ចេញពីបណ្តាសាទៅឯព្រះពរ វគ្គ១ (វគ្គ៤)

ដេរេក ព្រីនស៍
Last Updated: September 2026
Read Time: 9
ក្នុងសម័យកាលដ៏ "ជឿនលឿន" នេះ មនុស្សភាគច្រើនមានមន្ទិលសង្ស័យចំពោះរឿង "បណ្តាសា"។ ប៉ុន្តែ វាមានសារៈសំខាន់ណាស់ក្នុងការសម្គាល់ដឹងនៅពេលដែលមានបណ្តាសាកំពុងមានឥទ្ធិពល និងយល់ពីមូលហេតុរបស់វា។ ដូចគ្នាដែរ យើងក៏ត្រូវយល់ពីរបៀបដែលព្រះពរមកដល់ផងដែរ។ សូមស្តាប់ និងស្វែងរកសេចក្តីពិតដែលនឹងផ្លាស់ប្តូរជីវិតរបស់អ្នក។
Transcript
រីករាយណាស់ដែលបានជួបលោកអ្នកជាថ្មី ជាពេលដែលយើងបន្តប្រធានបទរបស់យើងតទៅទៀតនៅសប្ដាហ៍នេះ គឺ «ចេញពីបណ្ដាសាមកឯព្រះពរ»។
វគ្គមុន ខ្ញុំបានចែកចាយប្រាប់គោលការណ៍ណែនាំខ្លះ ដែលអាចជួយលោកអ្នកឲ្យស្គាល់ថាតើមានបណ្ដាសាកំពុងធ្វើការនៅក្នុងជីវិតរបស់លោកអ្នកឬទេ។ រឿងនេះសំខាន់ណាស់ ដែលខ្ញុំត្រូវតែនិយាយឡើងវិញម្ដងទៀតដោយសង្ខេប។
ទីមួយ រូបភាពទូទៅ បណ្ដាសាគឺជាអ្វីមួយដែលដូចជាស្រមោលខ្មៅ ឬអំណាចអាក្រក់ដែលបន្តចេញពីអតីតកាល មកសង្កត់សង្កិនលោកអ្នក បង្ខាំងលោកអ្នក បំភាន់លោកអ្នក និងបង្ខំលោកអ្នកឲ្យទៅតាមទិសមួយដែលលោកអ្នកមិនចង់ទៅ ឬលោកអ្នកអាចប្រៀបធៀបទៅនឹងបរិយាកាសអវិជ្ជមានដែលហ៊ុមព័ទ្ធលោកអ្នក ហើយពេលខ្លះ ហាក់បីដូចជាខ្លាំងក្លាជាងពេលខ្លះទៀត។ ខ្ញុំបានជម្រាបជូនថា ពាក្យគន្លឹះគឺ «អស់កម្លាំងចិត្ត»។ ឧទាហរណ៍ លោកអ្នកមានជោគជ័យ ឬមានការរីកចម្រើនឡើងនៅត្រឹមកម្រិតណាមួយនៅក្នុងជីវិតរបស់លោកអ្នក លោកអ្នកហាក់បីដូចជាមានលក្ខណៈសម្បត្តិទាំងអស់ដែលចាំបាច់ដើម្បីទទួលបានជោគជ័យ ប៉ុន្តែមានអ្វីម្យ៉ាងមិនប្រក្រតីកើតឡើង។ ដូច្នេះ លោកអ្នកចាប់ផ្ដើមម្ដងទៀត លោកអ្នកមកដល់កម្រិតដដែល នោះមានអ្វីម្យ៉ាងខុសប្រក្រតីកើតឡើងទៀត។ នេះហាក់បីដូចជាដំណើរជីវិតរបស់លោកអ្នក ប៉ុន្តែគ្មានមូលហេតុច្បាស់លាស់សម្រាប់ដំណើរបែបនេះទេ។ ដំណើរបែបនេះ ប្រហែលជាកើតឡើងនៅផ្នែកផ្សេងៗ ដូចជាមុខជំនួញ ទំនាក់ទំនងផ្ទាល់ខ្លួន ជាពិសេសអាពាហ៍ពិពាហ៍ និងគ្រួសារ អាជីព ហិរញ្ញវត្ថុ ឬសុខភាព។ ប្រសិនបើការបែបនោះ គឺជាបទពិសោធន៍របស់លោកអ្នក នោះស្រមោលខ្មៅ ឬអំណាចអាក្រក់នោះ ដែលជាបណ្ដាសានៅលើជីវិតរបស់លោកអ្នក វាអាចបន្តមកជាច្រើនជំនាន់មកហើយ។
វគ្គមុន ខ្ញុំបានជូនបញ្ជីទីសម្គាល់ទូទៅមួយចំនួនដែលប្រាប់ឲ្យដឹងថា មានបណ្ដាសាកំពុងធ្វើការនៅក្នុងជីវិតរបស់មនុស្ស ដោយផ្អែកលើការសង្កេតមើលផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំសូមរៀបរាប់ទីសម្គាល់ទាំងនោះឡើងវិញដោយសង្ខេបជូនលោកអ្នក។
ទីមួយ៖ ការវង្វេងស្មារតី ឬបញ្ហាផ្លូវចិត្ត។
ទីពីរ៖ ជំងឺរ៉ាំរ៉ៃ ឬកើតឡើងម្ដងហើយម្ដងទៀត ជាពិសេសជំងឺតំណពូជ ឬគ្មានរោគសញ្ញាច្បាស់លាស់ខាងវេជ្ជសាស្ត្រ។
ទីបី៖ រលូតកូនម្ដងហើយម្ដងទៀត ឬបញ្ហាទាក់ទងនឹងស្ត្រី។
ទីបួន៖ ការបែកបាក់អាពាហ៍ពិពាហ៍ និងការបែកបាក់គ្រួសារ។
ទីប្រាំ៖ ឱនភាពហិរញ្ញវត្ថុជាប់រហូត ជាពិសេស ទោះជានៅពេលដែលមានចំណូលមើលទៅហាក់បីដូចជាគ្រប់គ្រាន់ក៏ដោយ។
ទីប្រាំមួយ៖ ចេះតែមានគ្រោះថ្នាក់ងើបមុខមិនរួច។
ទីប្រាំពីរ៖ នៅក្នុងគ្រួសារ មានប្រវត្តិធ្វើអត្តឃាត ឬការស្លាប់ខុសប្រក្រតី។
ថ្ងៃនេះ ខ្ញុំនឹងចែកចាយជូនលោកអ្នកអំពីប្រភេទនៃកិច្ចការដែលនាំឲ្យមានព្រះពរ ឬបណ្ដាសានៅក្នុងជីវិតរបស់មនុស្ស។ វាជាការសំខាន់ណាស់ដែលត្រូវយល់ថា ជានិច្ចកាលតែងតែមានបុព្វហេតុសម្រាប់ព្រះពរ និងបណ្ដាសា។ ទាក់ទងនឹងបណ្ដាសា នេះជាអ្វីដែលស្ដេចសាឡូម៉ូនបានថ្លែងនៅក្នុងគម្ពីរសុភាសិត ២៦:២៖
«ការដែលចាបហើរទៅបាត់ ហើយសត្វត្រចៀកកាំចេះតែហើរទៅមកយ៉ាងណា នោះបណ្ដាសាឥតហេតុក៏មិនទំជាប់យ៉ាងនោះដែរ»។
និយាយម្យ៉ាងទៀតថា បណ្ដាសាទំជាប់តែនៅកន្លែងណាដែលមានហេតុនៅពីក្រោយ ហើយនៅក្នុងការស្រាយបណ្ដាសាចេញ នោះសំខាន់ណាស់ដែលត្រូវយល់អំពីហេតុ។ ទាក់ទងនឹងចំណុចនេះ យើងត្រូវញែកចេញរវាងហេតុចម្បង និងហេតុបន្ទាប់បន្សំ។ នៅក្នុងករណីនីមួយៗ មិនថាព្រះពរ ឬបណ្ដាសាទេ ហេតុចម្បង គឺសាមញ្ញបំផុត។ ដំបូង សូមយើងមើលទៅឯព្រះពរ។ យើងត្រឡប់ទៅមើលគម្ពីរចោទិយកថា ជំពូក ២៨ ដែលជាជំពូកគន្លឹះអំពីព្រះពរ និងបណ្ដាសា។ នៅពីរខដើមដំបូង លោកម៉ូសេប្រាប់អំពីហេតុដែលនាំឲ្យមានព្រះពររបស់ព្រះ។
«ប្រសិនបើអ្នកខំប្រឹងស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះរបស់អ្នកឲ្យអស់ពីចិត្ត ព្រមទាំងប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងបទបញ្ជាដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ នោះព្រះយេហូវ៉ាជាព្រះរបស់អ្នកនឹងលើកអ្នកឡើងជាខ្ពស់លើអស់ទាំងសាសន៍នៅលើផែនដី។ ព្រះពរទាំងអស់នេះនឹងធ្លាក់មកលើអ្នក ហើយតាមអ្នកជាប់ ប្រសិនបើអ្នកស្តាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក»។
មានហេតុសំខាន់ដែលនាំឲ្យមានព្រះពរ។ សាមញ្ញណាស់ នោះគឺ៖ ស្តាប់តាមព្រះសូរសៀងរបស់ព្រះ ហើយធ្វើតាមអ្វីដែលព្រះអង្គមានបន្ទូល។ ខ្ញុំនិយាយឡើងវិញ មានហេតុសំខាន់ដែលនាំឲ្យមានព្រះពរ នោះគឺស្តាប់តាមព្រះសូរសៀងរបស់ព្រះ ហើយធ្វើតាមអ្វីដែលព្រះអង្គមានបន្ទូល។
ការនេះត្រូវបានពន្យល់ប្រាប់នៅក្នុងករណីរបស់លោកអ័ប្រាហាំ ពេលដែលលោកបានថ្វាយអ៊ីសាក ជាកូនប្រុសរបស់លោក។ ព្រះទ្រង់មានបន្ទូលទៅគាត់ថា៖
«នោះយើងនឹងឲ្យពរអ្នក ហើយយើងនឹងចម្រើនពូជពង្សរបស់អ្នកឲ្យមានគ្នាសន្ធឹកដូចផ្កាយនៅលើមេឃ និងដូចខ្សាច់នៅមាត់សមុទ្រ។ ពូជពង្សរបស់អ្នកនឹងបានគ្រប់គ្រងលើទ្វារក្រុងរបស់ពួកខ្មាំងសត្រូវ។ គ្រប់ទាំងសាសន៍នៅលើផែនដីនឹងបានពរដោយសារពូជពង្សរបស់អ្នក ព្រោះអ្នកបានស្តាប់បង្គាប់តាមពាក្យរបស់យើង» (លោកុប្បត្តិ ២២:១៧-១៨)។
សូមកត់សម្គាល់មើល តើហេតុដែលនាំឲ្យមានព្រះពរនោះជាអ្វី? គឺលោកអ័ប្រាហាំបានឮ ហើយស្តាប់បង្គាប់តាមព្រះសូរសៀងរបស់ព្រះ។
ឥឡូវសូមងាកទៅមើលបណ្ដាសាវិញម្ដង។ សូមមើលទៅចោទិយកថា ជំពូក ២៨ នៅខ ១៥ ជាដើមបញ្ជីបណ្ដាសា ដែលបន្តរហូតដល់ទៅ ៥៤ ខ។ នេះជាហេតុសំខាន់ដែលនាំឲ្យមានបណ្ដាសា។ លោកម៉ូសេប្រកាសថា៖
«ប៉ុន្តែ ប្រសិនបើអ្នកមិនស្តាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយមិនប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងបទបញ្ជា និងច្បាប់ទាំងប៉ុន្មានរបស់ព្រះអង្គ ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះទេ នោះអស់ទាំងបណ្ដាសានេះនឹងធ្លាក់មកលើអ្នក ហើយតាមអ្នកជាប់»។
តើអ្វីទៅជាហេតុនាំឲ្យមានបណ្ដាសា? គឺមិនស្តាប់ព្រះសូរសៀងរបស់ព្រះ ហើយមិនធ្វើតាមអ្វីដែលព្រះអង្គមានបន្ទូល។ ដូច្នេះ ហេតុចម្បងដែលនាំឲ្យមានព្រះពរទាំងអស់គឺជាការស្តាប់ និងការធ្វើតាមព្រះសូរសៀងរបស់ព្រះ រីឯបណ្ដាសាវិញ គឺជាការមិនស្តាប់ ហើយមិនធ្វើតាមព្រះសូរសៀងរបស់ព្រះ។ សូមកត់សម្គាល់ផងដែរថា ព្រះពរ និងបណ្ដាសា «តាមយើងជាប់»។ យើងមិនចាំបាច់ដេញតាមការទាំងពីរនេះទេ យើងគ្រាន់តែបំពេញលក្ខខណ្ឌប៉ុណ្ណោះ វិជ្ជមាន ឬក៏អវិជ្ជមាន។ ប្រសិនបើយើងបំពេញលក្ខខណ្ឌវិជ្ជមាន ព្រះពរតាមយើងជាប់ ប៉ុន្តែប្រសិនបើយើងបំពេញលក្ខខណ្ឌអវិជ្ជមាន នោះបណ្ដាសាតាមយើងជាប់។ ហើយទោះជាយើងខំប្រឹងយ៉ាងណាក៏ដោយ យើងមិនអាចទៅលឿនហួស រហូតដល់ការទាំងពីរនេះតាមយើងមិនទាន់នោះឡើយ។
ហេតុចម្បងគឺ៖ ការស្តាប់ និងការធ្វើតាមព្រះសូរសៀងរបស់ព្រះ ឬការមិនស្តាប់ ហើយមិនធ្វើតាមព្រះសូរសៀងរបស់ព្រះ។ ចេញពីហេតុចម្បងទាំងនេះ ក៏កើតចេញជាអាកប្បកិរិយាច្រើនប្រភេទផ្សេងគ្នា ដែលខ្ញុំហៅថា «ហេតុបន្ទាប់បន្សំ»។ បញ្ជីហេតុបន្ទាប់បន្សំដប់ពីរ ដែលនាំឲ្យមានបណ្ដាសា ត្រូវបានរៀបរាប់នៅក្នុងចោទិយកថា ជំពូក ២៧។ នៅក្នុងចោទិយកថា ២៧:១៥-២៦ ព្រះទ្រង់មានបន្ទូលពីការដប់ពីរយ៉ាង ដែលព្រះអង្គព្រមានអ៊ីស្រាអែល «បើអ្នករាល់គ្នាធ្វើការទាំងនេះ អ្នករាល់គ្នាត្រូវបណ្ដាសា»។ ម្ដងទៀតហើយ ខ្ញុំនឹងមិនអានបញ្ជីទាំងមូលទេ ខ្ញុំគ្រាន់តែសង្ខេបជូនលោកអ្នកប៉ុណ្ណោះ។ ប៉ុន្តែ ខ្ញុំនៅតែជូនយោបល់លោកអ្នកថា៖ កុំគ្រាន់តែទទួលយកអ្វីដែលខ្ញុំនឹងប្រាប់លោកអ្នកនោះឡើយ។ ចូរបើកទៅសិក្សាជំពូកនោះដោយខ្លួនឯង។ បទគម្ពីរយោងគឺ ចោទិយកថា ២៧:១៥-២៦។ នេះជាការសង្ខេបរបស់ខ្ញុំ៖ មានហេតុចម្បងដែលនាំឲ្យមានបណ្ដាសា។
ដំបូងបង្អស់ ការថ្វាយបង្គំរូបព្រះ ព្រះក្លែងក្លាយ និងអំពើមន្តអាគម។ យើងត្រូវចងចាំថា មន្តអាគមក៏ដូចជាការថ្វាយបង្គំព្រះក្លែងក្លាយដែរ។ នោះគឺជាការទៅសុំជំនួយពីព្រះក្លែងក្លាយ ឬពួកអ្នកបម្រើព្រះក្លែងក្លាយ ជាជំនួយដែលយើងគួរតែស្វែងរកពីព្រះដ៏ពិតតែមួយប៉ុណ្ណោះ។
ហេតុចម្បងទីពីរដែលនាំឲ្យមានបណ្ដាសា គឺការមិនគោរពឪពុកម្ដាយ។ ខ្ញុំបានជួបយុវវ័យជាច្រើនដែលមានជាប់បណ្ដាសាលើជីវិតរបស់ខ្លួន ដោយព្រោះមានឥរិយាបថ ឬទំនាក់ទំនងមិនត្រឹមត្រូវជាមួយឪពុកម្ដាយរបស់ខ្លួន។ យើងត្រូវចាំថា នៅក្នុងគម្ពីរអេភេសូរ ៦ លោកប៉ុលបានថ្លែងថា៖ «ចូរគោរពឪពុកម្ដាយរបស់ខ្លួន (នេះជាព្រះឱវាទទីមួយដែលជាប់មានទាំងសេចក្តីសន្យាផង) ដើម្បីឲ្យអ្នករាល់គ្នាបានសេចក្តីសុខ»។ លោកប៉ុលប្រាប់ថា នោះគឺជាបញ្ញត្តិទីមួយដែលជាប់មានទាំងសេចក្តីសន្យាជាព្រះពរផង។ ខ្ញុំចង់ប្រាប់លោកអ្នកដែលជាអ្នកស្តាប់ថា ប្រសិនបើលោកអ្នកមិនបានគោរពឪពុកម្ដាយរបស់លោកអ្នកទេ លោកអ្នកទទួលយកបណ្ដាសាដាក់លើខ្លួនឯងហើយ។ ប្រសិនបើលោកអ្នកជួបរឿងបែបនោះមែន លោកអ្នកត្រូវតែប្រែចិត្ត លោកអ្នកត្រូវតែផ្លាស់ប្ដូរ លោកអ្នកត្រូវតែកែប្រែឥរិយាបថរបស់លោកអ្នក នៅក្នុងទំនាក់ទំនងរបស់លោកអ្នកជាមួយឪពុកម្ដាយ។ ខ្ញុំមានអាយុច្រើនហើយ ក៏បានជួបជាមួយមនុស្សរាប់ពាន់នាក់ដែរ។ ខ្ញុំមិនដែលស្គាល់អ្នកដែលមានឥរិយាបថខុសឆ្គងជាមួយឪពុកម្ដាយ ហើយបានទទួលពរពេញលេញរបស់ព្រះនោះឡើយ។
ផ្នែកចម្បងទីបី គឺជាការរួមដំណេកខុសច្បាប់ ឬខុសធម្មជាតិ ដូចជាអំពើផិតក្បត់ កាមគុណថោកទាប ការរួមដំណេកជាមួយភេទដូចគ្នា ការរួមដំណេករវាងមនុស្សនិងសត្វជាដើម។ ការទាំងអស់នេះសុទ្ធតែនាំមកនូវបណ្ដាសា។ នេះមិនមែនជារឿងថាតើយើងប្រាថ្នាចង់ឲ្យការទាំងនោះនាំយកបណ្ដាសា ឬថាតើយើងគិតថា ការប្រព្រឹត្តទាំងនោះគួរតែនាំឲ្យមានបណ្ដាសា ឬក៏អត់នោះទេ។ ការពិតរឿងនេះគឺថា ព្រះទ្រង់បានកំណត់ជីវិតមនុស្សថា ការប្រព្រឹត្តទាំងនោះ ពិតជានាំមកនូវបណ្ដាសា។
ផ្នែកចម្បងទីបួន គឺជាអំពើអយុត្តិធម៌ចំពោះអ្នកទន់ខ្សោយ ឬអ្នកគ្មានទីពឹង។ ឧទាហរណ៍ដ៏ល្អបំផុតអំពីអំពើអយុត្តិធម៌ចំពោះអ្នកទន់ខ្សោយ និងអ្នកគ្មានទីពឹង គឺជាការរំលូតកូនដោយចេតនា ការសម្លាប់ក្មេងមិនទាន់កើតមកដោយចេតនា។ គ្មានគំរូអយុត្តិធម៌ចំពោះអ្នកទន់ខ្សោយ និងអ្នកគ្មានទីពឹងណា ធំលើសជាងនេះឡើយ ហើយខ្ញុំចង់ប្រាប់ដល់អ្នកស្តាប់ថា ប្រសិនបើលោកអ្នកបានប្រព្រឹត្តខុសក្នុងការនេះ នោះមានបណ្ដាសានៅលើជីវិតលោកអ្នកហើយ។ ខ្ញុំនិយាយនេះ មិនមែនមានន័យថា លោកអ្នកមិនអាចរួចផុតពីបណ្ដាសាបាននោះទេ ប៉ុន្តែខ្ញុំកំពុងតែនិយាយថា លោកអ្នកត្រូវស្គាល់បណ្ដាសា ហើយងាកបែរទៅរកព្រះ សុំព្រះហឫទ័យមេត្តាករុណា ហើយបំពេញលក្ខខណ្ឌរបស់ព្រះអង្គទៅ ដើម្បីទទួលបានការប្រោសលោះរួចផុតពីបណ្ដាសា ដែលខ្ញុំកំពុងតែរៀបរាប់ប្រាប់នៅក្នុងមេរៀនទាំងនេះ។
នៅពេលខ្ញុំបញ្ចប់ ខ្ញុំចង់សង្កត់ធ្ងន់ជាពិសេសអំពីលទ្ធផលរបស់ការថ្វាយបង្គំរូបព្រះ ឬមន្តអាគម ដែលព្រះអង្គទ្រង់ផ្ទាល់បានមានបន្ទូល នៅក្នុងគម្ពីរនិក្ខមនំ ២០:៣-៦៖
«មិនត្រូវមានព្រះណាផ្សេងនៅចំពោះយើងឡើយ។ មិនត្រូវឆ្លាក់ធ្វើរូបណាសម្រាប់អ្នក ក៏មិនត្រូវធ្វើរូបណាឲ្យដូចជាអ្វីស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីឡើយ។ មិនត្រូវក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតយើងគឺព្រះយេហូវ៉ាជាព្រះរបស់អ្នក យើងជាព្រះប្រចណ្ឌ យើងទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូតបីបួនតំណ ចំពោះអស់អ្នកដែលស្អប់យើង តែយើងផ្ដល់សេចក្តីសប្បុរសរហូតដល់ពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ ហើយកាន់តាមបញ្ញត្តិរបស់យើង»។
សូមកត់សម្គាល់ថា ព្រះទ្រង់មានបន្ទូលយ៉ាងជាក់លាក់ថា ទោសនៃការថ្វាយបង្គំរូបព្រះ ព្រះក្លែងក្លាយ និងអំពើមន្តអាគម មិនត្រឹមតែធ្លាក់ទៅលើអ្នកដែលប្រព្រឹត្តខុសប៉ុណ្ណោះទេ គឺថែមទាំងធ្លាក់លើជំនាន់ក្រោយ ពីរបីតំណផង គឺកូនប្រុសកូនស្រីរបស់គេ ចៅប្រុសចៅស្រីរបស់គេ ចៅទួតប្រុសចៅទួតស្រីរបស់គេទៀតផង។ ឥឡូវនេះ លោកអ្នកប្រហែលជាស្ថិតនៅក្នុងប្រភេទជំនាន់ក្រោយណាមួយ ហើយមានបណ្ដាសាលើជីវិតលោកអ្នក ដោយព្រោះតែការថ្វាយបង្គំរូបព្រះ ឬមន្តអាគមរបស់មនុស្សជំនាន់មុន។ នេះជាប្រភេទនៃបណ្ដាសា គឺវាបន្តពីមួយជំនាន់ទៅមួយជំនាន់ រហូតទាល់តែបានដោះស្រាយតាមរបៀបដែលស្របតាមព្រះគម្ពីរ ហើយខ្ញុំនឹងពន្យល់ថែមទៀតនៅក្នុងមេរៀនផ្សេងៗទៀតដែលទាក់ទងនឹងប្រធានបទនេះ អំពីវិធីស្របតាមបទគម្ពីរ ដើម្បីឲ្យបានរួចផុតពីបណ្ដាសា ហើយចូលមកឯព្រះពរ។
កូដ: RP-R138-104-KHM









