ចេញពីបណ្តាសាទៅឯព្រះពរ វគ្គ២ (វគ្គ៤)

ដេរេក ព្រីនស៍
Last Updated: September 2026
Read Time: 10
តាមរយៈការស្តាប់នៅថ្ងៃនេះ អ្នកនឹងរកឃើញគន្លឹះសំខាន់ៗចំនួន ៧ ដើម្បីកាត់ផ្តាច់បណ្តាសាចេញពីជីវិតរបស់អ្នក។ អ្នកនឹងអាចអធិស្ឋានដោយមានប្រសិទ្ធភាព និងទុកចិត្តលើភាពស្មោះត្រង់របស់ព្រះ ក៏ដូចជាសមត្ថភាពរបស់ទ្រង់ក្នុងការរំដោះអ្នកឱ្យរួចផុតពីអំណាចទាំងពួងរបស់សត្រូវ!
Transcript
រីករាយណាស់ដែលបានមកជួបលោកអ្នកជាថ្មី នៅពេលដែលយើងបន្តប្រធានបទរបស់យើងនៅសប្ដាហ៍ នេះតទៅទៀត គឺ «ចេញពីបណ្តាសាមកឯព្រះពរ» ជាប្រធានបទដែលមានអំណាចនឹងផ្លាស់ប្ដូរជោគវាសនា ទាំងមូលនៅក្នុងជីវិតរបស់លោកអ្នក។
មេរៀនម្សិលមិញ ខ្ញុំបានពន្យល់ថា ប្រសិនបើមានបណ្តាសាលើជីវិតរបស់លោកអ្នក (ដែលលោកអ្នក បានដឹង) លោកអ្នកត្រូវធ្វើការបួន គឺ៖ ទទួលស្គាល់ ប្រែចិត្ត ប្រកាសកាត់ផ្ដាច់ និងតយុទ្ធ។
ទីមួយ ត្រូវទទួលស្គាល់លក្ខណៈពិតប្រាកដនៃបញ្ហារបស់លោកអ្នក ហើយប្រសិនបើអាចធ្វើបាន ត្រូវ ស្គាល់ប្រភព ឬបុព្វហេតុរបស់បណ្តាសា គឺរបៀបដែលបណ្តាសានោះបានចូលមក។
ទីពីរ ត្រូវប្រែចិត្តចេញពីការដែលលោកអ្នក ឬអ្នកមានទំនាក់ទំនងជាមួយលោកអ្នកបានប្រព្រឹត្ត ដែល បានធ្វើឲ្យលោកអ្នក ឬពួកគេត្រូវបណ្តាសា។
ទីបី ត្រូវប្រកាសកាត់ផ្ដាច់ គឺឈរឡើងទាស់នឹងការនោះ ហើយប្រកាសជា: «ចាប់តាំងពីឥឡូវនេះទៅ បណ្តាសានេះលែងជារបស់ខ្ញុំទៀតហើយ។ ព្រះយេស៊ូបានត្រឡប់ជាត្រូវបណ្តាសា ដើម្បីឲ្យខ្ញុំបានទទួលព្រះពរ។ បណ្តាសាមិនមែនជារបស់ខ្ញុំទេ ខ្ញុំមិនទទួលស្គាល់បណ្តាសានេះទេ»។
ទីបួន ត្រូវតយុទ្ធ គឺឈរឡើងតយុទ្ធនឹងសាតាំង និងអំណាចរបស់វា ក្នុងព្រះនាមរបស់ព្រះអម្ចាស់ ហើយ កុំព្រមឲ្យវាមានកន្លែងណាមួយនៅក្នុងជីវិតរបស់លោកអ្នកតទៅទៀត។
ខ្ញុំនិយាយពាក្យទាំងបួននេះម្តងទៀត ពីព្រោះពាក្យទាំងនេះសំខាន់ៈ ទទួលស្គាល់ ប្រែចិត្ត ប្រកាសកាត់ផ្ដាច់ តយុទ្ធ។
នៅពេលដែលលោកអ្នកបានធ្វើការនេះរួចហើយ លោកអ្នកត្រៀមខ្លួនរួចរាល់ដើម្បីមកឯព្រះ ហើយ ប្រកាសយកការដោះលែងរបស់លោកអ្នក ដោយសារការអធិស្ឋានយ៉ាងជាក់លាក់។ ថ្ងៃនេះ ខ្ញុំនឹងពន្យល់ប្រាប់ លោកអ្នកពីរបៀបអធិស្ឋានដែលលោកអ្នកត្រូវប្រើ។ ខ្ញុំនឹងប្រាប់លក្ខខណ្ឌផ្សេងៗជាច្រើនដែលការអធិស្ឋាន របស់លោកអ្នកត្រូវសម្រេច ដើម្បីស្របជាមួយនឹងព្រះ និងជាមួយអ្វីដែលព្រះអង្គរំពឹងចង់បានពីយើង។ ខ្ញុំនឹង ប្រាប់លក្ខខណ្ឌទាំងនេះ តាមលំដាប់លំដោយ។
ទីមួយ ជំនឿរបស់លោកអ្នកត្រូវតែផ្អែកលើព្រះបន្ទូលព្រះ ដូច្នេះហើយ ចូរបង្កើតមូលដ្ឋានគ្រឹះដែល ច្បាស់លាស់ ស្របតាមបទគម្ពីរនៅក្នុងព្រះបន្ទូល សម្រាប់សេចក្តីដែលលោកអ្នកអធិស្ឋាន។ ឥឡូវនេះ ខ្ញុំនឹងជូន បទគម្ពីរដ៏មានអំណាចមួយចំនួន ដែលផ្តល់ឲ្យលោកអ្នកមានមូលដ្ឋានគ្រឹះនៅក្នុងព្រះបន្ទូល។
បទគម្ពីរដែលយើងបានដកស្រង់រហូតមក ប៉ុន្តែខ្ញុំនឹងដកស្រង់សាជាថ្មីម្តងទៀត។ កាឡាទី ៣:១៣-១៤:
«ព្រះគ្រីស្ទបានលោះយើងឲ្យរួចពីបណ្តាសារបស់ក្រឹត្យវិន័យ ដោយទ្រង់ត្រឡប់ជាត្រូវបណ្តាសាជំនួស យើង (ដ្បិតមានសេចក្តីចែងទុកមកថា «ត្រូវបណ្តាសាហើយអ្នកណាដែលត្រូវគេព្យួរនៅលើឈើ» ) ដើម្បីឲ្យពររបស់លោកអ័ប្រាហាំ ក្នុងព្រះគ្រីស្ទយេស៊ូវបានទៅដល់សាសន៍ដទៃ...»។
ព្រះគ្រីស្ទបានត្រឡប់ជាត្រូវបណ្តាសានៅលើឈើឆ្កាង ហើយដោយសារការនោះ ព្រះអង្គបានប្រោស លោះយើង ព្រះអង្គបានទិញយើងពីបណ្តាសាមកវិញ ដើម្បីឲ្យយើងបានទទួលព្រះពរ។ បន្ទាប់មកទៀត អេភេសូរ ១:៧:
«នៅក្នុងព្រះអង្គ (គឺព្រះយេស៊ូ) យើងមានការប្រោសលោះ តាមរយៈព្រះលោហិតរបស់ព្រះអង្គ គឺការ អត់ទោសពីអំពើរំលង ស្របតាមព្រះគុណដ៏ធ្ងន់ក្រៃលែងរបស់ព្រះអង្គ»។
យើងមើលឃើញនៅទីនេះជា ការប្រោសលោះនេះ មកតាមរយៈព្រះលោហិតរបស់ព្រះយេស៊ូ ហើយ អមជាមួយនឹងអំពើបាបរបស់យើងដែលទទួលបានការអត់ទោស។ តាមរយៈព្រះលោហិតរបស់ព្រះយេស៊ូ យើង ទទួលបានការអត់ទោសឲ្យរួចពីអំពើបាប ហើយបាននាំយើងចេញពីដៃរបស់អារក្ស បានប្រោសលោះរួចពី បណ្តាសា។ បន្ទាប់មកទៀត កូឡូស ១:១៣-១៤:
«ព្រះអង្គ (គឺជាព្រះ) បានរំដោះយើងឲ្យរួចពីអំណាចនៃសេចក្តីងងឹត ហើយផ្លាស់យើងមកក្នុងព្រះ រាជ្យនៃព្រះរាជបុត្រស្ងួនភ្ងារបស់បស់ព្រះអង្គ យើងមានសេចក្តីប្រោសលោះក្នុងព្រះរាជបុត្រានោះ គឺការ អត់ទោសឲ្យរួចពីបាប»។
តាមរយៈជំនឿរបស់យើងលើព្រះយេស៊ូ និងការសុគតរបស់ព្រះអង្គ ព្រះទ្រង់បានរំដោះយើងឲ្យរួចពី អំណាចរបស់សេចក្តីងងឹត។ សូមកត់សម្គាល់ថា ពាក្យ «អំណាច» នៅក្នុងភាសាក្រិក ពាក្យនោះគឺជា «សិទ្ធិ អំណាច» ដែលមានន័យថា អំណាចគ្រប់គ្រងរបស់សាតាំង។ សាតាំងមានសិទ្ធិអំណាចលើអ្នកមិនស្តាប់បង្គាប់ អ្នកមិនជឿ អ្នកមិនទាន់បានសង្គ្រោះ។ ប៉ុន្តែ តាមរយៈព្រះយេស៊ូ ព្រះបានរំដោះយើងឲ្យរួចផុតពីអំណាចគ្រប់គ្រងរបស់សេចក្តីងងឹតនោះ ហើយផ្លាស់យើងចូលមកក្នុងនគរនៃព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះអង្គ ហើយយើង មានសេចក្តីប្រោសលោះក្នុងព្រះរាជបុត្រានោះ។ សូមកត់សម្គាល់ពាក្យគន្លឹះ «សេចក្តីប្រោសលោះ»។ យើង ត្រូវបានលោះយកមកវិញ។ យើងលែងនៅក្រោមអំណាចរបស់បណ្តាសាទៀតហើយ ដោយព្រោះតែព្រះយេស៊ូ គ្រិស្តបានសុគតដើម្បីប្រោសលោះ និងបានខ្ចាយព្រះលោហិត។
បន្ទាប់មកទៀត ១ យ៉ូហាន ៣:៨:
ដោយហេតុនេះហើយបានជាព្រះរាជបុត្រារបស់ព្រះបានលេចមក គឺដើម្បីបំផ្លាញកិច្ចការរបស់អារក្ស
នោះជាបទគម្ពីរដ៏អស្ចារ្យ។ ហេតុអ្វីបានជាព្រះយេស៊ូយាងមក? គឺដើម្បីបំផ្លាញកិច្ចការរបស់អារក្ស ដែលរួមរាប់ទាំងបណ្តាសាផងដែរ។
បន្ទាប់មក លូកា ១០:១៩ ម្តងទៀត:
«មើល៍ (ព្រះយេស៊ូមានបន្ទូលទៅពួកសិស្ស) ខ្ញុំឲ្យអ្នករាល់គ្នាមានអំណាចនឹងដើរជាន់ទាំងពស់ និង ខ្យាដំរី ហើយលើគ្រប់ទាំងឥទ្ធិឬទ្ធិរបស់ខ្នាំងសត្រូវផង គ្មានអ្វីនឹងធ្វើទុក្ខអ្នករាល់គ្នាឡើយ»។
សាតាំងមានអំណាច ប៉ុន្តែព្រះយេស៊ូបានប្រទានឲ្យយើងមានអំណាចខ្លាំងជាងអំណាចរបស់អារក្សសាតាំង ទៅទៀត ហើយដោយព្រោះអំណាចនោះ គ្មានអ្វីធ្វើបាបយើងតាមវិធីណាបានឡើយ។
ទាំងនេះជាបទគម្ពីរដ៏អស្ចារ្យ ដើម្បីសង់ជំនឿរបស់យើង។ នៅពេលដែលលោកអ្នកសង់ជំនឿរបស់លោកអ្នក នៅលើបទគម្ពីរទាំងនេះ លើសេចក្តីពិតក្នុងបទគម្ពីរទាំងនេះ ហើយយល់ថា បទគម្ពីរទាំងនេះជាសេចក្តីពិតសម្រាប់លោកអ្នក ការបន្ទាប់ដែលលោកអ្នកត្រូវធ្វើ គឺប្រកាសជំនឿរបស់លោកអ្នកលើព្រះគ្រីស្ទ ពីព្រោះ ហេព្រើរ ៣:១ ប្រាប់ថា ព្រះយេស៊ូជា «សម្ដេចសង្ឃនៃជំនឿដែលយើងប្រកាស»។ ការប្រកាសជំនឿរបស់យើងលើព្រះយេស៊ូ ធ្វើឲ្យព្រះអង្គធ្វើការនៅក្នុងពិភពដ៏អស្ចារ្យជំនួសយើង ក្នុងនាមទ្រង់ជាសម្ដេចសង្ឃរបស់យើង។ ប្រសិនបើយើងមិនប្រកាសទេ យើងមិនបើកឲ្យព្រះអង្គធ្វើការជំនួសយើងទេ។ គ្មានការប្រកាស គឺគ្មានសម្ដេចសង្ឃ។ ប៉ុន្តែនៅពេលដែលលោកអ្នកធ្វើការប្រកាសដែលត្រឹមត្រូវ នោះព្រះអង្គនឹងធ្វើជាសម្តេច សង្ឃរបស់លោកអ្នក។
កិច្ចការទីបីដែលលោកអ្នកត្រូវធ្វើ គឺប្ដេជ្ញានឹងស្តាប់បង្គាប់។ តើលោកអ្នកនៅចាំអ្វីដែលខ្ញុំបាននិយាយ ឬទេ? ព្រះពរមានដល់អ្នកដែលស្តាប់ ហើយធ្វើតាមព្រះសូរសៀងរបស់ព្រះ។ ដូច្នេះ នៅពេលដែលលោកអ្នក ត្រូវបានដោះឲ្យរួចពីបណ្តាសាហើយ ដើម្បីនៅតែមានសេរីភាពរួចផុតពីបណ្តាសា លោកអ្នកត្រូវតែតាំងចិត្តនឹង ស្តាប់ និងធ្វើតាមព្រះសូរសៀងរបស់ព្រះ។ លោកអ្នកមិនមែនពឹងផ្អែកលើការខំប្រឹងរបស់ខ្លួនឯង សុចរិតដោយ ខ្លួនឯង ប៉ុន្តែនៅពេលដែលលោកអ្នកប្ដេជ្ញាក្នុងជំនឿ ការនោះបង្ហូរព្រះគុណរបស់ព្រះមកក្នុងជីវិតរបស់លោក អ្នក ជួយឲ្យលោកអ្នកអាចធ្វើអ្វីដែលលោកអ្នកបានប្ដេជ្ញាចិត្តថានឹងធ្វើដោយជំនឿ។ ដូច្នេះ ចូរប្ដេជ្ញាចិត្តស្តាប់ បង្គាប់។
ទីបួន លោកអ្នកត្រូវលន់តួអំពើបាបដែលខ្លួនបានដឹង ដែលលោកអ្នក ឬដូនតារបស់លោកអ្នកបាន ប្រព្រឹត្ត។ ហេតុអ្វីបានខ្ញុំនិយាយថាដូនតារបស់លោកអ្នក? ពីព្រោះអាចជាអំពើបាបរបស់ដូនតាលោកអ្នកដែល បានធ្វើឲ្យលោកអ្នកត្រូវបណ្តាសា ក្នុងនាមជាពូជពង្សម្នាក់របស់ពួកគាត់។ លោកអ្នកមិនមានកំហុសសម្រាប់ អំពើបាបរបស់ពួកគេទេ ប៉ុន្តែលោកអ្នកទទួលរងលទ្ធផលនៃអំពើបាបរបស់ពួកគាត់។ ខ្ញុំគិតថា ខ្ញុំត្រូវនិយាយ ឃ្លានេះម្តងទៀត។ លោកអ្នកមិនមានកំហុសទេ ប៉ុន្តែលោកអ្នកទទួលរងលទ្ធផល។ ដូច្នេះ ដើម្បីចេញផុតពី បណ្តាសា លោកអ្នកត្រូវដោះស្រាយអំពើបាបដែលបានធ្វើឲ្យលោកអ្នក ឬដូនតារបស់លោកអ្នកត្រូវបណ្តាសា។ លោកអ្នកធ្វើការនោះ ដោយលន់តួ ហើយសូមឲ្យព្រះទ្រង់អត់ទោស ព្រមទាំងលុបចោលអំពើបាបនោះ។ សុភាសិត ២៨:១៣ ប្រាប់ថាៈ
«អ្នកណាដែលគ្របបាំងការរំលងរបស់ខ្លួន នោះនឹងមិនចម្រើនឡើងទេ តែអ្នកណាដែលលន់តួ ហើយ លះបង់អំពើនោះ នឹងប្រទះបានសេចក្តីមេត្តាករុណាវិញ»។
ប្រសិនបើលោកអ្នកគ្របបាំងអំពើបាប លោកអ្នកនឹងមិនចម្រើនឡើងទេ លោកអ្នកនឹងមិនបានទទួល ព្រះពរទេ។ ប៉ុន្តែប្រសិនបើលោកអ្នកលន់តួ ហើយលះបង់អំពើបាប នោះសំខាន់ណាស់ មិនមែនគ្រាន់តែលន់តួ ទេ គឺលះបង់ចោលដែរ ដើម្បីបែរចេញពីអំពើបាបរបស់លោកអ្នក នោះលោកអ្នកនឹងបានសេចក្តីមេត្តាករុណា របស់ព្រះ គឺការប្រោសលោះរួចផុតពីបណ្តាសា។
កិច្ចការទីប្រាំដែលលោកអ្នកត្រូវធ្វើ ពីអត់ទោសឲ្យមនុស្សដទៃទៀតទាំងអស់។ ព្រះយេស៊ូបានមាន បន្ទូលនៅក្នុងម៉ាកុស ១១:២៥ ថាៈ
«ពេលណាអ្នកឈរអធិស្ឋាន បើអ្នកមានទំនាស់អ្វីនឹងអ្នកណាម្នាក់ ចូរអត់ទោសឲ្យគេទៅ ដើម្បីឲ្យព្រះ វរបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ អត់ទោសចំពោះអំពើរំលងច្បាប់របស់អ្នករាល់គ្នាដែរ»
បែបនេះសំខាន់ណាស់។ ព្រះយេស៊ូបានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើយើងរក្សាទុកការមិនអត់ទោស ភាពល្វីងជូរចត់ និងការអាក់អន់ចិត្តនៅក្នុងចិត្តរបស់យើង នៅពេលដែលយើងអធិស្ឋាន ការនោះនឹងក្លាយជា រនាំងរារាំងការឆ្លើយតបសេចក្តីអធិស្ឋានរបស់យើង។ ការនោះនឹងដាក់យើងនៅក្រោមបណ្តាសា។ ដូច្នេះ ដោយសារការសម្រេចិត្តចេញពីឆន្ទៈរបស់យើង នៅពេលដែលយើងអធិស្ឋាន យើងត្រូវបោះចោលការអាក់ អន់ចិត្ត ភាពល្វីងជូរចត់ ឬការមិនអត់ទោសចំពោះនរណាម្នាក់ ហើយតាមរង្វាល់ដែលយើងអត់ទោសឲ្យអ្នក ដទៃ នោះព្រះទ្រង់ក៏អត់ទោសឲ្យយើងដែរ។ ប្រសិនបើយើងចង់បានការអត់ទោសទាំងស្រុងមកពីព្រះ យើង ត្រូវព្រមអត់ទោសទាំងស្រុងឲ្យអ្នកដទៃ។ នេះមិនមែនមជាមនុស្សអស្ចារ្យខាងវិញ្ញាណទេ គឺខ្ញុំហៅការនេះជា « ការយល់ដឹងសម្រាប់ជាប្រយោជន៍ដល់ខ្លួន» ដើម្បីអត់ទោសឲ្យមនុស្សដទៃ។
កិច្ចការទីប្រាំមួយដែលលោកអ្នកត្រូវធ្វើ គឺប្រកាសកាត់ផ្ដាច់គ្រប់ទាំងទំនាក់ទំនងជាមួយនឹងអំពើមន្ត អាគមន៍របស់ក្រុមផ្លូវងងឹត ដែលលោកអ្នក ឬដូនតារបស់លោកអ្នកជាប់ពាក់ព័ន្ធ ដោយព្រោះហេតុផលតែមួយ ដូចដែលខ្ញុំបានប្រាប់រួចហើយ ព្រមទាំងបោះចោលរបស់ពាក់ព័ន្ធទាំងអស់ អ្វីក៏ដោយដែលពាក់ព័ន្ធជាមួយនឹងមន្ត អាគម។ លោកអ្នកត្រូវបោះចោល ចេញពីខ្លួនលោកអ្នក ចេញពីផ្ទះរបស់លោកអ្នក។ លោកអ្នកត្រូវ ញែកចេញទាំងស្រុងពីការនោះ។ លោកអ្នកត្រូវបំផ្លាញរបស់ទាំងនោះចេញ។ សូមស្តាប់អ្វីដែលលោកម៉ូសេ បានប្រាប់ពួកអ៊ីស្រាអែលនៅក្នុងចោទិយកថា ៧:២៥-២៦ អំពីរូបព្រះ និងរបស់បែបនោះ៖
«ត្រូវដុតកម្ទេចអស់ទាំងរូបព្រះឆ្លាក់របស់គេ មិនត្រូវនឹកស្តាយប្រាក់ ឬមាស ដែលជាប់នៅនឹងរូបនោះ ឡើយ ក៏មិនត្រូវយកមកធ្វើជារបស់ខ្លួនដែរ ក្រែងវាក្លាយជាអន្ទាក់ដល់អ្នក ដ្បិតរបស់ទាំងនោះជា ទីស្អប់ខ្ពើមនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក។ មិនត្រូវនាំយករបស់ដែលគួរស្អប់ខ្ពើមចូលក្នុងផ្ទះ របស់អ្នកឡើយ ក្រែងអ្នកត្រឡប់ទៅជាត្រូវវិនាស ដូចរបស់ទាំងនោះដែរ។ ត្រូវស្អប់ខ្ពើមរបស់ទាំងនោះ ឲ្យអស់ពីចិត្ត ដ្បិតវាជារបស់ដែលត្រូវវិនាស»។
ប្រសិនបើលោកអ្នកនាំយករបស់ដែលត្រូវវិនាសមកក្នុងផ្ទះរបស់លោកអ្នក របស់នោះនាំបណ្តាសាមកលើ លោកអ្នក។ លោកអ្នកមិនអាចរំពឹងថានឹងមានការប្រោសលោះ ចេញពីបណ្តាសាបានទេ ប្រសិនបើលោកអ្នក រក្សាទុករបស់ជាប់បណ្តាសានៅក្នុងផ្ទះរបស់លោកអ្នក ដូចជាព្រះក្លែងក្លាយ រូបព្រះ របស់មន្តអាគម របស់ដែល ពាក់ព័ន្ធនឹងផ្លូវងងឹត។ លោកអ្នកត្រូវបោះចោលរបស់ទាំងអស់នោះ ប្រសិនបើលោកអ្នកចង់បានការរំដោះឲ្យ រួចផុតពីបណ្តាសា។
កិច្ចការទីប្រាំពីរដែលលោកអ្នកត្រូវធ្វើគឺ ដោះខ្លួនលោកអ្នកចេញក្នុងព្រះនាមព្រះយេស៊ូ។ ខ្ញុំសូមជូនបទគម្ពីរពីរដល់លោកអ្នក: យ៉ូអែល ២:៣២:
«ពេលនោះ អ្នកដែលអំពាវនាវរកព្រះនាមព្រះយេហូវ៉ា នោះនឹងបានសង្គ្រោះ...»
ប្រសិនបើលោកអ្នកអំពាវនាវរកព្រះនាមរបស់ព្រះអម្ចាស់យេស៊ូគ្រីស្ទ លោកអ្នកនឹងត្រូវបានរំដោះឲ្យរួច។ ចូរប្រាកដអំពីការនេះចុះ។ បន្ទាប់មក នៅក្នុងម៉ាថាយ ១៨:១៨ ព្រះយេស៊ូបានមានបន្ទូលថាៈ:
«ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដជា អ្វីៗដែលអ្នកចងនៅលើផែនដី នោះនឹងត្រូវចងនៅស្ថានសួគ៌ ហើយ អ្វីៗដែលអ្នកស្រាយនៅលើផែនដី នោះនឹងត្រូវស្រាយនៅស្ថានសួគ៌ដែរ»។
ដូច្នេះ ការធ្វើបែបនោះ ផ្តល់ឲ្យលោកអ្នកមានសិទ្ធិអំណាច នៅពេលដែលលោកអ្នកបំពេញលក្ខខណ្ឌ ដើម្បីស្រាយខ្លួនឯងនៅលើផែនដី។ នៅពេលដែលលោកអ្នកស្រាយខ្លួនឯងនៅលើផែនដី លោកអ្នកក៏ត្រូវបាន ស្រាយនៅស្ថានសួគ៌ដែរ។
ខ្ញុំសូមសង្ខេបចំណុចទាំងនេះឡើងវិញៈ
ទីមួយ ដំណើរការទាំងមូលរបស់លោកអ្នក ត្រូវផ្អែកលើជំនឿនៅក្នុងព្រះបន្ទូលរបស់ព្រះ។
ទីពីរ លោកអ្នកត្រូវប្រកាសជំនឿរបស់លោកអ្នកក្នុងព្រះគ្រីស្ទ។
ទីបី លោកអ្នកត្រូវប្ដេជ្ញានឹងស្តាប់បង្គាប់។
ទីបួន លោកអ្នកត្រូវលន់តួរាល់អំពើបាបដែលខ្លួនបានដឹង ឬអំពើបាបរបស់ដូនតាលោកអ្នក។
ទីប្រាំ លោកអ្នកត្រូវអត់ទោសឲ្យអ្នកដទៃទៀតទាំងអស់។
ទីប្រាំមួយ លោកអ្នកត្រូវប្រកាសកាត់ផ្ដាច់រាល់ទំនាក់ទំនងជាមួយនឹងមន្តអាគម ឬក្រុមផ្លូវងងឹត ហើយបោះចោលរបស់ពាក់ព័ន្ធទាំងអស់។
ទីប្រាំពីរ លោកអ្នកត្រូវរំដោះខ្លួនចេញពីបណ្តាសា ក្នុងព្រះនាមព្រះយេស៊ូ។
ប្រសិនបើការអធិស្ឋានរបស់លោកអ្នកមានបំណុចទាំងអស់នេះ នោះលោកអ្នកអាចមានការធានាអះអាង បានថា លោកអ្នកបានបំពេញតាមលក្ខខណ្ឌរបស់ព្រះហើយ។ លោកអ្នកអាចទុកចិត្តលើព្រះហឫទ័យមេត្តា ករុណា ព្រះហឫទ័យស្មោះត្រង់ និងព្រះចេស្តារបស់ព្រះ។
កូដ: RP-R139-104-KHM









