រះហស្តទ្រង់បានធ្វើ គឺទាំងខែនិងផ្កាយ ដែលទ្រង់បានប្រតិស្ឋានទុក នោះតើមនុស្សជាអ្វី ដែលទ្រង់នឹករឭកដល់គេ ហើយកូនមនុស្សផង ដែលទ្រង់ប្រោសដូច្នេះ? [ទំនុកដំកើង ៨:៣-៤]

នៅពេលយើងក្រឡេកមើលជុំវិញខ្លួន និងឃើញភាពធំធេងនៃសកលលោក ហើយពិចារណាអំពីទិន្នន័យ និងតួលេខដែលតារាវិទូបានបង្ហាញអំពីកាឡាក់ស៊ីរាប់លាន ព្រមទាំងឃើញថា ផែនដីរបស់យើងគ្រាន់តែជាផ្នែកតូចមួយ ប្រៀបដូចជាធូលីមួយគ្រាប់ដ៏តូចនៅក្នុងសកលលោកដ៏ធំធេង នោះយើងប្រាកដជាអាចមានអារម្មណ៍ថា ខ្លួនយើងតូចតាច មិនសូវសំខាន់ ទន់ខ្សោយ និងគ្មានអំណាចអ្វីសោះ។

ពាក្យដ៏ស្រស់ស្អាតទាំងនេះដែលខ្ញុំបានអាន បង្ហាញឱ្យយើងឃើញថា ព្រះមិនវាស់តម្លៃគ្រប់យ៉ាងតាមទំហំ ឬវិមាត្រនោះទេ។ ចំពោះព្រះ មានមាត្រដ្ឋាននៃតម្លៃមួយផ្សេងទៀត។ ហើយនៅក្នុងមាត្រដ្ឋាននៃតម្លៃនេះ យើងដែលជាស្នាព្រះហស្តរបស់ទ្រង់ គឺមានតម្លៃយ៉ាងខ្លាំងចំពោះទ្រង់។តាមពិត ព្រះអម្ចាស់យេស៊ូវផ្ទាល់បានមានព្រះបន្ទូលថា ព្រលឹងមនុស្សម្នាក់មានតម្លៃជាងពិភពលោកទាំងមូលនៅក្នុងព្រះនេត្ររបស់ព្រះ។ តើនេះមិនមែនជាពាក្យដែលផ្តល់ការលើកទឹកចិត្ត និងការលួងលោមដល់យើងទេឬ?យើងមិនមែនគ្រាន់តែជាចំណុចតូចមួយដែលបាត់បង់នៅកន្លែងណាមួយក្នុងលំហអាកាសនោះទេ។

តាមរបៀបជាច្រើន យើងជាអ្នកដែលព្រះយកព្រះទ័យទុកដាក់ និងថែរក្សាយ៉ាងពិសេស។ ទ្រង់ខ្វល់ខ្វាយអំពីយើង ទ្រង់ស្រឡាញ់យើង ហើយទ្រង់ជ្រាបពីភាពទន់ខ្សោយ និងភាពផុយស្រួយរបស់យើង។ ប៉ុន្តែ ទ្រង់មិនមើលងាយ ឬបដិសេធយើងឡើយ។ព្រះមានកន្លែងដ៏ពិសេសមួយនៅក្នុងសកលលោករបស់ទ្រង់សម្រាប់មនុស្ស ដែលជាស្នាព្រះហស្តរបស់ទ្រង់។ ប្រសិនបើអ្នកស្វែងរកទ្រង់ អ្នកអាចរកឃើញកន្លែងនោះ ហើយទទួលបានការលួងលោម និងសេចក្ដីកក់ក្តៅពីសេចក្ដីស្រឡាញ់របស់ទ្រង់។