រីករាយណាស់ដែលបានមកជួបលោកអ្នកជាថ្មីនៅដើមសប្ដាហ៍ថ្មីនេះ ដើម្បីនឹងចែកចាយជូនលោកអ្នក នូវគន្លឹះសំខាន់ដែលនាំឲ្យជីវិតមានជោគជ័យ ជាអ្វីដែលព្រះជាម្ចាស់បានដាក់នៅក្នុងដៃរបស់ខ្ញុំ តាមរយៈបទ ពិសោធន៍ផ្ទាល់ខ្លួន និងការបម្រើព័ន្ធកិច្ចអស់រយៈពេលជាច្រើនឆ្នាំ។

សប្ដាហ៍នេះ ខ្ញុំនឹងបន្តប្រធានបទដែលខ្ញុំបានចាប់ផ្តើមកាលពីសប្ដាហ៍មុន គឺ«ចេញពីបណ្តាសាមកឯព្រះពរ» ជាប្រធានបទដែលមានអំណាចនឹងផ្លាស់ប្ដូរជោគវាសនាទាំងស្រុងនៅក្នុងជីវិតរបស់លោកអ្នក។

សប្ដាហ៍មុន ខ្ញុំបានពន្យល់ថា តាមរយៈការសុគតជាយញ្ញបូជារបស់ព្រះយេស៊ូ ព្រះបានប្រទានការផ្គត់ផ្គង់ ដល់យើង ដើម្បីលោះយើងចេញពីបណ្តាសា ហើយចូលមកឯព្រះពរ។ បទគម្ពីរគន្លឹះអំពីការនេះ គឺកាឡាទី ៣:១៣-១៤:

«ព្រះគ្រីស្ទបានលោះយើងឲ្យរួចពីបណ្តាសារបស់ក្រឹត្យវិន័យ ដោយទ្រង់ត្រឡប់ជាត្រូវបណ្តាសាជំនួស យើង (ដ្បិតមានសេចក្តីចែងទុកមកថា «ត្រូវបណ្តាសាហើយអ្នកណាដែលត្រូវគេព្យួរនៅលើឈើ» ) ដើម្បីឲ្យពររបស់លោកអ័ប្រាហាំ ក្នុងព្រះគ្រីស្ទយេស៊ូវបានទៅដល់សាសន៍ដទៃ...»។

ពាក្យគន្លឹះពីរនៅក្នុងបទគម្ពីរនេះគឺ «បណ្តាសា» និង «ព្រះពរ»។ នៅខ ១៣ ពាក្យ «បណ្តាសា» មានបីដង៖ «ព្រះគ្រីស្ទបានលោះយើងឲ្យរួចពីបណ្តាសារបស់ក្រឹត្យវិន័យ ដោយទ្រង់ត្រឡប់ជាត្រូវបណ្តាសាជំនួសយើង (ដ្បិតមានសេចក្តីចែងទុកមកថា «ត្រូវបណ្តាសាហើយអ្នកណាដែលត្រូវគេព្យួរនៅលើឈើ»)»។ បន្ទាប់មក មានសេចក្តីសន្យាអំពីព្រះពរ គឺ៖ «ដើម្បីឲ្យពររបស់លោកអ័ប្រាហាំ ក្នុងព្រះគ្រីស្ទយេស៊ូវ បានទៅដល់សាសន៍ដទៃ...»។

សប្ដាហ៍មុន ខ្ញុំបានលើកឡើងថា ព្រះពរ និងបណ្តាសា មានពិតប្រាកដ។ ទាំងពីរនោះជាប្រធានបទដ៏ សំខាន់នៅក្នុងបទគម្ពីរ ហើយយើងឃើញមានច្រើនដងនៅក្នុងព្រះគម្ពីរ។ ការដែលនិយាយថា ព្រះពរ គឺពិត ប្រាកដ ប៉ុន្តែបណ្តាសាមិនពិត នោះមិនត្រឹមត្រូវទេ។ ខ្ញុំបានប្រដូចការនិយាយបែបនោះទៅនឹងការនិយាយថា «ថ្ងៃមានពិតប្រាកដ តែយប់មិនពិត» ឬ «ក្តៅមានពិតប្រាកដ ប៉ុន្តែត្រជាក់មិនពិត»។ បើផ្នែកណាមួយពិត នោះផ្នែកមួយទៀតក៏ត្រូវតែពិតដែរ។ ព្រះពរ និងបណ្តាសាមានពិតប្រាកដមែន។ ខ្ញុំបាននិយាយថា ទាំងពីរ នេះគឺជាពាក្យដែលមានអំណាចយ៉ាងអស្ចារ្យ ហើយនៅពេលដែលពាក្យទាំងនោះមានឥទ្ធិពលនៅក្នុងជីវិតរបស់ បុគ្គល នៅក្នុងប្រវត្តិគ្រួសារ អំណាចដ៏អស្ចារ្យនោះនឹងបន្តធ្វើការពីជំនាន់មួយទៅជំនាន់មួយ ពីសតវត្សរ៍មួយទៅ សតវត្សរ៍មួយ រហូតទាល់តែធ្វើអ្វីម្យាងដើម្បីកាត់ផ្ដាច់ ឬលុបចោលអំណាចនោះ។

សប្ដាហ៍មុន ខ្ញុំក៏បានរៀបរាប់ប្រាប់អំពីសញ្ញាសម្គាល់ទូទៅមួយចំនួនដែលប្រាប់ថា មានបណ្តាសាកំពុងធ្វើ ការនៅក្នុងជីវិតរបស់លោកអ្នក ឬនៅក្នុងប្រវត្តិគ្រួសាររបស់លោកអ្នក ហើយខ្ញុំចង់ឲ្យលោកអ្នកគិត ក្នុងនាមជា សមាជិកគ្រួសារ ឬកុលសម្ព័ន្ធណាមួយ មិនមែនក្នុងនាមបុគ្គលខ្លួនឯង។ ទាំងនេះជាសញ្ញាសម្គាល់ទូទៅដែលខ្ញុំ បានរៀបរាប់ ហើយខ្ញុំចង់សង្ខេបឡើងវិញម្តងទៀត ពីព្រោះសញ្ញាទាំងនេះសំខាន់ណាស់។ ពេលដែលខ្ញុំរៀប រាប់ប្រាប់តាមកំណត់ត្រាដែលបានចែង ខ្ញុំចង់ឲ្យលោកអ្នកពិនិត្យមើលបទពិសោធន៍ផ្ទាល់ខ្លួន ប្រវត្តិគ្រួសាររបស់ លោកអ្នក និងអ្វីៗផ្សេងទៀត។

ទីមួយ: ការវង្វេងស្មារតី ឬបញ្ហាផ្លូវចិត្ត។

ទីពីរ: ជំងឺរ៉ាំរ៉ៃ ឬកើតឡើងម្តងហើយម្តងទៀត ជាពិសេសជំងឺតំណពូជ ឬគ្មានការវិភាគច្បាស់លាស់ ខាងវេជ្ជសាស្ត្រ។

ទីបី: រលូតកូនម្តងហើយម្ដងទៀត ឬបញ្ហាទាក់ទងនឹងជំងឺស្ត្រី។

ទីបួន: ការបែកបាក់អាពាហ៍ពិពាហ៍ និងការបែកបាក់គ្រួសារ។

ទីប្រាំ: ឱនភាពខាងហិរញ្ញវត្ថុជាប់រហូត ជាពិសេសនៅពេលដែលចំណូលហាក់បីដូចជាគ្រប់គ្រាន់។

ទីប្រាំមួយ: ចេះតែមានគ្រោះថ្នាក់ ពីមួយទៅមួយ។

និង ទីប្រាំពីរ: នៅក្នុងគ្រួសារ មានប្រវត្តិធ្វើអត្តឃាត ឬស្លាប់មិនប្រក្រតី។

បន្ទាប់មក ខ្ញុំបានប្រាប់បុព្វហេតុចម្បងដែលនាំឲ្យមានព្រះពរ និងបណ្តាសា ហើយបុព្វហេតុទាំងនោះ មានលក្ខណៈសាមញ្ញបំផុត។ បុព្វហេតុចម្បងដែលនាំឲ្យមានព្រះពរ គឺការស្តាប់ និងធ្វើតាមព្រះសូរសៀងរបស់ ព្រះ។ បុព្វហេតុចម្បងដែលនាំឲ្យមានបណ្តាសា គឺផ្ទុយ ជាការមិនស្តាប់ និងមិនធ្វើតាមព្រះសូរសៀងរបស់ព្រះ

ការមិនស្តាប់បង្គាប់អាចមានសណ្ឋានជាក់លាក់ជាច្រើន ដែលនាំឲ្យមានបណ្តាសាសណ្ឋានជាក់លាក់ដែរ។ សណ្ឋានដែលធ្ងន់ធ្ងរជាងគេនៃការមិនស្តាប់បង្គាប់ ជាសណ្ឋានដែលប្រាកដជានាំមកនូវបណ្តាសានោះ គឺជាការ ថ្វាយបង្គំរូបព្រះ ព្រះក្លែងក្លាយ និងការពាក់ព័ន្ធនៅក្នុងអំពើអាបធ្មុប់។

នៅថ្ងៃនេះ ខ្ញុំនឹងចែកចាយប្រភពទូទៅពីរទៀតរបស់បណ្តាសា។ ប្រភពទីមួយ ចេញមកពីបុគ្គលដែល មានសិទ្ធិអំណាចនៅក្នុងទំនាក់ទំនង។ តាមពាក្យនោះ ខ្ញុំចង់មានន័យថា នៅក្នុងរបៀបដែលព្រះបានរៀបចំ សណ្ដាប់ធ្នាប់សង្គមមនុស្ស មានទំនាក់ទំនងរវាងមនុស្ស ដែលក្នុងនោះ មនុស្សម្នាក់មានសិទ្ធិអំណាចលើមនុស្ស ម្នាក់ទៀត ដោយសារតែទំនាក់ទំនង។ ឧទាហរណ៍ ប្តីមានសិទ្ធិអំណាចលើប្រពន្ធ។ ឪពុកម្ដាយមានសិទ្ធិអំណាច លើកូន។ គ្រូមានសិទ្ធិអំណាចលើសិស្ស គ្រូគង្វាលមានសិទ្ធិអំណាចលើក្រុមជំនុំ។

ឥឡូវនេះ យើងនឹងមើលទៅឧទាហរណ៍ខ្លះ។ ដំបូង យើងនឹងមើលឧទាហរណ៍ក្នុងប្រវត្តិសាស្ត្រព្រះគម្ពីរ នៅក្នុងជីវិតរបស់លោកយ៉ាកុប។ លោកយ៉ាកុបបានរស់នៅជាមួយលោកឡាបាន់ ជាឪពុកមារបស់គាត់ អស់ រយៈពេលយ៉ាងយូរ។ គាត់មានប្រពន្ធពីរនាក់ ប្រពន្ធចុងពីរនាក់ និងកូនប្រុសដប់មួយនាក់ ក្រោយមក គាត់ បានចាកចេញមកដោយមិនប្រាប់ឡាបាន់ ជាឪពុកមារបស់គាត់។ គាត់បានរត់គេច ព្រោះគាត់ខ្លាចឪពុកមា របស់គាត់ រារាំងគាត់ ឬបំបែកប្រពន្ធគាត់ចេញពីគាត់។ ឡាបាន់ ជាឪពុកមា បានដេញតាមទាំងខឹងសម្បារ។

រឿងដែលលោកយ៉ាកុបមិនដឹងគឺថា រ៉ាជែល ជាប្រពន្ធសំណព្វចិត្តរបស់គាត់ មុនពេលដែលចេញមក នាងបានលួចយករូបព្រះនៅក្នុងផ្ទះឪពុករបស់នាងមកជាមួយ ពាក្យជាភាសាហេព្រើរ គឺ ថេរ៉ាហ្វីម មានន័យថា ជារូបព្រះ ឬព្រះតូចៗដែលមនុស្សទុកនៅក្នុងផ្ទះដើម្បីការពារខ្លួន ដើម្បីនាំមកនូវសំណាង នាំពរ និងផ្សេង ទៀត ខ្ញុំសូមបន្ថែមថា នោះជាទម្រង់វេទមន្តដែលរ៉ាជែលមិនគួរពាក់ព័ន្ធ។ ដូច្នេះ លោកឡាបាន់ដេញតាម លោកយ៉ាកុប រួចក៏តាមទាន់ ហើយចាប់ផ្តើមរអ៊ូរទាំពីទង្វើរបស់គាត់។ ប៉ុន្តែនៅបុងបញ្ចប់ លោកនិយាយមក ដល់ចំណុចនេះ នៅក្នុងលោកុប្បត្តិ ៣១:៣០ លោកឡាបាន់និយាយទៅលោកយ៉ាកុបជា:

«ឥឡូវនេះ ឯងបានចេញមក ព្រោះតែឯងនឹករលឹកផ្ទះឪពុកឯងខ្លាំងពេក (និយាយម្យ៉ាងទៀតថា ពុក យល់ការនោះហើយ) តែហេតុអ្វីបានជាឯងលួចយករូបព្រះរបស់ពុកមកដែរ»។

ដោយមិនដឹងជា អ្នកណាបានលួចយករូបព្រះ ហើយគ្រាន់តែដឹងថា គាត់មិនបានធ្វើ នោះលោកយ៉ាកុប បាននិយាយយ៉ាងនេះថាៈ «បើលោកឪពុករកឃើញមានព្រះទាំងនោះនៅលើរូបអ្នកណា អ្នកនោះមិនត្រូវនៅរស់ ទៀតទេ»»។ នោះហើយជាបណ្តាសា។ លោកយ៉ាកុបបានពោលពាក្យនោះដោយមិនដឹងខ្លួន។ គាត់មិនបានដឹង ជា ពាក្យនោះនឹងកើតឡើងចំពោះអ្នកណាទេ ប៉ុន្តែក្នុងនាមជាប្តី គាត់កំពុងដាក់បណ្តាសារ៉ាជែល ជាប្រពន្ធ របស់គាត់។ ក្រោយមកមិនយូរប៉ុន្មាន ពេលនាងរ៉ាជែលបង្កើតកូនក្រោយទៀត នាងបានស្លាប់នៅក្នុងពេល បង្កើតកូននោះ។ នោះជាហេតុ ហើយនិងផល គឺបណ្តាសាមកពីប្តីរបស់នាងដែលបានធ្វើឲ្យនាងស្លាប់។

យើងមានឧទាហរណ៍ផ្សេងទៀតអំពីអ្នកដែលមានសិទ្ធិអំណាចនៅក្នុងទំនាក់ទំនង ដូចដែលខ្ញុំបាននិយាយ រួចមកហើយ គឺឪពុកម្ដាយ។ ឧទាហរណ៍ ឪពុកមានកូនបីនាក់ អ្នកទីមួយជាកូនច្បង ជាអ្នកដែលឪពុក ស្រឡាញ់ កូនទីបីមានទេពកោសល្យ ក៏ជាទីស្រឡាញ់របស់ឪពុកដែរ ប៉ុន្តែកូនកណ្តាលមិនមានអ្វីពិសេសឲ្យគេ សរសើរគាត់ទេ ហើយឪពុកមិនចូលចិត្តកូននោះ។ ឪពុកប្រហែលជាមើលឃើញខ្លួនឯងច្រើនពេកនៅក្នុងកូន នោះ ដូច្នេះគាត់ចេះតែទាស់នឹងកូននោះ ហើយនិយាយថាៈ «ឯងមិនចេះទេ គ្មានអ្វីរុងរឿងក្នុងជីវិតទេ។ គ្មាន សង្ឃឹមអ្វីសម្រាប់ឯងតែ»។ តើនោះជាអ្វី? នោះជាបណ្តាសា។ ខ្ញុំបានជួបមនុស្សជាច្រើនដែលមានអំណោយ ទាន និងទេពកោសល្យពីកំណើត ប៉ុន្តែមិនអាចជោគជ័យបាន ដោយព្រោះពួកគេចេញមិនរួចពីបណ្តាសារបស់ ឪពុកម្ដាយ។

ឬគ្រូនិយាយទៅកាន់សិស្សខ្លួនថាៈ «ឯងមិនជោគជ័យទេ ឯងល្ងង់ណាស់! ឯងរៀនយ៉ាងម៉េច ក៏ មិនចេះដែរ»។ តើនោះជាអ្វី? នោះជាបណ្តាសា។ ខ្ញុំក៏បានជួបមនុស្សដែលជួបលំបាកនឹងបណ្តាសា ដោយ សារតែពាក្យរបស់គ្រូតាំងពីច្រើនទស្សវត្សមុន នៅក្នុងជីវិតរបស់ពួកគេដែរ។

ឬគ្រូគង្វាលនិយាយទៅកាន់សមាជិកក្រុមជំនុំរបស់ខ្លួនថាៈ «បើអ្នកចេញពីក្រុមជំនុំនេះទៅ អ្នកមិន ចម្រុងចម្រើន មិនជោគជ័យទេ ប្រាកដជាឈប់ជឿព្រះផងក៏មិនដឹង»។ តើនោះជាអ្វី? នោះគឺជាបណ្តាសា។

បន្ទាប់មក មានបណ្តាសាដែលដាក់ដោយខ្លួនឯង។ រេបិកាបាននិយាយទៅលោកយ៉ាកុប ជាកូនរបស់ នាងថាៈ «អ៊ីសាកអើយ ចូរទៅទទួលពរពីឪពុករបស់ឯងមក»។ លោកយ៉ាកុបឆ្លើយថា៖ «ក្រែងលោឪពុកខ្ញុំ ដឹងថា ខ្ញុំជាអ្នកឆបោក នោះគាត់នឹងដាក់បណ្តាសាខ្ញុំ មិនមែនឲ្យពរខ្ញុំទេ»។ នាងរេបិកាបានឆ្លើយថា៖ «កូន អើយ សូមឲ្យបណ្តាសានោះធ្លាក់មកលើម្ដាយវិញចុះ»។ នាងបានដាក់បណ្តាសាខ្លួនឯង។ ប្រសិនបើលោកអ្នក សិក្សារឿងនេះ រេបិកាមិនដែលបានជួបមុខកូនប្រុសម្តងទៀតទេ។ នាងបានស្លាប់ នៅពេលដែលលោកយ៉ាកុប ត្រឡប់មកវិញ។ នៅខាងចុងជំពូកនោះ យើងឃើញនាងរេបិកាប្រើភាសាយ៉ាងនេះជា: «ខ្ញុំមិនចង់រស់នៅ ទៀតទេ ដោយព្រោះស្ត្រីសាសន៍ហេតទាំងនេះ..តើជីវិតខ្ញុំរស់នៅមានន័យអ្វីទៀត » (លោកុប្បត្តិ ២៧:៤៦)។ នោះជាប្រភេទភាសារបស់អ្នក៏ត្រូវបណ្តាសា «ខ្ញុំមិនចង់រស់នៅទៀតទេ។ តើជីវិតខ្ញុំរស់នៅមានន័យអ្វីទៀត»។ ពាក្យបែបនេះពួកគេកំពុងតែដាក់បណ្តាសាខ្លួនឯង។ ចូរប្រកាសដោយវិជ្ជមានជាៈ «ខ្ញុំមិនស្លាប់ទេ ខ្ញុំនឹងរស់នៅ ហើយប្រកាសស្នាព្រះហស្គរបស់ព្រះយេហូវ៉ា»។ ចូរលោកអ្នកលុបចោលពាក្យអវិជ្ជមាន ដោយពាក្យវិជ្ជមាន វិញទៅ។

ឧទាហរណ៍ចុងក្រោយដែលមកបញ្ចប់កម្មវិធី ជាឧទាហរណ៍ដ៏គួរឲ្យខ្លោចផ្សាអំពីបណ្តាសាដែលបានធ្វើ ឲ្យប្រឡាក់ទំព័រប្រវត្តិសាស្ត្ររបស់មនុស្ស អស់រយៈពេលដប់ប្រាំបួនសតវត្សរ៍មកហើយ។ ព្រះយេស៊ូកំពុងឈរ នៅពីមុខលោកពីឡាត់ ដែលចង់ដោះលែងព្រះអង្គ។ លោកបាននិយាយថា៖ «តើឲ្យខ្ញុំដោះលែងកាត់ ទេ?»។ ហ្វូងបណ្ដាជនបាននិយាយថា៖ «ទេ ឆ្កាងវាទៅ! »។ លោកពីឡាត់ក៏បានយកទឹកមកលាងដែរបស់ គាត់នៅមុខហ្វូងបណ្ដាជន ហើយនិយាយថា «ខ្ញុំគ្មានទោសនឹងឈាមនៃអ្នកសុចរិតនេះទេ» បណ្ដាជនទាំងអស់គ្នា ក៏ឆ្លើយឡើងថាៈ «ចូរឲ្យឈាមវាធ្លាក់មកលើយើងរាល់គ្នា និងកូនចៅរបស់យើងចុះ»។ តើនោះជាអ្វី? នោះ គឺជាបណ្តាសា បណ្តាសាដែលដាក់ដោយខ្លួនឯង។ សោកនាដកម្មដ៏ធំមួយនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សគឺជា ជនជាតិយូដាបានដាក់បណ្តាសាខ្លួនឯង និងកូនចៅរបស់ខ្លួន ហើយខ្ញុំសូមនិយាយដោយសោកស្តាយបំផុតថា ប្រវត្តិសាស្ត្រក្រោយមក បង្ហាញពីការធ្វើការរបស់បណ្តាសានោះ។ បណ្តាសានោះនៅតែកំពុងធ្វើការសព្វថ្ងៃនេះ តែអរព្រះគុណដល់ព្រះណាស់ ដែលមានការផ្គត់ផ្គង់ឲ្យដោះរួចចេញពីបណ្តាសានោះ តាមរយៈការសុគតជា យញ្ញបូជារបស់ព្រះមេស្ស៊ី ពុំនោះទេ គ្មានផ្លូវចេញនឹងរួចបានឡើយ។

ចូលចិត្ត
ចែករំលែក