នេះគឺជាពាក្យរបស់លោក ដេរេក ព្រីនស៍ ដែលបានដកស្រង់ពីព្រះបន្ទូលនៃព្រះសម្រាប់លោកអ្នក។

តែបើឥតមានសេចក្ដីជំនឿទេ នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបានឡើយ ត្បិតអ្នកណាដែលចូលទៅឯព្រះ នោះត្រូវតែជឿថា មានព្រះមែន ហើយថាព្រះអង្គប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។ [ហេព្រើរ ១១:៦]

ប្រសិនបើខ្ញុំសួរអ្នកថា៖ «តើអ្វីជារឿងសំខាន់បំផុត? តើអ្វីជារឿងចាំបាច់បំផុត ប្រសិនបើអ្នកចង់រស់នៅក្នុងជីវិតដែលគាប់ព្រះហឫទ័យព្រះ?» ខ្ញុំចង់ដឹងថា តើអ្នកនឹងឆ្លើយយ៉ាងដូចម្តេច?

ប្រហែលជាអ្នកអាចនិយាយថា៖ ការកាន់សាសនា ការទៅព្រះវិហារ ការបរិច្ចាគប្រាក់ដល់សប្បុរសធម៌ ការរស់នៅតាមគោលការណ៍ដែលថា «ចូរប្រព្រឹត្តចំពោះអ្នកដទៃ ដូចដែលអ្នកចង់ឱ្យពួកគេប្រព្រឹត្តចំពោះអ្នក» ការជៀសវាងពីអំពើបាប អំពើអសីលធម៌ ការស្រវឹង និងអំពើផ្សេងៗទៀត—អ្វីៗទាំងនេះសុទ្ធតែជាការល្អ។ប៉ុន្តែ គ្មានអ្វីមួយក្នុងចំណោមការទាំងនេះ ជារឿងចាំបាច់បំផុតសម្រាប់ការគាប់ព្រះហឫទ័យព្រះឡើយ។ អ្វីដែលព្រះតម្រូវពីយើងគ្រប់គ្នា ហើយដែលយើងមិនអាចគាប់ព្រះហឫទ័យទ្រង់បានបើគ្មានវា នោះគឺ «ជំនឿ»។ហើយជំនឿនេះត្រូវបានបង្ហាញចេញតាមរបៀបពីរយ៉ាង។

ទីមួយ យើងត្រូវជឿថា ព្រះពិតជាមានមែន។ ខ្ញុំគិតថា មនុស្សភាគច្រើនក្នុងចិត្តរបស់ខ្លួន ពិតជាដឹងថា ព្រះមានពិតមែន។ប៉ុន្តែលើសពីនេះ យើងក៏ត្រូវជឿថា ព្រះប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកទ្រង់ដោយអស់ពីចិត្ត។ ជំនឿពិតប្រាកដ គឺជាការជឿលើ សេចក្ដីល្អរបស់ព្រះ ភាពស្មោះត្រង់របស់ទ្រង់ និងការដែលយើងអាចពឹងផ្អែកលើទ្រង់បាន។ បើគ្មានជំនឿលើសេចក្ដីល្អរបស់ព្រះទេ យើងមិនអាចគាប់ព្រះហឫទ័យទ្រង់បានឡើយ។អ្វីៗទាំងអស់ចាប់ផ្តើមពី ការជឿលើព្រះ និងសេចក្ដីល្អរបស់ទ្រង់។ នេះជាឫសគល់ និងជាប្រភពនៃជោគជ័យពិតប្រាកដ និងនៃជីវិតដែលគាប់ព្រះហឫទ័យព្រះ។