ចេញពីបណ្តាសាទៅឯព្រះពរ វគ្គ១ (វគ្គ២)

ដេរេក ព្រីនស៍
Last Updated: September 2026
Read Time: 10
តើបណ្តាសា និងពរជ័យគឺជាអ្វីឱ្យប្រាកដ? តើវាពិតជាមានឥទ្ធិពលក្នុងសតវត្សទី២១ នេះមែនទេ? ថ្ងៃនេះ លោក Derek Prince នឹងបង្ហាញការយល់ដឹងដ៏ស៊ីជម្រៅអំពី «ធម្មជាតិនៃពរជ័យ និងបណ្តាសា»។ យើងនឹងឃើញថាបណ្តាសាអាចបន្តពីជំនាន់មួយទៅជំនាន់មួយទៀត ប៉ុន្តែព្រះជាម្ចាស់បានរៀបចំផ្លូវដើម្បីបញ្ឈប់វា និងជំនួសមកវិញនូវពរជ័យ។ សូមស្វែងយល់ពីរបៀបនេះ!
Transcript
ករាយណាស់ដែលបានមកជួបលោកអ្នកម្តងទៀត ដើម្បីចែកចាយប្រាប់លោកអ្នកអំពីយោបល់ដ៏មានតម្លៃចេញពីព្រះគម្ពីរ ដែលបានធ្វើឲ្យមានការខុសប្លែកគ្នារវាងជោគជ័យ និងបរាជ័យ នៅក្នុងជីវិតរបស់ខ្ញុំ ហើយក៏អាចធ្វើយ៉ាងដូច្នោះនៅក្នុងជីវិតរបស់លោកអ្នកបានដែរ គឺជាសេចក្តីពិតចេញពីបទគម្ពីរដែលលោកអ្នកប្រហែលជាមិនធ្លាប់ឮពីមុន ប៉ុន្តែមានអំណាចនឹងផ្លាស់ប្ដូរជោគវាសនាជីវិតរបស់លោកអ្នកទាំងស្រុង។
នៅក្នុងមេរៀនរបស់ខ្ញុំវគ្គមុន ខ្ញុំបានពន្យល់ថា មូលដ្ឋានគ្រឹះសម្រាប់ការផ្គត់ផ្គង់ទាំងអស់របស់ព្រះសម្រាប់យើង គឺជាការដោះដូរដែលព្រះទ្រង់បានកំណត់ទុក ហើយបានកើតឡើង នៅពេលដែលព្រះគ្រីស្ទបានសុគតនៅលើឈើឆ្កាង។ និយាយឲ្យសាមញ្ញ ព្រះទ្រង់បានអនុញ្ញាតឲ្យការអាក្រក់ ដែលជាលទ្ធផលនៃការបះបោររបស់យើង ធ្លាក់ទៅលើព្រះយេស៊ូវ ដើម្បីឲ្យសេចក្តីល្អនៃការស្តាប់បង្គាប់របស់ព្រះយេស៊ូ អាចត្រឡប់ជាកើតមានសម្រាប់យើង។
មានចំណុចខុសៗគ្នាជាច្រើន តែខ្ញុំបានលើកឡើងតិចតួចប៉ុណ្ណោះ។
- ព្រះយេស៊ូបានទទួលទោស ដើម្បីឲ្យយើងបានទទួលការអត់ទោស។
- ព្រះអង្គបានរងរបួស ដើម្បីឲ្យយើងបានជាសះស្បើយ។
- ព្រះអង្គបានភ្លក់សេចក្តីស្លាប់របស់យើង ដើម្បីឲ្យយើងមានជីវិតរួមជាមួយព្រះអង្គ។
- ព្រះអង្គបានត្រឡប់ជាតួបាប ដើម្បីឲ្យយើងបានត្រឡប់ជាសុចរិត។
- ព្រះអង្គបានទទួលរងការបដិសេធ ដើម្បីឲ្យព្រះវរបិតាបានទទួលយើង។
ហើយនៅមានច្រើនទៀត ប៉ុន្តែ នៅក្នុងមេរៀនវគ្គមុន ខ្ញុំបានផ្ដោតលើផ្នែកមួយនៃការដោះដូរនោះ ដែលព្រះគ្រីស្ទបរិស័ទភាគច្រើនមិនបានទទួលការបង្រៀន។ ចំណុចនេះ ត្រូវបានសាវកប៉ុលប្រាប់នៅក្នុងកាឡាទី ៣:១៣-១៤៖
«ព្រះគ្រីស្ទបានលោះយើងឲ្យរួចពីបណ្ដាសារបស់ក្រឹត្យវិន័យ ដោយទ្រង់ត្រឡប់ជាត្រូវបណ្ដាសាជំនួសយើង (ដ្បិតមានសេចក្តីចែងទុកមកថា «ត្រូវបណ្ដាសាហើយ អ្នកណាដែលត្រូវគេព្យួរនៅលើឈើ») ដើម្បីឲ្យពររបស់លោកអ័ប្រាហាំ ក្នុងព្រះគ្រីស្ទយេស៊ូវ បានទៅដល់សាសន៍ដទៃ...»។
ការដោះដូរនៅចំណុចនេះ រវាងការល្អ និងការអាក្រក់ គឺយើងឃើញច្បាស់ហើយ។ ការអាក្រក់ គឺជាបណ្ដាសា ហើយការល្អគឺជាព្រះពរ។ ព្រះយេស៊ូបានត្រឡប់ជាត្រូវបណ្ដាសា ពេលដែលព្រះអង្គត្រូវបានគេព្យួរនៅលើឈើឆ្កាង។ នេះយោងទៅតាមពាក្យនៅក្នុងគម្ពីរចោទិយកថា ដែលព្រះទ្រង់មានបន្ទូលតាមរយៈលោកម៉ូសេថា «ត្រូវបណ្ដាសាហើយ អ្នកណាដែលត្រូវគេព្យួរនៅលើឈើ»។ ដូច្នេះ នៅពេលដែលព្រះយេស៊ូត្រូវបានគេព្យួរនៅលើឈើឆ្កាង ជនជាតិយូដាទាំងអស់ដែលស្គាល់បទគម្ពីរសញ្ញាចាស់ សុទ្ធតែដឹងថា ព្រះយេស៊ូបានត្រឡប់ជាត្រូវបណ្ដាសា។ អ្វីដែលពួកគេមិនយល់ និងជាអ្វីដែលមានតែព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះអាចបើកសម្ដែងឲ្យឃើញ គឺមូលហេតុដែលព្រះអង្គត្រឡប់ជាត្រូវបណ្ដាសា។ ព្រះអង្គបានត្រឡប់ជាត្រូវបណ្ដាសា ដើម្បីឲ្យយើងបានទទួលការប្រោសលោះ រួចផុតពីបណ្ដាសា ហើយបានទទួលព្រះពររបស់ព្រះ ទុកជាមរតក។
ដូច្នេះ នេះជាអ្វីដែលយើងត្រូវផ្ដោត៖ ការដោះដូរ ពីបណ្ដាសាមកឯព្រះពរ ជាអន្តរកាលដែលលោកអ្នកចេញពីក្រោមបណ្ដាសា ចូលមកក្នុងព្រះពរ។
ថ្ងៃនេះ ខ្ញុំនឹងចែកចាយប្រាប់លោកអ្នកអំពីលក្ខណៈរបស់ព្រះពរ និងបណ្ដាសា ព្រមទាំងរបៀបដែលការទាំងពីរនេះធ្វើការ។ ព្រះពរ និងបណ្ដាសា មានសណ្ឋានជាពាក្យដែលនិយាយចេញ សរសេរចេញ ឬគិតនៅក្នុងចិត្ត ប៉ុន្តែពាក្យទាំងនេះត្រឡប់ជាយានដែលមានអំណាចយ៉ាងអស្ចារ្យ។ ពាក្យទាំងនេះ មិនមែនត្រឹមតែជាពាក្យធម្មតាឡើយ តែជាពាក្យដែលបានទទួលអំណាចយ៉ាងអស្ចារ្យ។ ព្រះពរបង្កើតលទ្ធផលល្អ បណ្ដាសាបង្កើតលទ្ធផលអាក្រក់។ ព្រះពរមកពីព្រះ ឬមនុស្សដែលតំណាងឲ្យព្រះ ហើយបណ្ដាសាក៏ដូច្នោះដែរ។ ព្រះទ្រង់ដាក់បណ្ដាសា ហើយមនុស្សដែលតំណាងឲ្យព្រះ ក៏មានអំណាចនឹងអាចដាក់បណ្ដាសាដែរ។ ប៉ុន្តែ បណ្ដាសាក៏មកពីប្រភពមួយទៀត គឺមកពីអារក្សសាតាំង ឬមនុស្សដែលតំណាងឲ្យអារក្សសាតាំងដែរ។ អារក្សសាតាំងមិនអាចឲ្យពរមនុស្សបានទេ ប៉ុន្តែវាអាចដាក់បណ្ដាសាបាន។
នេះជាចំណុចដ៏សំខាន់បំផុត។ ខ្ញុំចង់ឲ្យលោកអ្នកស្តាប់ដោយប្រុងប្រយ័ត្ន។ នៅពេលប្រកាសចេញទៅហើយ ព្រះពរ និងបណ្ដាសា មានទំនោរនឹងបន្តទៅយូរអង្វែង ពីមួយជំនាន់ទៅមួយជំនាន់ ហើយរហូតដល់ពីសតវត្សរ៍មួយទៅសតវត្សរ៍មួយ ប្រសិនបើមិនបានប្រកាសលុបចោល។ ធម្មតា នៅពេលដែលព្រះពរ ឬបណ្ដាសាចេញទៅហើយ ពាក្យនោះនឹងបន្តរហូតទាល់តែមានអ្វីមួយកើតឡើង ដើម្បីលុបចោល ឬដកយកចេញ។ នេះមានន័យថា អាចមានអំណាចផ្សេងៗកំពុងធ្វើការនៅក្នុងជីវិតរបស់យើង ដែលបានចាប់ផ្ដើមឡើងនៅក្នុងជំនាន់មុន ប្រហែលច្រើនសតវត្សរ៍មុនផង។ ជាលទ្ធផល យើងកំពុងជួបប្រទះរឿងរ៉ាវនៅក្នុងជីវិតរបស់យើង នៅក្នុងកាលៈទេសៈរបស់យើង នៅក្នុងគ្រួសាររបស់យើង នៅក្នុងអារម្មណ៍របស់យើង ដែលមិនអាចយល់បាននៅក្នុងជីវិតរបស់យើង ឬនៅក្នុងបទពិសោធន៍ផ្ទាល់ខ្លួនរបស់យើងបានឡើយ។ ហេតុដែលជាឫសគល់សម្រាប់រឿងទាំងនោះ ប្រហែលជាត្រឡប់ទៅក្រោយយូរយារ ប្រហែលច្រើនជំនាន់ អាចរហូតដល់រាប់ពាន់ឆ្នាំផង។
នៅក្នុងប្រវត្តិសាស្ត្រ មានគំរូជាច្រើនអំពីដំណើរការរបស់ព្រះពរ និងបណ្ដាសា។ ខ្ញុំនឹងចាប់ផ្ដើមដោយលើកយកគំរូខ្លះចេញពីព្រះគម្ពីរៈ ដំបូងបង្អស់ អំពីព្រះពរ។ នេះគឺជាគំរូមួយនៅក្នុងលោកុប្បត្តិ ២២:១៥-១៨ អំពីព្រះពរយ៉ាងសំខាន់មួយ ដែលបានប្រកាសមកលើលោកអ័ប្រាហាំ៖
«ទេវតារបស់ព្រះយេហូវ៉ាក៏ហៅលោកអ័ប្រាហាំពីលើមេឃម្ដងទៀតថា៖ ព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងស្បថដោយនាមរបស់យើង ដោយអ្នកបានធ្វើដូច្នេះ គឺមិនបានសំចៃទុកកូនតែមួយរបស់អ្នកចំពោះយើង (នេះគឺជាចំណុចដែលលោកអ័ប្រាហាំពិតជាព្រមថ្វាយអ៊ីសាក កូនប្រុសរបស់លោក ជាយញ្ញបូជា នៅលើភ្នំម៉ូរីយ៉ា បន្ទាប់មក ព្រះទ្រង់មានបន្ទូលទៀតថា) នោះយើងនឹងឲ្យពរអ្នក ហើយយើងនឹងចម្រើនពូជពង្សរបស់អ្នកឲ្យមានគ្នាសន្ធឹកដូចផ្កាយនៅលើមេឃ និងដូចខ្សាច់នៅមាត់សមុទ្រ។ ពូជពង្សរបស់អ្នកនឹងបានគ្រប់គ្រងលើទ្វារក្រុងរបស់ពួកខ្មាំងសត្រូវ។ គ្រប់ទាំងសាសន៍នៅលើផែនដីនឹងបានពរដោយសារពូជពង្សរបស់អ្នក ព្រោះអ្នកបានស្តាប់បង្គាប់តាមពាក្យរបស់យើង»។
ដូច្នេះ ព្រះពរនោះត្រូវបានប្រកាសចេញ តាំងពី ៤,០០០ ឆ្នាំមុន ហើយព្រះពរនោះនៅតែធ្វើការក្នុងប្រវត្តិសាស្ត្រដរាបដល់សព្វថ្ងៃ។ ភស្តុតាងមួយ គឺកម្មវិធីចាក់ផ្សាយដែលលោកអ្នកកំពុងតែស្តាប់នេះឯង ពីព្រោះព្រះពរដែលមកដល់លោកអ្នក តាមរយៈកម្មវិធីចាក់ផ្សាយនេះ បានមកតាមរយៈព្រះយេស៊ូគ្រីស្ទ ជាពូជរបស់លោកអ័ប្រាហាំ ហើយដោយសារតែព្រះពរដែលបានប្រកាសចេញតាំងពី ៤,០០០ ឆ្នាំមុននេះហើយ ទើបលោកអ្នកកំពុងតែទទួលបានពរនៅពេលនេះ ប្រសិនបើលោកអ្នកបានស្តាប់រាជសារនេះតាមវិទ្យុ។ ដូច្នេះ លោកអ្នកឃើញហើយ ព្រះពរបន្តពីជំនាន់មួយទៅជំនាន់មួយ ពីសតវត្សរ៍មួយទៅសតវត្សរ៍មួយ។
ឥឡូវនេះ សូមមើលគំរូខ្លះអំពីបណ្ដាសា។ ដំបូងបង្អស់ បណ្ដាសាដែលព្រះបានដាក់នៅក្នុងលោកុប្បត្តិ ១២:៣ នៅពេលដែលព្រះអង្គបានត្រាស់ហៅលោកអ័ប្រាហាំ ឲ្យចេញពីក្រុងអ៊ើរ របស់សាសន៍ខាល់ដេ ហើយលោកបានចេញទៅដោយស្តាប់បង្គាប់ ទៅកាន់ទឹកដីមួយផ្សេងទៀត ដែលក្រោយមក ព្រះអង្គនឹងប្រទានឲ្យលោក។ សេចក្តីសន្យាមួយចំនួនដែលព្រះបានប្រទានឲ្យលោកអ័ប្រាហាំ មាន៖
«យើងនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរអ្នក ហើយយើងនឹងដាក់បណ្ដាសាដល់អស់អ្នកណាដែលដាក់បណ្ដាសាអ្នក។ គ្រប់ទាំងគ្រួសារនៅលើផែនដីនឹងបានពរដោយសារអ្នក»។
សូមកត់សម្គាល់ថា នៅក្នុងចំណោមព្រះពរ មានបណ្ដាសា។ ព្រះអង្គមានបន្ទូលទៅលោកអ័ប្រាហាំថា «យើងនឹងដាក់បណ្ដាសា ដល់អស់អ្នកណាដែលដាក់បណ្ដាសាអ្នក (លោកអ័ប្រាហាំ)»។
ក្រោយមក សេចក្តីដដែលនោះ ត្រូវបានប្រាប់ម្ដងទៀត នៅពេលដែលអ៊ីសាក កូនប្រុសរបស់លោកអ័ប្រាហាំ បានឲ្យពរយ៉ាកុប កូនប្រុសរបស់លោក។ នៅក្នុងលោកុប្បត្តិ ២៧:២៩ លោកមានប្រសាសន៍ថា៖
«សូមឲ្យមានប្រជាជននានាបម្រើកូន ហើយជាតិសាសន៍ផ្សេងៗក្រាបចុះចំពោះកូន។ សូមឲ្យកូនបានទៅជាចៅហ្វាយលើបងប្អូនរបស់កូន ហើយឲ្យកូនពោះមួយជាមួយកូនបានក្រាបគោរពដល់កូន។ សូមឲ្យត្រូវបណ្ដាសាដល់អ្នកណាដែលដាក់បណ្ដាសាកូន ហើយឲ្យបានពរដល់អ្នកណាដែលឲ្យពរកូន»។
ម្ដងទៀតហើយ នេះជាសេចក្តីតែមួយដូចគ្នា៖ «សូមឲ្យត្រូវបណ្ដាសាដល់អ្នកណាដែលដាក់បណ្ដាសាកូន (គឺយ៉ាកុប)»។ ដូច្នេះ លោកអ្នកឃើញទេ នេះជាអ្វីដែលនៅតែបន្តផងដែរនៅក្នុងប្រវត្តិសាស្ត្រ។ និយាយឲ្យសាមញ្ញតាមភាសាបច្ចុប្បន្ន នោះគឺជាការការពាររបស់ព្រះ ទាស់នឹងអស់អ្នកដែលស្អប់ជនជាតិយូដា។ ការស្អប់ជនជាតិយូដា គឺជាឥរិយាបថ និងវិញ្ញាណដែលដាក់បណ្ដាសាលោកអ័ប្រាហាំ លោកអ៊ីសាក លោកយ៉ាកុប និងពូជពង្សរបស់ពួកលោក គឺជនជាតិយូដា រហូតមកដល់សព្វថ្ងៃ។ អ្នកណាដែលមានចិត្តស្អប់ជនជាតិយូដា ឬនិយាយសេចក្តីអវិជ្ជមាន សេចក្តីមិនពិតទាស់នឹងជនជាតិយូដា អ្នកនោះកំពុងតែធ្វើឲ្យខ្លួនឯងត្រូវបណ្ដាសា ដែលព្រះបានដាក់តាំងតែពីជាង ៣,០០០ ឆ្នាំមុន។ ប្រសិនបើលោកអ្នកមើលប្រវត្តិសាស្ត្រអំពីជាតិសាសន៍ និងចក្រភពទាំងឡាយក្នុងរយៈពេលបីពាន់ឆ្នាំមកនេះ ដែលបានទាស់នឹងជនជាតិយូដា បានបៀតបៀនពួកគេ បានព្យាយាមបំផ្លាញពួកគេ នោះលោកអ្នកឃើញថា សត្រូវនីមួយៗសុទ្ធតែបានត្រូវបណ្ដាសារបស់ព្រះ។ នេះគឺជាការពិតនៅក្នុងប្រវត្តិសាស្ត្រ។ បណ្ដាសានោះ នៅតែកំពុងធ្វើការក្នុងពិភពលោករបស់យើងសព្វថ្ងៃ។ យើងគ្រាន់តែពិចារណាព្រឹត្តិការណ៍នៅក្នុងឆ្នាំ ១៩៣០ និងឆ្នាំ ១៩៤០ នៅប្រទេសអាល្លឺម៉ង់ និងនៅទ្វីបអឺរ៉ុបប៉ុណ្ណោះ ដើម្បីឲ្យដឹងថា សព្វថ្ងៃនេះ ការនេះមានពិតប្រាកដណាស់។
ខ្ញុំសូមលើកគំរូដ៏អស្ចារ្យមួយផ្សេងទៀតប្រាប់លោកអ្នក។ នៅពេលដែលស្តេចសូល និងយ៉ូណាថាន ជាបុត្រា ត្រូវបានគេធ្វើគុតនៅក្នុងចម្បាំងជាមួយនឹងពួកភីលីស្ទីន ព្រះបាទដាវីឌបានថ្លែងជាសេចក្តីទំនួញយ៉ាងសោកសៅអំពីអ្នកទាំងពីរ ហើយដោយព្រោះអ្នកទាំងពីរត្រូវបានធ្វើគុតនៅលើភ្នំគីលបោ ព្រះបាទដាវីឌបានថ្លែងសេចក្តីមួយអំពីភ្នំគីលបោ ដែលខ្ញុំចង់អានជូនលោកអ្នក នៅក្នុង ២សាំយូអែល ១:២១។ ព្រះបាទដាវីឌបានពោលថា៖
«ឱ ភ្នំគីលបោអើយ កុំឲ្យមានសន្សើម ឬភ្លៀងធ្លាក់មកលើឯងឡើយ ក៏កុំឲ្យមានភោគផលទៀតដែរ ដ្បិតនៅទីនោះ ខែលរបស់ពួកខ្លាំងពូកែត្រូវគេបន្ទាបបន្ថោក គឺខែលរបស់ស្តេចសូលដែលមិនបានចាក់ប្រេងតាំងតទៅទៀតឡើយ»។
ខ្ញុំមិនដឹងថា ព្រះបាទដាវីឌដឹងពីអ្វីដែលទ្រង់កំពុងថ្លែងដែរឬក៏អត់នោះទេ ប៉ុន្តែទ្រង់បានថ្លែងទៅកាន់ជួរភ្នំនោះថា «កុំឲ្យមានសន្សើម ឬភ្លៀងធ្លាក់...»។ នោះហើយជាបណ្ដាសា។ បណ្ដាសានោះបានដាក់ចេញប្រហែលជាបីពាន់ឆ្នាំមុន។ លោកអ្នកអាចទៅមើលតំបន់នោះ នៅក្នុងទឹកដីអ៊ីស្រាអែលសព្វថ្ងៃនេះ។ សាសន៍យូដាជោគជ័យខ្លាំងណាស់នៅក្នុងការដាំដើមឈើឡើងវិញ។ ពួកគេបានដាំដើមឈើនៅអស់ទាំងភ្នំធំ ភ្នំតូច ប៉ុន្តែពួកគេមិនអាចទទួលបានជោគជ័យនៅក្នុងការធ្វើឲ្យដើមឈើដុះនៅលើភ្នំគីលបោបានទេ។ ហេតុអ្វី? ព្រោះព្រះបាទដាវីឌបានដាក់បណ្ដាសា កាលពីបីពាន់ឆ្នាំមុន! តើលោកអ្នកអាចមើលឃើញថា នេះជាការពិតហើយឬនៅ? ពួកយើងភាគច្រើនត្រូវផ្លាស់ប្ដូរការគិតរបស់យើង ពីព្រោះយើងកំពុងតែតយុទ្ធជាមួយអំណាចដែលមើលមិនឃើញ ហើយដែលយើងមិនយល់។
ឥឡូវនេះ ខ្ញុំចង់ជម្រាបជូនអំពីគំរូពីរ ចេញពីប្រវត្តិសាស្ត្រសម័យក្រោយ។ គំរូទាំងពីរ គឺនៅឆ្នាំ ១៦០០ នៅក្នុងប្រទេសស្កុតឡែន។ ខ្ញុំបានឮរឿងទាំងពីរនោះ ក្នុងរយៈពេលពីរបីឆ្នាំ ពីអ្នកដែលជាប់ពាក់ព័ន្ធផ្ទាល់។ រឿងទីមួយ មានស្ត្រីម្នាក់ដែលខ្ញុំបានជួបនៅក្នុងប្រទេសអូស្ត្រាលីនៅខែធ្នូ ឆ្នាំ ១៩៨៤។ ពេលដែលគាត់បានឮខ្ញុំបង្រៀនអំពីបណ្ដាសា គាត់បានមកជួបខ្ញុំ ហើយក្រោយមកក៏ផ្ញើសំបុត្រមួយមកខ្ញុំ។ ក្នុងសំបុត្រនោះ គាត់បានបង្ហាញប្រាប់ខ្ញុំពីបណ្ដាសាជាលាយលក្ខណ៍អក្សរ ដែល ARCHBISHOP ម្នាក់នៅក្រុងអេឌីនបឺក ប្រទេសស្កុតឡែន បានដាក់មកលើកុលសម្ព័ន្ធរបស់គាត់ ជាបណ្ដាសាដែលគួរឲ្យភ័យខ្លាចខ្លាំងណាស់! ហើយគាត់បានប្រាប់ខ្ញុំថា៖ «នៅសព្វថ្ងៃនេះ គ្រួសាររបស់យើងនៅតែតយុទ្ធនឹងលទ្ធផលរបស់បណ្ដាសានោះនៅឡើយ»។
ក្រោយមក នៅខែវិច្ឆិកា ឆ្នាំ ១៩៨៥ នៅក្នុងប្រទេសស្កុតឡែន ខ្ញុំបានជួបពូជពង្សគ្រួសារអភិជនមួយនៅក្រុងអាបឺឌីនសៀ ដែលបានទទួលស្គាល់ផងដែរថា គាត់ និងគ្រួសាររបស់គាត់ត្រូវរងបណ្ដាសា។ ប្រវត្តិសាស្ត្រគឺថា នៅក្នុងឆ្នាំ ១៦០០ មានសង្គ្រាមរវាងកុលសម្ព័ន្ធពីរ នៅប្រទេសស្កុតឡែន ជាមួយនឹងកុលសម្ព័ន្ធរបស់គាត់។ មនុស្សនៅក្នុងកុលសម្ព័ន្ធរបស់គាត់បានសម្លាប់មនុស្សនៅក្នុងកុលសម្ព័ន្ធមួយទៀត រួមទាំងស្ត្រីម្នាក់ដែលមានផ្ទៃពោះ។ នៅពេលដែលនាងស្លាប់ ស្ត្រីដែលមានផ្ទៃពោះនោះបានដាក់បណ្ដាសាលើកុលសម្ព័ន្ធរបស់គាត់។ បុរសនោះជាមនុស្សដែលឆ្លាត និងហ្មត់ចត់ណាស់។ គាត់បានប្រាប់ខ្ញុំថា៖ «បណ្ដាសានោះ នៅតែកំពុងធ្វើការ»។ លោកអ្នកឃើញទេ នៅក្នុងករណីទាំងពីរនេះ មនុស្សមានអារម្មណ៍ដឹងអំពីលទ្ធផល ដូចជាគ្រោះថ្នាក់ខុសប្រក្រតី ជំងឺ ជម្លោះក្នុងគ្រួសារ បញ្ហាហិរញ្ញវត្ថុ ការបាក់ទឹកចិត្តរហូត ទោះបីជាពួកគេគឺជាព្រះគ្រីស្ទបរិស័ទដែលបានកើតជាថ្មីក៏ដោយ។ ព្រះពរ និងបណ្ដាសាកើតឡើងពិតប្រាកដរបៀបនោះឯង។
កូដ: RP-R138-102-KHM









