ចេញពីបណ្តាសាទៅឯព្រះពរ វគ្គ១ (វគ្គ៥)

ដេរេក ព្រីនស៍
Last Updated: September 2026
Read Time: 10
ថ្ងៃនេះ យើងនឹងសិក្សាអំពីមូលដ្ឋានគ្រឹះនៃបណ្តាសាផ្សេងៗ។ អ្នកប្រហែលជាមានការភ្ញាក់ផ្អើលចំពោះមូលហេតុទូទៅបំផុតមួយចំនួននៃបណ្តាសា រួមមាន៖ ការទុកចិត្តលើមនុស្សជាជាងព្រះ ការមានចិត្តកំណាញ់ និងការមិនបានបំពេញគោលបំណងនៃជីវិតរបស់អ្នក។ កុំខកខានឱ្យសោះ! អ្នកអាចត្រូវបានដោះលែងឱ្យមានសេរីភាពពីបណ្តាសានៅថ្ងៃនេះ។
Transcript
ករាយណាស់ដែលបានមកជួបលោកអ្នកជាថ្មី នៅពេលដែលយើងហៀបនឹងបញ្ចប់មួយសប្ដាហ៍ទៀតហើយ។ ប្រធានបទរបស់យើងនៅសប្ដាហ៍នេះគឺ «ចេញពីបណ្ដាសាមកឯព្រះពរ»។ លោកអ្នកប្រាកដជារកឃើញថា ប្រធានបទនេះមានប្រយោជន៍ ហើយពិតជាជួយដល់លោកអ្នកមែន។
វគ្គមុន ខ្ញុំបានពន្យល់ថា ជានិច្ចកាល ព្រះពរ និងបណ្ដាសាតែងតែមានហេតុរបស់វា។ នៅក្នុងករណីនីមួយៗ ហេតុចម្បង គឺសាមញ្ញបំផុត។ ហេតុដើម្បីឲ្យបានព្រះពរ គឺស្តាប់តាមព្រះសូរសៀងរបស់ព្រះ ហើយធ្វើតាមអ្វីដែលព្រះអង្គមានបន្ទូល ឯហេតុនៃបណ្ដាសាវិញ មិនស្តាប់ព្រះសូរសៀងរបស់ព្រះ ហើយមិនធ្វើតាមអ្វីដែលព្រះអង្គមានបន្ទូល។ ខ្ញុំនិយាយសារឡើងវិញ ហេតុចម្បងដែលនាំឲ្យមានព្រះពរទាំងអស់ គឺស្តាប់តាមព្រះសូរសៀងរបស់ព្រះ ហើយធ្វើតាមអ្វីដែលព្រះអង្គមានបន្ទូល។ ហេតុចម្បងដែលនាំឲ្យមានបណ្ដាសាទាំងអស់ គឺមិនស្តាប់ព្រះសូរសៀងរបស់ព្រះ និងមិនធ្វើតាមអ្វីដែលព្រះអង្គមានព្រះបន្ទូល។ ប៉ុន្តែ ចេញពីហេតុចម្បងទាំងនេះ ក៏កើតចេញជាអាកប្បកិរិយាច្រើនប្រភេទផ្សេងគ្នា ដែលជាហេតុបន្ទាប់បន្សំ។ ខ្ញុំបានជម្រាបជូនពីហេតុមួយចំនួននៅក្នុងវគ្គមុន ដែលមានចែងនៅក្នុងគម្ពីរចោទិយកថា ២៧:១៥-២៦ ហើយខ្ញុំបានសង្ខេបហេតុទាំងនោះ មកជាបួនប្រភេទធំៗ។
ទីមួយ៖ ការថ្វាយបង្គំរូបព្រះ ព្រះក្លែងក្លាយ និងអំពើមន្តអាគម។
ទីពីរ៖ ការមិនគោរពឪពុកម្ដាយ។
ទីបី៖ ការរួមដំណេកខុសច្បាប់ ឬខុសលក្ខណៈធម្មជាតិ។
ទីបួន៖ អំពើអយុត្តិធម៌ចំពោះអ្នកទន់ខ្សោយ ឬអ្នកគ្មានទីពឹង ហើយគំរូជាក់លាក់មួយនៅសម័យបច្ចុប្បន្នដែលខ្ញុំបានលើកឡើង គឺជាការរំលូតកូន ដែលជាឧទាហរណ៍ដ៏ច្បាស់ក្រឡែតមួយ ដែលលោកអ្នកអាចរកឃើញអំពើអយុត្តិធម៌ចំពោះមនុស្សទន់ខ្សោយ និងអ្នកគ្មានទីពឹង ហើយការប្រព្រឹត្តបែបនោះ នាំបណ្ដាសាមកជាមួយដែលចៀសមិនផុត។
ថ្ងៃនេះ ខ្ញុំនឹងចែកចាយជូនលោកអ្នកពីហេតុចម្បង និងជាក់លាក់មួយចំនួនដែលបានបង្ហាញនៅក្នុងព្រះគម្ពីរ ក្រៅពីហេតុដែលខ្ញុំបានចែកចាយរួចហើយ។ ជាដំបូង ខ្ញុំនឹងមើលទៅគម្ពីរយេរេមា ១៧:៥-៦ ដែលប្រាប់ពីហេតុផលសម្រាប់បណ្ដាសាដែលមនុស្សភាគច្រើន សូម្បីតែព្រះគ្រីស្ទបរិស័ទជាច្រើនផង មិនបានកត់សម្គាល់ ហើយជាលទ្ធផល គេត្រូវបណ្ដាសា ជាបណ្ដាសាដែលគេបានទទួលការព្រមានរួចមកហើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖
«ត្រូវបណ្ដាសាហើយ អ្នកណាដែលទីពឹងដល់មនុស្ស ហើយយកសាច់ឈាមជាដៃរបស់ខ្លួន ជាអ្នកដែលមានចិត្តដកថយចេញពីព្រះយេហូវ៉ា ដ្បិតអ្នកនោះនឹងបានដូចជាដើមឈើសោះកក្រោះនៅសមុទ្រខ្សាច់ បើកាលណាមានសេចក្តីល្អមកដល់ នឹងមិនឃើញទេ គឺនឹងត្រូវអាស្រ័យនៅកន្លែងហួតហែងក្នុងទីរហោស្ថាន ជាដីប្រៃឥតមានអ្នកណានៅ»។
ខ្ញុំសូមនិយាយថា រូបភាពដើមឈើសោះកក្រោះនៅសមុទ្រខ្សាច់ គឺជាប្រភេទនៃបណ្ដាសា។ ព្រះពរផ្សាយទៅគ្រប់កន្លែង អ្នកដទៃចម្រុងចម្រើន អ្នកដទៃជោគជ័យ ប៉ុន្តែអ្នកដែលត្រូវបណ្ដាសា ប្រៀបបីដូចជាដើមឈើសោះកក្រោះនៅសមុទ្រខ្សាច់ បើកាលណាមានសេចក្តីល្អមកដល់ នឹងមិនឃើញទេ។ ឥឡូវនេះ តើអ្វីទៅជាហេតុ? ហេតុគឺសាមញ្ញបំផុត គឺការទុកចិត្តនឹងមនុស្ស ហើយជាបឋមត្រូវចាំថា លោកអ្នកគឺជាមនុស្ស។ នោះគឺជាការទុកចិត្តលើខ្លួនឯង យកសាច់ឈាមធ្វើជាកម្លាំងរបស់ខ្លួន ពឹងអាងលើសមត្ថភាពពីកំណើត លើប្រាជ្ញា លើការចេះដឹងរបស់លោកអ្នក ហើយដែលធ្វើដូច្នេះ នោះឈ្មោះថា ចិត្តរបស់លោកអ្នកបែកចេញពីព្រះអម្ចាស់។ ទង្វើនេះនាំមកនូវបណ្ដាសា។ នេះគឺជាមូលហេតុដែលព្រះគ្រីស្ទបរិស័ទជាច្រើន និងក្រុមជំនុំជាច្រើនបានបាត់ព្រះពររបស់ខ្លួន ពីព្រោះពួកគេបានចាប់ផ្ដើមនៅក្នុងព្រះគុណរបស់ព្រះ ពួកគេបានចាប់ផ្ដើមជាមួយព្រះពរដ៏អស្ចារ្យ និងប្រេងតាំង ព្រមទាំងជំនឿដ៏អស្ចារ្យ។ ពួកគេបានប្រែចិត្ត បានទទួលអំណាចដ៏អស្ចារ្យដើម្បីឈ្នះលើសេចក្តីអាក្រក់ និងដើម្បីរស់នៅដោយកោតខ្លាចព្រះ ប៉ុន្តែពួកគេបានបែរទៅរកសីលធម៌របស់មនុស្ស អង្គការ ចំណេះដឹង និងអ្វីផ្សេងទៀត។ ក្នុងចំណោមការទាំងនោះ គ្មានការណាមួយខុសទេ ប៉ុន្តែដែលទុកចិត្តលើការទាំងនោះ នោះធ្វើឲ្យមនុស្សគ្រប់គ្នា មិនថាបុគ្គល ឬក្រុមជំនុំ ស្ថិតនៅក្រោមបណ្ដាសារបស់ព្រះ។
លោកប៉ុលបានថ្លែងអំពីប្រធានបទដដែលនេះ នៅក្នុងគម្ពីរកាឡាទី ៣:១-៣៖
«ឱ បងប្អូនអ្នកស្រុកកាឡាទីល្ងង់ខ្លៅអើយ! តើអ្នកណាបានធ្វើអំពើមកលើអ្នករាល់គ្នា? អ្នករាល់គ្នាបានទទួលសេចក្តីបរិយាយយ៉ាងច្បាស់អំពីព្រះយេស៊ូវគ្រីស្ទដែលត្រូវគេឆ្កាងនៅចំពោះភ្នែកអ្នករាល់គ្នាហើយ។ ខ្ញុំគ្រាន់តែចង់សួរអ្នករាល់គ្នាប៉ុណ្ណោះថា តើអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណ ដោយប្រព្រឹត្តតាមក្រឹត្យវិន័យ ឬដោយឮដំណឹងល្អ ហើយមានជំនឿ? ម្ដេចក៏អ្នករាល់គ្នាល្ងង់ខ្លៅម្លេះ? អ្នករាល់គ្នាបានចាប់ផ្ដើមដោយព្រះវិញ្ញាណ តែឥឡូវនេះ បញ្ចប់ដោយសាច់ឈាមដូច្នេះឬ?»
នោះហើយជាចំណុចសំខាន់របស់បញ្ហា គឺចាប់ផ្ដើមដោយព្រះវិញ្ញាណ ហើយទទួលបានព្រះគុណ និងសមត្ថភាពដ៏អស្ចារ្យរបស់ព្រះ ប៉ុន្តែត្រឡប់ទៅពឹងផ្អែកលើការខំប្រឹងប្រែងខាងសាច់ឈាម សីលធម៌ ការអប់រំ ភាពឆ្លាត កម្មវិធី ហិរញ្ញវត្ថុ និងអាចជាអ្វីផ្សេងៗទៀត។ ប្រសិនបើលោកអ្នកតាមមើលការបង្រៀនរបស់លោកប៉ុលនៅក្នុងកាឡាទីជំពូក ៣ នោះពេលលោកអ្នកមកដល់ខ ១៣ និង ១៤ ដែលយើងតែងលើកយកមកសំអាងជាច្រើនដង នៅទីនោះ លោកនិយាយអំពីបណ្ដាសា និងព្រះពរ។ និយាយម្យ៉ាងទៀតថា ការងាកទៅរកការកាន់តាមក្រឹត្យវិន័យ ការប្រព្រឹត្ត ការសម្រេចសេចក្តីសុចរិតជាមួយព្រះដោយការខំប្រឹងប្រែងខ្លួនឯង ធ្វើឲ្យលោកអ្នកត្រូវបណ្ដាសា។ ខ្ញុំគិតថា នោះគឺជាបញ្ហាចម្បងរបស់និកាយ និងក្រុមព្រះគ្រីស្ទបរិស័ទជាច្រើនសព្វថ្ងៃ។ គេត្រូវបណ្ដាសា ហើយគេមិនដឹងថា គេកំពុងតយុទ្ធជាមួយអ្វី ឬអ្វីដែលជាហេតុនាំឲ្យមានបណ្ដាសា។
បន្ទាប់មក ជាថ្មីម្ដងទៀត នៅក្នុងគម្ពីរសាការី ៥:១-៤ ហោរារូបនេះនិមិត្តឃើញមានក្រាំងមួយហោះ ដោយមានបណ្ដាសានៅផ្នែកទាំងសងខាង។ បណ្ដាសានៅផ្នែកម្ខាង គឺសម្រាប់អ្នកដែលលួចប្លន់ ម្ខាងទៀតសម្រាប់អ្នកដែលស្បថបំពាន។ នៅក្នុងនិមិត្តនោះ គាត់បានឃើញក្រាំងនេះចូលទៅក្នុងផ្ទះរបស់មនុស្ស ហើយតាំងលំនៅនៅក្នុងផ្ទះរបស់ពួកគេ ជាលទ្ធផល ផ្ទះទាំងនោះបាក់បែកសូន្យទៅ។ នោះជាអ្វីដែលបណ្ដាសាធ្វើការ បណ្ដាសាបំផ្លាញអ្វីៗទាំងអស់ដែលនៅជុំវិញ។ ប៉ុន្តែសូមកត់សម្គាល់នូវហេតុពីរ ដែលនាំឲ្យមានបណ្ដាសា គឺការលួចប្លន់ និងការស្បថបំពាន។
មួយទៀត នៅក្នុងគម្ពីរម៉ាឡាគី ហោរានេះនិយាយអំពីការមួយទៀត ដែលនាំបណ្ដាសាមកលើមនុស្ស។ នៅក្នុងម៉ាឡាគី ១:១៤៖
«ត្រូវបណ្ដាសាហើយ អ្នកបញ្ឆោតដែលមានសត្វឈ្មោលនៅក្នុងហ្វូង ហើយក៏បន់ព្រះ រួចយកសត្វមានស្លាកស្នាមមកថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់...»។
តើហេតុដែលនាំឲ្យមានបណ្ដាសានោះជាអ្វី? លោកអ្នកបានសន្យាជាមួយព្រះថានឹងធ្វើអ្វីមួយ ឬថ្វាយអ្វីមួយដល់ព្រះអង្គ បន្ទាប់មកលោកអ្នកក្បត់សន្យា ហើយកំណាញ់ជាមួយព្រះអង្គ។ ការធ្វើបែបនោះ នាំមកនូវបណ្ដាសា។ សម្លាញ់អើយ ខ្ញុំសូមប្រាប់លោកអ្នកថា កុំកំណាញ់ជាមួយព្រះឡើយ។ នៅពេលដែលខ្ញុំឃើញមនុស្សដាក់តង្វាយនៅក្នុងព្រះវិហារ ជាចំនួនយ៉ាងវេទនា ខ្ញុំឈឺចាប់ជំនួសពួកគេ។ ពួកគេកំពុងតែកំណាញ់ជាមួយព្រះ ពួកគេកំពុងនាំយកបណ្ដាសាមកលើខ្លួនឯង។ ខ្ញុំសូមប្រាប់លោកអ្នកយ៉ាងនេះថា៖ ព្រះមិនត្រូវការលុយទឹកតែរបស់លោកអ្នកទេ! ប្រសិនបើតង្វាយដែលលោកអ្នកថ្វាយ បែបជាលុយទឹកតែ លោកអ្នកមិនគួរថ្វាយឡើយទេ។
បន្ទាប់មកនៅក្នុងម៉ាឡាគី ៣:៨-១០ លោកម៉ាឡាគីត្រឡប់ទៅរកប្រធានបទនេះវិញថា៖
«ចុះតើមនុស្សនឹងកោងយករបស់ព្រះឬ? ប៉ុន្តែអ្នករាល់គ្នាបានកោងយករបស់យើងហើយ រួចបែរជាសួរថា តើយើងបានកោងយករបស់ព្រះអង្គឯណា? គឺក្នុងតង្វាយមួយភាគក្នុងដប់ ហើយក្នុងតង្វាយលើកចុះឡើងនោះ។ អ្នករាល់គ្នា គឺមនុស្សនៅនគរនេះទាំងមូលត្រូវបណ្ដាសាហើយ»។
តើអ្វីទៅដែលបាននាំបណ្ដាសាមកលើពួកគេ? គឺភាពកំណាញ់ជាមួយនឹងព្រះ ដោយកោងយកតង្វាយដែលជារបស់ព្រះ។ បន្ទាប់មក លោកម៉ាឡាគីប្រាប់ដំណោះស្រាយដល់ពួកគេថា៖
«ចូរយកតង្វាយមួយភាគក្នុងដប់ទាំងអស់មកដាក់ក្នុងឃ្លាំងចុះ ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដំណាក់របស់យើង ហើយល្បងយើងឥឡូវ បើយើងមិនបើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើអ្នក ដែលនឹងគ្មានកន្លែងល្មមទុកបានទេ»។
រឿងនេះមិនពិបាកយល់ទេ។ ហេតុដែលនាំឲ្យមានបណ្ដាសា គឺជាភាពកំណាញ់នឹងព្រះ។ ហេតុដែលនាំឲ្យមានព្រះពរដែលព្រះបានសន្យា គឺចិត្តសទ្ធា ចិត្តទូលាយជាមួយព្រះ។ ហេតុអ្វីបានជាយើងបដិសេធមិនទទួលយកព្រះពរ? ហេតុអ្វីបានជាយើងគួរតែត្រូវបណ្ដាសាដោយសារយើងកំណាញ់នឹងព្រះ ក្នុងកាលដែលព្រះអង្គបានសន្យាប្រទានពរដល់យើងដោយឥតកំណត់ ប្រសិនបើយើងមានចិត្តទូលាយ និងចិត្តសទ្ធាជាមួយព្រះអង្គ?
ខ្ញុំចង់បង្ហាញគំរូអំពីបណ្ដាសាដែលមនុស្សតំណាងឲ្យព្រះបានប្រកាស។ មនុស្សនោះគឺលោកយ៉ូស្វេ ហើយបណ្ដាសានោះ ត្រូវបានប្រកាសនៅក្នុងគម្ពីរយ៉ូស្វេ ៦:២៦។ ក្រោយពីអ៊ីស្រាអែលបំផ្លាញក្រុងយេរីខូរួចហើយ នេះជាអ្វីដែលលោកយ៉ូស្វេបានប្រកាស៖
«នៅគ្រានោះ លោកយ៉ូស្វេប្រកាសជាសម្បថថា៖ អ្នកណាដែលនាំគេសង់ក្រុងយេរីខូនេះឡើងវិញ អ្នកនោះនឹងត្រូវបណ្ដាសានៅចំពោះព្រះយេហូវ៉ា។ អ្នកណាចាក់គ្រឹះកំផែង កូនច្បងរបស់គេនឹងត្រូវស្លាប់ ហើយអ្នកណាដាក់ទ្វារក្រុង កូនពៅរបស់គេនឹងត្រូវស្លាប់ទៅ»។
ច្រើនសតវត្សរ៍ក្រោយមក គឺប្រហែល ៥០០ ឆ្នាំក្រោយ នៅក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល បណ្ដាជនប្រហែលជាភ្លេចរឿងនោះហើយ។ បុរសម្នាក់ឈ្មោះហ៊ីអែល ជាអ្នកក្រុងបេតអែល បានធ្វើការដែលលោកយ៉ូស្វេបានដាក់បណ្ដាសា។ គាត់បានសង់ក្រុងយេរីខូឡើងវិញ។ នេះជាដំណើររឿងអំពីគាត់នៅក្នុង ១ពង្សាវតារក្សត្រ ១៦:៣៤៖
«នៅក្នុងរាជ្យទ្រង់នោះ (គឺរាជ្យរបស់ស្តេចអ័ហាប់) ហ៊ីអែល ជាអ្នកក្រុងបេត-អែលក៏សង់ក្រុងយេរីខូឡើងវិញ។ កាលគាត់ដាក់ជើងកំផែងចុះ នោះអ័ប៊ីរ៉ាម ជាកូនច្បងក៏ស្លាប់ទៅ ហើយកាលរៀបចំទ្វារក្រុងឡើង នោះសេគូបជាកូនពៅក៏ស្លាប់ទៅ តាមសេចក្តីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារលោកយ៉ូស្វេ ជាកូនរបស់លោកនុន»។
សូមកត់សម្គាល់ថា បុរសនេះបានធ្វើកិច្ចការដែលលោកយ៉ូស្វេបានប្រកាសដាក់បណ្ដាសា។ ដោយអំណាចរបស់ព្រះ គាត់បានសង់ក្រុងយេរីខូឡើងវិញ ហើយអំណាចនៃបណ្ដាសានោះធ្វើឲ្យគាត់បាត់បង់ជីវិតកូនប្រុសពីរនាក់។ ពាក្យដែលបានប្រកាសចេញកាលពីប្រាំរយឆ្នាំមុន បានបណ្ដាលឲ្យយុវជនទាំងពីរនាក់នោះស្លាប់។ តើលោកអ្នកអាចស្រមៃមើលរូបភាពដែលពួកវេជ្ជបណ្ឌិតជំនាន់នោះវិភាគពីការស្លាប់របស់យុវជនទាំងពីរនោះឬទេ? តើគេនឹងរកឃើញអ្វី? តើគេនឹងយល់ថា នោះគឺដោយសារពាក្យដែលអ្នកបម្រើរបស់ព្រះបានប្រកាសកាលពី ៥០០ ឆ្នាំមុនដែរឬទេ? តើលោកអ្នកអាចមើលឃើញរបៀបដែលយើងកំពុងប្រឈមជាមួយរឿងរ៉ាវនៅក្នុងជីវិត ដែលបង្កឡើងដោយសារមានហេតុកាលពីច្រើនសតវត្សរ៍មុនឬទេ?
ហើយគំរូចុងក្រោយអំពីបណ្ដាសា គឺព្រះយេស៊ូ និងដើមល្វា។ ព្រះអង្គបានយាងទៅជិតដើមល្វា រកមើលផ្លែដើម្បីបរិភោគ។ ព្រះអង្គមិនឃើញមានផ្លែសោះ ព្រោះនោះមិនមែនជារដូវល្វាផ្លែ ហើយព្រះអង្គមានបន្ទូលថា៖ «សូមកុំឲ្យអ្នកណាបរិភោគផ្លែពីឯងទៀតឡើយ»។ ព្រះអង្គបានធ្វើតែប៉ុណ្ណេះឯង គឺព្រះអង្គគ្រាន់តែមានបន្ទូលទៅដើមឈើប៉ុណ្ណោះ។ មនុស្សខ្លះគិតថា និយាយទៅដើមឈើរបែបនេះឆ្កួតហើយ ប៉ុន្តែព្រះអង្គបានមានបន្ទូលទៅដើមឈើ ហើយខ្ញុំសូមប្រាប់លោកអ្នកយ៉ាងនេះថា ដើមឈើមានអារម្មណ៍ដឹងឥទ្ធិពលនៃអ្វីដែលព្រះយេស៊ូមានបន្ទូល ព្រោះបន្តិចក្រោយមក នៅក្នុងបទគម្ពីរដដែលនោះ ប្រាប់ថា៖
«លុះព្រឹកឡើង ពេលគេធ្វើដំណើរតាមផ្លូវ ពួកសិស្សឃើញដើមល្វានោះក្រៀមស្វិត រហូតដល់ឫស។ ពេលនោះ ពេត្រុសនឹកឃើញ ហើយទូលព្រះអង្គថា៖ រ៉ាប៊ី មើល៍! ដើមល្វាដែលលោកដាក់បណ្ដាសា ក្រៀមស្វិតទៅហើយ» (ម៉ាកុស ១១:២០-២១)។
ពាក្យនោះមានអំណាចណាស់! ព្រះយេស៊ូមិនបានដាក់ព្រះហស្តលើដើមល្វានោះទេ។ ព្រះអង្គមិនបានយកពូថៅកាប់ដើមល្វានោះទេ ប៉ុន្តែដោយព្រះវិញ្ញាណរបស់ព្រះ ព្រះអង្គបានមានបន្ទូលជាពាក្យដែលមានអំណាចយ៉ាងអស្ចារ្យ ហើយក្នុងរយៈពេល ២៤ ម៉ោង ពាក្យនោះបានធ្វើឲ្យដើមល្វាក្រៀមស្វិត។ នោះជាអំណាចរបស់បណ្ដាសា និងព្រះពរ។ ទាំងពីរនេះ គឺជាពាក្យដែលមានអំណាចយ៉ាងអស្ចារ្យ ហើយទាំងពីរនេះ គឺជាប្រភពនៃរឿងរ៉ាវជាច្រើនដែលកើតឡើងនៅក្នុងជីវិតរបស់យើង។
កូដ: RP-R138-105-KHM









