ព្រះជាម្ចាស់គឺជាព្រះវរបិតារបស់ខ្ញុំ

ដេរេក ព្រីនស៍
Published: 1970
Last Updated: September 2026
Read Time: 2
ព្រះមិនមែនជាអំណាចដែលគ្មានបុគ្គលិកលក្ខណៈនោះទេ ប៉ុន្តែទ្រង់ជាព្រះវរបិតាដ៏មានសេចក្ដីស្រឡាញ់ ដែលបានបង្កើត និងយកព្រះទ័យទុកដាក់ចំពោះកូនៗរបស់ទ្រង់។ ពាក្យអធិស្ឋានរបស់ព្រះយេស៊ូវថា «ឪព្រះវរបិតានៃយើងខ្ញុំ» ផ្តល់ឱ្យអ្នកជឿនូវសេចក្ដីសុខសាន្ត និងទំនុកចិត្តលើការគ្រប់គ្រងរបស់ព្រះ ហើយអំពាវនាវឱ្យយើងបង្ហាញសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ទ្រង់ដល់គ្នាទៅវិញទៅមក។
នេះគឺជាពាក្យរបស់លោក ដេរេក ព្រីនស៍ ដែលបានដកស្រង់ពីព្រះបន្ទូលនៃព្រះសម្រាប់លោកអ្នក។
ដូច្នេះ ចូរអធិស្ឋានបែបយ៉ាងនេះវិញថា៖ «ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ»។ [ម៉ាថាយ ៦:៩]
មានពាក្យដ៏សំខាន់បំផុតពីរនៅក្នុងគំរូនៃការអធិស្ឋាន ពីរពាក្យដំបូងនោះគឺ៖ «ព្រះវរបិតានៃយើងខ្ញុំ»។
ជាដំបូង យើងត្រូវដឹងថា យើងអាចអធិស្ឋានទៅកាន់ព្រះវរបិតា។ ពិភពលោកនេះមិនមែនកើតឡើងដោយចៃដន្យ ឬជាអ្វីដែលស្ថិតក្រោមឥទ្ធិពលនៃកម្លាំងធម្មជាតិដែលគ្មាននរណាអាចយល់ ឬគ្រប់គ្រងបាននោះទេ។យើងមិនមែនគ្រាន់តែជាម៉ាស៊ីន ឬជាសភាវៈដែលដំណើរការតាមកម្លាំងជំរុញប៉ុណ្ណោះទេ។ យើងជាមនុស្សដែលមានជីវិត និងដង្ហើម ហើយត្រូវបានបង្កើតឡើងតាមរូបភាពរបស់ព្រះ ដែលស្រឡាញ់យើង យកព្រះទ័យទុកដាក់ចំពោះយើង និងសព្វព្រះហឫទ័យធ្វើជាព្រះវរបិតារបស់យើង។នៅពីក្រោយអ្វីៗទាំងអស់ក្នុងពិភពលោកនេះ មិនមែនជាកម្លាំងដែលគ្មានជីវិត ឬអំណាចអាថ៌កំបាំងណាមួយឡើយ ប៉ុន្តែគឺជាព្រះដ៏មានព្រះជន្មរស់នៅអស់កល្បជានិច្ច ហើយព្រះអង្គជាព្រះវរបិតារបស់យើង។ ព្រះអង្គជាអ្នកគ្រប់គ្រង។ ព្រះអង្គបានបង្កើតពិភពលោក បង្កើតយើង ហើយដាក់យើងឱ្យរស់នៅក្នុងពិភពលោកនេះ។ យើងមានវត្តមាននៅទីនេះ ព្រោះព្រះអង្គបានដាក់យើងនៅទីនេះ។ការយល់ដឹងនេះផ្លាស់ប្តូរទស្សនៈរបស់យើងទាំងស្រុងចំពោះជីវិត ពិភពលោក ស្ថានភាព និងកាលៈទេសៈផ្សេងៗ។ យើងមិនចាំបាច់រស់នៅក្នុងភាពឯកោ ឬអសន្តិសុខឡើយ ព្រោះអ្វីៗទាំងអស់ស្ថិតនៅក្នុងព្រះហស្តរបស់ព្រះវរបិតា។
បន្ទាប់មក ពាក្យថា «ព្រះអង្គជាព្រះវរបិតារបស់យើង» រំឭកយើងថា ព្រះអង្គមានបុត្រធីតាជាច្រើន ហើយយើងគ្រាន់តែជាម្នាក់ក្នុងចំណោមបុត្រធីតាទាំងនោះ។ យើងត្រូវចងចាំថា អ្នកដទៃក៏ជាបុត្រធីតារបស់ព្រះអង្គដែរ។ដូច្នេះ យើងត្រូវគិតគូរពីគ្នាទៅវិញទៅមក យកចិត្តទុកដាក់ចំពោះគ្នា ប្រព្រឹត្តដោយសប្បុរសចំពោះគ្នា និងជួយផ្គត់ផ្គង់គ្នាទៅវិញទៅមក។ យើងត្រូវបង្ហាញសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណាចំពោះគ្នា ដូចដែលព្រះវរបិតាបានបង្ហាញសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណាចំពោះយើង។ចូរចងចាំថា ព្រះអង្គមិនមែនគ្រាន់តែជា «ព្រះវរបិតារបស់ខ្ញុំ» ប៉ុណ្ណោះទេ ប៉ុន្តែជាព្រះវរបិតា «របស់យើង»។

ទាញយកដោយឥតគិតថ្លៃ
ព្រះបន្ទូលប្រចាំថ្ងៃនេះអាចទាញយក បោះពុម្ព និងចែករំលែកសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឬក្នុងព្រះវិហារ។
កូដ: WD-WFTW-007-KHM









